បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានចោទប្រកាន់បុគ្គលមួយចំនួន ដែលពាក់ព័ន្ធក្នុងសំណុំរឿងលោក លី សាម៉េត ពីបទជំនួញឥទ្ធិពលអកម្ម និងជំនួញឥទ្ធិពលសកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជាបន្តបន្ទាប់នោះ អ្នកតាមដានជំរុញឱ្យរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធចាត់វិធានការតឹងរ៉ឹងលើជនជាប់ចោទទាំងនោះ និងចាត់វិធានការប្រមូលលុយ ឬផ្តល់សំណងខូចខាតទៅជនរងគ្រោះវិញ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី យល់ឃើញថា ការចាប់ផ្តើមចាត់វិធានការអនុវត្តច្បាប់ចំពោះមន្រ្តីដែលនៅកៀកនឹងថ្នាក់ដឹកនាំរដ្ឋាភិបាលមួយរយៈពេលចុងក្រោយនេះ អាចជាតម្រុយនាំទៅរកមន្រ្តីធំៗផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងឆបោក និងអំពើពុករលួយ។
លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះឱ្យមានតម្លាភាព រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាប្រគល់ថវិកាទៅជនរងគ្រោះវិញ និងដាក់ទោសទណ្ឌតឹងរ៉ឹងលើអ្នកប្រព្រឹត្តទៅតាមច្បាប់ដែលមានជាធរមាន។
លោកថ្លែងថា៖ «រដ្ឋាភិបាលគួរបង្កើតក្រុមការងារមួយដើម្បីត្រួតពិនិត្យទៅលើថា តើមានជនរងគ្រោះប៉ុន្មាននាក់ ទំហំប៉ុណ្ណោះហើយអាចមានការជាប់ពាក់ព័ន្ធប្រទាក់ក្រឡាគ្នា និងរឿងអីផ្សេងទៀតដែរទេ ហើយពិនិត្យមើលលើទ្រព្យសម្បត្តិនៃជនសង្ស័យដែលពាក់ព័ន្ធ ដើម្បីធ្វើម៉េចដើម្បីបង្កកទ្រព្យហ្នឹង។ ហើយរកវិធីសាស្រ្តក្នុងការប្រគល់ឬក៏ការសងសាច់ប្រាក់ដែលបាត់បង់តាមរយៈការឆបោកហ្នឹងទៅជនរងគ្រោះវិញ»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ប្រាប់វីអូអេនៅថ្ងៃអង្គារថា សំណុំរឿងរបស់ លោក លី សាម៉េត និងអ្នកពាក់ព័ន្ធផ្សេងទៀតមានរូបភាពធំៗពីរ គឺទី ១ ពាក់ព័ន្ធនឹងអំពើឆបោកដើម្បីជាថ្នូរបានតំណែងបុណ្យស័ក្តិ និងទី ២ ជាបទល្មើសរំលោភអំណាច។ លោកបានឱ្យដឹងទៀតថា ក្នុងករណីនេះរដ្ឋាភិបាលក៏ត្រូវការពារសុវត្ថិភាពរបស់ជនរងគ្រោះ និងសាក្សីផងដែរ ដើម្បីឱ្យនីតិវិធីនៃរឿងក្តីនេះដំណើរការទៅមុខដោយគ្មានឧបសគ្គ។
លោកថ្លែងថា៖ «ត្រូវបង្កើតឱ្យមានការការពារសាក្សី។ យើងដឹងហើយថា អ្នកប្រព្រឹត្តអំពើពុករលួយខ្លះ គឺជាក្រុមមនុស្សដែលមានអំណាច។ អ៊ីចឹងការការពារសាក្សី ការលើកទឹកចិត្តសាក្សីដើម្បីឱ្យពួកគេមានសុវត្ថិភាព។ បើមើលជារួមទៅអ្នកស៊ី អ្នកសូកគឺសុទ្ធតែមានបញ្ហាទាំងអស់ [...] ខ្ញុំគិតថា ការពារជនរងគ្រោះគឺជារឿងមួយដែលសំខាន់។ ទីពីរគឺការអនុវត្តវិធានការច្បាប់ដើម្បីរឹបអូស និងឡៃឡុងទ្រព្យសម្បត្តិរបស់ជនបង្កដើម្បីយកមកសងជនរងគ្រោះវិញ»។
មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះបន្ថែមថា ដើម្បីធានាបានថា នៅថ្ងៃខាងមុខនឹងមិនមានករណីឆបោកឬអំពើពុករលួយនៅក្នុងជួរថ្នាក់ដឹកនាំធំៗ រដ្ឋាភិបាលគួរតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរងគ្រោះដោយការឆបោកឬអំពើពុករលួយនោះមានសិទ្ធិពេញលេញក្នុងការរាយការណ៍ ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវមានភារកិច្ចកាន់កាប់រឿងក្តីទាំងអស់នោះដោយឈរលើគោលការណ៍ឯករាជ្យ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង ប្រាប់វីអូអេថា ការទប់ស្កាត់នេះគឺជាករណីសំខាន់និងជាគំរូល្អក្នុងសំណុំរឿងបោកប្រាស់ពលរដ្ឋ និងថា អាជ្ញាធរគួរតែបន្តស្វែងរកអ្នកពាក់ព័ន្ធ ទាំងអ្នកធ្វើការងាររាជការ និងអ្នកស្ថិតនៅក្រៅក្របខណ្ឌរដ្ឋ។
លោកថ្លែងថា៖ «ខ្ញុំថា ជាការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ទាំងមន្រ្តីទាំងអ្នកមិនមែនមន្រ្តីហ្នឹង គឺមានសារៈសំខាន់ ដើម្បីនាំយកពួកគាត់មកប្រឈមមុខនៅចំពោះមុខតុលាការ។ ចំពោះបញ្ហានេះ ខ្ញុំយល់ថា អ្វីដែលជាយន្តការបន្ត ហើយមានសារៈសំខាន់ហ្នឹង គួរតែធ្វើយ៉ាងណាគឺប្រឹងប្រែងក្នុងការសងបំណុលទៅដល់ជនរងគ្រោះ ដំណោះស្រាយទាំងទោសពន្ធនាគារជាការបង្ការបទល្មើសកុំឱ្យកើតមានតទៅទៀត និងសំណងរដ្ឋប្បវេណីសម្រាប់ទៅដល់ជនរងគ្រោះ។ ខ្ញុំថា រឿងហ្នឹងសំខាន់ បើសិនជាមិនធ្វើដូច្នោះទេគឺប្រជាពលរដ្ឋដែលទទួលរងគ្រោះហ្នឹងនៅតែទាមទារ នៅតែស្រែករកយុត្តិធម៌ ហើយនឹងធ្វើឱ្យអយុត្តធម៌សង្គមនៅតែកើតមាន»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា មិនផ្តល់ការអត្ថាធិប្បាយ ដោយស្នើឱ្យអ្នកយកព័ត៌មានទាក់ទងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រាប់វីអូអេថា អង្គភាពកំពុងបន្តអនុវត្តលើកិច្ចការងាររបស់ខ្លួនដោយហ្មត់ចត់លើការប្រឆាំងអំពើពុករលួយជាមួយនឹងស្មារតីទទួលខុសត្រូវបំផុត។
លោកប្រាប់វីអូអេជាសារអក្សរតាមតេឡេក្រាមនៅថ្ងៃអង្គារថា៖ «អង្គភាពនឹងបន្តស្មារតីទទួលខុសត្រូវនេះបន្តទៀត ដើម្បីចូលរួមក្នុងការកសាងសង្គមកម្ពុជារបស់យើងឱ្យពោរពេញ ដោយភាពស្អាតស្អំ យុត្តិធម៌ និងតម្លាភាព»។
គួរបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានសម្រេចចោទប្រកាន់បុគ្គលបួនរូប រួមមាន លោក លី សាម៉េត លោក ដួង តារា លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម និងអកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕
វេទិកាបញ្ចេញមតិ