ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន​ច្បង​របស់​លោកហ៊ុន សែន ​​ប្រតិកម្ម​នឹង​ការ​រិះគន់​រឿង​ទិញ​រថយន្ត​យោធា​ពី​ចិន​


លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រតិកម្ម​នឹង​ការ​រិះគន់​លើ​ការ​ទិញ​រថយន្ត​យោធា​ចិន​ប្រមាណ​ជិត​ ៣០០​គ្រឿង​ ខណៈ​អ្នក​វិភាគ​លើក​ឡើង​ថា​ ការ​ទិញ​នេះ​ធ្វើ​ឡើង​មិន​ស្រប​តាម​ស្ថាន​ការណ៍​នៃការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ និង​«ជា​ចេតនា​របស់​រដ្ឋាភិបាល​ភ្នំពេញ​ក្នុង​ការ​ការពារ​អំណាច​របស់​ខ្លួន»។​

រថយន្ត​យោធា​ចិន​ចំនួន​ ២៩០​គ្រឿង​ ត្រូវ​បាន​ប្រគល់​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា ​ក្នុង​ពិធី​ផ្ទេរ​សម្ភារៈ​យោធា​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ​ក្នុង​ទីក្រុង​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ក្រោម​អធិបតីភាព​លោក​ឧត្តម​សេនីយ៍ឯក​ ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា។​

លោក​ ហ៊ុន ម៉ាណែត​ លើក​ឡើង​ថា​ ការ​ទិញ​រថយន្ត​ទាំង​នេះ​ចំណាយ​ថវិកា​សប្បុរស​ជន​ មិន​មែន​ថវិកា​ជាតិ​នោះ​ទេ។​ ថវិកា​នេះ​គឺ​ប្រមូល​បាន​តាម​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។លោក​បន្ត​ថា​ រថយន្ត​ទាំង​នេះ​ត្រូវ​ប្រគល់​ទៅ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​កង​នគរបាល​ជាតិ​ក្នុង​ការ​បំពេញ​ភារកិច្ច​បម្រើ​ជាតិ​និង​ប្រជាជន។​

លោក ​ហ៊ុន ម៉ាណែត​ ក៏​បាន​ប្រតិកម្ម​ថា​ កុំ​ឲ្យ​មាន​ការ​វិភាគ​មិន​ល្អ​ចំពោះ​ការ​ទិញ​រថយន្ត​យោធា​នេះ។​លោក​បញ្ជាក់​ថា​ នេះ​ជា​ការ​បញ្ជា​ទិញ​រថយន្ត​តាំង​ពី​មុន​ជំងឺ​កូវីដ១៩​ រាត​ត្បាត​ទៅ​ទៀត។​

លោក ​មាស នី​ អ្នក​វិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​យល់​ថា កម្ពុជា​មិន​មាន​ភាព​ចាំបាច់​ខ្លាំង​ក្នុង​ការ​ទិញ​សម្ភារៈ​យោធា​នៅ​ពេល​នេះ​ទេ​ ដោយ​លោក​យល់​ថា ប្រជា​ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​ក្នុងវិបត្តិ​គ្មាន​ការ​ងារ​ធ្វើ​ ដោយសារ​ជំងឺ​ឆ្លង​កូវីដ១៩។​

«ពេល​នេះ​វា​មិន​មែន​ពេល​ដែលត្រូវ​ការ​ពង្រឹង​ ឬ​ក៏​ទិញ​អ្វី​សម្រាប់​កងយោធា​ទេ ​គឺ​ជា​ពេល​វេលា​ដែល​សម្រាប់​ត្រូវ​គិត​អំពី​ថា​ តើ​ត្រូវ​ជួយ​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ ដែល​វា​ធ្លាក់​ចុះ​ដោយ​សារ​កូវីដ​នេះ​ដោយ​របៀបណា​ ហើយ​និង​ត្រៀម​លក្ខណៈ​មួយ​ទៀត​នូវ​បញ្ហា​រឿង​ដែល​ជា​ផល​ប៉ះពាល់​ដោយសារ​ការ​ព្យួរ​ EBA​ ដែល​វា​នឹង​មក​ដល់​ទៀត»។​

លោក​ អ៊ា សុផល ​សាស្ត្រាចារ្យ​ផ្នែក​ការទូត​និង​កិច្ចការ​អន្តរជាតិ ​នៅ​មហាវិទ្យា​ល័យ ​Occidental​ទីក្រុង ​Los Angeles​ នៅ​សហរដ្ឋ​អាមេរិក​ដាក់​ការ​សង្ស័យ​អំពី​តម្លាភាព​នៃ​ការ​ទិញ​រថយន្ត​យោធា​នេះ ហើយ​លោក​យល់​ថា ​នេះ​មិន​មែន​ជា​ការ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជួយ​ពី​សប្បុរស​ជន​នោះ​ទេ ​ប៉ុន្តែ​វា​ជា​ការ​ប្រាប់​ឲ្យ​ចូល​រួម​ស្ម័គ្រ​ចិត្ត​ជួយ​តែ​ប៉ុណ្ណោះ។​

លោក​បាន​សរសេរ​រតាម​សារអ៊ីម៉ែល​បន្ថែម​ថា៖​ «ហើយ​ហេតុអី្វ​បាន​ជា​យើង​ត្រូវ​ការ​រថយន្ត​យោធា​ ២៩០​គ្រឿង​ នេះ​ពី​ប្រទេស​ចិន​ នៅ​ចំ​ពេល​មាន​ការឆ្លង​រោគ​រាត​ត្បាត?»​

លោក​ ស៊ឹង សែន​ករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​បារម្ភ​ថា ​រថយន្ត​យោធា​ទាំង​នេះ​អាច​ត្រូវ​ប្រើ​ក្នុង​វិធាន​របស់​រដ្ឋាភិបាល​បង្រ្កាប​អ្នក​តវ៉ា​ ដែល​ធ្លាប់​បាន​កើត​ឡើង​កាល​ពី​ពេល​មុន។​

«បើ​យើង​ពិនិត្យ​មើល​ក្នុង​ពេល​កន្លង​មក​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ យើង​ឃើញ​មាន​ការ​ប្រើ​ប្រាស់​នូវ​រថយន្ត​ប្រភេទ​ទាំង​អស់​ហ្នឹង​ ដឹក​កង​កម្លាំង​មួយ​ចំនួន​ដែល​ហៅ​ថា​កង​អន្តរាគមន៍​អី​ជា​ដើម​ហ្នឹង​ គឺ​ធ្វើ​ការ​ទប់​ស្កាត់​នូវ​បាតុកម្ម​ ឬក៏​បង្ក្រាប​បាតុកម្ម​នា​ពេល​កន្លង​មក»។​

លោក​ Paul Chambers​ ដែល​ជា​អ្នក​វិភាគ​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ Naresuan ​ក្នុង​ប្រទេស​ថៃ​ និយាយ​ថា​ សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ ការ​ទិញ​រថយន្ត​យោធា​ចិន​ទាំង​អស់​នេះ​បង្ហាញ​អំពី​ «មធ្យោបាយ​នៃ​ការ​ប្រើប្រាស់​សព្វាវុធ​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​ និង​ជា​ការ​រឹត​ចំណង​ទាក់​ទង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន ​ឲ្យ​បាន​ខ្លាំង​បន្ថែម​ទៀត»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG