គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា គ.ជ.ប. បាន កំណត់យកថ្ងៃអាទិត្យទី១៤ ខែមករាឆ្នាំ២០១៨ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.ដែលVOA បានទទួលនាថ្ងៃអង្គារ។
សេចក្តីប្រកាសដែលចុះហត្ថលេខាដោយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងផ្សាយតាមគេហទំព័រផ្លូវការរបស់ គ.ជ.ប. ឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅដើមឆ្នាំ២០១៨ខាងមុខនេះ គឺដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន៥៨រូបនៃចំនួនសរុប៦២រូប ខណៈដែលសមាជិកព្រឹទ្ធសភានៅសេសសល់ចំនួន៤រូបផ្សេងទៀតនឹងជ្រើសតាំងដោយផ្ទាល់ពីព្រះមហាក្សត្រ នឹងតាមការបោះឆ្នោតក្នុងរដ្ឋសភា។
សេចក្តីប្រកាសដដែលក៏បានឱ្យដឹងផងដែរថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានាពេលខាងមុខនឹងបែងចែកជា ៨ភូមិភាគទូទាំងប្រទេស។
ប្រទេសកម្ពុជាទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅ។ លទ្ធផលផ្លូវការក្រោយការបោះឆ្នោតទូទាំងប្រទេសបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន អាសនៈចំនួនជាង៦.៥00 រីឯគណបក្សជំទាស់ដ៏ធំក្នុងប្រទេសកម្ពុជាគឺគណបក្សសង្គ្រោះជាតិទទួលបានអាសនៈសរុបជាង៥ពាន់នៃអាសនៈសរុបចំនួន១១.៥៧២អាសនៈ។ អាសនៈដែលនៅសេសសល់ត្រូវបានទៅគណបក្សផ្សេងៗទៀត។
សមាជិកក្រុមក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាប់ឆ្នោតទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាថ្មី នៅខែមករាឆ្នាំ២០១៨ ខាងមុខ៕