កំណត់និពន្ធ៖ អ្នកស្រី Arancha Gonzalez នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបានផ្តល់បទសម្ភាសន៍ដល់កញ្ញា ខាន់ សុគុំមនោ និងកញ្ញា ហ៊ាន សុជាតា នៃ VOA នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះ កាលពីសប្តាហ៍មុន។ នៅក្នុងបទសម្ភាសភាគទី១ អ្នកស្រី Arancha Gonzalez បានពិភាក្សាអំពីការដោះដូរពាណិជ្ជកម្មនៅកម្ពុជា និងសក្តានុពលទីផ្សារកម្ពុជា ដែលអាចពង្រីកក្នុងតំបន់អាស៊ាន និងប្រទេសផ្សេងៗទៀត។ ខាងក្រោមនេះគឺជាបទសម្ភាសន៍ភាគទី២បញ្ចប់ជាសំឡេង និងខ្លឹមសារបទសម្ភាសន៍ដែលត្រូវបានបកប្រែជាភាសាខ្មែរ ដែលពិភាក្សាអំពីការលើកកម្ពស់ស្ត្រីក្នុងវិស័យពាណិជ្ជកម្ម សហគ្រិនភាព និងបច្ចេកវិទ្យា៖
VOA៖ ដោយសារតែអ្នកស្រីបានធ្វើការងារជាច្រើន ពាក់ព័ន្ធទៅនឹងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីដឹកនាំ ក្នុងវិស័យពាណិជ្ជកម្ម និងសហគ្រិនភាព ពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពិភពលោក និងនៅតំបន់អាស៊ាន តើអ្នកស្រីយល់ឃើញយ៉ាងណាដែរ ចំពោះចំនួនស្ត្រីនៅក្នុងតំណែងដឹកនាំខ្ពស់ៗនៅក្នុងតំបន់អាស៊ាន? ហើយនៅកម្ពុជាវិញយ៉ាងណាដែរ?
Arancha៖ ខ្ញុំឃើញថា ចំនួនស្ត្រីពិតជានៅខ្វះខាត និងអវត្តមានច្រើន នៅក្នុងតំណែងដឹកនាំធំៗ។ មិនថានៅក្នុងវិស័យនយោបាយ វិស័យពាណិជ្ជកម្ម ឬនៅក្នុងវិស័យស្រាវជ្រាវអប់រំក៏ដោយ វត្តមានស្ត្រីនៅក្នុងតំណែងធំៗទាំងនោះពិតជាមិនសមាមាត្រទៅនឹងចំនួនស្ត្រីសរុបនៅសង្គមយើងទេ។ ករណីនេះ វាមិនមែនកើតមាននៅតែអាស៊ីនោះទេ។ គ្រប់បណ្តាប្រទេសជុំវិញពិភពលោក គឺមានបញ្ហាបែបនេះដូចគ្នា។ ប្រសិនបើយើងក្រលេកមើលទៅចំនួនស្ត្រីដែលជានាយករដ្ឋមន្ត្រី ជាប្រធានាធិបតី ប្រមុខរដ្ឋាភិបាល ឬត្រឹមតែតំណែងជារដ្ឋមន្ត្រី ឧទាហរណ៍ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាដើម គឺវានៅមានតិចណាស់។
ក៏ប៉ុន្តែ ចំនួនស្ត្រីវិញគឺមានលើស ៥០%នៃចំនួនប្រជាជនសរុបទៅទៀត។ ដូចនេះ យើងគួរតែបន្តសួរខ្លួនយើងថា «មកពីហេតុអ្វី?»។ តើនេះមកពីស្ត្រីមិនចង់ឡើងទៅកាន់តំណែងទាំងនោះទេ? ឬក៏មកពីយើងនៅមានឧបសគ្គជាក់លាក់មួយចំនួន ដែលកម្រិតសមត្ថភាពយើងក្នុងការចូលរួម និងសម្រេចបានជោគជ័យក្នុងការឡើងទៅដល់តំណែងទាំងនោះ? ខ្ញុំថាមកពីហេតុផលទី២ ច្រើនជាង។ ខ្ញុំចង់បញ្ជាក់ថា ស្ត្រីជាច្រើននៅមិនទាន់អាចបំបែកពិដានកញ្ចក់ ឬគុកអត់ជញ្ជាំងនៅឡើយទេ។ ពោលគឺ ទាំងការចូលរួមក្នុងសង្គម ក្នុងនយោបាយ ពិសេសនៅក្នុងសេដ្ឋកិច្ច។
VOA៖ ហេតុដូចម្តេចបានជាការផ្តល់អំណាចស្ត្រីក្នុងវិស័យពាណិជ្ជកម្ម ជំនួញ សហគ្រិនភាព និងបច្ចេកវិទ្យា មានសារៈប្រយោជន៍ដល់សង្គមកម្ពុជា?
Arancha៖ វាពិតជាសំខាន់ក្នុងការផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រីចូលរួមក្នុងវិស័យទាំងនោះ ពីព្រោះវាមានហេតុផលសេដ្ឋកិច្ចដើម្បីបកស្រាយថា ត្រូវតែធ្វើដូច្នេះ។ លើសពីការចាំបាច់ ហើយលើសពីការដែលត្រឹមតែទទួលស្គាល់ថា ស្ត្រី និងបុរស ត្រូវតែមានអំណាច និងឱកាសស្មើគ្នា ព្រោះនេះជាសតវត្សរ៍ទី២១ គឺយើងមានហេតុផលសេដ្ឋកិច្ចដើម្បីលើកមកអះអាង។ នៅពេលដែលយើងផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រី យើងនឹងទទួលបានកំណើនគុណនឹង៣។
ទី១ ប្រទេសណាដែលជួយជំរុញស្ត្រីឲ្យចូលរួមក្នុងទីផ្សារការងារ នឹងលូតលាស់ខ្លាំងជាងមុន លឿនជាងមុន ហើយការលូតលាស់នោះនឹងរឹងមាំបំផុត។ នៅក្នុងជំនួញ ក្រុមហ៊ុនណាមានបុគ្គលិកចម្រុះ នោះគេនឹងមានផលិតភាពការងារខ្ពស់ បុគ្គលិកមានលទ្ធភាពទទួលប្រាក់ខែសមរម្យ ហើយក្រុមហ៊ុននោះនឹងទទួលបានបុគ្គលិកដែលខ្លឹមៗមកធ្វើការជាមួយគេ។ ចំណែកសង្គមដែលផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រី នឹងអាចមានលទ្ធភាពកាត់បន្ថយភាពក្រីក្របានលឿនជាង។ ហេតអ្វីទៅ? នេះគឺមកពីស្ត្រីជាទូទៅនៅក្នុងពិភពលោកទាំងមូល ចំណាយ ៨០% នៃប្រាក់ចំណូលរបស់ពួកគេសម្រាប់សមាជិកគ្រួសារ និងសហគមន៍។
ជាក់ស្តែង ដូចជាការទិញម្ហូបអាហារ បញ្ជូនកូនឲ្យបានចូលនៅសាលា ជូនកូនទៅពេទ្យ ឬទិញអ្វីៗចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ករណីនេះ គឺថា មានដល់ទៅ៨០% នៃស្ត្រីដែលធ្វើបែបនេះ ហើយចំពោះបុរសវិញគឺមានត្រឹមតែ ៤០% ទេដែលនឹងធ្វើយ៉ាងដូច្នេះ។ នេះមិនមែនជាការលើកឡើងតាមគំនិតខ្ញុំទេ វាគឺជាការស្រាវជ្រាវដោយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។
សរុបមកវិញ យើងចំណេញទៅលើផ្នែកទាំង៣ គឺសេដ្ឋកិច្ច ជំនួញ និងសង្គម ដែលនេះជាការចាំបាច់ និងបានមកពីការលើកស្ទួយសេដ្ឋកិច្ចស្ត្រី ដោយការជំរុញឲ្យគាត់បានចូលរួម។
VOA៖ អ្នកស្រីបានលើកឡើងថា អ្នកស្រីជឿទៅលើហេតុផលដែលថា ស្ត្រីមានឧបសគ្គជាក់លាក់មួយចំនួន រារាំងគាត់មិនឲ្យចូលរួម និងទទួលបានចំណេះដឹង និងជំនាញ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សហគ្រិនភាព និងបច្ចេកវិទ្យាជាដើម។ តើឧបសគ្គនោះមានអ្វីខ្លះទៅ?
Arancha៖ ឧបសគ្គចម្បងៗនោះមាន៤។ ទី១ ស្ត្រីត្រូវបានគេរើសអើងដោយច្បាប់ បើប្រៀបធៀបទៅនឹងបុរស។ នៅប្រទេសជាច្រើន ស្ត្រីមិនអាចចុះហត្ថលេខានៅលើកុងត្រា ដោយមិនមានការទទួលស្គាល់ពីឪពុក ពីស្វាមី ឬពីបងប្អូនប្រុសរបស់ពួកគេ។ នៅប្រទេសជាច្រើន ស្ត្រីមិនមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ។ នៅប្រទេសជាច្រើន ស្ត្រីមិនអាចបើកគណនីធនាគារទៅទៀត។ ការរើសអើងគឺបានសរសេរឡើងក្នុងច្បាប់។ ដំបូង យើងត្រូវលើកឡើងនូវចំណុចដែលរើសអើងតាមរយៈច្បាប់។ ៩០% នៃប្រទេសទាំងអស់នៅលើពិភពលោក យ៉ាងហោចក៏មានច្បាប់១ ដែលនៅរើសអើងស្ត្រីលើផ្នែកសេដ្ឋកិច្ចនៅឡើយ។
ទី២ ទោះបីជាច្បាប់ចែងមកមានលក្ខណៈស្មើភាពហើយក្តី នីតិវិធីអនុវត្តមិនដូចគ្នាទេ។ ឧទាហរណ៍ ក្នុងការស្រាវជ្រាវយើងបានធ្វើឡើងថ្មីៗនេះឲ្យដឹងថា សហគ្រិនជាស្ត្រីដែលធ្វើជំនួញឆ្លងព្រំដែនពីប្រទេសមួយទៅប្រទេសមួយទៀត ទំនងជារងការទាមទារឲ្យបង់ប្រាក់សូកប៉ាន់ច្រើនជាងបុរស។
ឯទី៣ ទោះបីជាច្បាប់ និងនីតិវិធីស្របគ្នាហើយក្តី ស្ត្រីពិបាកក្នុងការទទួលបានប្រាក់ឥណទានសម្រាប់រកស៊ីជាងបុរស។ តាមពិតទៅមិនមែនមកពីស្ត្រី មិនសក្តិសមនឹងទទួលបានឥណទានទេ ហើយមិនមែនមកពីការឲ្យប្រាក់ឥណទានទៅស្ត្រីជារឿងប្រថុយប្រថានអីនោះដែរ ក៏ប៉ុន្តែនេះដោយសារតែការយល់ឃើញខុស ទៅលើស្ត្រី ទាំងគ្រឹះស្ថានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ក៏យល់ខុសទៅលើស្ត្រី។
ទី៤ ស្ត្រីខ្វះបណ្តាញនៅក្នុងវិស័យសេដ្ឋកិច្ច និងនៅក្នុងរង្វង់ពាណិជ្ជកម្ម។ ក្រៅពីហេតុផលទាំង៤ ខ្ញុំចង់បន្ថែមមួយទៀត គឺរើសអើងដាច់ដោយឡែកទៅលើក្រុមស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ពោលគឺការវាយតម្លៃលម្អៀងពីសង្គម។ ពេលអ្នកគិតដល់ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា គណិតវិទ្យា ប្រហែលជាអ្នកបិទភ្នែកនឹកអំពីវាទៅអ្នកឃើញថា ជាបុរសម្នាក់។
នេះហើយ គឺការយល់ឃើញដែលយើងត្រូវតែផ្លាស់ប្តូរចេញ។ ត្រូវផ្លាស់ប្តូរជំនឿ និងទំនៀមទម្លាប់ទាំងនោះ តាមរយៈការបង្កើនគំរូជាស្ត្រីទៅដល់ស្ត្រីដទៃទៀតឲ្យកាន់តែច្រើន។ ស្ត្រីគំរូទាំងនោះត្រូវសកម្ម និងជាតួអង្គមួយក្នុងវិស័យ ស្តេម (STEM) ដែលមានដូចជាវិទ្យាសាស្ត្រពិត គណិតវិទ្យា វិស្វកម្ម ជាដើម។
VOA៖ តើអ្នកស្រីយល់ថា រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់គ្រាន់ឬនៅ ក្នុងការលើកកម្ពស់ស្ត្រី ជាពិសេសស្ត្រីវ័យក្មេងនៅកម្ពុជា?
Arancha៖ មិនមានទេ ពាក្យថា«គ្រប់គ្រាន់»នោះ។ ហើយវាមិនមែនកើតមានតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺគ្រប់ទីកន្លែង គ្រប់ប្រទេសនៅលើពិភពលោក។ តែបើចំពោះសំណួរដែលថា តើកម្ពុជាកំពុងបោះជំហានក្នុងទិសដៅលើកកម្ពស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចហើយឬនៅ? ចម្លើយរបស់ខ្ញុំគឺ កម្ពុជាកំពុងធ្វើដំណើរលើផ្លូវនេះហើយ។ ខ្ញុំបានជួបជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកមានឆន្ទៈលើកកម្ពស់ស្ត្រីកម្ពុជា ហើយនេះគឺជារឿងល្អសម្រាប់កម្ពុជា។
ក៏ប៉ុន្តែ បញ្ហាគឺស្ថិតនៅត្រង់ថា មានចំនួនស្ត្រីច្រើនមែនទែននៅក្នុងវិស័យក្រៅប្រព័ន្ធ និងវិស័យសហគ្រាសខ្នាតតូច ដែលជាទូទៅពួកគេមិនអាចទទួលបានប្រាក់កម្រៃដូចគ្នានឹងបុរស បើទោះជាពួកគេធ្វើការងារដូចគ្នាក៏ដោយ។ ហេតុនេះ ខ្ញុំគិតថា វាដល់ពេលដែលកម្ពុជាត្រូវមានការប្តេជ្ញាចិត្តខ្ពស់ចំពោះបញ្ហានេះ ដើម្បីធានាឲ្យបានថា កម្ពុជាមិនបានមើលរំលង ឬទុកស្ត្រីណាម្នាក់ចោលនោះទេ។ ពិតហើយដែលថា យើងមិនត្រូវទុកនរណាម្នាក់ចោលនោះទេ មិនថា ពួកគេជាបុរស ឬស្ត្រីឡើយ។ គ្រាន់តែថា ជាទូទៅភាគច្រើនស្ត្រីមិនសូវទទួលបានការយកចិត្តទុកដាក់ ហើយវាដល់ពេលដែលយើងត្រូវមានការប្តេជ្ញាចិត្តខ្ពស់ជាងមុន។
VOA៖ តើអ្នកស្រី មានជាអនុសាសន៍យ៉ាងណាខ្លះចំពោះរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតជារបៀបវារៈក្នុងការកំណត់គោលនយោបាយអភិវឌ្ឍន៍ បទប្បញ្ញត្តិ ឬការគាំទ្រផ្សេងៗទៀត ដើម្បីជំរុញឲ្យមានការលើកកម្ពស់ស្ត្រីបន្ថែមទៀត?
Arancha៖ ពិតមែនហើយ! ខ្ញុំគិតថា ការអប់រំពិតជាដើរតួយ៉ាងសំខាន់ ហេតុនេះយើងត្រូវធានាថា ក្មេងស្រីអាចទៅសាលារៀន អាចទទួលបានការអប់រំ និងអាចចូលរួមក្នុងការអប់រំគ្រប់ប្រភេទដូចក្មេងប្រុសដែរ។ ហើយមិនគួរមានទេនូវផ្នត់គំនិតដែលថា ក្មេងស្រីមិនអាចរៀននេះ រៀននោះបាន។ ជាឧទាហរណ៍ មុខវិជ្ជាវិស្វកម្ម គឺសម្រាប់តែមនុស្សប្រុស ឯអាជីពជាគ្រូបង្រៀនគឺសម្រាប់មនុស្សស្រីជាដើម។
មួយវិញទៀត ខ្ញុំគិតថា វាក៏សំខាន់ណាស់ដែរ ដែលមានស្ត្រីជាគំរូច្រើននៅក្នុងសង្គមកម្ពុជា។ នៅពេលដែលមានស្ត្រីមួយចំនួនសម្រេចក្នុងការងាររបស់ពួកគេ ជាអាទិ៍ក្នុងវិស័យសេដ្ឋកិច្ច ជំនួញ នយោបាយ ការអប់រំ កីឡា ឬវិទ្យាសាស្ត្រហើយ វានឹងធ្វើឲ្យក្មេងស្រី ឬស្ត្រីដទៃទៀតកាន់តែមានកម្លាំងចិត្ត។
ជាក់ស្តែង នៅកម្ពុជានេះ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិរបស់យើង បានផ្តួចផ្តើមគម្រោងមួយឈ្មោះថា SheTrades ដើម្បីជួយស្ត្រីកម្ពុជាឲ្យចូលរួមក្នុងជំនួញ និងរួមចំណែកបង្កើនគុណភាពការងារដល់ពួកគេ។ ស្ត្រីជាសហគ្រិនវ័យក្មេងទាំងអស់សុទ្ធតែអាចចូលរួមក្នុងចលនា SheTrades នេះ ហើយ ពួកគេក៏អាចស្វែងរកអតិថិជន សម្រាប់លក់ផលិតផលរបស់ពួកគេតាមរយៈ SheTrades ថែមទៀតផង។
VOA៖ ឆ្លងកាត់តាមបទពិសោធរបស់អ្នកស្រីផ្ទាល់ តើអ្វីខ្លះដែលជួយជំរុញឲ្យអ្នកស្រីទទួលបានជោគជ័យដូចសព្វថ្ងៃ?
Arancha៖ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំទទួលបានជោគជ័យដូចពេលនេះ ក៏ដោយសារតែខ្ញុំតែងតែជឿថា ខ្ញុំមិនមានអ្វីខុសប្លែកពីមនុស្សប្រុសនោះទេ។ នោះក៏ព្រោះតែខ្ញុំ ក៏បានខិតខំប្រឹងប្រែងធ្វើការ ដូចបុរសដែរ។ កន្លងមកខ្ញុំក៏ទទួលបានការគាំទ្រពីទាំងបុរស និងស្ត្រី ហើយការគាំទ្រទាំងនោះភាគច្រើនខ្ញុំទទួលបានពីបុរសថែមទៀតផង។ ហេតុនេះ ខ្ញុំមិនគិតថា ការតស៊ូដើម្បីសមភាពស្ត្រី គឺជាការតស៊ូរបស់ស្ត្រីតែឯងនោះទេ ប៉ុន្តែ វាគឺជាការខំប្រឹងប្រែងរបស់សង្គមទាំងមូល។
ដើម្បីធ្វើឲ្យសង្គមមួយទទួលបានការចូលរួមពេញលេញ វាត្រូវការការធ្វើការរួមគ្នាទាំងបុរស និងស្ត្រី ដើម្បីធានាថាសង្គមមួយនឹងមិនបោះបង់នរណាម្នាក់ចោលឡើយ។ បទពិសោធរបស់ខ្ញុំបង្ហាញថា គ្មានអ្វីខុសគ្នារវាងបុរស និងស្ត្រីនោះទេ គឺអ្នកខ្លួនឯងត្រូវខំប្រឹងធ្វើការ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន។ សូមកុំគិតថា មានអ្វីមួយដែលអ្នកមិនអាចធ្វើបាននោះទេ អ្នកត្រូវគិតថា អ្នកពិតជាអាចធ្វើបាន ហើយខំប្រឹងដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាន៕