ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ការពារ​ការ​តែងតាំង​ប្អូន​ប្រុស​ជា​ឧបនាយក​រដ្ឋមន្រ្តី


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​រិះគន់​លើ​ការ​តែង​តាំង​លោក ហ៊ុន ម៉ានី ដែល​ជា​ប្អូន​ប្រុស​ជា​ឧបនាយក​រដ្ឋមន្ត្រី លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អះអាង​ថា​ ការ​តែ​ង​តាំង​នេះ​ជា​ការ​ចាំ​បាច់​សម្រាប់​ការ​កំណែ​ទម្រង់ និង​ដើម្បី​ពង្រឹង​វិស័យ​មុខងារ​សាធារណៈ។

កាល​ពី​ថ្ងៃ​អង្គារ សមាជិក​រដ្ឋសភា​ចំនួន​ ១២០ ​រូប ​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​តែង​តាំង​លោក​ ហ៊ុន ម៉ា​នី អតីត​តំណាងរាស្រ្ត​ខេត្ត​កំពង់​ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​ឧប​នាយក​រដ្ឋមន្រ្តី។

ថ្លែង​នៅ​ក្នុង​ពិធី​មួយ​នា​ថ្ងៃ​អង្គារ​នេះ លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា ​ការ​តែង​តាំង​នេះ គឺ​ដើម្បី​ធ្វើ​ឱ្យ​មាន​ទម្ងន់​នៅ​ក្នុង​កំណែ​ទម្រង់ ហើយថា ​បើ​ទោះ​រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ​មិន​មែន​ជា​ប្អូន​ប្រុស​របស់​លោក ក៏​ត្រូវ​ដំឡើង​ឋានៈ​ទៅ​ជា​ឧបនាយក​រដ្ឋមន្រ្តី​ដែរ។

លោក​ថ្លែង​ថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ​ឃើញ​មាន​ការ​វាយ​ប្រហារ​ការដំឡើង​រដ្ឋមន្ត្រី​ក្រសួង​មុខ​សាធារណៈ​ទៅ​ឧបនាយក​រដ្ឋមន្ត្រី​ថា​ ដោយ​សារ​អ្នក​នេះ​ អ្នក​នោះ។ ទោះ​បី​ជាហ៊ុ ន ម៉ានី មិន​មែន​កាន់​[ជា​រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ]ទេ អ្នក​ណា​ក៏​ដោយ​ដែល​កា​ន់​ការងារ​នេះ​ ក៏​ត្រូវ​ដំឡើង​ដែរ​ ដោយ​សារ​អី ដោយ​សារ​ក្រសួង​នេះ​ដើរ​តួនាទី​ជា​សេណា​ធិការ​នៅ​ក្នុង​ការ​អនុវត្ត​កែ​ទម្រង់​មុខ​ងារ​សាធារណៈ ដែល​គ្រប​ទៅ​លើ ជួយ​ទៅ​លើ​ការ​កំណែ​ទម្រង់​នេះ​ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​អស់ ហើយ​បើ​សេណា​ធិការ​ទម្ងន់​ទាប​ ទៅ​ប្រាប់​គេ​ធ្វើ​ការ​យ៉ាង​ម៉េច ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ដើរ​ធ្វើ​ការងារ​ខ្លួន​ឯង​ឬ​យ៉ាង​ម៉េច​?»។

លោក ហ៊ុន ម៉ាណែត បន្ថែម​ថា​៖ «ប៉ុន្តែ​តម្រូវ​ការ​កំណែ​ទម្រង់​អាទិភាព យើ​ងត្រូវ​បង្កើន​សិទ្ធិ​ បង្កើន​តួនាទី និង​ទម្ងន់​ឱ្យ​ធ្វើ ដើម្បី​ផល​ប្រយោជន៍​ជាតិ​យើង​ទាំង​មូល​នៅ​ក្នុង​ការ​ដឹកនាំ​អនុវត្ត​នូវ​គម្រោង»។

ក្រោយ​លោក ហ៊ុន ម៉ាណែត សម្រេច​តែង​តាំង​លោក ហ៊ុន ម៉ានី ជា​ឧប​នាយករដ្ឋមន្រ្តី មេដឹក​នាំ​នយោបាយ​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ដោយ​រិះគន់​ការ​តែង​តាំង​នេះ។លោក​លើក​ឡើង​ថា​ លោក ហ៊ុន សែន កំពុង​ត្រៀម​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធ​សភា​ដែល​ជា​ស្ថាប័ន​នីតិបញ្ញ​ត្តិ ខណៈ​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​ដឹកនាំរដ្ឋាភិបាល​ដែល​ជា​អំណាច​នីតិប្រតិបត្តិ។

លោក សម រង្ស៊ី បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ត្រកូល ហ៊ុន ជាន់​ឈ្លី​គោលការណ៍​លទ្ធិប្រជា​ធិប​តេយ្យ ដែល​តម្រូវ​ឱ្យ​មាន​ការ​បែង​ចែក​ឱ្យ​ដាច់​ស្រឡះ​ពី​គ្នា​រវាង​អំណាច​នីតិបញ្ញត្តិ និង​អំណាច​នីតិ​ប្រតិបត្តិ...»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG