ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រាយការណ៍​​អ.ស.ហ៖ កម្ពុជា​ហាក់​ស្ថិត​លើ​វិថី​គ្រោះថ្នាក់​ខាង​នយោបាយ​​ មុនការ​បោះ​ឆ្នោត​ជាតិ​មក​ដល់


អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

នៅ​ថ្ងៃ​សុក្រនេះ​ ​អ្នកស្រី​ រ៉ូណា ស្មីត​ ​(Rhona Smith)​ ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​បាន​បញ្ចប់​បេសកកម្ម​របស់​អ្នក​ស្រី​ រយៈពេល​១០ថ្ងៃ នៅ​កម្ពុជា។​ លោក​ស្រី​បាន​មើល​ឃើញ​ថា​ ​ស្ថានភាព​ទូទៅ​នៅ​ក្នុង​ប្រទេស​ រួមទាំង​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ដំណើរការ​ប្រជាធិបតេយ្យ​ ​នៅ​តែ​មាន​ភាព​តានតឹង។

នៅ​ថ្ងៃ​សុក្រ​នេះ​ ​ប្រេសិត​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អ្នកស្រី​ រ៉ូណា ស្មីត​ ​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​ និង​បញ្ហា​ប្រឈម​នានា​របស់​កម្ពុជា​ ​ពាក់​ព័ន្ធ​នឹង​លំហ​ប្រជាធិប​តេយ្យ ប្រព័ន្ធ​យុត្តិធម៌​ ការ​គោរព​សិទ្ធិ​កុមារ​ និង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​និង​ការ​រឹត​បន្តឹង​លើ​សិទ្ធិ​នយោបាយ​ រួមទាំង​បញ្ហា​ផ្សេងៗ​ទៀត​ ​ខណៈ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខិត​ជិត​មក​ដល់។

អ្នកស្រី​ ស្មីត​ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ ​ក្រោយ​ពី​បញ្ចប់​ទស្សនកិច្ច​ស្វែង​យល់​ពី​ការ​វិវត្ត​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ដំណើរការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​រយៈពេល​១០​ថ្ងៃ​ នៅ​ថ្ងៃ​សុក្រ​នេះ។

​ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​សន្និសីទ​ព័ត៌មាន​ រៀបចំ​ឡើង​នៅ​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ អ្នកស្រី​ រ៉ូណា ស្មីត​ បាន​ថ្លែង​ថា​ ​ជាមួយ​នឹង​បញ្ហា​ដែល​នៅសេសសល់​ និង​មិន​ទាន់​បាន​ដោះស្រាយ​ ក្នុង​កិច្ច​ព្រងឹង​លទ្ធិ​ប្រជាធិប​តេយ្យ​ វិស័យ​សង្គម​ នយោបាយ​ និង​យុត្តិធម៌​នេះ​ ប្រទេសកម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​គួរ​ឲ្យ​បារម្ភ។

អ្នកស្រី វ៉ាន់ ហេលី (Wan-Hea Lee) (ឆ្វេង) តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) និងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅក្នុង​សន្និសីទ​សារសារព័ត៌មាន កាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)
អ្នកស្រី វ៉ាន់ ហេលី (Wan-Hea Lee) (ឆ្វេង) តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) និងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅក្នុង​សន្និសីទ​សារសារព័ត៌មាន កាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

អ្នកស្រី​ ​ រ៉ូណា ស្មីត​ ​មាន​ប្រសាសន៍ថា៖

«ស្ថានភាព​ទូទៅ​នៅ​ក្នុង​ប្រទេស​នៅ​តែ​មាន​ភាព​តានតឹង។ ប្រទេស​កម្ពុជា​ ​ហាក់​ដូច​ជា​កំពុង​ខិត​ទៅជិត​ស្ថានភាព​គ្រោះថ្នាក់។​ ចំណាត់​ការ​ផ្លូវ​ច្បាប់​ជា​ច្រើន​ប្រឆាំង​នឹង​អ្នក​នយោបាយ​ ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​លើ​អព្យាក្រឹត្យ​ ខាង​នយោបាយ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ សវនាការ​សម្រេច​ពន្យាពេល​ការ​ឃុំ​បណ្តោះ​អាសន្ន​ ការ​បំភិត​បំភ័យ​ និង​ការ​ភ័យខ្លាច​ ដើរ​មិន​ស្រប​គ្នា​ជាមួយ​នឹង​បរិយាកាស​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​នោះ​ទេ។​ ខ្ញុំ​សូម​ជំរុញ​រាជរដ្ឋាភិបាល​ឲ្យ​ធានា​ថា​ គ្រប់​ភាគី​ទាំង​អស់​មាន​លទ្ធភាព​ក្នុងការ​សួរ​ដេញដោល​គ្នា​ និង​ការ​ពិភាក្សា​គ្នា​ដោយ​ចំហរ​លើ​បញ្ហា​ ដែល​ជា​កង្វល់​របស់​ប្រជាជន​កម្ពុជា​ទាំង​អស់»។

អ្នក​រាយការណ៍​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ ​ក៏​បាន​បន្តថា​ កម្ពុជា​ត្រូវ​ធានា​ឲ្យ​បាន​នូវ​លិទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ហើយ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អនុវត្តន៍​សិទ្ធិ​របស់​ពួកគេ​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ។

«ការ​រឹតត្បិត​ដោយ​មិន​ចាំបាច់​ ចំពោះ​សេរីភាព​ប្រមូល​ផ្តុំ​បាន​បង្អាក់​ដល់​សកម្មភាព​ស្រប​ច្បាប់​ជា​ច្រើន​របស់​សង្គម​ស៊ីវិល។ កម្ពុជា​គួរតែ​ជា​ប្រទេស​មួយ​ប្រកាន់​យក​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដ៏​រស់​រវើក​ ​ហើយ​ដែល​លើក​ទឹកចិត្ត​ (មិនមែន​ដាក់​ទណ្ឌកម្មឡើយ)​ និង​ឲ្យ​មានការ​ពិភាក្សា​ដេញ​ដោល​ និង​ការ​បញ្ចេញ​មតិ​ដោយ​សម​ហេតុផល​ ​ព្រោះ​ថា​ការ​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា​ចំពោះ​រឿង​នយោបាយ​ គឺជា​ការ​ត្រួស​ត្រាយផ្លូវ​មួយ​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​ពេញ​លេញ។ វាគឺជា​រឿង​ពិបាក​យល់ ​នៅពេល​ដែល​អង្គការ​សង្គម​ស៊ីវិល​ ហើយ​និង​សហជីព​ត្រូវបាន​តម្រូវ​ឲ្យ​មាន​អព្យាក្រឹតភាព​ផ្នែក​នយោបាយ។ ផ្ទុយទៅវិញ​ មន្ត្រី​រាជការ​ ហើយ​និង​កងកម្លាំង​នគរបាល​ និង​យោធា​ឯណោះ​ទៅវិញ​ទេ​ ដែល​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​រឿង​នយោបាយ»។

រូបឯកសារ៖ ប្រជាជន​កម្ពុជា ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
រូបឯកសារ៖ ប្រជាជន​កម្ពុជា ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ចំនួន​ ១០ថ្ងៃ​ នៅ​កម្ពុជា​ ​ដែល​បាន​បញ្ចប់​នា​ថ្ងៃ​សុក្រ​នេះ​ អ្នក​រាយការណ៍​ពិសេស​ អ្នកស្រី​ រ៉ូណា ស្មីត បាន​ជួប​សន្ទនា​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​ ​យុត្តិធម៌​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​ សង្គម​កិច្ច​ ក្រុម​អង្គការ​សង្គមស៊ីវិល​ ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ ​និង​ប្រជាជន​រងគ្រោះ​នានា​ជា​ច្រើន​ផ្សេង​ទៀត។​ ​អ្នកស្រី​ក៏​បាន​បាន​ទៅ​ធ្វើទស្សនកិច្ច​ក្នុង​មន្ទីរ​អប់រំ​កែប្រែ​ព្រៃស​ និង​ស្វែង​យល់​ពី​មណ្ឌល​ព្រៃស្ពឺ​ដែល​ជា​កន្លែង​ដាក់​អ្នក​សុំទាន​ ​និង​គ្មាន​ទីជម្រក។

​លោក​ សួស យ៉ារ៉ា​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ VOA ​ថា​ ការ​វាយ​តម្លៃ​របស់​អ្នក​ស្រី​ ​ស្មីត​ ​ចំពោះ​ការ​ប្រើប្រាស់​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​កម្ពុជា​ មិន​បាន​បញ្ជាក់​ពី​ទិដ្ឋភាព​ជាក់​ស្តែង​ក្នុង​សង្គម​កម្ពុជា​នោះ​ឡើយ។

«យើង​យល់​ឃើញ​ថា​ គ្រាន់​ជាទស្សនកិច្ច​មួយ​ មិន​អាច​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​នូវ​បញ្ហា​ទាំង​ឡាយ​នៅ​ក្នុង​សង្គម​កម្ពុជា​បាន​នោះ​ទេ​ អញ្ចឹង​វឌ្ឍនភាព​ ត្រូវ​ធ្វើ​ដំណើរ​ស្រប​ជាមួយ​ហ្នឹង​ អវិជ្ជមាន​ដែល​យើង​ត្រូវ​កែ​សម្រួល»។

ក្នុង​ការ​វាយតម្លៃ​លើ​លំហ​ប្រជាធិប​តេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ អ្នកស្រី​ ស្មីត​ បាន​ថ្លែង​ថា​ ទោះបី​ជា​មាន​ភាព​ជោគជ័យ​នៃ​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​ក៏​ដោយ​ ក៏​អ្នកស្រី​ នៅ​តែ​មាន​ក្តី​កង្វល់​អំពី​វោហាសាស្ត្រ​បែប​ហិង្សា​ ដែល​សម្តែង​ឡើង​ដោយ​សមាជិក​រដ្ឋាភិបាល​ និង​យោធា។

អ្នកស្រី​បញ្ជាក់​ថា​ មតិ​យោបល់​បែប​នេះ​ មិន​គួរ​ត្រូវ​បាន​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ឡើយ​ សូម្បី​តែ​នៅ​ក្នុង​ភាព​ជា​ឯកជន​ក៏​ដោយ។​ មតិ​យោបល់​បែប​នេះ​ មិន​ត្រូវ​ឲ្យ​មាន​នៅក្នុង​សង្គម​ដែល​មាន​សន្តិភាព​មួយ​ ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​នៅ​ដិតដាម​ដោយ​ស្លាកស្នាម​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ចលាចល​របស់​ខ្លួន។

ជា​ការ​ប្រមើ​មើល​ចំពោះ​អនាគត​កម្ពុជា​ អ្នកស្រី​ ស្មីត​ បាន​លើក​ឡើង​បន្ថែម​ ​ដោយ​ក្តី​សង្ឃឹម​ថា​ ប្រទេស​កម្ពុជា​ នឹង​ខិត​ចេញ​ពី​ស្ថានភាព​គ្រោះថ្នាក់​ ដោយ​មិន​ឲ្យ​មាន​ទៀត​នូវការ​គំរាម​កំហែង​នៃ​អំពើ​ហិង្សា​ ការ​បង្ក្រាប​ការ​បះបោរ​ដោយ​ប្រើ​កម្លាំង​ ឬ​សង្គ្រាម​ ឬ​សេចក្តី​ថ្លែង​មាន​លក្ខណៈ​អុចអាល​ពូជ​សាសន៍។ ​មាន​មនុស្ស​ជាច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​ ​និង​ខាងក្រៅ​រដ្ឋាភិបាល​ ​បាន​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ ដើម្បី​ធានា​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី​ នៅ​ប្រទេសកម្ពុជា​ ពី​ជម្លោះ​ និង​អំពើ​ប្រល័យ​ពូជសាសន៍​ ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ស្របតាម​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​សម័យ​ទំនើប។​ អ្នកស្រី​សង្កត់​ធ្ងន់​ថា​ គន្លង​នេះ​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត។​ វា​ជា​អ្វី​ ដែល​ប្រជាជន​កម្ពុជា​ ​សម​នឹង​ទទួល​បាន។

ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​ សួស​ យ៉ារ៉ា បាន​ការ​ថ្លែងការ​ពារនូវ​សំនួន​វោហាសាស្ត្រ​របស់​សមាជិក​រដ្ឋាភិបាល​មួយ​ចំនួន​យ៉ាង​ដូច្នេះ៖

«​ខ្ញុំសោក​ស្តាយ​ ចំពោះ​អ្នក​រាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ម្នាក់​ ដែល​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​យ៉ាងធំ គួរតែ​មើល​ឃើញ​រូបភាព​ប្រទេស​ធំជាង​ហ្នឹង​ កុំ​មើល​ឃើញ​សម្តី​កំប៉ិក​កំប៉ុក​ យក​មក​និយាយ​ ដើម្បី​ធ្វើជា​ចលនា​មួយ​នោះ។ យើង​ត្រូវ​មើល​គិត​ឃើញ​ថា​ ពាក្យ​បាក់​ធ្មេញ​ ពាក្យ​អីនេះ​ គ្រាន់​ជាពាក្យ​មួយ​ដើម្បី​រំលឹក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ប៉ុន្តែ​អ្វី​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ប្រទេស​មួយ​ចំនួន​ទៀត​ ដែល​គេ​ប្រើ​កាំភ្លើង​ទៅ​បង្ក្រាប​គ្រឿង​ញៀន​ គេប្រើ​អំណាច​ផ្តាច់​ការ​មួយ​ចំនួន​ដើម្បី​កម្ទេច​បញ្ហា​ផ្សេងៗ​ យើង​មិននិយាយ​ផង​ ហើយ​អញ្ចឹង​ អ្វីៗ​ដែល​នៅ​កន្លែងនេះ​ គឺ​កម្ពុជា​ ដូច​ជាមិន​មាន​អី​ធ្ងន់ធ្ងរ​ ដូច​គាត់​និយាយ​នោះ​ទេ»។

ដំណើរ​ទសន្សកិច្ច​របស់​អ្នកស្រី​ ស្មីត ​ជា​លើក​ទី៤ មក​កាន់​កម្ពុជា​ បាន​ផ្តោត​ជា​សំខាន់​ផង​ដែរ​ទៅ​លើ​សិទ្ធិ​កុមារ​ ដែល​កំពុង​រង​ការ​បំពាន​នៅក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។

​តាម​សេចក្តី​ថ្លែង​ការណ៍​បិទ​បញ្ចប់​បេសកកម្ម​របស់​អ្នកស្រី​ ដែល​បាន​ចែក​ជូន​អ្នក​សារព័ត៌មាន​នា​រសៀល​ថ្ងៃសុក្រ​នេះ​ អ្នកស្រី ​ស្មីត​ បាន​ពណ៌នា​ថា​ កុមារ​កាន់​ច្រើន​ត្រូវបាន​ទុក​ឲ្យ​នៅ​ជា​មួយ​សាច់​ញាតិ​ ដែល​ជា​ចាស់​ទុំ​ ខណៈ​ដែល​ឪពុកម្តាយ​របស់​ពួកគេ​ទៅ​បម្រើការ​ជា​ពលករ​ចំណាក​ស្រុក​ ផ្លាស់​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ ឬ​ការដ្ឋាន​សំណង់​នៅ​កម្ពុជា​ ឬ​ស្វែង​រក​ការងារ​ធ្វើនៅ​ក្រៅ​ប្រទេស។​ កុមារ​ទាំង​នេះ​ភាគច្រើន​ ត្រូវបាន​គេ​បំពារ​បំពាន​ អ្នកដទៃ​ទៀត​បាន​ធ្លាក់​ខ្លួន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​សារធាតុ​ផ្សេងៗ​ទៀត​ ហើយ​អ្នក​ខ្លះ​ទៀត​បាន​ក្លាយ​ជា​អ្នក​រស់​តាម​ចិញ្ចើម​ផ្លូវ​ជា​ដើម។

​អ្នកស្រី រ៉ូណាស្មីត​ បាន​បន្ថែម​ថា​ ​របាយការណ៍​ផ្ទាល់​មាត់​ ស្តីពី​ដំណើរ​ការ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ ដែល​អ្នកស្រី​បាន​កត់​សម្គាល់​ចាប់​ពី​ខែមិថុនា​មក​ និង​បេសកកម្ម​បច្ចុប្បន្ន​នេះ​ នឹង​ត្រូវធ្វើ​ឡើង​នៅចំពោះ​មុខ​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នា​ក្នុង​ដំណាច់​ខែ​កញ្ញា ឆ្នាំ​ ២០១៧​ខាងមុខ​នៅ​ទីក្រុង​ហ្ស៉ឺណែវ​ ប្រទេស​ស្វីស។ រីឯ​ព័ត៌មាន​ស្តីពី​ស្ថានភាព​ ក្រោយ​ពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ និង​បេសសកម្ម​លើក​នេះ គ្រោង​នឹង​ដាក់​នៅក្នុង​របាយការណ៍​ឆ្នាំ២០១៨៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG