ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​ឡាវ​ព្រមព្រៀង​ស្នើ​ឲ្យ​បារាំង​ជួយ​ផ្តល់​ផែនទី​ព្រំដែន​ និង​បញ្ចប់​វិវាទ​នៃ​ប្រទេស​ទាំង​ពីរ


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រីកម្ពុជា ហ៊ុន សែន (ស្តាំ)​និង​លោក ថោងលន់ ស៊ីសូលីត ​នាយក​រដ្ឋ​មន្ត្រី​ឡាវ ចាប់ដៃស្វាគមន៍គ្នា​នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រីកម្ពុជា ហ៊ុន សែន (ស្តាំ)​និង​លោក ថោងលន់ ស៊ីសូលីត ​នាយក​រដ្ឋ​មន្ត្រី​ឡាវ ចាប់ដៃស្វាគមន៍គ្នា​នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។

នា​ថ្ងៃ​សុក្រ​នេះ​ ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​និង​ឡាវ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន​ និង​ការ​បោះបង្គោល​ព្រំដែន​ដែល​នៅ​សល់។​ ក្រោយ​ជំនួប​បិទទ្វារ​នៅ​ក្នុង​វិមាន​សន្តិភាព នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ​លោក​ ហ៊ុន សែន​ បាន​បញ្ជាក់ថា​ កម្ពុជា​និងឡាវ​បាន​បន្ត​ឯកភាព​លើ​ចំណុច​ធំៗ​ដើម្បី​ឈាន​ដល់​ការ​បោះបង់​បង្គោល​ព្រំដែន​បង្ហើយ ​និង​បញ្ចប់​ការ​ប្រឈម​នានា។

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ​និង​ឡាវ​ ​គ្រោង​នឹង​ស្នើ​ឱ្យ​បារាំង​បញ្ជូន​ផែនទី​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ​អ្នក​បច្ចេកទេស​ ​និង​ឯកសារ​ពាក់ព័ន្ធ​នានា​ ​ដើម្បី​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ និង​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​កម្ពុជា-ឡាវ។​ ​នេះ​បើ​តាម​ការ​ប្រកាស​រួម​របស់​លោក​ ​ហ៊ុន ​សែន​ ​និង​លោក​ ​ថោងលន់ ស៊ីសូលីត ​នាយក​រដ្ឋ​មន្ត្រី​ឡាវ។​

ការ​ប្រកាស​របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើឡើង​ ក្រោយ​ពី​ជំនួប​ទ្វេភាគី​មួយ​កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​សុក្រ​នៅវិមាន​សន្តិភាព​ ក្នុង​រាជធានី​ភ្នំពេញ​ ​ជាអ្វី​ដែល​លោក​ ​ហ៊ុន សែន​ ​ហៅ​ថា​ កិច្ច​ពិភាក្សាជា​ ​«កញ្ចប់»​ ​និង​ប្រកប​ដោយ​ ​«ផ្លែផ្កា»។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​ផ្សាយផ្ទាល់​តាម​ទំព័រ​ហ្វេប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បញ្ជាក់​ថា​ ​កម្ពុជា​ និង​ឡាវ​បាន​ឯក​ភាព​ ​ដោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន​ និង​គ្រោង​ធ្វើ​ការ​វាស់វែង​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ចប់​សព្វ​គ្រប់​ប្រកប​ដោយ​ភាតរភាព។​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​នាយក​រដ្ឋ​មន្ត្រី​ឡាវ​ ​ដែល​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​មក​កាន់​ប្រទេស​កម្ពុជា​បាន​ឯកភាព​ ​លើ​កិច្ច​ព្រមព្រៀង​ចំនួន​៤​ចំណុច រួមមាន​ការ​ណាត់​ជួប​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា​ និង​ឡាវ​នៅ​ទី​ក្រុង​ភ្នំពេញ​ ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន។​ ​ចំណុច​ទីពីរ​ ​គឺ​ដោះ​ស្រាយ​បញ្ហា​បង្គោល​ព្រំ​ដែន​៤​កន្លែង ​ដែល​ស្ថិត​នៅ​តាម​បណ្តាយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ ​និង​ចំណុច​ទី៣​ ​ភាគី​ទំាង​ពីរ​បាន​ឯកភាព​ឱ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ចុះ​ធ្វើ​ការ​វាស់វែង​ដោយ​ផ្ទាល់ ​ដោះស្រាយ​បញ្ហា​នៅ​តំបន់ អូរ​តាង៉ាវ​ ​ដើម្បី​បញ្ចប់​បញ្ហា​ដែល​នៅ​សេស​សល់។​

រី​ឯ​ចំណុច​ទី៤​ ​លោក​ ហ៊ុន សែន​ ​បញ្ជាក់​យ៉ាង​ដូចេ្នះ៖​

«ចំណុច​ទី​៤​ ​ភាគី​ទាំង​ពីរ​ ​នាយក​រដ្ឋ​មន្ត្រី​ទាំងពីរ​ ​ឯកឧត្តម​ ​ថោងលន់​ និង​ខ្ញុំ​ នឹង​សរសេរ​លិខិត​ជូន​ទៅ​ប្រធានាធិបតី​បារាំង ដើម្បី​សុំ​ឲ្យ​ជួយ​ផ្ទេរ​ផែនទី​បារាំង​ពី​ខ្នាត​១/១០០ពាន់​ ​មក​ខ្នាត​១/៥០​ពាន់ និង​សុំ​ឱ្យ​បារំាង​ជួយ​ផ្តល់​ឯកសារ​ផ្សេង​ទៀត​ ដែល​ទាក់ទង​ដល់​ព្រំដែន​កម្ពុជា-ឡាវ»។​

នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​រូប​នេះ​ក៏​បាន​បន្ត​ថា ​កម្ពុជា​ និង​ឡាវ​ក៏​ត្រូវ​ការ​អ្នក​បច្ចេកទេស​ពី​ប្រទេស​បារាំង​ផង​ដែរ​ ​ដើម្បី​ផ្ទេរ​ផែនទី​ ​១/១០០ពាន់​ ​ទៅ​ជា​ ​១/៥០ពាន់​ ​ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន។​ ​សំណើ​ទំាង​នោះ​នឹង​ត្រូវ​បាន​បញ្ចូល​ក្នុង​លិខិត​រួម​របស់​ប្រទេស​ទាំង​ពីរ​ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ឡាវ​ និង​កម្ពុជា​ ​នា​ពេល​ខាងមុខ​ ​ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពេល​វេលា​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ។​

លោក​ ​ហ៊ុន សែន​ ​បញ្ជាក់​បន្ថែម​ថា៖​

«ប្រទេស​យើង​ទាំង​ពីរ​ ​ឬ​អាច​ថា​ ​ប្រទេស​យើង​ទាំង​បី​ ​គឺ​ជា​អតីត​អាណានិគម​បារាំង​ ​ហើយ​មុន​នឹង​បារាំង​ចាក​ចេញ​ ​បារាំង​បាន​ផ្ទេរ​មរតក​នេះ​មក​ឱ្យ​យើង​ ​ដូច្នេះ​បារាំង​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ ជួយ​យើង​លើ​បញ្ហា​នេះ។​ ​មូលដ្ឋាន​ដែល​បារាំង​ផ្តល់​ឱ្យ​គឺ​ផែន​ទី១/១០០​ពាន់​ ​ប៉ុន្តែ​ការធ្វើ​ព្រំដែន​វា​មិនអាច​ប្រើប្រាស់​នូវ​ខ្នាត​ ​១/១០០ពាន់​ ​បាន​ទេ ​ត្រូវ​ប្រើខា្នត​ ​១/៥០ពាន់»។

បញ្ហា​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ និង​ឡាវ​បាន​ឡើង​កំដៅ​សារ​ថ្មី​ ​កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ​ ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ដាក់​បញ្ជា​ឱ្យ​កងទ័ព​នៃ​ប្រទេស​កម្ពុជា​ចល័ត​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង​ដើម្បី​បណ្តេញ​កងទ័ព​ឡាវ​ប្រមាណ​៣០នាក់​ ​ដែល​មក​ឈរ​ជើង​ក្នុង​ទឹកដី​កម្ពុជា​ ​តាំង​ពី​ខែ​មេសា។

មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ព្រមាន​វាយ​បណ្តេញ​កងទ័ពឡាវ​ចេញ​ពី​តំបន់​អូរតាង៉ាវ​ ​ស្រុក​សៀងប៉ាង​ ​ខេត្ត​ស្ទឹងត្រែង​ ​លោក​ ​ហ៊ុន សែន​ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ ​វៀងច័ន្ទ​ ហើយ​បាន​ពិភាក្សា​ជាមួយ​លោក​ ​ថោងលន់ ស៊ីសូលីត​ ​នាយក​រដ្ឋ​មន្ត្រី​ឡាវ ហើយ​ឈាន​ដល់​ការ​បញ្ចប់​ការ​ប្រឈម​អាវុធ​ដាក់​គ្នា។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​គ្នា​ជា​មួយ​លោក​ ​ហ៊ុន សែន​ ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​លោក​ ​ថោងលន់ ស៊ីសូលីត​ នាយក​រដ្ឋ​មន្ត្រី​ឡាវ​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​ពិត​ជា​បាន​ឯកភាព​ជា​មួយ​លោក​ ​ហ៊ុន សែន​ ​លើ​ចំណុច​ទាំង​៤​ ​ដែល​បាន​រៀបរាប់​នោះ​មែន​ ​ហើយ​លោក​និង​លោក​ ហ៊ុន សែន​ ​ក៏​នឹង​គ្រោង​រៀបចំ​លិខិត​រួមគ្នា​ស្នើ​ទៅ​កាន់​ប្រទេស​បារាំង​ផង​ដែរ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​កាល​ពី​ថ្ងៃ​សុក្រ​ ​តាម​រយៈ​អ្នក​បកប្រែ​ពិសេស លោក​ ​ថោងលន់ ស៊ីសូលីត​ នាយក​រដ្ឋមន្ត្រី​ឡាវ​ ​ថ្លែង​យ៉ាង​ដូច្នេះ៖​

«ម៉្យាង​ទៀត​ ​នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​ ​ក៏​ជជែក​គ្នា​ ក៏​បាន​ឯកភាព​គ្នា​ថា​ ពួក​យើង​នឹង​ព្យាយាម​ឱ្យ​មាន​សន្តិសុខ​ និង​សន្តិភាព​នៅ​តាម​តំបន់​ព្រំដែន​ ដែល​មិនទាន់​បាន​ដោះស្រាយ​ហើយ​ ​ពី​ព្រោះ​ថា​ បញ្ហា​នេះ​វា​សំខាន់​ខ្លាំង​ណាស់​ ​ដើម្បី​ធ្វើ​ឱ្យ​តំបន់​ទំាង​នោះ​មាន​សន្តិភាព»។

ប្រទេស​កម្ពុជា​មាន​ព្រំដែន​ជាប់​ប្រទេសឡាវ​ ​ប្រវែង​ប្រមាណ​៥៤០​គីឡូម៉ែត្រ។​ ​មក​ដល់​ពេល​នេះ​ភាគី​កម្ពុជា​ និង​ឡាវ​បាន​ស្រុះស្រួល​គ្នា​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន​១២១​បង្គោល​ ​ហើយ​នៅ​សល់​១៤​ភាគរយ​ទៀត​ ​កំពុង​បន្ត​ការ​ចរចា​ដោះស្រាយ ។​

លោក​ ​វ៉ា គឹមហុង​ ​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា​បាន​ប្រាប់​ VOA​ ​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា​ ​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ រួម​ទាំង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ និង​ឡាវ​ គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​បោះ​បង្គោល​ព្រំដែន​នេះ​បន្តទៀត​ ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ខាង​មុខ​ ​ដើម្បី​កំណត់​ពេល​ចុះ​វាស់វែង​ព្រំដែន​ឱ្យ​បាន​ជាក់​ស្តែង។​

លោក​ ​វ៉ា គឹមហុង​ ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា៖​

«អាហ្នឹង​ ទាល់​តែ​យើង​ឯកភាព​គ្នា។​ ​ឯកភាព​គ្នា​ ជា​មួយ​ខាង​ម្ខាងទៀត​ ​ជា​ទ្វេ​ភាគី​ ទើប​បាន​យើង​ដឹង​ថា​ ថ្ងៃណា​ ថ្ងៃណា​សិន​ ​បានយើង​ចុះ»។​

VOA​ មិនអាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​ទេ​ ​នា​ថ្ងៃ​សុក្រ​នេះ។​

ទោះ​ជា​យ៉ាង​ណាក្តី​ ​លោក​ ​ហ៊ុន សែន​ ​បាន​អះអាង​ក្នុង​សន្និសីទ​ ​នា​ថ្ងៃ​សុក្រ​នេះ​ថា​ ​ជំនួប​ប្រកប​ដោយ​ផ្លែផ្កា​នេះ​ ហើយ​ដែល​នឹងឈាន​ដល់​ដំណោះស្រាយ​លើ​បញ្ហា​វិវាទ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នោះ​ ​គឺ​ផ្តើម​ចេញ​ពី​ទំនាក់​ទំនង​ផ្ទាល់ខ្លួន​យ៉ាង​ជិត​សិ្នទ្ធ​រវាង​លោក​ និងលោក​ ថោងលន់​ ​រយៈពេល​ជាង​៣០ឆ្នាំ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG