ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

IMF៖ ​ប្រាក់ខែ​ខ្ពស់​និង​ចំណាយ​ច្រើន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឱនភាព​ជិត​៤ភាគរយ​ធៀប​នឹង​GDP


រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)
រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)

សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ នឹង​មាន​ការ​រីកចម្រើន​បន្ត​ទៀត​ក្នុង​រង្វង់​៧ភាគរយ​នៅ​ឆ្នាំ​២០១៧និង​២០១៨ ​ប៉ុន្តែ​ការ​ចំណាយ​សាធាិរណៈ​ជាពិសេស​លើ​ប្រាក់ខែ​ខ្ពស់​សម្រាប់​មន្ត្រី​រាជការ​មិនមាន​សមាមាត្រ​ជាមួយ​នឹង​ការ​រីកចម្រើន​នេះ​ទេ​ ហើយ​នឹង​នាំ​ឱ្យ​មាន​ឱនភាព​សារពើ​ពន្ធ​ជិត​៤​ភាគ​រយនៅ​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​កាលពី​ថ្ងៃ​អង្គារ។

ប្រតិភូ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) ដឹកនាំ​ដោយ​លោក​ Jarkko Turunen ​ដែល​ទៅ​ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​កម្ពុជា​ពីថ្ងៃទី​១២ដល់​២៥ ខែ​កក្កដា​ឆ្នាំ​នេះ​នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​ព្រះសីហនុ។

លោក​ Turunen ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ នៅពេល​បញ្ចប់​បេសកកម្ម​នេះ​ថា៖

«ប្រទេស​កម្ពុជា​បន្ត​រីកចម្រើន​ក្នុង​ជំហាន​មួយ​គួរ​ឱ្យ​ស្ងើច​សរសើរ។ សកម្មភាព​សេដ្ឋកិច្ច​បន្ត​ខ្លាំង​ក្នុង​ឆ្នាំ​២០១៦ ​ក្នុង​ខណៈ​ពេល​ដែល​អតិផរណា​ឡើង​ដល់​៣ភាគរយ ដោយសារ​តែ​តម្លៃ​ម្អូប​អាហារ ​និង​ប្រេង​ឡើង​ខ្ពស់​ជាង​មុន‍»។

លោក Jarkko Turunen (ឆ្វេង) អនុប្រធានផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយបណ្ណអន្តរជាតិ IMF ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាននៅភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
លោក Jarkko Turunen (ឆ្វេង) អនុប្រធានផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយបណ្ណអន្តរជាតិ IMF ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាននៅភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

​IMF ​មើលឃើញ​ថា​ កត្តា​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​មក​ពី​ការ​វិនិយោគ​វិស័យ​ឯកជន វិស័យ​សំណង់​ដែល​កើនឡើង​យ៉ាង​ខ្លាំង​ និង​សកម្មភាព​ទេសចរណ៍។

IMF ​បញ្ជាក់​ថា​ បើ​ទោះបីជា​កម្ពុជា​មាន​ការ​រីកចម្រើន​រហ័ស​ក្នុង​រយៈពេល​បីទសវត្សរ៍​កន្លង​មក​នេះ​ ដោយសារតែ​មាន​បរិយាកាស​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ​ទីផ្សារ​សេរី​ និង​ស្ថិត​នៅលើ​ក្នុង​តំបន់​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​របស់​ពិភពលោក​ ក៏ប៉ុន្តែ​កម្ពុជានៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ខាង​រចនាសម្ព័ន្ធ ​ដែល​មាន​ដូច​ជា​មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត ​បរិយាកាស​សេដ្ឋកិច្ច​ខ្សោយ ​និង​ទីផ្សារ​ហិរញ្ញវត្ថុ​មិន​ទាន់​មានការ​អភិវឌ្ឍ​ល្អ។

​ការ​គ្រប់គ្រង​សារពើពន្ធ​ដោយ​ប្រយ័ត្ន​ប្រយែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ជួយ​រក្សា​លំនឹង​ឱនភាព​ថវិកា​ និង​បំណុល​សាធារណៈ​ឱ្យ​នៅ​កម្រិត​ទាប។ ការ​អនុវត្ត​យុទ្ធសាស្រ្ត​ប្រមូលពន្ធ​របស់​រដ្ឋាភិបាល​ រួមគ្នា​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏ខ្លាំង​នេះ​បាន​នាំ​ឱ្យ​ការ​ប្រមូលពន្ធ​កើនឡើង​រហូត​ដល់​១៥ភាគរយ​នៃ​ផលិត​ផល​សរុប​ក្នុងស្រុក ​(GDP)។ ប៉ុន្តែ​ IMF ​ព្រមាន​ថា​ឱនភាព​សារពើពន្ធ​នៅ​ក្នុង​ឆ្នាំ​នេះ​អាច​នឹង​មាន​គម្លាត​រហូតដល់​៣,៧​ភាគរយ​ ប្រៀបធៀប​នឹង​ផលិតផល​សរុប​ក្នុង​ស្រុក​ដោយសារតែ​ការ​បើក​ប្រាក់ខែ​មន្ត្រីរាជការ​ច្រើន ​និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​នាពេល​បច្ចុប្បន្ន។

លោក​ Trurunen ​បាន​បន្ថែម​ថា៖

«ដូច្នេះ​ហើយ​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ជាចាំបាច់​ ដើម្បី​រក្សា​ចីរភាព​សារពើពន្ធ​និង​សម្រេច​បាន​ការ​ចំណាយ​រួម​ដែល​សមាមាត្រ​គ្នា​ជាមួយ​នឹង​ការរីកចម្រើន​ និង​ការ​អភិវឌ្ឍ។ ជាពិសេស​យើង​មើល​ឃើញ​នូវ​តម្រូវការ​ក្នុងការ​ទប់ទល់​នឹង​ឱនភាព​សារពើពន្ធ​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ​នេះ​ ពង្រឹង​គោលនយោបាយ​និង​រដ្ឋបាល​ពន្ធដា ផ្តល់​អាទិភាព​លើ​ការ​ចំណាយ​ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍ ​និង​ធានា​ថា​ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រីរាជការ​នៅតែ​មាន​ចីរភាព​ ទន្ទឹមគ្នា​នឹង​ការ​រីកចម្រើន​បន្ថែម​ទៀត​នៃ​កំណែ​ទម្រង់​សាធារណៈ‍»។

រដ្ឋាភិបាល​កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​បង់​ចូល​ថវិកា​ជាតិ​បាន​ចំនួន​ ១,១៩២​លាន​ដុល្លារ​អាមេរិក​ នៅ​ឆមាសទី១ ​ឆ្នាំ​២០១៧​នេះ ​គឺ​កើនឡើង​៣២,១៤ភាគរយ ​បើធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦។ នេះ​បើតាម​របាយការណ៍​របស់​អគ្គនាយដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​យ៉ាង​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ជាពិសេស​នៅ​ក្រោយ​ពីការ​បោះឆ្នោត​ជា​តិឆ្នាំ​២០១៣​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ដោយ​ប្រផិត​ប្រផើយ។

IMF ​ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បន្ត​ចាត់​វិធានការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ភាព​រឹងមាំ និង​ដោះស្រាយ​ភាព​ងាយ​រងគ្រោះ​នៃ​វិស័យ​ហិរញ្ញ​វត្ថុ​ដែល​បាន​ឡើងខ្ពស់​ ក្នុង​នោះ​មាន​ដូចជា​ការ​គ្រប់គ្រង​ហានិភ័យ​ឥណទាន​ឱ្យ​បាន​ប្រសើរ​ឡើង​ ដាក់​ឱ្យ​ប្រើប្រាស់​នូវ​គោលនយោបាយ​ធានា​រ៉ាប់រង​កម្រិត​ខ្ពស់ បង្កើត​នូវ​ក្របខណ្ឌ​គ្រប់គ្រង​គ្រោះអាសន្ន និង​បង្កើន​និយ័តកម្ម​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មិនមែន​ជា​ធនាគារ‍៕

XS
SM
MD
LG