ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត និងមន្ត្រី​ការបរទេស​អាមេរិក​ជួបពិភាក្សា​គ្នា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង


ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Daniel J. Kritenbrink និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook/U.S. Embassy Phnom Penh, Cambodia)
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Daniel J. Kritenbrink និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook/U.S. Embassy Phnom Penh, Cambodia)

ក្នុង​ជំនួប​រវាងលោក​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ស៊ី​ជម្រៅ ​និង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម។​

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ​លោក Daniel J. Kritenbrink មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរថ្ងៃ​ គឺថ្ងៃទី​ ២៦ ​និង​ថ្ងៃទី​ ២៧ ​ខែកុម្ភៈ​ ឆ្នាំ ​២០២៤​ ដោយ​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋម​ន្រ្តី ​ហ៊ុន ម៉ាណែត​ និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​លោក ​ទៀ សីហា។

ទស្សន​កិច្ច​របស់​លោក​ លោក Daniel J. Kritenbrink នៅ​កម្ពុជា​នេះ​ធ្វើ​ឡើង​ ខណៈ​លោក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគេ្នយ៍ ហៅ​កាត់​ថា​ អាស៊ាន​ រួម​មាន​សិង្ហបុរី ​ថៃ ​វៀតណាម​ និង​ព្រុយណេ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំកម្ពុជា​ ចេញ​ថ្ងៃ​ទី​ ២៦ ​ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤ ​ឲ្យ​ដឹង​ថា​ ក្នុង​ជំនួប​រវាង​ភាគី​កម្ពុជា ​និង​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ ​ភាគី​ទាំងពីរ​បាន​ជជែកអំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ដែលកំពុង​តែ​មាន ​ដូចជាការ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ ការ​ថ្កោល​ទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ​កម្មវិធី​ជំនួយ​បរទេស​ ការ​រុក​រក​ឈ្លើយ​សឹក​ និង​យុទ្ធជន​អាមេរិកាំង​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ​ជំនួប​នោះ​ក៏​បាន​ពិនិត្យ​ទៅ​លើ​វិស័យ​នានា​សម្រាប់​វឌ្ឍន​ភាព​នា​ពេល​ខាង​មុខ​នៅ​ប្រទេស​កម្ពុជា ​ដូចជា​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស ​ការជួញ​ដូរ​មនុស្ស ​ការ​បង្កើត​លទ្ធភាព​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​និងភាព​សេរី ​ព្រម​ទាំង​បញ្ហា​សន្តិសុខ​តំបន់។​

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា៖ ​«នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះ ​លោក​ឧ​បការី​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​បាន​ថ្លែង​បញ្ជាក់​ថា ​សហ​រដ្ឋ​អាមេរិក​នៅ​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា​ និង​បំណង​ប្រាថ្នា​របស់​គេ ​ក្នុង​ការ​ចង់​ឲ្យ​ប្រទេស​របស់​គេ​មា​នវិបុល​ភាព​ លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ឯករាជ្យ ​ដែល​ក្នុង​នោះ​សំឡេង​ទាំង​អស់​ត្រូវ​បាន​គេ​ស្តាប់ ​និង​គោរព ​ហើយ​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​ត្រូវ​បាន​ការពារ»។​

មន្ត្រី​កិច្ច​ការ​សាធារណៈ ​និង​មន្រ្តី​ព័ត៌មាន​ប្រចាំ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​លោក Wesley Holzer ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ពាក់ព័ន្ធ​នឹង​ជំនួប​រវាង​ភាគី​ទាំង​ពីរ។​

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក​ ជុំ​ សុន្ទរី ​ប្រាប់​វីអូអេតាម​សារ​អេឡិចត្រូនិច​តេឡេក្រាម​យ៉ាង​ខ្លី​ថា ​លោក​មិន​មាន​ព័ត៌មាន​អ្វី​ពាក់​ព័ន្ធ​នឹង​ដំណើរ​ទស្សកិច្ច​របស់​ឧបការី​រូប​នេះ​ទេ។​

បើ​តាម​សារ​បង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល កាល​ពី​ថ្ងៃទី ​២៦ ​ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤​ លោក​ ហ៊ុន ម៉ាណែត​ បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​ឧបការី​អាមេរិក​អំពី​វឌ្ឍន​ភាព​នៃ​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំ​ងពីរ ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី។​

អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បញ្ជាក់​ថា៖ ​«ក្នុង​ជំនួបនេះ ​សម្តេច​ធិបតី​ និង​ឯកឧត្តម ​Daniel J. Kritenbrink ​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរបន្ថែម​ទៀត​លើ​វិស័យ​ដែល​ផ្តល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ​រួមមាន​វិស័យ​ពាណិជ្ជ​កម្ម ​វិនិយោគ​ ទំនាក់​ទំនង​ប្រជាជន​ និង​ប្រជាជន ​ព្រម​ទាំង​វិស័យ​ការ​ពារជាតិ ​និង​សន្តិសុខ​ជា​ដើម»។

លោក​ឧបការី​រដ្ឋមន្រ្តី ​Kritenbrink​ ធ្លាប់​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ចំនួន​ពីរ​លើក​កាល​ពី​ឆ្នាំ ​២០២២ ​គឺ​នៅ​ក្នុង​ខែ​ឧសភា​ និង​ក្នុង​ខែ​កក្កដា​ ដែល​កាល​ណោះ​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរវេន​សមាគម​អាស៊ាន។ ​

អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​ និង​ភូមិ​សាស្ត្រ​នយោបាយ​ លោក ​សេង វណ្ណលី ​លើក​ឡើង​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​ឧបការី​អាមេរិក​នេះ ​គឺ​ដើម្បី​ពិភាក្សា​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជាក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោក​បន្ថែម​ថា ​ខណៈអាមេរិក​បង្ហាញ​ពី​ឆន្ទៈក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ ក៏​គួរ​តែ​ព្យាយាម​ដោះ​ស្រាយ​កង្វល់​របស់​អាមេរិក​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា​ បើសិន​ជា​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​នយោបាយ​ ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ ហើយ​នឹង​ជំរុញ​ការ​គ្រប់គ្រង​ប្រកប​ដោយ​នីតិ​រដ្ឋ​ ខ្ញុំ​គិត​ថា សហរដ្ឋ​អាមេរិក​អាច​នឹង​ស្តារ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​កម្ពុជា​ឡើង​វិញ​ ដោយសារ​តែ​យើង​ឃើញ​ថា ​សហ​រដ្ឋ​អាមេរិក​មើល​ឃើញ​ពី​សក្តានុពល​របស់​កម្ពុជា​ដែរ»។​

បើ​តាមលោក​ សេង​ វណ្ណលី​ ប្រសិន​បើ​អាមេរិក​ដាក់​កម្ពុជា​ឱ្យ​នៅ​ឯកោ​ នោះ​កម្ពុជា​នឹង​កាន់តែ​ងាក​ខ្លាំង​ទៅ​រក​ចិន។​

លោក​បញ្ជាក់​ថា៖ ​«បើ​សិន​ជា​សហ​រដ្ឋ​អាមេរិក​គាត់​ដាក់​កម្ពុជា​ឱ្យ​នៅ​ឯកោ​ ឬ​ isolate កម្ពុជា​ វា​នឹង​រុញ​កម្ពុជា​ឱ្យ​កាន់​តែ​ជិត​ដិត​ជា​មួយ​ចិន។ ​បញ្ហា​ត្រង់​ហ្នឹង​ហើយ​បាន​ជា​សហ​រដ្ឋ​អាមេរិក​គាត់ព្យាយាម​ ពេល​ដែល​គាត់​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ ​គាត់​តែង​តែ​លើក​ឡើង​ថា​ ធ្វើ​ម៉េច​ដើម្បី​ស្តារ​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក។ ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ធ្វើអី​ចេះ​ ធ្វើ​អីចុះ​ ជាពិសេស​គឺ​បើក​លំហ​នយោបាយ​ និង​សិទ្ធិ​សេរីភាព​តែ​ម្តង»។​
ទំនាក់​ទំនង​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក​ធាក់​ថយ​ក្រោយ​ខ្លាំង​ បន្ទាប់​ពី​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​ កាល​ពី​ឆ្នាំ​ ២០១៧ ​និង​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញសកម្ម​ជន​បក្ស​ប្រឆាំង ​សង្គម​ស៊ីវិល​ និង​សារ​ព័ត៌មាន​ឯករាជ្យ​ជា​ច្រើន។​

សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា​ លោក​ រ៉ូ វណ្ណៈ​ លើក​ឡើង​ថា ​ដំណើរ​ទស្សន​កិច្ច​មក​កាន់​កម្ពុជា​ និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ គឺ​ស្ថិត​នៅ​ក្នុង​គោល​នយោបាយ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​សេរី​ និង​បើក​ចំហ​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ និង​ពហុភាគី​ ដែល​អាច​បើក​ផ្លូវ​ងាយ​ស្រួលក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម។​ លោក​ថា ​សហ​រដ្ឋ​អាមេរិក​ហាក់​បន្ទន់​ជំហរបន្តិច​នៅ​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ ​បើ​ទោះ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​តែ​ជាក្តី​បារម្ភ។​

លោក​ថ្លែង​ថា៖​ «វា​ជា​ជំហរ​ទន់​មួយ​នៅ​ក្នុង​គោល​ដៅ​ដើម្បី​អូសទាញ​យ៉ាង​ណា​កុំ​ឱ្យ​កម្ពុជា​ចេះ​តែ​ឃ្លាត​ឆ្ងាយ​ពេក​ទៅ​រក​ប្រទេស​ចិន​ដែល​ជាប្រ​ទេស​មួយ ​ដែល​សហ​រដ្ឋ​អាមេរិក​ចាត់​ទុក​ថា ជា​ដៃ​គូ​ប្រកួត​ប្រជែង​អំណាច​ពិភពលោក​ជាមួយខ្លួន។ ប៉ុន្តែ​នៅ​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ​បើទោះ​បី​ជា​ការ​បន្ទន់​ឥរិយាបថ​យ៉ាង​ណា​ក៏​ដោយ ​ក៏​សហ​រដ្ឋ​អាមេរិក​នៅ​តែ​មាន​របៀប​វារៈ​នយោបាយ​របស់​ខ្លួន​ គឺ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​នៅ​តែ​ជា​របៀប​វារៈ​នៅ​ក្នុង​តុ​ជជែក​វែកញែក​ដដែល»។​

នៅ​ពេល​សួរ​ថា​ តើ​ទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក​បច្ចុប្បន្ន​មាន​លក្ខណៈ​យ៉ាង​ម៉េច​ដែរ​ ​លោក​ រ៉ូ វណ្ណៈ ​អះអាង​ថា​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មិន​ថយ​ក្រោយ​ ហើយ​ក៏​មិនល្អ​ខ្លាំង​ដែរ​ និង​ថា​រដ្ឋាភិបាល​ទាំង​ពីរ​មាន​ជំហរ​ទន់ភ្លន់​ និង​មាន​ឆន្ទៈ​ធ្វើ​ការ​ជា​មួយ​គ្នា៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG