ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ប្រាប់​កងទ័ព​ឲ្យ​មាន​«ម្ចាស់ការ» ហើយ​ព្រមាន​អ្នករិះគន់​មិន​ឲ្យ​បំផ្លាញ​សន្តិភាព


រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា ចូលរួមក្នុងពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (រូបថតពីហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)

លោក​ ហ៊ុន ម៉ាណែត​ បន្ថែម​ថា​​ ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​ ក៏​បង្អាប់​តម្លៃ​កងទ័ព​ ដោយ​ចោទ​ថា​ កង​ទ័ព​មិន​បាន​ធ្វើ​ការ​បម្រើ​ជាតិ​ទេ ​តែ​ជា​«ឧបករណ៍​មួយ​បំផ្លាញ​ប្រជា​ធិបតេយ្យ»។​

លោក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ក្រើន​រំឭក​កងទ័ព​ឲ្យ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ចំពោះ​«ល្បិច​កល​ចិត្ត​សាស្ត្រ»​របស់​ក្រុម​អ្នក​រិះគន់​ដែល​លោក​ថា​ ​មាន​ចេតនា​បំផ្លាញ​សាមគ្គី​ផ្ទៃ​ក្នុង​កងទ័ព។ ​លោក​ក៏​បាន​ព្រមាន​មិន​ឲ្យ​ជន​ណា​ប្រើ​សិទ្ធិ​ហួស​ដែន​កំណត់​ក្នុង​ច្បាប់​ ដើម្បី​បំផ្លាញ​សន្តិភាព​នោះ​ដែរ។​

លោក​ ហ៊ុន ម៉ាណែត​ ដែល​ពាក់​ផ្កាយ​បី​ គឺ​ជា​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យុទ្ធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក។ ​ក្រៅ​ពី​តួនាទី​ទាំង​ពីរ​នេះ ​លោក​ក៏​ជា​មេ​បញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវ​កម្ម ​និង​ជា​មេ​បញ្ជា​ការ​រង​កង​អង្គរក្ស​ផង​ដែរ។ ​លោក​ត្រូវ​បាន​សារ​ព័ត៌មាន​ក្រៅ​ស្រុក​រាយ​ការណ៍​ថា​ នឹង​ទទួល​តំណែង​នាយក​រដ្ឋមន្រ្តី​នៅ​ពេល​អនាគត។​

ក្នុង​ខួប​១១​ឆ្នាំ​នៃ​ការ​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស ​និង​ខួប​៣០​ឆ្នាំ​នៃ​ការ​បង្កើត​វរសេនា​តូច​លេខ​២៤៦​ រៀប​ចំ​ឡើង​នា​ខេត្ត​កណ្តាល ​កាលពី​ថ្ងៃ​ពុធ ​ ឧត្តម​សេនីយ៍​ឯក​ហ៊ុន ម៉ាណែត ​មាន​ប្រសាសន៍​ទៅ​កាន់​ពលទាហាន​ ក្រុម​កង​អង្គរក្ស​ និង​ក្រុម​មន្ត្រី​យោធា​ជាន់​ខ្ពស់​ថា ​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជានិច្ច​កាល​ ព្យាយាម​ញុះញង់​ឲ្យ​កងទ័ព​បាត់​ជំនឿ​លើ​រដ្ឋាភិបាល។​ លោក​ថា​ ការណ៍​នេះ​ជា​ចេតនា​វាយ​បំបាក់​ខែល​ការពារ​ជាតិ។​ ​

«បើ​យើង​បាត់​បង់​នូវ​ភាព​ម្ចាស់​ការ​ និង​ទស្សនៈ​នឹង​នរ​ នៅ​ក្នុង​កាល​ពេល​នេះ​ អា​ហ្នឹង​ចប់​ហើយ​...​ប្រឈម​នឹង​ការ​លើក​វ៉ៃ​ប្រហារ​ និង​លើក​ហើយ​លើក​ទៀត​ មិន​ទាន់​ចប់​ទេ​ ព្រោះ​ខែល​នេះ​ គោល​ដៅ​សម្រេច​ ព្រោះ​ចង់បំបាក់​ខែល​នេះ។​ បំបាក់​ពី​ខាង​ក្រៅ​ បើ​បំបាក់​បាន​ ជាពិសេស​បំបាក់​ពី​ខាង​ក្នុង​ច្រេះ​ស៊ី​ដែក។ ​ដែក​ខ្លាំង​យ៉ាង​ម៉េច​ ក៏វា​នៅ​តែ​មាន​ចំណុច​ខ្សោយ​ខាង​ក្នុង។ ​បើ​អា​ចេញ​ពី​ក្នុង​ហើយ​ គឺ​ពិបាក​ អ៊ីចឹង​សតិ​អារម្មណ៍​នយោបាយ​ សតិ​អារម្មណ៍​ និង​ទស្សនៈ​របស់​កង​កម្លាំង​របស់​យើង​ត្រូវ​ប្រកាន់​ឲ្យ​បាន​ច្បាស់​លាស់»។​

លោក​ ហ៊ុន ម៉ាណែត​ បន្ថែម​ថា ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​ ក៏​បង្អាប់​តម្លៃ​កងទ័ព​ ដោយ​ចោទ​ថា​ កង​ទ័ព​មិន​បាន​ធ្វើ​ការ​បម្រើ​ជាតិ​ទេ ​តែ​ជា​«ឧបករណ៍​មួយ​បំផ្លាញ​ប្រជា​ធិបតេយ្យ»។​

«គេថា​ កង​ទ័ព​ កង​កម្លាំង​ប្រដាប់​អាវុធ​ ប៉ូលិស​ ប៉េអឹម​ហ្នឹង​ គឺ​ឥឡូវ​អត់​ធ្វើ​ការ​បម្រើ​ជាតិ​មាតុភូមិ​ទេ ​គឺ​ធ្វើ​ជា​ឧបករណ៍​ដើម្បី​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយ​បិទ​សិទ្ធិ​សេរីភាព។​ ខ្ញុំ​សុំសួរ​បន្តិច​ សុំ​បើក​វង់​ក្រចក​ហ្នឹង​បន្តិច​ចុះ​ ហើយ​បន្តិច​ទៀត​យក​ទៅ​ផ្សាយ​ទៀត​ហើយ​ ឲ្យ​តែ​ពាក់​អាវ​ទាហាន​និយាយ​នយោបាយ ​អត់​និយាយ​នយោបាយ​ទេ។​ ខ្ញុំមិន​មែន​និយាយ​រឿង​បក្ស​ណាៗ​ទេ​ ខ្ញុំ​និយាយ​តែ​ក្រុម​បំផ្លាញ​សន្តិភាព​ទេ»។​

ការ​អធិប្បាយ​របស់​លោក ​ហ៊ុន ម៉ាណែត ​ពាក់ព័ន្ធ​នឹង​គោល​ជំហរ​កងទ័ព​ និង​កម្លាំង​ប្រដាប់​អាវុធ​ផ្សេង​ទៀត​ក្នុង​ការ​រក្សា​ស្ថិរភាព​របស់​ប្រទេស​នោះ​ ​ កើត​មាន​ឡើង​ នៅ​ក្រោយ​ពេល​អាជ្ញាធរ ​បាន​ចេញ​យុទ្ធនា​ការ​បង្ក្រាប​ការ​តវ៉ា​របស់​ក្រុម​យុវជន​ និង​សាច់​ញាតិ​របស់​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ ក្រោម​ការ​ចោទ​ពី​បទ​ព្រហ្មទណ្ឌ​ជា​ច្រើន​ ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អះអាង​ថា​ ជា​រឿង​នយោបាយ។​ ​

បើ​គិត​ពី​ដើម​ខែ​កញ្ញា​មក​ យ៉ាង​តិច​ក្រុម​យុវជន​៧​នាក់​ ក្នុង​នោះ​មាន​ព្រះ​សង្ឃ​មួយ​អង្គ ​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ ក្រោម​បទ​ញុះញង់​ឲ្យ​បង្ក​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម​បន្ទាប់​ពី​ពួក​គេ​ចេញ​មុខ​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា ​ដែល​និយាយ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។ ​ការ​ចាប់​ខ្លួន​ក្រុម​អតីត​មន្ត្រី​គណបក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បង្គាប់​រដ្ឋាភិបាល​នោះ​ ក៏​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ។​

លោក ​ហ៊ុន ម៉ាណែត​ មិន​បាន​និយាយ​ចំ​ឈ្មោះ​ក្រុម​ប្រឆាំង​ដែល​នៅ​ក្រៅ​ប្រទេស​ដែល​លោក​ថា​ ព្យាយាម​បង្ក​ឲ្យ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ។ ​ប៉ុន្តែ​លោក ​សម រង្ស៊ី ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ ត្រូវ​គេ​ឃើញ​ប្រកាស​ជា​ញឹក​ញាប់​ពីក្រៅ​ប្រទេស​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ឲ្យ​ពលរដ្ឋ ​កម្មករ​ និង​យោធា ​ក្រោក​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា។ ​លោក​ សម រង្ស៊ី​ ដែល​កំពុង​រស់​នៅ​ប្រទេស​បារាំង​ និង​ក្រុម​មន្ត្រី​របស់​លោក​ជាច្រើន​នាក់​ទៀត​ បាន​ចោទ​ថា​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​

ក្នុង​ពិធី​រំឭក​ខួប​នៃ​ការ​បង្កើត​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ដដែល​នោះ​ក្រុម​នាយ​ឧត្តម​សេនីយ៍​ពាក់​ផ្កាយ​បួន​ជា​ច្រើន​រូប​ រួម​មាន​ទាំង​នាយ​ឧត្តម​សេនីយ៍ ​ហ៊ីង ប៊ុនហៀង​ មេ​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​ និង​ក្រុម​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត​ ត្រូវ​គេ​ឃើញ​អង្គុយ​ស្តាប់​ការ​អធិប្បាយ​របស់​លោក​ ហ៊ុន ម៉ាណែត។ ​ពល​ទាហាន​ និង​កង​អង្គរក្ស​ ដែល​ប្រដាប់​ដោយ​អាវុធ​ ក៏​ត្រូវ​បាន​គេ​ឃើញ​ឈរ​ជាជួរ​ នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កម្ពុជា​ និង​ភ្ញៀវ​អន្តរ​ជាតិ​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ផង​ដែរ។​

លោក​ ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ក្នុង​ពិធី​ដដែល​នោះ​ថា​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​នា​ពេល​នេះ​ក្រៅ​តែ​ពី​បាន​សន្តិភាព​ពេញ​លេញ​នោះ ​ពួក​គាត់​ក៏​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​ស្រប​តាម​ច្បាប់​ហើយ​ជំនឿ​សាសនា​ក៏ត្រូវ​បាន​បើក​ទូលាយ។​

«មាន​អ្នក​ណា​ហាម​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​មិន​ឲ្យ​ទៅ​វត្ត​ ហាម​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ ហាម​សិទ្ធិ​សេរីភាព​របស់​ព្រះ​សង្ឃ ​ព្រះអង្គ​ គ្រប់​ព្រះ​អង្គ​នៅ​ក្នុង​ការ​ប្រណិប័តន៍​សាសនា​...​លើក​លែង​តែ​អ្នក​ខ្លះ​ពាក់​ស្បង់​ ដើម្បី​ធ្វើ​នយោបាយ​ទេ។​ពាក់​ស្បង់ចីពរ​ ដើម្បី​មក​អុចអាល​យក​សាសនា​ដើម្បី​ទាញ​មនុស្ស​ មក​ធ្វើ​ការងារ​បំផ្លាញ។​ រឿង​អ្នក​ឯង​បញ្ចេញ​មតិ​រឿង​មួយ​ប៉ុន្តែ​ចេតនា​អ្នក​ឯង​ ផែន​ការ​អ្នក​ឯង​នៅ​ក្នុង​ការ​បំផ្លាញ​សុខ​សន្តិភាព​ ស្ថិរភាព​នៅ​ប្រទេស​ណា​ ក៏គេ​មិន​អនុញ្ញាត​ឲ្យដែរ។ បាតុកម្ម​នៅ​អាមេរិក​ តែ​បើ​សិន​វា​ចូល​ជា​រឿង​កុបកម្ម​ រឿង​អា​រញ៉េរញ៉ៃ​ អាមេរិក​បញ្ជូន​ដល់​ទៅ​ទាហាន​ចូល​ដើម្បី​គ្រប់​គ្រង​ទៀតនោះ​ បើ​ប៉ូលិស​គ្រប់គ្រង​លែង​បាន»។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​កម្ពុជា​ពិត​ជា​មាន​សន្តិភាព​បើ​និយាយ​ដល់​ការ​មិន​មាន​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស។ ​ក៏​ប៉ុន្តែ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ លើក​ឡើង​ថា​ ការ​បែកបាក់​សាមគ្គី​ជាតិ​នៅ​តែ​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​ដល់​អ្វី​ទៅ​ជា​សន្តិភាព​ពេញ​លេញ​នោះ។​

«បាន​ន័យ​ថា​មិន​មាន​ការ​បែកបាក់​សាមគ្គី​ជាតិ​ ឯក​ភាព​ជាតិ។​ សាមគ្គី​បាន​ន័យ​ថា​ប្រទេស​តែ​មួយ ​បាន​ន័យ​ថា ​ រស់​នៅ​ក្រោម​ការ​សាមគ្គី​ជាតិ​គ្នា​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ អាហ្នឹង​បាន​សន្តិ​ភាព​ហ្នឹង​វា​ពេញ​លេញ​បាន»។ ​

ទាក់​ទិន​នឹង​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិនោះ​ ​លោក ​អំ សំអាត​ មាន​ប្រសាសន៍​អាជ្ញាធរ​កម្ពុជា​ មិន​គួរ​ចាត់​វិធាន​ការ​ច្បាប់​ដោយ​ការ​ចាប់​ក្រុម​អ្នក​តវ៉ា​ ដែល​បាន​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ ហើយ​ដែល​មិន​បាន​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​នោះ​ទេ។

សម្រាប់​លោក​ មាស នី​ អ្នក​វិភាគ​នយោបាយ​ និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​យល់​ថា ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​សន្តិភាព​ ដែល​ពលរដ្ឋ​កំពុង​តស៊ូ​ក្នុង​ជម្លោះ​ដីធ្លី​ ហើយ​ការ​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រទេស​ជាតិ​មួយ​ចំនួន​ទៀត​ ដូច​ជា​បញ្ហា​ព្រំដែន​ក៏​ត្រូវ​បាន​រឹត​បន្តឹង។​

«រឿង​ដីធ្លី​ រឿង​ព្រំដែន​អីហ្នឹង​ វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​និយាយ​ស្តី​ ក៏​ប៉ុន្តែ​ត្រូវ​ទទួល​រង​នូវ​ការ​គំរាម​ពី​ប្រព័ន្ធ​គ្រប់​គ្រង​ បាទ​ ដូច្នេះ​អា​ទាំង​អស់​ហ្នឹងហើយ​ គេ​ហៅ​ថា​ ជា​អយុត្តិ​ធម៌​សង្គម»។​

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ប្រតិកម្ម​ថា​ ការ​អនុវត្ត​សិទ្ធិ​ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ​ ក៏​មិន​ត្រូវ​នាំ​ប្រទេស​ឲ្យ​វិល​ទៅ​រក​ភាព​វឹកវរ​នោះ​ដែរ។ លោក​ថា​ ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ភាគ​ច្រើន​មិន​យល់​ពី​ស្ថានភាព​កម្ពុជា​មុន​ឆ្នាំ​១៩៧៩​នោះ​ទេ​ ពោល​គឺ​ពួកគេ​បាន​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣។​

«សិទ្ធិ​មនុស្ស​អី​ក៏​ដោយ​ សុំ​ឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព​ដូច​បច្ចុប្បន្ន​ហ្នឹង​ទៅ​កុំ​នាំ​ប្រទេស​ជាតិ​ទៅ​រក​សង្គ្រាម​ កុំ​នាំ​ប្រទេស​ជាតិ​ទៅ​រក​ភាព​ដែល​នរក​អវីចី​ដូច​បីឆ្នាំ ​ប្រាំបី​ខែ​ហ្នឹង​ទៀត។ ​ អ៊ីចឹង​មាន​តែ​ប៉ុណ្ណឹង​ឯង​បាទ»។​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​រូប​នេះ​បន្ថែម​ថា​ រហូត​មក​ដល់​ពេល​នេះ​កម្លាំង​ប្រដាប់​អាវុធ​បាន​រក្សា​ស្មារតី​នឹងនរ​ មិន​លុះ​ក្នុង​ឥទ្ធិពល​ញុះញង់​របស់​អតីត​ក្រុម​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបានរំលាយ​ ដោយ​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ។ ​លោក​អះអាង​ថា ​បើ​កង​កម្លាំង​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​មែន​នោះ​ កម្ពុជា​នឹង​មិន​បាន​សុខ​សាន្ត​ដូច​សព្វ​ថ្ងៃ​នេះ​ទេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG