ក្រសួងការងារជូនដំណឹងដល់ពលរដ្ឋដែលចង់ទៅធ្វើការនៅក្រៅប្រទេស ត្រូវស្វែងយល់ពីនីតិវិធីឱ្យបានច្បាស់លាស់ ចៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
សេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តទៅធ្វើការនៅបរទេស ចេញកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ បញ្ជាក់ថា ក្រសួងការងារបានសង្កេតឃើញមានជនប្រើប្រាស់បណ្តាញសង្គមដូចជាហ្វេសប៊ុក តិកតុក តេឡេក្រាមជាដើម ផ្សព្វផ្សាយព័ត៌មានអំពីការផ្តល់សេវា និងរត់ការជួយប្រជាពលរដ្ឋដើម្បីទៅធ្វើការ និងរស់នៅក្រៅប្រទេស ដោយពុំមានការបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីជូនដំណឹងដដែលបន្ថែមក្នុងន័យដើមថា៖ «សូមក្រើនរំឭកដល់សាធារណជនដែលមានបំណងទៅធ្វើការនៅបរទេស ត្រូវស្វែងយល់ពីនីតិវិធីឱ្យបានច្បាស់លាស់ និងជ្រើសរើសទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ដែលទទួលបានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចៀសវាងការធ្វើទេសន្តរប្រវេសន៍ការងារដោយប្រថុយប្រថាន ដែលអាចនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម»។ ក្រសួងការងារក៏បានណែនាំឱ្យពលរដ្ឋស្វែងរកព័ត៌មានបន្ថែមអំពីការងារនៅបរទេស ដោយត្រូវទាក់ទងទៅមន្ទីរ ឬក្រសួងការងារដោយផ្ទាល់ ឬតាមគេហទំព័រ ឬប្រព័ន្ធ Hotline លេខ ១២៨៦ ឬ១២៩៧ ឬក្រុមតេឡេក្រាម«សម្រាប់ពលករទេសន្តរប្រវេសន៍»។
បើតាមសេចក្តីជូនដំណឹង ការបញ្ជូន ឬសម្របសម្រួលឱ្យបុគ្គលណាម្នាក់ចេញទៅធ្វើការនៅបរទេសដោយពុំមានការអនុញ្ញាតពីក្រសួងការងារ គឺជាអំពើជួញដូរមនុស្ស ដែលប្រឈមនឹងការផ្តន្ទាទោសពី ៧ ឆ្នាំ ដល់ ២០ ឆ្នាំ តាមមាត្រា៨ ដល់មាត្រា១៨ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារប្រាប់វីអូអេតាមបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី ១៧ ខែកញ្ញានេះថា ក្រសួងកំពុងមានចំណាត់ការលើអ្នកដែលបង្ហោះការផ្សព្វផ្សាយការរត់ការទៅរស់នៅ ឬធ្វើការនៅបរទេស។
លោកបញ្ជាក់ថា៖ «ក្រសួងបានធ្វើការអង្កេត និងស្រាវជ្រាវ និងធ្វើការណែនាំដល់ម្ចាស់ផេកឱ្យធ្វើការលុបចោលការផ្សព្វផ្សាយរបស់ខ្លួន និងចេញការបំភ្លឺដើម្បីកុំឱ្យសាធារណជនយល់ច្រឡំ។ ករណីខ្លះក្រសួងក៏បានស្នើទៅស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកទាំងនោះផងដែរ»។
លោក កត្តា អ៊ន បន្ថែមថា ក្រសួងការងារនៅតែបន្តអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីហានិភ័យនៃការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងត្រូវទាក់ទងភ្នាក់ងារជ្រើសរើសពលករដែលបានចុះបញ្ជិកានៅក្រសួងការងារ ដើម្បីចេញទៅធ្វើការនៅក្រៅប្រទេស។ ក្រសួងក៏បានសហការជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដើម្បីគ្រប់គ្រងពលករ ធានាគោរពសិទ្ធិពលករ និងជួយពលករតាមតម្រូវការ។
បើតាមលោក កត្តា អ៊ន ប្រទេសដែលកម្ពុជាមានសហប្រតិបត្តិការបញ្ជូនពលករទៅធ្វើការរួមមាន សាធារណរដ្ឋកូរ៉េ ជប៉ុន ថៃ ម៉ាឡេស៊ី សិង្ហបុរី តំបន់សេដ្ឋកិច្ចពិសេសហុងកុង និងអារ៉ាប៊ីសាអូឌីត។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លើកឡើងថា ការចាញ់បោកមេខ្យល់ទៅធ្វើការនៅក្រៅប្រទេស នៅតែកើតមានច្រើន ជាពិសេសការចេញទៅប្រទេសថៃ ចិន និងម៉ាឡេស៊ី។ លោកថា ភាពក្រីក្រ បំណុល កង្វះការងារក្នុងស្រុក កង្វះការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ធូររលុង គឺជាមូលហេតុដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកដោយគ្មានឯកសារ។
លោក មឿន តុលា បន្ថែមថា រដ្ឋាភិបាលគួរបង្កើនការអប់រំ និងផ្សព្វផ្សាយអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពឱ្យបានទូលំទូលាយ និងបង្កើតមុខរបរក្នុងស្រុកឱ្យបានច្រើន ដើម្បីទប់ស្កាត់ការចាញ់បោក និងការធ្វើចំណាកស្រុកដោយគ្មានឯកសារ។
លោកបញ្ជាក់ថា៖ «ពលរដ្ឋក្រីក្រគាត់រកការងារអត់បាន ហើយពេលខ្លះទៅ ការងារខ្លះមានដែរ ក៏ប៉ុន្តែអត់អាចអនុញ្ញាតឱ្យគាត់រស់បាន។ មានន័យថា ប្រាក់ឈ្នួល ប្រាក់ចំណូល។ ថ្វីដ្បិតតែរដ្ឋយើងលោកលើកឡើងថា អត្រានៃអ្នកមានការងារធ្វើខ្ពស់មែន ក៏ប៉ុន្តែអាគុណភាពនៃការងារហ្នឹងវាអត់អាចធានាឱ្យពលរដ្ឋហ្នឹងឆ្ងាយចេញពីបន្ទាត់ភាពក្រីក្រ»។
បើតាមតួលេខរបស់ក្រសួងការងារ គិតត្រឹមឆ្នាំ ២០២២ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១លាន ៣សែននាក់ កំពុងធ្វើជាពលករនៅក្រៅប្រទេសដោយមានឯកសារ ក្នុងនោះប្រទេសថៃមានជាងមួយលាននាក់។ ចំនួននេះមិនរាប់ពលករដែលធ្វើចំណាកស្រុកដោយមិនមានឯកសារ៕
វេទិកាបញ្ចេញមតិ