ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន ម៉ាណែត ថា​ការ​បង្កើត​ចលនា​របស់​លោក​សម រង្ស៊ី គ្រាន់តែ​ជាការ​រក្សា​កម្លាំង​គាំទ្រ​បក្ស​ជំទាស់


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៥ នៅប្រទេសឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៥ នៅប្រទេសឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត​ បាន​វាយ​តម្លៃថា​ ការ​បង្កើត​ចលនា​ចុង​ក្រោយ​មួយរបស់លោក​ សម រង្ស៊ី​ ជា​ការ​ប្រឹងប្រែង​រក្សា​ការ​គំាទ្រ​សំឡេង​នយោបាយជំទាស់​ ខណៈ​មាន​ទំនោរ​អ្នក​គាំទ្រ​ សមាជិក​ ឬ​មន្ត្រី​ជាច្រើន​នាក់​ក្នុង​បក្ស​ជំទាស់​ដើរ​ចេញ​ពី​មេ​ដឹកនាំ​នយោបាយ​ជំទាស់​រូប​នោះ​ក្នុង​រយៈ​ពេល ​៦​ ខែ ​ចុង​ក្រោយ​នេះ។​

កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី​ បាន​ប្រកាស​បង្កើត​ជា​ផ្លូវការ​ពី​សហ​រដ្ឋ​អាមេរិក​នូវ​ចលនា​ជាតិ​តស៊ូ​ដើម្បី​ការពារ​ទឹកដី​ប្រទេស​កម្ពុជា​ និង​ទាមទារ​សេរីភាព​ និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ ហៅ​កាត់​ថា​ ចលនា​ជាតិ​តស៊ូ។​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ «វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល»​ ក្នុង​ខេត្ត​កែប​កាលពី​ថ្ងៃ​ចន្ទ​ លោក ​ហ៊ុន ម៉ាណែត​ បាន​ថ្លែង​ថា​ មេ​ដឹកនាំ​នយោបាយ​ជំទាស់​មួយ​ចំនួន​ បាន​ប្រកាស​បង្កើត​ចលនា​នយោបាយ​ថ្មីៗ​ ហើយ​ចុង​ក្រោយ​នេះ​ គឺ​ការ​បង្កើត​ចលនា​តស៊ូ​របស់​លោក​ សម រង្ស៊ី ​ដែល​លោក​យល់​ថា​ ជា​ការ​ទាក់​ទាញ​ខាង​នយោបាយ​នៅ​ពេល​ ដែល​មន្ត្រី​ សមាជិក​ និង​អ្នក​គាំទ្រ​គណបក្ស​ជំទាស់​ដែល​ធ្លាប់​ដើរ​តាម​លោក ​សម រង្ស៊ី​ បាន​មក​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច។​

លោក​ថ្លែងថា៖ «ម្សិលម្ង៉ៃ​ឃើញ​មាន​ការ​បង្កើត​ចលនា​តស៊ូ​អី​ណា​នេះ។​ ប៉ុន្មាន​ថ្ងៃ​មុន​ ឃើញ​លោក​ស្រី​ ម្នាក់​ លោក​ស្រី​ មូរ សុខហួរ​ គាត់​ទៅ​បង្កើត​ចលនា​ប្រជា​ធិបតេយ្យ​ ធ្វើ​ប្រធាន​បាន​បន្តិច​ ឥឡូវ​ ធ្លាក់​តួនាទី​មក​អនុ​ប្រធាន​វិញ​ហើយ​ ព្រោះ​លោក​សម រង្ស៊ី​ បង្កើត​ចលនា​ថ្មី​មួយ​ គាត់​ធ្វើ​ប្រធាន។​ ខ្ញុំ​មិន​ដឹង​ថា​ បង្កើត​ធ្វើ​អី? ​តើ​ [គោលដៅ]​ អី?​ ប៉ុន្តែ​បើ​យើង​មើល​វិភាគ​ វា​អត់​មាន​អី​ថ្មី​ទេ។ ​គោល​ដៅ​នៅ​តែ​ដដែល​ បង្កើត​អី​ប្លែក។​ ប៉ុន្តែ​ខ្ញុំគិត​ថា​ អាច​វា​មាន​បញ្ហា​មួយ​ ដោយ​សារ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នេះ​ ជាពិសេស ​៦ ​ខែ​ចុង​ក្រោយ​នេះ​ គឺ​មាន​ចលនា​ដែល​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង​ប្រទេស​ ដែល​ធ្លាប់​ជា​សមាជិក​បក្ស​របស់​គាត់​គាំទ្រ​គាត់​ បាន​ចេញ​មក​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា»។​

លោក​បន្ថែម​ថា៖​ «ឥឡូវ​ សូម្បី​អ្នក​គាំទ្រ​គាត់​ ដើរ​ចោល​ពី​គាត់​ ដោយ​សារ​គេ​អស់​ជំនឿ។ ​អ៊ីចឹង​ហើយ​ ដាច់​ខាត​ ត្រូវ​តែ​បង្កើត​ស្អី​ថ្មី​ដើម្បី​ទាក់​ទាញ​ ដើម្បី​ជា​ចលនា​ អាច​ថា ​ប្រមូល​ថវិកា​ ប្រមូល​បច្ច័យ​ប្រមូល​អី។ ​ខ្ញុំ​មិន​ដឹង​ទេ។​ ប៉ុន្តែ​ បង្កើត​ព្រឹត្តិ​ការណ៍! ​ហើយ​វ៉ាប់​ឡើង​គឺ​ថា​ យើង​លែង​ជឿ​ ការ​បោះឆ្នោត​ហើយ​ ព្រោះ​បោះ​មិន​ដែល​ឈ្នះ។​ អ៊ីចឹង​ បាន​ន័យ​ថា​ គាត់​បោះឆ្នោត​មិន​ឈ្នះ​ គាត់​ទៅ​បង្កើត​ចលនា​ តាំង​ខ្លួន​គាត់​ធ្វើ​ជា​ប្រធាន​ អ្នក​ខ្លះ​តាំង​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​ នៅពេល​ដែល​កំពុង​ជាមួយ​គ្នា​បាន​ន័យ​ថា​ ម៉េច?​ បាន​ន័យ​ថា​ កំពុង​តែ​មើល​ងាយ​អ្នក​បោះឆ្នោត​ ប្រជា​ពលរដ្ឋ​ខ្មែរ​ ៨​លាន ​២​សែន​នាក់​ រួម​ទាំង​អ្នក​កែប​ជាង​ប៉ុន្មាន​ដូច​ជាង​ ២​ម៉ឺន​នាក់ ជិត ​៣​ម៉ឺន​នាក់​ទៅ​បោះឆ្នោត​ដែរ​ ២០១៣។​ សន្លឹកឆ្នោត​របស់​យើង​ បាន​ន័យ​ថា​ គាត់​លែង​ឱ្យ​តម្លៃ​ហើយ»។​

លោក​ សម រង្ស៊ី​ បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ថា ​មាន​ហេតុផល​សំខាន់ៗ​មួយ​ចំនួន​ដែល​នាំ​ដល់​ការ​បង្កើត​ចលនា​ជាតិ​តស៊ូ ​គឺ​ក្នុង​នោះ​លោក​បាន​ចោទ​អតីត​នាយក​រដ្ឋមន្ត្រី​លោក ​ហ៊ុន​ សែន ​ថា​ «បាន​ប្លន់​អំណាច​ពី​ប្រជា​រាស្ត្រ ​តាម​រយៈ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ច្រើន​លើក​ច្រើន​សា​ជា​បន្ត​បន្ទាប់»​ ហើយ​នៅ​កម្ពុជា​មាន​ការ​បម្រើ​តែ​ផល​ប្រយោជន៍​បរទេស ​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ជាតិ ​ទ្រព្យ​សម្បត្តិ​រាស្ត្រ ​ទ្រព្យ​សម្បត្តិ​រដ្ឋ ​និង​ការ​ក្រាញ​អំណាច។​

រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាចូលរួមហែរក្បួនរបស់បក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាចូលរួមហែរក្បួនរបស់បក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
រូបឯកសារ៖ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកស្រី​ មូរ សុខហួរ​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក ​បាន​ថ្លែង​ថា ​កម្លាំង​អ្នក​គាំទ្រ​ប្រជា​ធិបតេយ្យ​គឺ​នៅ​តែ​រឹងមាំ ​ហើយ​បើសិន​ជា​ថ្នាក់​ដឹកនាំ​កម្ពុជាយល់​ថា ​កម្លាំង​នេះ​ថយ​ចុះ​នោះ​ អាជ្ញាធរ​កម្ពុជា​គួរ​បើក​ផ្លូវ​ឱ្យ​មាន​ការ​ចូលរួម​ការ​បោះឆ្នោត​របស់​អ្នក​នយោបាយ​ជំទាស់​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស។

អ្នកស្រី​ថ្លែង​ថា៖​ «ដូច្នេះ​ ខ្ញុំ​មិន​ឃើញ​ថា​ មាន​ការ​ធ្លាក់​ចុះ​នូវ​អ្វី​នៃ​ជំហរ​ ឬ​មួយ​ក៏​កម្លាំង​នៃ​អ្នក​ប្រជា​ធិបតេយ្យ​ទេ។ ​បើ​សិន​ជា​មាន​ការ​ធ្លាក់​ចុះ​មែន​នោះ​ ច្បាស់​ជា​របប​ភ្នំពេញ​ គេ​នឹង​ឱ្យ​យើង​វិល​ត្រឡប់​ទៅ​វិញ​ ដើម្បី​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ហើយ​ ដោយ​សារ​ឥទ្ធិពល​កម្លាំង​ និង​និមិត្តរូប​នៃ​លោក​ប្រធាន​ សម រង្ស៊ី ​ក្តី​ នៃ​លោក ​កឹម សុខា ​ក្តី​ដែល​នៅ​តែ​មាន​ខ្លាំង​ក្លា​ហ្នឹង ​ហើយ​ដែល​យើង​នៅ​តែ​ទទួល​រង​គ្រោះ​ នៅ​ក្នុង​ការ​ចាប់​ចង​ នៅ​ក្នុង​ការ​គំរាម​កំហែង​ពី​របប​នៅ​ភ្នំពេញ»។​

អ្នកស្រី​ជឿ​ថា​ ការ​ចាក​ចេញ​របស់​អ្នក​គាំទ្រ ​សមាជិក​ ក៏​ដូច​ជា​មន្ត្រី​របស់​អតីត​គណបក្ស​ជំទាស់​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ រួច​បង្ហាញ​ការ​ថ្កោល​ទោស​លោក ​សម រង្ស៊ី​ កើត​ឡើង​ដោយ​សារ​មាន​ការ​គំរាម​កំហែង​ខាង​នយោបាយ​ពី​គណបក្ស​គ្រប់គ្រង​ប្រទេស ​និង​សម្ពាធ​ក្នុង​គ្រួសារ​របស់​ពួក​គេ។​

អ្នកស្រី​ថ្លែង​ថា៖​ «ខ្ញុំស្គាល់​អ្នក​ដែល​ដើរ​ចេញ។​ ខ្ញុំបាន​ធ្វើ​ការ​ជាមួយ​អ្នក​ដើរ​ចេញ​ មិន​ថា​ តែ​ខ្ញុំ​ទេ​ អ្នក​ដែល​នៅ​កម្លាំង​ជា​អ្នក​ស្នេហា​ជាតិ​ ស្គាល់​អ្នក​ទាំង​អស់​នោះ​ច្បាស់​ណាស់។ ​ មួយ​ភាគ​ធំ​ គឺ​អ្នក​ទាំង​អស់​នោះ​ត្រូវ​មាន​ការ​គំរាម​កំហែង​ ការ​គាប​សង្កត់​នៅ​ក្នុង​រង្វង់​គ្រួសារ ​ក៏ដូច​ជា​ការ​ជាប់​ពន្ធនាគារ។ ​ការណ៍​ដែល​ធ្វើ​ឱ្យ​ការ​គំរាម​កំហែង​នោះ ​ការ​គំរាម​កំហែង​ពី​របប​ភ្នំពេញ​ទៅ​លើ​អ្នក​ទាំង​នោះ​ គឺ​ជា​ការ​គំរាម​កំហែង​ដើម្បី​ឱ្យ​មាន​ការ​ចុះចូល​ ហើយ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ទៅ​ដល់​អ្នក​ស្នេហា​ជាតិ»។​

បើ​តាម​អ្នកស្រី​ មូរ សុខហួរ​ ចលនា​ដែល​ថ្នាក់​ដឹកនាំ​របស់​អតីត​គណបក្ស​ជំទាស់​បង្កើត​ឡើង​ជា​ទម្រង់​នៃ​ការ​តស៊ូ​ដើម្បី​យក​ឈ្នះ​របប​ផ្តាច់​ការ​ និង​ពាំនាំ​ការ​អនុវត្ត​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​មក​កម្ពុជា។​ អ្នកស្រី​អះអាង​ថា​ ការ​ដកខ្លួន​របស់​កម្ពុជា​ចេញ​ពី​កិច្ច​សហ​ការ​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​ឡាវ ​វៀតណាម ​(CLV-DTA)​ ជា​ជោគ​ជ័យ​មួយ​របស់​អ្នក​ប្រជា​ធិបតេយ្យ​ដែល​កំពុង​តស៊ូ​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​ពី​ក្រៅ​ប្រទេស។​

សាស្ដ្រា​ចារ្យ​វិទ្យា​សាស្ដ្រ​នយោបាយ ​លោក​ ឯម​ សុវណ្ណារ៉ា ​យល់​ឃើញ​ថា​ ប្រសិន​បើ​សកម្ម​ភាព​នៃ​ចលនា​ប្រឆាំង​នៅ​តែ​មាន​ច្រើន​ ​វា​អាច​អូស​ទាញ​អ្នក​គាំទ្រ​ទាំង​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ហើយ​ក៏​ជា​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​កៀរ​គរ​ឡើង​វិញ​នូវ​សំឡេង​អ្នក​គាំទ្រ​នយោបាយ​ជំទាស់​នៅ​កម្ពុជា។​

លោក​បន្ថែម​ថា​ ចលនា​ជាតិ​តស៊ូ​នេះ​គួរ​តែ​បង្កើត​ឡើង​តាំង​ពី​មាន​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ថ្មីៗ​មក​ម្ល៉េះ។​

រូបឯកសារ៖ មន្ត្រីរៀបចំការបោះឆ្នោតប្រមូលសន្លឹកឆ្នោត នៅមណ្ឌលបោះឆ្នោតមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ មន្ត្រីរៀបចំការបោះឆ្នោតប្រមូលសន្លឹកឆ្នោត នៅមណ្ឌលបោះឆ្នោតមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

លោក​ថ្លែង​ថា៖​ «អ្នក​នយោបាយ​បក្ស​ប្រឆាំង​គាត់​ធ្វើ​ការ​ហាក់​បី​ដូច​ជា​ហៅ​ថា​ យឺត។​ ស្ថាន​ភាព​ដែល​កើត​ឡើង​ តាម​ពិត​ទៅ​ចលនា​ហ្នឹង​ ​គួរ​កើត​ កើត​យូរ​ហើយ​ គួរ​កើត​តាំង​ពី​ឆ្នាំ ​២០១៧​ ក្រោយ​ការ​រំលាយ​សង្គ្រោះ​ជាតិ​ហ្នឹង»។​

ដោយ​ឡែក​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន​ ប្រាប់​វីអូអេ​ថា​ អ្វី​ដែល​គណ​បក្ស​ប្រឆាំង​កំពុង​ធ្វើ​ គឺ​មិន​ចង់​ប្រកួត​ប្រជែង​នយោបាយ​ទេ​ តែ​ជា​ការ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ដើម្បី​ដណ្ដើម​អំណាច។​

បើតាម​លោក ​សុខ ឥសាន​ គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​ហេតុ​ផល​គ្រប់គ្រាន់​ ក្នុង​ការ​បង្រ្កាប​គណបក្ស​ប្រឆាំង​ដែល​មាន​បំណង​ធ្វើ​បដិវត្ដន៍​ពណ៌។​

លោក​ថ្លែង​ថា៖​ «នេះ​មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​នយោបាយ​ទេ​ គឺ​ជា​ការ​ផ្ដួល​រំលំ​ដើម្បី​ដណ្ដើម​អំណាច​ យាយ​ហួរ​ ឬ​សម​ រង្ស៊ី​ ឬ​មួយ​គ្នា​គាត់​ប៉ុន្មាន​អ្នក​ហ្នឹង​គឺ​សុទ្ធ​តែ​សកម្ម​ជន​នៅ​ក្នុង​ការ​ធ្វើ​បដិវត្ដន៍​ពណ៌ ​ដែល​កន្លង​ទៅ​នេះ គឺ​ថា​ គណបក្ស​ប្រជាជន​មាន​ហេតុ​ផល​ ដើម្បី​បង្ក្រាប​ទប់​ក្រុម​ហ្នឹង​ ហើយ​ដោយ​សារ​ខ្លាច​ជាប់​គុក​ខ្លួនហ្នឹ​ង​ ​ក៏​រត់​ចោល​ ប្រាស់​អាយុ​ ទៅ​ប្រទេស​ក្រៅៗ​ ហើយ​យើង​មាន​ហេតុ​ផល​អី​មក​ឱ្យ​ទណ្ឌិត​ត្រឡប់​ចូល​ស្រុក​វិញ​ ដើម្បី​មាន​មុខ​មាន​មាត់​នៅ​ក្នុង​ឆាក​នយោបាយ?​ អត់​ទេ! ​ មិន​ដែល​មាន​ប្រទេស​ណា ​ហៅ​ជន​ក្បត់​ជាតិ​ឱ្យ​ចូល​ក្នុង​ស្រុក​ដើម្បី​នឹង​ឱ្យ​ស្មើ​ភាព​ជា​មួយ​ខ្លួន​គឺ​អត់»។​

កាល​ពីថ្ងៃ​ចន្ទ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​ជាថ្មី​នូវ​សារៈ​សំខាន់​នៃ​សន្តិ​ភាព​ ហើយ​ថា​ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើ​ហិង្សា​មក​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​តាម​រូប​មន្ត​មិន​ប្រជា​ធិបតេយ្យ​ដូច​ព្រឹត្តិ​ការណ៍ ​៩ ​វិច្ឆិកា​ ២០១៩​ ឬ​ ១៨ ​សីហា​ ២០២៤ ​នោះ​ទេ។ ​លោក​ព្រមាន​ថា​ អ្នក​រៀបចំ​បង្ក​ឱ្យ​មាន​សកម្ម​ភាព​ហិង្សា​នឹង​ត្រូវ​រង​វិធាន​ការ​ច្បាប់​ដើម្បី​រក្សា​«ស្ថិរភាព​ ឯកភាព​ជាតិ​ និង​សន្តិភាព»​របស់​ប្រទេស៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG