ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​សិទ្ធិ​មនុស្ស​កម្ពុជា​ថា​ មិន​មាន​ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ ​ខណៈ​ប្រេសិត​អង្គការ​សហ​ប្រជាជាតិ​បង្ហាញ​ក្តី​បារម្ភ


កងសន្តិសុខ​ខណ្ឌ​៧មករា រុញច្រាន​អ្នកតវ៉ា​​ដែល​មក​ឃ្លាំមើល​ការ​សាកសួរ​លោក ​រ៉ុង​ ឈុន មិន​ឲ្យ​ចូល​ទៅកាន់​ខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
កងសន្តិសុខ​ខណ្ឌ​៧មករា រុញច្រាន​អ្នកតវ៉ា​​ដែល​មក​ឃ្លាំមើល​ការ​សាកសួរ​លោក ​រ៉ុង​ ឈុន មិន​ឲ្យ​ចូល​ទៅកាន់​ខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​ មន្រ្តី​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ​បាន​ការពារ​ថា​ អាជ្ញាធរ​កម្ពុជា​មិន​បាន​រឹតត្បិត​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ​និង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ។​

កាល​ពី​ថ្ងៃ​អង្គារ ​មន្រ្តី​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​លោក​កែវ រ៉េមី​បាន​ជួប​ជាមួយ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​លោក​ស្រី រ៉ូណា ស្មីត​(Rhona Smith) ​តាម​ប្រព័ន្ធ​អនឡាញ​ដោយ​សារ​លោកស្រី​មិន​អាច​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​បាន ​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ថា​«កម្ពុជា​គោរព​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​មិន​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ប្រជុំ​ទេ ​ មាន​តែ​វិធាន​ការ​ច្បាប់​ចំពោះ​អ្នក​ដែល​បញ្ចេញ​មតិ​និង​ជួប​ជុំ​ដោយ​បំពាន​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​តែ​ប៉ុណ្ណោះ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ពាក់ព័ន្ធ​នឹង​សេរីភាព​សង្គម​ស៊ីវិល​ ក្រុម​ការងារ​របស់​រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​សំណើ​និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​ ហើយ​ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ជា​រួម​ថា​«ការ​ធ្វើ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​តាម​មូលដ្ឋាន​មាន​ភាព​ល្អ​ប្រសើរ​ជា​ធម្មតា​ ដោយ​មិន​មាន​ការ​រឹត​ត្បិត​ឡើយ»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ ​ លោកស្រី​ រ៉ូណា ស្មីត​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​និង​ការ​ជួប​ប្រជុំ​តវ៉ា។ ក្រុម​ការងារ​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា លោកស្រី​ រ៉ូណា ស្មីត​មិន​បាន​គាំទ្រ​ការ​បញ្ចេញ​មតិ​ដែល​បំពាន​ច្បាប់​ បំពាន​សិទ្ធិ​សេរីភាព​របស់​អ្នក​ដទៃ​ បង្ក​ឲ្យ​មាន​ការ​រើស​អើង​ពូជ​សាសន៍ ​ អំពើ​ហិង្សា​ និង​ភាព​ចលាចល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សន្តិសុខ​សង្គម​ទេ។​

លោកស្រី​រ៉ូណា ស្មីត ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​ប្រាប់​VOA​តាម​រយៈ​អ៊ីម៉ែល​កាល​ពី​ថ្ងៃ​អង្គារ​ថា​មន្រ្តី​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ជួប​ជាមួយ​លោកស្រី​តាម​ការ​ស្នើ​សុំ។ ​ លោកស្រី​បន្ត​ថា​ មន្រ្តី​កម្ពុជា​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​លើ​ការងារ​ដែល​ក្រសួង​មួយ​ចំនួន​បាន​បំពេញ។​លោក​ស្រី​បញ្ជាក់​ថា ​នេះ​ជា​ជំនួប​មួយ​ដែល​កើត​ឡើង ​ក្រោយ​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ​ ដែល​លោកស្រី​មក​បំពេញ​ទស្សនកិច្ច​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា។​

ទោះ​ជាយ៉ាងណា​ លោកស្រី​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​វីអូអេ​ថា ​តើ​លោកស្រី​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​អ្វី​ទៅ​ភាគី​កម្ពុជា​ទេ។​

ការ​អះអាង​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ថា​ មិន​មាន​ការ​រឹត​ត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ទេ ខុស​ពី​ការ​យល់​ឃើញ​របស់​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ថ្លែង​ថា​ សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​មាន​ការ​រឹត​ត្បិត​ហើយ​វា​ស្តែង​ចេញ​ពី​ការ​រឹត​ត្បិត​ការ​ជួប​ជុំ​របស់​អ្នក​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក​រ៉ុង ឈុន​រហូត​ដល់​មាន​ការ​បង្រ្កាប​ចាប់​ខ្លួន​មនុស្ស​៥​នាក់​ដាក់​ពន្ធនាគារ ​និង​ត្រូវ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។​

លោក​ថ្លែង​ប្រាប់​VOA​ថា៖ ​«បើ​សិន​ជា​មើល​ទៅ​លើ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ​ក៏​ដូច​រដ្ឋ​ធម្មនុញ្ញ​ គឺ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​ក៏​ដូច​ជា​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ហ្នឹង​មើល​ឃើញ​ ហើយ​នឹង​បារម្ភ​ថា​ សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ហ្នឹង​ត្រូវ​មាន​ការ​រឹត​ត្បិត»។​

របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​២០២០ ​បង្ហាញ​ថាលំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​កម្ពុជា​បន្ត​រង​ការ​រឹត​ត្បិត ហើយ​ប្រជា​ពលរដ្ឋ​បាន​រឹត​ត្បិត​ខ្លួន​ឯង​ក្នុង​ការ​បញ្ចេញ​មតិ។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​សម្រាប់​ឆ្នាំ​ទី​៤ ​ស្តីពី​ការ​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​ពី​ខែ​មេសា ​ឆ្នាំ​២០១៩ ​ដល់​ខែ​មីនា ​ឆ្នាំ​២០២០។​ របាយ​ការណ៍​នេះ​ធ្វើ​ឡើង​រួម​គ្នា​ដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​សមាគម​អាដហុក ​ មជ្ឈមណ្ឌល​សាមគ្គី​ភាព ​ដោយ​សហ​ការ​ជាមួយ​មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​មិន​យក​ប្រាក់​កម្រៃ​(អាយស៊ីអិនអិល)។​

របាយ​ការណ៍​លើក​ឡើង​ថា​ ការ​វិវឌ្ឍ​សំខាន់ៗ​រួម​មាន​ការ​បន្ត​បង្រ្កាប​លើ​អ្នក​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ ការ​បំបិទ​ការ​បញ្ចេញ​មតិ​ដែល​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​បញ្ចេញ​មតិ​នេះ​មាន​ការ​រឹត​ត្បិត​លើ​ខ្លួន​ឯង​ការ​អនុវត្ត​ក្រម​ព្រហ្ម​ទណ្ឌ​តាម​ទំនើង​ចិត្ត ​ពោល​គឺ​បទ​បរិហារ​កេរ្តិ៍ ​ បទ​រួម​គំនិត​ក្បត់ ​ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​បទ​ក្លែង​បន្លំ​ព័ត៌មាន។​

លោក​ជិន ម៉ាលីន ​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ​និង​ជា​អ្នក​នាំពាក្យ​ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ សង្គម​ស៊ីវិល​មិន​មាន​មូលដ្ឋាន​អ្វី​ច្បាស់​លាស់​នោះ​ទេ​ក្នុង​ការ​ចោទ​ប្រកាន់​អាជ្ញាធរ​កម្ពុជា​ថា ​រឹត​ត្បិត​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​មើល​ទៅ​សង្គម​ស៊ីវិល ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ការ​លើក​មូលហេតុ​របស់​គាត់ ​ដូច​អត់​មាន​មូលដ្ឋាន​ច្បាប់​អី​ហ្នឹង​ទេ។ ​ គាត់​ការពារ​តែ​ក្រុម​គោល​ដៅ។ ​គាត់​មើល​តែ​រូបភាព​ទេ ​ឲ្យ​តែ​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​សកម្មជន​ឬ​ក្រុម​គោល​ដៅ ​ដែល​គាត់​ការពារ​ហ្នឹង ​ គាត់​ថា​ អាហ្នឹង​ជា​ការ​រំលោភ​សិទ្ធិ»។​

លោក​បន្ត​ថា​ ការ​ប្រមូល​ផ្តុំ​របស់​ប្រជា​ពលរដ្ឋ​តវ៉ា​អ្វី​មួយ​ ត្រូវ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ទៅ​តាម​ច្បាប់​ស្តីពី​បាតុកម្ម​កំណត់ ​ដើម្បី​អាជ្ញាធរ​ងាយ​ស្រួល​ក្នុង​ការ​រៀបចំ​ការពារ។​លោក​បន្ត​ថា​ ​បុគ្គល​ដែល​ត្រូវ​ចាប់​ខ្លួន​គឺ​ដោយ​សារ​ពួកគេ​បញ្ចេញ​មតិ​«មាន​ចេតនា​ញុះញង់» ​ «ជា​ការ​បំភ្លៃ​ព័ត៌មាន​ក្នុង​ចេតនា​ទុច្ចរិត» ​ដែល​លោក​ថា​មាន​តែ​តុលាការ​ទេ​ដែល​អាច​ដឹង​អំពី​ចេតនា​ទាំង​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​អ្នក​កំណត់​ថា​សកម្មភាព​ហ្នឹង​ជា​បទ​ល្មើស​ ហើយ​មាន​ចេតនា​ទុច្ចរិត ហើយ​មាន​ធាតុ​ផ្សំ​បទ​ល្មើស​គ្រប់គ្រាន់ ​គឺ​តុលាការ​ជា​អ្នក​សម្រេច​ ​មិន​មែន​អ្នក​បញ្ចេញ​មតិ​ខ្លួន​ឯង​ហើយ​នឹង​ក្រុម​ដែល​ការពារ​អ្នក​បញ្ចេញ​មតិ​ ក្រុម​ការពារ​ជន​ល្មើស»។​

សង្គម​ស៊ីវិល​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​ប្រមូល​ផ្តុំ​បន្ថែម​ទៀត​ នៅ​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ៕

XS
SM
MD
LG