ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​អូស្រ្តាលី លោក ហ៊ុន ម៉ាណែត ប្រឈម​ទាំង​បាតុកម្ម​ប្រឆាំង និង​ការ​ចូលរួម​គាំទ្រ


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​អ្នកស្រី ពេជ ចន្ទមុន្នី ដែល​ជា​ភរិយា បាន​ទៅ​ដល់​ទីក្រុង​ Melbourne ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូលពិសេសអូស្ត្រាលី-​អាស៊ាន កាល​ពី​ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤។ (Andrew Taylor, ASEAN/Australian Government via AP, File)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​អ្នកស្រី ពេជ ចន្ទមុន្នី ដែល​ជា​ភរិយា បាន​ទៅ​ដល់​ទីក្រុង​ Melbourne ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូលពិសេសអូស្ត្រាលី-​អាស៊ាន កាល​ពី​ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤។ (Andrew Taylor, ASEAN/Australian Government via AP, File)

ខណៈ​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​អូស្ត្រាលី នាយករដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន​ ម៉ាណែត ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជាស្វាគមន៍​ដោយ​ការ​ចូលរួម​គាំទ្រ។ ប៉ុន្តែ​ការ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ Melbourne (មែលប៊ន)​នេះ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​តំបន់ លោក ហ៊ុន ម៉ាណែត ដែល​កាន់​អំណាច​បាន​ជាង​៦​ខែ ក៏​ប្រឈម​នឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត កាល​ពី​ចុង​សប្តាហ៍​មុន បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្រ្តាលី​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​មែលប៊ន​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​៤ដល់​ទី​៦ ខែ​មីនា ឆ្នាំ​២០២៤។

អ្នក​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​លោក​ ហ៊ុន ម៉ាណែត បាន​លើក​បដា​អម​ដោយ​ពាក្យ​មួយ​ចំនួន​ដូច​ជា​«ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់» «ពួក​យើង​ចង់​បាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ» «យើង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្លែងក្លាយ» «បរាជ័យ​របប​ផ្តាច់ការ» និង «យុត្តិធម៌​សម្រាប់​កែម ឡី»​ជា​ដើម។ ក្រុម​គ្រួសារ​របស់​លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ​ដែល​រង​ការ​បាញ់​ប្រហារ​សម្លាប់​កាល​ពី​ឆ្នាំ​២០១៦ ក៏​ចូលរួម​នៅ​ក្នុង​បាតុកម្ម​នេះ​ដែរ។

លោក សៅ រ៉ាស៊ី តំណាង​ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​នូវែលសេឡង់​ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត នៅ​ទីក្រុងមែលប៊ន លើក​ឡើង​ក្នុង​ពេល​ប្រមូល​ផ្តុំ​ថា​ គោលបំណង​នៃ​ការ​ជួបជុំ​របស់​ពួកគេ គឺ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​កែប្រែ​មុខ​មាត់​កម្ពុជា តាម​រយៈ​ការ​ស្តារលទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

លោក​បញ្ជាក់​ថា៖ «ថ្ងៃ​នេះ​ដែល​យើង​មក​ប្រទេស​អូស្ត្រាលី ដើម្បី​យើង​ចូលរួម​ទាំង​អស់​គ្នា​នេះ គឺ​គោល​បំណង​គឺ​យើង​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ ជា​ពិសេស ​លោក ហ៊ុន ម៉ាណែត​ ដែល​ជា​នាយករដ្ឋមន្ត្រី​ កែប្រែ​មុខ​មាត់​របស់​ប្រទេស​ខ្មែរ​យើង​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ និង​សេរី​ពហុបក្ស​ត្រឹមត្រូវ ស្រប​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​[សន្តិភាព]​ទីក្រុង​ប៉ារីស និង​ស្រប​ជាមួយ​ច្បាប់​រដ្ឋធម្មនុញ្ញ។ អ៊ីចឹង​អ្វី​ដែល​បងប្អូន​ខ្មែរ​យើង​មក​ទីនេះ​ មិនមែន​មក​ដើម្បី​បន្តុបបង្អាក់​មុខ​មាត់​ខ្មែរ​ទេ»។

​បើ​តាម​លោក រ៉ាស៊ី លោក​និង​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​ផ្សេង​ទៀត​ចាត់​ទុក​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន ម៉ាណែត មិន​ស្រប​ច្បាប់​នោះ​ទេ ដោយ​សារ​តែ​លោក​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​តាម​រយៈ​ការ​លើក​បន្តុប។

ចំណែក​អ្នក​ចូលរួម​គាំទ្រ​លោក ហ៊ុន ម៉ាណែត ក៏​បាន​លើក​បដា​ជា​សារ​គាំទ្រ​មេដឹកនាំ​ថ្មី​របស់​កម្ពុជា​ផង​ដែរ។

បើ​តាម​រូបភាព​ដែល​បង្ហោះ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​របស់​អតីត​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​លោក ហ៊ុន​ ម៉ាណែត ក៏​បាន​បង្ហាញ​សារ​ថា «គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ការ​បោះឆ្នោត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី ពហុបក្ស» «គាំទ្រ​សម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត បន្ត​ដឹកនាំ​ប្រទេស​ជាតិ» និង«គ្មាន​សន្តិភាព គ្មាន​ក្តី​សង្ឃឹម» ជាដើម។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​លោក​ប្រមាណ​ជាង​១​ពាន់​នាក់ នៅ​ក្នុង​អគារ​មួយ​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី៣ ខែ​មីនា​ ឆ្នាំ​២០២៤ លោក ហ៊ុន​ ម៉ាណែត​ លើក​ឡើង​ថា​ លោក​មិន​តប​ជាមួយ​អ្នកធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក ព្រម​ទាំង​អ្នក​ប្រើ​ពាក្យ​អសុរោះ​ឡើយ​ ដោយ​សារ​តែ​វា​មិន​មាន​ប្រយោជន៍​ដល់ជាតិ។

លោក​ថ្លែង​ថា៖ «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ទ្រាំ? ខ្ញុំ​អត់​ឈឺ​ក្បាល​ផង​ ខ្ញុំ​ធ្លាប់​ក្តៅ​ជាង​នេះ​ទៀត​... ប៉ុន្តែ​សួរ​វា​ចំណេញ​អី​ បើ​កំហឹង​ទល់​កំហល់។ ទី១​វា​ធ្វើ​ឱ្យ​ខាត​ បាន​ន័យ​ថា​ខ្មែរៗ​ទៅ​ស្រែក​ដាក់​គ្នា​លើ​ទឹក​ដី​អូស្ត្រា​លី​ ខ្មាស​ប៉ូលិស​អូស្ត្រាលី​ទេ?​ ហើយ​ទី​២​បង្កើត​អី បង្កើត​នាំ​ឱ្យ​មិត្តភក្តិ​ធ្លាប់​ស្គាល់​គ្នា​ម្នាក់​ ចូល​ទៅ​នេះ ម្នាក់​ចូល​ទៅ​នោះ​ នាំ​ឱ្យ​មើល​មុខ​គ្នា​មិន​ត្រង់ វា​ចំណេញ​ស្អី​ វា​អត់​ទេ​»។

អ្នក​តាមដាន​នយោបាយ​អន្តរជាតិ​ លោក សេង វណ្ណលី​ យល់​ថា​ ការ​មាន​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​កម្ពុជា​ ជា​រឿង​ធម្មតា​ ដែល​ធ្លាប់​កើត​មាន​តាំង​ពី​នាយក​រដ្ឋមន្ត្រី​មុន​មក​ម្ល៉េះ គឺ​ជំនាន់​លោក ហ៊ុន ​សែន ដែល​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត។

ទោះ​ជាយ៉ាង​ណា​ លោក​ថា ​សំឡេង​ប្រឆាំង​នឹង​បាត់ នៅ​ពេល​ណា​រដ្ឋាភិបាល​ព្យាយាម​កែ​ប្រែ​ប្រព័ន្ធ​នៃ​ការ​ដឹកនាំ​ ធ្វើ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស និង​លុប​បំបាត់​អំពើ​ពុករលួយ​ជា​ដើម។

លោក​ប្រាប់​វីអូអេ​ថា៖ «ការ​កាត់​បន្ថយ​សំឡេង​ប្រឆាំង​បាន​ច្រើន​ ទាល់​តែ​រដ្ឋាភិបាល​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ក្នុង​ការ​ធ្វើការ​កំណែ​ទម្រង់​ប្រព័ន្ធ​គ្រប់​គ្រង ជាពិសេស​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ បើក​លម្អ​នយោបាយ​ ហើយ​នឹង​ជំរុញ​ការ​ធ្វើ​ការ​កំណែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ ហើយ​កាត់​បន្ថយ​អំពើ​ពុករលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ ខ្ញុំ​គិត​ថា ​បើ​សិន​រដ្ឋាភិបាល​អាច​ធ្វើ​នូវ​ចំណុច​នេះ​បាន សំឡេង​ប្រឆាំង​នឹង​ថមថយ»។

បើ​តាម​អ្នក​វិភាគ​រូប​នេះ រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​មិន​ទាន់​ធ្វើ​អ្វី​សម្រេច​បាន​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា៖ «រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​មិន​ទាន់​បាន​គ្រប់​គ្រង​ប្រទេស​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។ បើ​យើង​មើល​អំពី​ស្ថានភាព​សង្គម​ សេដ្ឋកិច្ច​ នយោបាយ​នៅ​មាន​បញ្ហា​ជា​ច្រើន ​អំពើ​ពុក​រលួយ ការ​កិបកេង​ពី​អ្នក​ធំ ឬក៏​សមាជិក​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​ហ្នឹង​គឺ​កិប​កេង​ បោក​ប្រាស់​ប្រជាពលរដ្ឋ​ច្រើន​ណាស់។ អ៊ីចឹង​អា​រូបភាព​ត្រង់​នេះ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​និង​នៅ​បរទេស​មើល​ឃើញ​ថា​ ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៧​នេះ​នៅ​មិន​ទាន់​មាន​ភាព​ជឿន​លឿន​ និង​រីក​ចម្រើន​ដូច​អ្វី​ដែល​រដ្ឋាភិបាល​តែង​តែ​សន្យា​ឬ​ក៏​ប្តេជ្ញាចិត្ត​នៅ​ឡើយ​ទេ»។

បើ​តាម​លោក សេង វណ្ណលី​ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​តែ​អត់​ធ្មត់​ឱ្យ​បាន​ខ្ពស់​ចំពោះ​សំឡេង​ប្រឆាំង​ ហើយ​ផ្តោត​លើ​ការ​ធ្វើ​កំណែ​ទម្រង់​វិញ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ ចុះ​ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត​ ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រា​លី លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) និង​សមភាគី​អាស៊ាន​មួយ​ចំនួន​របស់​លោក ដើម្បី​ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនង​ទ្វេភាគី​បន្ថែម​ទៀត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG