ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​ប្រកាស​គាំទ្រ​កូន​ប្រុស​ច្បង​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​បន្ទាប់​ពី​លោក​ឈប់​ឈរ​ឈ្មោះ​


រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ដោយ​មាន​កូន​ប្រុស​ច្បង​​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ​នៅ​ពី​ក្រោយ ក្នុង​ពិធី​ត្រួត​ពល​មួយ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩។ (AFP)
រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ដោយ​មាន​កូន​ប្រុស​ច្បង​​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ​នៅ​ពី​ក្រោយ ក្នុង​ពិធី​ត្រួត​ពល​មួយ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩។ (AFP)

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រកាស​គាំទ្រ​កូន​ប្រុស​ច្បង​របស់​លោក​គឺ​លោក ​ហ៊ុន ម៉ាណែត ​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​បន្ត​ប៉ុន្តែ​ត្រូវ​មាន​ការ​ប្រកួត​ប្រជែង​តាម​ការ​បោះ​ឆ្នោត។​

ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​ខេត្តព្រះសីហនុ​ជាប់​មាត់​សមុទ្រ ​លោក ​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣៦​ឆ្នាំ​មក​ហើយ​បាន​ប្រតិកម្ម​នឹង​ការ​រិះគន់​ដែល​ថា​លោក​«ពង្រឹង​អំណាច»​ដូច្នេះ​លោក​ប្រកាស​តែ​ម្តង​ថា​កូន​ប្រុស​របស់​លោក​នឹង​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​មួយ​រូប​បន្ទាប់​ពី​លោក​ឈប់​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ដែល​ជា​តំណែង​លោក​ធ្លាប់​ប្រកាស​ថា​ធ្វើ​ដោយ​មិន​កំណត់​ពេល។​

លោក​ថ្លែង​ថា៖ ​«រឿង ​ហ៊ុន ម៉ាណែត ​និយាយ​ឲ្យ​ច្បាស់​ថ្ងៃ​នេះ​តែ​ម្តង​ហ៊ុន ម៉ាណែត​ជា​បេក្ខ​ជន​មួយ​ក្នុង​ចំណោម​បេក្ខជន​នាយក​រដ្ឋមន្រ្តី​ដោយ​មាន​ការ​គាំទ្រ​ពី​ឪពុក​របស់​ខ្លួន»។​

លោក​បន្ត​ថា៖ ​«ប៉ុន្តែ​ ហ៊ុន ម៉ាណែត​ ត្រូវ​រត់​ជាមួយ​កូន​ពួក​អ្នក​ទាំង​អស់​ហ្នឹង​ព្រោះ​ប្រទេស​យើង​ប្រទេស​ប្រជាធិបតេយ្យ ​សេរី​ពហុបក្ស​ មិន​កាន់​អំណាច​ដោយ​គ្មាន​ការ​ប្រកួត​បោះ​ឆ្នោត​ទេ»។​

លោក​ ហ៊ុន ម៉ាណែត ​អាយុ​៤៤​ឆ្នាំ​ដែល​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យសភា​យោធា​អាមេរិក​ West Point ​មាន​តំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។ ​លោក​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ចលនា​យុវជន​ថ្នាក់​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២០។​

ខណៈ​លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​អង្គុយ​ពី​ក្រោយ លោក ​ហ៊ុន សែន​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ក៏​បាន​លើក​ឡើង​ថា ​លោក​ស ខេង ​មិន​អាច​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ទេ​ដោយ​សារ​នៅ​ពេល​លោក​ហ៊ុន សែន​ឈប់​ធ្វើ​នាយករដ្ឋមន្រ្តី​ក្នុង​រយៈ​ពេល​យ៉ាង​តិច​១០​ឆ្នាំ​ទៀត​លោក​ ស ខេង ​មាន​វ័យ​ចំណាស់​រួច​ទៅ​ហើយ។​

លោក​បញ្ជាក់​ថា៖ ​«ហើយ​អ៊ីចឹង​[លោក ស] ​ខេង​មក​ធ្វើ​នាយករដ្ឋមន្រ្តី​អី​ទៀត!​បើ​គង់​តែ​ខេង​មក​ធ្វើ​នាយករដ្ឋមន្រ្តី​ខ្ញុំ​បន្ត​ទៅ ​វា​មិន​ស្រួល​ជាង?»​

លោក​ អៀ សុផល ​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​និង​ជា​ព្រឹទ្ធ​បុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យា​ល័យ​រដ្ឋ​ Arizona ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ដោយ​ប្រៀប​ធៀប​ករណី​ដឹកនាំ​ប្រទេស​ក្រោយ​ពី​លោក ហ៊ុន សែន​ទៅ​នឹង​ប្រទេស​សិង្ហបុរី​ដែល​លោក ​Lee Hsieng Loon​ ធ្វើ​ជា​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន​និង​ជា​កូន​របស់​ថ្នាក់​ដឹកនាំ​មុន។​លោក​បន្ថែម​ថា​ លោក ​ហ៊ុន ម៉ាណែត​ប្រាកដ​ជា​មាន​អ្នក​គាំទ្រ​បេក្ខភាព​របស់​លោក​សម្រាប់​នាយក​រដ្ឋមន្រ្តី​ ព្រោះ​លោក​ជាកូន​របស់​លោក​ហ៊ុន សែន។ ​

លោក​បញ្ជាក់​ថា៖ ​«ពួក​គេ​ជឿ​ជាក់​អំពី​ការ​ពង្រឹង​អំណាច​របស់​ពួក​គេ​តាម​រយៈ​ការ​បន្ត​ដឹកនាំ​ដោយ​ត្រកូល ហ៊ុន»។​

អ្នក​វិភាគ​នយោបាយ​លោក​ សេង សារី​ ​ថ្លែង​ថាការ​ប្រកាស​របស់​លោក​ ហ៊ុន សែន​ ជា​រឿង​ល្អ​មួយ ​ព្រោះ​គណបក្ស​ប្រឆាំង​បាន​ដឹង​ថា​តើ​នរណា​ជា​គូ​ប្រជែង​របស់​ខ្លួន​ក្នុង​ពេល​អនាគត​ហើយ​ងាយ​ស្រួល​ក្នុង​ការ​ត្រៀម​បេក្ខជន​បន្ត​វេន​របស់​ខ្លួន​ក្នុង​ការ​តស៊ូ​ប្រកួត​ប្រជែង​នយោ​បាយ។​លោក​បញ្ជាក់​ថា ​វា​ត្រូវ​ធានា​ថា​ការ​ប្រកួត​ប្រជែង​នោះ​ធ្វើ​ឡើង​តាម​ការ​បោះ​ឆ្នោត​មិន​មែន​ស្នង​តំណែង​ឡើយ៕​

XS
SM
MD
LG