ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត នឹង​ដឹកនាំ​អនុវត្ត​កម្មវិធី​ផ្តល់ដី​សម្បទាន​ដី​សង្គមកិច្ច​ដល់​ពលរដ្ឋ​ក្រីក្រ


រូបឯកសារ៖ ពលរដ្ឋធ្វើដំណើរតាមទោចក្រយានយន្តមួយ​កាត់តំបន់ដាច់ស្រយាលមួយ នៅខេត្តកោះកុង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
រូបឯកសារ៖ ពលរដ្ឋធ្វើដំណើរតាមទោចក្រយានយន្តមួយ​កាត់តំបន់ដាច់ស្រយាលមួយ នៅខេត្តកោះកុង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។

ព្រះ​មហាក្សត្របានចេញ​ព្រះរាជ​ក្រឹត្យ​មួយ ស្តីពី​«ការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​ដឹកនាំ​អនុវត្ត​កម្ម​វិធី​ផ្តល់​ដី ​ការពារ​ព្រៃ​ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព​»​ ដោយបានចាត់​តាំងលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ជា​ប្រធាននៅ​ក្នុង​ការ​ដឹក​នាំរដ្ឋមន្ត្រីនៃ​ក្រសួង​ស្ថាប័ន​នានា​និង​មន្ត្រីពាក់​ព័ន្ធ​ដើម្បីអនុវត្ត​កម្ម​វិធី​នេះ​។​

ការ​បង្កើត​គណៈ​កម្មា​ធិការ​ជាតិ​នេះ កើតឡើង​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី ​២២ ខែ​សីហា ឆ្នាំ​ ២០២៤​ បាន​វាយ​តម្លៃ​ថា ​ទំនាស់​ដីធ្លី ​និង​កត្តា​ខ្លះ​ទៀត​ដូចជា​ការ​ទន្ទ្រាន​ដី​រដ្ឋ​នៅ​តែ​ជា​បញ្ហា​ស្មុគ​ស្មាញនិង​រ៉ាំរ៉ៃ​នៅ​កម្ពុជា ​ដែល​តម្រូវ​ឱ្យរដ្ឋាភិបាលបន្ត​យក​ចិត្ត​ទុកដាក់​ដោះ​ស្រាយ​ ដើម្បីឈាន​ទៅ​បញ្ចប់​រាល់​វិវាទ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​។

អ្នក​តាម​ដាន​យល់​ថា ​កម្ម​វិធី​នេះគឺ​ជាការ​វិវឌ្ឍ​វិជ្ជមាន​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ ​ក៏ប៉ុន្តែមាន​ការ​ចោទ​សួរ​ថា ​ហេតុ​អ្វី​រដ្ឋា​ភិបាល​មិន​ប្រើយន្តការ​ដែល​មាន​ស្រាប់ ​បែរ​ជា​បង្កើត​ថ្មី​មក​ដោះ​ស្រាយ​វិបត្តិ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ការកាប់​ដីធ្លី​របស់​ពលរដ្ឋ និង​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​។

ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង​ គឹម​ហុង​ ប្រាប់​វីអូអេ​ថា ការ​បង្កើត​យន្តការ​បន្ថែម​ទៀត​នេះនឹង​បង្ក​ឱ្យ​មាន​ស្ថានភាពស្មុគស្មាញ​នៅក្នុង​ការ​ជំរុញ​ឱ្យ​មានការ​អភិរក្ស​ ការ​ការពារ​ធន​ធាន​ធម្មជាតិ​ ព្រៃឈើ​ និង​ជីវៈចម្រុះ​ទៅវិញ​។

លោក​យល់​ថា​ រដ្ឋាភិបាល​គួរ​ប្រើក្របខណ្ឌគោល​នយោ​បាយដែល​មាន​ស្រាប់ ​ជាជាង​ការ​បង្កើត​ថ្មី​ និង​ថា ស្ថាប័នពាក់​ព័ន្ធ​គួរ​តែ​មើល​អំពី​លទ្ធ​ភាព​នៅ​ក្នុង​ការ​បំពាក់​បំប៉ន​ពង្រឹង​សមត្ថ​ភាពក្រុម​ការងារ​ អាជ្ញាធរ​ ឬ​មន្រ្តី​ជំនាញ​ដែល​មាន​ស្រាប់​ ​ដើម្បីអាច​បំពេញចន្លោះ​ប្រហោង​នៃ​ក្រប​ខណ្ឌ​គោល​នយោ​បាយ​ទាំង​នោះ។

លោកថ្លែង​ថា៖ ​«​បើ​កាល​ណា​យើង​ព្យាយាម​បង្កើត​យន្តការ​ថ្មីៗ​ ឬក៏​ក្រុម​ការងារ​ថ្មីៗ​ ទៅ​អនុវត្ត​បន្ថែម​ទៀត​ ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ​ត្រង់​ថា​ ទី ១​ នឹង​បង្កើន​ភាព​ស្មុគ​ស្មាញ​នៅ​ក្នុង​នីតិវិធី​ ទី ២ ​មិន​ត្រឹម​តែមិន​សម្រួល​ទៅលើ​ការ​អនុវត្ត​ទេ​ ប៉ុន្តែ​វាអាច​ទំនង​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ ឬធ្វើ​ឱ្យ​មាន​ការស្មុគស្មាញ​នៅ​ក្នុង​ការ​អនុវត្ត​ក្រប​ខណ្ឌ​ក្រុម​ការងារ​ផ្សេងៗ​ ឬក៏​ពេល​ខ្លះ​អាច​មាន​វិវាទ​សមត្ថកិច្ច​ដែល​អាច​បង្កភាព​ស្មុគ​ស្មាញ​ ហើយ​អាជ្ញាធរ​ដែល​មាន​ស្រាប់​ នឹង​បាត់បង់​អំពី​ឧត្ដ​មានុ​ភាព​របស់​ខ្លួន​នៅក្នុង​ការអនុវត្ត​គោល​នយោបាយ​ផ្សេង​ៗ ​រួមមាន​គោល​នយោបាយ​ស្ដីអំពី​ដីសម្ប​ទាន​សង្គមកិច្ច​ ច្បាប់​ ឬក៏​ក្រុម​អ្នក​ការ​ពារ​អភិរក្ស​ធន​ធាន​ធម្មជាតិ​ជាដើម»។

បើតាម​ព្រះរាជ​ក្រឹត្យ ចុះ​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៤ គណៈ​កម្មាធិការ​ជាតិ​ដែល​ទើបតែ​បង្កើត​ឡើង​នោះ​ នឹង​ដឹកនាំ​អនុវត្ត​កម្ម​វិធីផ្តល់ដីការពារ​ព្រៃដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ​(ផ.ក.អ.)​ ​ដែលជា​យន្ត​ការ​ដឹក​នាំ ​សម្រប​សម្រួល ​និង​អនុវត្ត​កម្ម​វិធី​ផ្តល់​ដី ​ការពារ​ព្រៃដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរ​ភាព ​នៅ​ក្នុង​គោល​ដៅ​ផ្តល់ដី​ក្រោម​ទម្រង់​សម្បទាន​ដី​សង្គមកិច្ច​ជូនប្រជា​ពល​រដ្ឋ​ក្រីក្រ ​គ្មាន​ទីលំនៅ​សម្រាប់​សង់​លំនៅ​ឋាន និង​ខ្វះដី​សម្រាប់​ធ្វើកសិកម្ម​ជាលក្ខណៈ​គ្រួសារ និង​គាំទ្រ​គម្រោង​អភិវឌ្ឍ​សហ​គមន៍ ​ព្រម​ទាំង​ការពារ​ព្រៃ​នៅ​ជិត​ទីតាំង​ផ្តល់ដី​ប្រកប​ដោយ​ចីរភាព​។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៥ នៅប្រទេសឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៥ នៅប្រទេសឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការការ​ពារសិទ្ធិ​មនុស្ស​លីកាដូលោក​ អំ​ សំអាត​ ​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​គាំទ្រ​ចំពោះការ​បង្កើត​គណៈ​កម្មាធិការ​នេះ ក៏​ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​រដ្ឋ​មាន​យន្តការ​បន្ថែម​ទៀត​ក្នុងការទប់​ស្កាត់បទល្មើស​ព្រៃ​ឈើ​ធំៗ និង​ត្រូវ​ធានា​ថា ​ប្រជាពល​រដ្ឋ​ក្រីក្រ​ទទួល​បានដី​សម្បទាន​សង្គម​កិច្ច​ពិត​ប្រាកដ​។ ​

លោក​ថ្លែង​ថា៖ «​បើ​យើង​មើលទៅ​លើការ​បែង​ចែក​ដីដូច​ទាក់ទង​ដី​សម្បទាន​សង្គម​កិច្ច និង​សម្ប​ទាន​ដីសេដ្ឋកិច្ច​ហ្នឹង ​ក៏ត្រូវ​តែគិត​ដែរថា ​ការ​ផ្ដល់ដី​សម្បទាន​ដីសេដ្ឋកិច្ច​កន្លង​ទៅ​ក៏ វា​នៅ​ជុំវិញ​ព្រៃ​ [ដូចជា]​ព្រៃឡង់​ ព្រៃអីហ្នឹង​ អាហ្នឹង​ត្រូវ​គិតគូរ​ឱ្យ​បាន​ច្បាស់ លាស់​ឡើងវិញ​ ដើម្បី​កុំឱ្យ​ប៉ះពាល់​ទៅ​ដល់​ព្រៃឈើ​។ ហើយទី ២​ ការបែង​ចែកដី​សម្បទាន​សង្គមកិច្ច​ហ្នឹងក៏ ​ត្រូវពិនិត្យ​មើលឱ្យបាន​ច្បាស់​លាស់​ផងដែរ​ ដើម្បី​ធ្វើ​ម៉េច​ការបែង​ចែក​ដីហ្នឹង​គឺធានា​ថា ​ប្រជាពល​រដ្ឋ​ទទួលបាន​ ហើយ​មាន​ចីរភាព​ ហើយ​ធានា​ក្នុង​កិច្ច​ការពារ​ព្រៃឈើ»។

សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​លោក ​អ៊ូ ច័ន្ទរ័ត្ន​ កត់​សម្គាល់​ថា ​ជា​ទូទៅ​ រដ្ឋា​ភិបាលចូល​ចិត្ត​បង្កើត​យន្ត​ការជាន់​គ្នា​ដដែល​ៗ ​ដូចជា​យន្ត​ការនៃ​ការ​ការពារ​ព្រៃឈើ​ជា​ដើម​។

លោក​បន្ថែម​ថា ការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី ជា​ប្រធាន ​មិន​ទាន់​ឃើញ​ថា​វា​មាន​ភាពចាំ​បាច់​នៅ​ឡើយ​ទេ​ ព្រោះគណៈ​កម្មាការ​ដែល​ធ្លាប់​មាន​កន្លង​មក​ ​សុទ្ធតែ​មាន​លទ្ធ​ភាព​ក្នុងការ​រៀបចំ​កិច្ច​ការ​ទាំង​នោះ។

ក៏​ប៉ុន្តែ​ ​លោក​បាន​ដាក់​ការ​សង្ស័យ​ថា ​នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​នេះ គឺ​ទំនង​ជា​ការ​អនុវត្ត​ការ​ងារ​របស់​គណៈ​កម្មការ​ការពារ​ព្រៃឈើ​ដែល​ធ្លាប់ធ្វើពី​មុន​ ហាក់​មិន​សូវ​មាន​ប្រសិទ្ធិភាព​ ឬ​តម្លា​ភាព ​និង​មាន​អំពើ​ពុក​រលួយ​។ ការណ៍​នេះ​បាន​បើក​ផ្លូវ​ឱ្យ​មានបទ​ល្មើស​ព្រៃ​ឈើ​ដែល​ពិបាក​សម្រាប់​មន្ត្រី​ជំនាញ​ក្នុង​ការ​ទប់​ស្កាត់​។

​លោកប្រាប់វីអូអេថា៖ ​«​ខ្ញុំចង់ឃើញ​ការ​បែង​ចែក​ហ្នឹងឱ្យ​មានតម្លាភាព [គឺ]មាន​តម្លាភាព​ហ្នឹង​ឱ្យបាន​ទៅដល់​អ្នក​ក្រីក្រ​ពិត​ប្រាកដ ​ឱ្យ​មាន​ជំរក មាន​ដី​ប្រកប​កសិកម្ម​ពិត​ប្រាកដ​នោះ​។ កុំឱ្យ​បាន​ទៅ​ដល់​ត្រឹម​ដៃ​ឈ្មួញ ឬ​ដៃ​មន្ត្រី ​ឬ​ជន​ខិល​ខូច​មួយ​ចំនួន​ដែលកេងប្រវ័ញ្ច​ពី​យន្ត​ការ​ហ្នឹង​»។

បើតាម​លោក ​អ៊ូ ច័ន្ទរ័ត្ន​ ​រដ្ឋា​ភិបាលគួរគិត​គូរឱ្យ​បាន​ហ្មត់ចត់ ជុំវិញ​កម្ម​វិធី​ផ្តល់​ដី ​ការពារ​ព្រៃ ​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរ​ភាព​ ដោយ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ប៉ះ​ពាល់​ដី​ព្រៃ​អភិ​រក្ស ហើយធានា​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មិន​មាន​លំនៅ​ឋាន ​និង​ខ្វះ​ដី​ប្រកប​ការងារ​កសិកម្ម​អាច​ទទួល​បាន​ផល​ពី​កម្មវិធី​នេះ​ពិត​ប្រាកដ​។

យោង​តាម​ព្រះរាជ​ក្រឹត្យ ​ចុះ​ថ្ងៃ​ទី​ ៦ ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៤ ​គណៈ​កម្មា​ធិការ​ជាតិ​ដឹកនាំ​អនុ​វត្ត​កម្ម​វិធី​ផ្តល់​ដី ​ការពារ​ព្រៃ​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ​ត្រូវ​មាន​ភារកិច្ច កំណត់​និង​ដាក់​ចេញ​នូវ​គោល​នយោ​បាយ ​ព្រមទាំងពិនិត្យ​និង​សម្រេច​លើបុគ្គល​មាន​សិទ្ធិ​ទទួល​បាន​ដី​ក្រោម​ទម្រង់​សម្បទាន​ដី​សង្គមកិច្ច និង​ពិនិត្យ​ ​សម្រេច​លើ​បណ្តឹង​តវ៉ា​របស់​ប្រជាពល​រដ្ឋ​ពាក់ព័ន្ធ​កម្មវិធី​ផ្តល់ដី​នេះ​ និង​មាន​ភារកិច្ច​សំខាន់​ៗ​មួយ​ចំនួន​ទៀត​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG