លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យ បានប្រកាសនៅចំពោះមុខកម្មករបម្រើការក្នុងឧស្សាហកម្មកាត់ដេរ រាប់ពាន់នាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់ពួកគេ អាចនឹងឡើងដល់ ១៦៨ដុល្លារ នៅក្នុងឆ្នាំ ២០១៨ ជាឆ្នាំ នៃការបោះឆ្នោតជាតិក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសារមួយដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។
ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើងភ្លាមៗពេលលោកបានជួបសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ជាង៤ ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សែន បានសរសេរក្នុងន័យដើមថា៖
«ដោយសារស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ព្រមទាំងការអនុគ្រោះដល់ការវិនិយោគទុន ពីបរទេស គឺចំនួនរោងចក្រត្រូវបានកើនឡើង ជាបន្តបន្ទាប់ ដែលបានផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងនោះ ប្រាក់ក៏ត្រូវបានតម្លើង ជាបន្តបន្ទាប់ ដែលនៅឆ្នាំ ២០១៨ តិចបំផុតគឺអាចឡើងដល់ ១៦៨ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើន»។
លោក ហ៊ុន សែន ក៏បានណែនាំឲ្យ សមាគមនិយោជក តំណាងអ្នកគ្រប់គ្រងកម្មករ កម្មការិនី តាមបណ្តារោងចក្រ និងសហគ្រាសនានា ត្រូវមានការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ហើយខិតខំដោះស្រាយឲ្យបានល្អនៅពេលមានបញ្ហាកើតមានឡើង។
លោកបានបញ្ជាក់ក្នុងន័យដើមថា៖
«ត្រូវចងចាំថានិយោជិត និងនិយោជកគឺជាដៃគូជីវិតនឹងគ្នាមិនអាចបាត់បង់មួយណាឡើយ»។
ប្រាក់ឈ្នួលអប្បបរមាចំនួន១៦៨ដុល្លារសម្រាប់ឆ្នាំ ២០១៨ ដែលលោក ហ៊ុន សែនទើបតែប្រកាសនេះនឹងកើនលើសពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៧ ចំនួន ១៥ដុល្លារ។
កាលពីខែកញ្ញា ឆ្នាំ ២០១៦ គណៈកម្មការប្រឹក្សាការងារបាន ប្រកាសតម្លើងប្រាក់ឈ្នួលអប្បបរមាជាផ្លូវការត្រឹម១៥៣ដុល្លារសហរដ្ឋអាមេរិក ដល់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងសម្រាប់ឆ្នាំ២០១៧ក្រោយការបោះឆ្នោតជាសម្ងាត់ដោយត្រីភាគីលើសំឡេង២២លើ២៤។
ក្រុមសហជីពដែលធ្វើការបម្រើប្រយោជន៍កម្មករ សាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទិនការប្រកាសឲ្យដឹងជាមុន ចំពោះប្រាក់ឈ្នួលសម្រាប់កម្មករ ទោះបីជាចំនួននេះ នៅតែមិនទាន់ឆ្លើយតបទៅនឹងការរស់នៅសមរម្យរបស់កម្មករ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងប្រាប់ VOA នៅថ្ងៃអាទិត្យនេះថា ប្រាក់ឈ្នួលដែលប្រកាសដោយលោក ហ៊ុន សែន គឺអាចទទួលយកបាន ប្រសិនបើរដ្ឋាភិបាលទប់មិនឲ្យមានការកើនឡើងនៃអត្រាអតិផរណា ពោលគឺតម្លៃទំនិញអាហារក្នុងទីផ្សារ ខណៈដែលការចំណាយរបស់កម្មករនាពេលបច្ចុប្បន្ននេះ គឺក្នុងរង្វង់២០០ដុល្លារក្នុងមួយខែ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងយ៉ាងដូច្នេះ៖
«ប្រសិនជាប្រាក់ឈ្នួលប៉ុណ្ណឹងក៏បាន ប៉ុន្តែបើទំនិញទីផ្សារ និងបញ្ហាផ្សេងៗ ត្រូវបានដោះស្រាយ វា អតិផរណាវា អត់ខ្ពស់ ខ្ញុំគិតថា វាអត់អីទេ។ ប៉ុន្តែបើសិនជា ប្រាក់ឈ្នួលឡើងហើយ ហើយអតិផរណា ក៏ចេះតែកើនឡើង អាហ្នឹងខ្ញុំគិតថា ក៏នៅជាបញ្ហាដែរ កម្មករនៅពិបាកក្នុងការចំណាយដដែល»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) ថ្លែងប្រាប់ VOA នៅថ្ងៃអាទិត្យថា តួលេខដែលលើកឡើងដោយលោក ហ៊ុន សែន គឺខុសគ្នានឹងតួលេខចាស់របស់ក្រុមសហជីព ដែលទាមទារចំនួន ១៧១ដុល្លារក្នុងមួយខែ។ លោកថា ចំនួន ១៦៨ដុល្លារ ក៏អាចទទួលយកបានដែរ ប្រសិនបើរដ្ឋាភិបាល សម្រួលមិនឲ្យអត្រាអតិផរណាកើនឡើងនោះ។
«ខ្ញុំយល់ថា វាជាតួលេខមួយ ដែលអាចទទួលយកបាន ហើយបើធៀបទៅនឹងតួលេខដែលភាគីសហជីពបានពិនិត្យថា នឹងយកតួលេខចាស់ទៅជជែកដោយគ្រាន់តែកែប្រែទៅលើហេតុផលមួយចំនួន ដូចជា អតិផរណាអីជាដើមហ្នឹង ខ្ញុំគិតថា វាខុសគ្នាបន្តិចបន្តួច ដូច្នេះខ្ញុំយល់ថា វាជារឿងមួយដែលអាច ទៅរួច»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលស្ថិតក្នុងអំណាចជាង ៣០ឆ្នាំ ក៏បានប្រកាសផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករ រួមមានមធ្យោបាយធ្វើដំណើរ និងការថែទាំសុខភាព។ លោក ហ៊ុន សែន បានលើកឡើងថា កម្មករនឹងទទួលបានសេវារថយន្តក្រុងដោយឥតគិតថ្លៃរយៈពេល ២ ឆ្នាំ គឺគិតចាប់ពីខែ សីហា ឆ្នាំ ២០១៧ ដល់ ខែសីហា ឆ្នាំ២០១៩។ ហើយកម្មករក៏មិនចាំបាច់បង់ថ្លៃពាក់កណ្តាលសម្រាប់ការថែទាំសុខភាព តាមរយៈរបបសន្តិសុខសង្គមទៀតដែរ មានន័យថា និយោជក ដែលជាក្រុមហ៊ុននឹងទទួលរ៉ាប់រងបង់លើការចំណាយនេះទាំងអស់ ១០០ភាគរយ ដូច្នេះកម្មករអាចនៅសល់ប្រាក់រវាងពី៨០០០ទៅ១២០០០រៀលក្នុងមួយខែ។
លោក ហ៊ុន សែន ក៏បញ្ជា ក្រសួងសុខាភិបាលឲ្យរៀបចំមណ្ឌលសុខភាពឬមន្ទីពេទ្យបង្អែកនៅជិតរោងចក្រ ដើម្បីងាយស្រួលក្នុងការផ្តល់ សេវាកម្មថែរក្សាសុខភាពដល់បងប្អូនកម្មករកម្មការិនី រួមទាំងរៀបចំឲ្យមានឡានពេទ្យប្រចាំការដើម្បីត្រៀមដឹកកម្មករនៅពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើង។ លោកក៏បានស្នើឲ្យ អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ពិនិត្យក្នុងការតបណ្តាញទឹក នឹងភ្លើងទៅតាមផ្ទះដែលកម្មករជួលនៅ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានស្វាគមន៍ចំពោះការផ្តល់អត្ថប្រយោជន៍នេះ តែលោកថា សហជីពនៅកំពុងពិនិត្យលើតួលេខនៃប្រាក់ឈ្នួលអប្បបរមាថ្មី ដើម្បីចចារជាលក្ខណៈត្រីភាគីនៅខែកញ្ញាខាងមុខនេះ។
«ទាំងយើង ទាំងគេក៏យើងសាទរដែរ ចំពោះការជួយផ្នែកផ្សេងៗ មួយចំនួនគាត់សន្យាថា គាត់ថានឹងធ្វើដូចជា បញ្ហាសន្តិសុខសង្គម ឬបញ្ហា ប្រាក់ឈ្នួលប្រាក់អីហ្នឹង គឺវា វាបានន័យថា ដំណើរការវាទៅមួយកម្រិតហើយ»។
លោកបានបន្ថែមថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា (GMAC) ទំនងជានឹងមិនហ៊ានប្រឆាំងតួលេខដែលកំណត់ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះទេ។
ចំណែកលោក ប៉ាវ ស៊ីណា យល់ឃើញថា GMAC ក៏នឹងមិនហ៊ានជំទាស់ការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ដែលមុនការបោះឆ្នោតជាតិមកដល់នៅឆ្នាំក្រោយនេះ បានព្យាយាមទាក់ទាញការគាំទ្រពីកម្មករ។ លោកថា លោក ហ៊ុន សែន ទំនងជា ប្រឹងទាញយកផលប្រយោជន៍ខាងនយោបាយ។
«វាស្របពេលទៅហ្នឹងឆ្នាំក្រោយ វាជាឆ្នាំដែលយើងត្រូវបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ដូច្នេះខ្ញុំគិតថាវា ទោះបីយើងមិនបង្ហាញសញ្ញាថា វាមិនមែនជាទិដ្ឋភាពការរកប្រជាប្រិយភាព ប៉ុន្តែទោះបីយ៉ាងណាក៏វានៅតែដែរទៅក្នុងផ្លូវហ្នឹងដែរបាទ»។
មុនឆ្នាំ២០១៣ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រមានចំនួន១០០ដុល្លារអាមេរិក ប៉ុន្តែប្រាក់ឈ្នួលបានកើនឡើងបន្ទាប់ពីមានការធ្វើបាតុកម្មទាំងហិង្សានិងអហិង្សា ជាបន្តបន្ទាប់។ កាលពីដើមឆ្នាំ២០១៤កន្លងទៅបាតុកម្មទាមការតម្លើងប្រាក់ឈ្នួល អហិង្សាមួយក្បែរផ្លូវវ៉េងស្រេងត្រូវបានបង្ក្រាបដោយកម្លាំងកងទ័ព៩១១ដែលជិតដិតនិងលោកហ៊ុន សែន បណ្តាលឱ្យកម្មករយ៉ាងហោចណាស់៥នាក់ស្លាប់និងរងរបួសជាច្រើននាក់ផ្សេងទៀត។
ក្រោយពីការចរចានៅឆ្នាំ២០១៤ និង២០១៥ ប្រាក់ឈ្នួលអប្បបរមាកម្មករត្រូវបានតម្លើងមួយកម្រិតទៀត គឺពី១២៨ដុល្លារ ដល់១៤០ដុល្លារ ប៉ុន្តែកម្មករនៅតែបន្តចាយវាយត្បិតត្បៀត តាមរយៈការបរិភោគអាហារគ្មានជីវជាតិគ្រប់គ្រាន់និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនហួសចំណុះ ដែលជារឿយៗបណ្តាលឲ្យគ្រោះថ្នាក់និងស្លាប់បាត់បង់ជីវិត។
VOA ព្យាយាមសុំការអធិប្បាយពីលោក កាំង ម៉ូនីកា អគ្គលេខាធិការងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជានៅថ្ងៃអាទិត្យ តែមិនអាចទាក់ទងបានទេ។
តែទោះជាយ៉ាងណាក្តី លោក កាំង ម៉ូនីកា អគ្គលេខាធិការងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថ្លែងក្នុងជំនួបជាមួយអ្នកកាសែតអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមាថា កាលពីថ្ងៃសុក្រកន្លងទៅថា ថៅកែរោងចក្រ មិនទាន់អាចសម្រេចបានថា តើពួកគេអាចនឹងមានលទ្ធភាពតម្លើងប្រាក់ឈ្នួលអប្បបរមាបានត្រឹមកម្រិតណានោះឡើយ។ ជំនួសឲ្យការផ្តល់នូវតួលេខប្រាក់ឈ្នួលថ្មីដែលនិយោជកអាចលៃលកបានចំពោះកម្មករក្នុងឧស្សាហកម្មកាត់ដេរ អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជារូបនេះ បានលើកឡើងអំពីការកើនឡើងថ្លៃផលិត ដែលអាចធ្វើឲ្យកម្ពុជា បាត់បង់ឱកាសប្រកួតប្រជែងនៅក្នុងតំបន់។
«អញ្ចឹងនៅពេលដែល labor costហ្នឹងវានឹងកើនឡើងខ្លាំងពេក វាធ្វើឲ្យបាត់បង់លក្ខណៈប្រកួតប្រជែង របស់ប្រទេសកម្ពុជាយើងហ្នឹងហើយ។ ហើយយើងសង្កេតមើលទៅ យើងធ្វើការប្រៀបធៀបគ្នា យើងឃើញមានវៀតណាមអី ក៏នៅប្រហែលៗយើង ហើយអាចនឹងមានការប្រកួតប្រជែងខ្លាំងជាងយើង ដោយសារវៀតណាម មានប្រសិទ្ធិភាពការងារខ្លាំងជាងយើង ថ្លៃដឹកជញ្ជូនក៏ទាបជាងយើង តម្លៃអគ្គិសនីក៏ល្អជាងយើង ហើយសិ្ថរភាពនយោបាយក៏ប្រសើរជាងយើង។ ហើយពាក់ព័ន្ធទៅនឹងស្ថិរភាពនយោបាយនេះ ក៏ជាចំណុចមូយសំខាន់ដែរ ដែលធ្វើឲ្យអ្នកបញ្ជាទិញមានទំនុកចិត្ត»។
ឧស្សាហកម្មកាត់ដេរកម្ពុជា បានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាស្ត្រីប្រមាណ៧០០.០០០នាក់។ តាមតួលេខចុងក្រោយរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅបរទេសក្នុងទឹកប្រាក់ប្រមាណជាង ៦ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦ កន្លងទៅ៕