នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីជាលើកដំបូងក្នុងនាមជាប្រមុខរដ្ឋាភិបាល ក្រោយការកាន់អំណាចរយៈពេល៦ខែ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។
ដំណើរទស្សនកិច្ចនេះនឹងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ដើម្បីអបអរភាពជាដៃគូសន្ទនាអស់រយៈពេល ៥០ ឆ្នាំមកហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបង្ហោះលើគេហទំព័ររបស់ក្រសួងការបរទេសអូស្ត្រាលី។
អ្នកវិភាគមើលឃើញថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់កម្ពុជានិងអូស្ត្រាលីនៅក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ប៉ុន្តែវាទាមទារឱ្យកម្ពុជាស្តារនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ជំហររបស់អូស្ត្រាលី គឺដូចគ្នាទៅនឹងបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកដែរ ដែលចង់ឱ្យកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកបន្ថែមថា បញ្ហាចម្រូងចម្រាសមួយទៀត គឺរឿងការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពរាមដោយកងទ័ពចិន ដែលនាំឲ្យមានការព្រួយបារម្ភអំពីការប្រើប្រាស់ជាមូលដ្ឋានទ័ពចិន។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងវត្តមានយោធាបរទេសជាដើមដែលលើកឡើង ហើយនឹងបញ្ហាសិទ្ធិមនុស្ស សិទ្ធិនយោបាយ ប្រសិនបើភាគីទាំងពីរសម្រេចបានការឯកភាពគ្នា ខ្ញុំគិតថា ជាកិច្ចការមួយល្អ ក៏ប៉ុន្តែបើសិនបើអត់បានលើកមកជជែក ឬក៏និយាយឱ្យមានការរីកចម្រើនលើវិស័យនយោបាយ ប្រជាធិបតេយ្យទេ។ ខ្ញុំគិតថា កិច្ចប្រជុំតំបន់រវាងអូស្ត្រាលី និងអង្គការតំបន់អាស៊ានហ្នឹង វាមិនសូវមានផលប្រយោជន៍ច្រើនសម្រាប់កម្ពុជាទេ»។
បើតាមអ្នកវិភាគរូបនេះ កម្ពុជានិងអូស្ត្រាលីមានកិច្ចសហប្រតិបត្តិការជាមួយគ្នាច្រើនពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន។ ប៉ុន្តែលោកចង់ឃើញកម្ពុជាយកឱកាសនេះដើម្បីជជែកជាមួយមេដឹកនាំអូស្ត្រាលី ដើម្បីធ្វើឱ្យមានកិច្ចសហប្រតិបត្តិការសមយុទ្ធយោធាឡើងវិញ។
បើនិយាយពីទំនាក់ទំនងអូស្ត្រាលី និងអាស៊ានវិញ លោក ឯម សុវណ្ណារ៉ា អះអាងថា អូស្ត្រាលីក៏ដូចជាសហរដ្ឋអាមេរិកដែរ គឺមិនចង់ឃើញប្រទេសជាសមាជិកអាស៊ានមានភាពល្អូកល្អើនជាមួយចិននោះទេ។
សហស្ថាបនិកនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក រ៉ូ វណ្ណៈ ក៏បានលើកឡើងថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី។ លោកបញ្ជាក់ជាអក្សរថា៖ «នេះអាចកំណត់របៀបវារៈនៃការធ្វើពិពិធកម្មការទូតរបស់កម្ពុជា ដើម្បីស្វែងរកឱកាសសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិ។ ដំណើរទស្សនកិច្ចទំនងជានឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ ពាណិជ្ជកម្ម និងការអប់រំ»។
អ្នកវិភាគរូបនេះបន្ថែមថា មេដឹកនាំអូស្ត្រាលីគួរតែលើកបញ្ហានៃការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅក្នុងកិច្ចប្រជុំពិសេស។ លោកមើលឃើញថា លោក ហ៊ុន ម៉ាណែត អាចទទួលយកការចូលរួមបែបស្ថាបនាពីភាគីនានា។
លោកបញ្ជាក់ថា៖ « សារៈសំខាន់នៃស្ថាប័នរដ្ឋដ៏រឹងមាំ គណបក្សប្រឆាំងដែលមានឱកាសស្មើគ្នាសម្រាប់ការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ សង្គមស៊ីវិលដ៏រស់រវើក និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនអាចត្រូវបានគេព្រងើយកន្តើយឡើយ។ នេះមានសារៈសំខាន់ណាស់សម្រាប់ផលប្រយោជន៍នៃប្រទេសទាំងពីរដែលកំពុងប្រកាន់ខ្ជាប់នូវប្រព័ន្ធសភា»។
នៅគ្រាលោក ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅទីក្រុងមែលប៊ន (Melbourne) នៃប្រទេសអូស្ត្រាលី ប្រជាពលរដ្ឋកម្ពុជានៅទីនោះក៏ត្រៀមខ្លួន ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំរូបនេះផងដែរ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី លោក ឡែម ណារ៉ា ប្រាប់វីអូអេថា ប្រជាពលរដ្ឋប្រមាណ ១ពាន់នាក់ នឹងចូលរួមធ្វើបាតុកម្មនៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៤ខា ងមុខ។ លោកបន្ថែមថា ការដែលពួកគេធ្វើបាតុកម្មគឺដោយសារតែមិនពេញចិត្តនឹងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលលោកថា មានការរំលោភសិទ្ធិមនុស្ស និងមិនគោរពតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកបញ្ជាក់ថា៖ «គោលបំណងរបស់យើងគឺយើងមិនពេញចិត្ត ហ៊ុន ម៉ាណែត ដឹកនាំប្រទេសទេ ដោយសារការបោះឆ្នោតក្លែងក្លាយ បន្លំ ដឹកនាំរបៀបចាប់ដាក់ពីឪមកកូន មិនមែនរបៀបលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវទេ»។
បើតាមលោក ឡែម ណារ៉ា ក្រុមការងាររបស់លោកក៏បានដាក់ញត្តិទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី ដោយលើកឡើងពីការមិនទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយក៏ជំរុញឱ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ ធ្វើអន្តរាគមន៍ ដើម្បីឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ។
អូស្ត្រាលីក៏ជាប្រទេសមួយក្នុងការចូលរួមចំណែកជួយដល់កម្ពុជា ក្នុងការនាំកម្ពុជាទៅរកគន្លងប្រជាធិបតេយ្យ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ប្រាប់វីអូអេថា ការមានប្រជាពលរដ្ឋសម្តែងមតិតាមរយៈការធ្វើបាតុកម្មនៅអូស្ត្រាលី គឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «ការបញ្ចេញមតិសម្តែងបាតុកម្មអីពីបងប្អូនប្រជាពលរដ្ឋខ្មែរមួយក្តាប់តូចនៅឯក្រៅប្រទេស នៅពេលដែលមានប្រមុខដឹកនាំចេញទៅក្រៅប្រទេសគឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ អត់មានប៉ះពាល់អីទៅដល់ប្រទេសកម្ពុជា ឬទៅដល់មុខមាត់របស់ប្រមុខដឹកនាំទេ។ ផ្ទុយទៅវិញ ការសម្តែងមតិនេះវាបានបង្ហាញឱ្យសាធារណមតិជាតិ និងអន្តរជាតិបានមើលឃើញកាន់តែច្បាស់អំពីជញ្ជីងប្រជាធិបតេយ្យនៅកម្ពុជា»។
បើតាមស្ថានទូតអូស្ត្រាលីនៅកម្ពុជា អូស្ត្រាលី និងកម្ពុជាមានមិត្តភាព ទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ ហើយឆ្នាំនេះជាខួបទី ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោក ចាស្ទីន វ៉ាយអេត (Justin Whyatt) ធ្លាប់បានបញ្ជាក់កាលពីចុងខែមករាថា កម្ពុជានិងអូស្រ្តាលីសហការគ្នាក្នុងវិស័យជាច្រើន រួមមានសុខាភិបាល ការអប់រំ កសិកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច ថាមពល និងអាកាសធាតុ ការការពារសង្គម និងសន្តិសុខជាតិ សង្គមស៊ីវិល លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកបន្ថែមថា អូស្ត្រាលីក៏កំពុងស្វែងរកផលប្រយោជន៍រួមក្នុងតំបន់តាមរយៈអាស៊ានផងដែរ។
បើតាមឯកអគ្គរដ្ឋទូតរូបនេះ ឆ្នាំ ២០០៤ នេះ អាស៊ាននិងប្រទេសអូស្ត្រាលីប្រារព្ធខួប ៥០ ឆ្នាំនៃភាពជាដៃគូសន្ទនា ហើយប្រទេសអូស្ត្រាលីរង់ចាំទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំអាស៊ាន និងទីម័រខាងកើត ក្នុងកិច្ចប្រជុំកំពូលពិសេសនៅដើមខែមីនាខាងមុខ។
លោក ចាស្ទីន វ៉ាយអេត បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ថា ៖ «ក្នុងនាមជាដៃគូសន្ទនាដំបូងរបស់អាស៊ាន និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ ប្រទេសអូស្ត្រាលីប្តេជ្ញាយ៉ាងមុតមាំចំពោះភាពជាមជ្ឈភាពអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រទេសអូស្ត្រាលីមើលឃើញថា អាស៊ានគឺជាចំណុចស្នូលនៃតំបន់ដែលមានស្ថិរភាព សន្តិភាព វិបុលភាព និងសន្តិសុខ»៕
វេទិកាបញ្ចេញមតិ