ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាល​នឹង​បញ្ចប់​ទំនាស់​ដីធ្លី​ ហើយ​ពន្លឿន​ការ​ចុះ​បញ្ជី​កម្ម​សិទ្ធិ​ដីធ្លី


នាយករដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សម័យ​ប្រជុំ​របស់​សភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)
នាយករដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សម័យ​ប្រជុំ​របស់​សភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​សមិទ្ធ​ផល​នានា​ ដែល​រដ្ឋាភិបាល​អាណត្តិ​ទី៧​សម្រេច​បាន​និង​ការ​បន្ត​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​ទៅ​តាម​គ្រប់​វិស័យ។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ពិសេស​មួយ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ខ្មែរ​អំពី​«សមិទ្ធ​ផល​១​ឆ្នាំ​របស់​រាជរដ្ឋា​ភិបាល​នីតិកាល​ទី៧» ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ​និង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ លោក ​ហ៊ុន ម៉ាណែត​ បាន​វាយ​តម្លៃ​ថា ​ទំនាស់​ដីធ្លី ​កង្វះ​ដីធ្លី ​ការ​ចុះ​បញ្ជី​កម្ម​សិទ្ធិ ​និង​ការ​ទន្ទ្រាន​ដី​រដ្ឋ​ នៅ​តែ​ជា​បញ្ហា​ស្មុគ​ស្មាញ ​និង​រ៉ាំរ៉ៃ​នៅ​កម្ពុជា ​ដែល​រដ្ឋាភិបាល​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់ ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ​និង​ឈាន​ទៅ​បញ្ចប់​រាល់​វិវាទ​ដីធ្លី​នៅ​ក្នុង​ប្រទេស។​

បន្ថែម​ពី​លើ​នេះ ​លោក​បង្ហាញ​ក្តី​រំពឹង​ថា ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​ រាជរដ្ឋា​ភិបាល​នឹង​បញ្ចប់​បាន​ទាំង​ស្រុង​ចំពោះ​ការងារ​ចុះ​វាស់​វែង​ក្បាល​ដី​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ទំនាស់​ដីធ្លី​ ខណៈ​រដ្ឋាភិបាល​អាណត្តិ​មុនៗ​វាស់​វែង​និង​ចុះ​បញ្ជី​ដី​បាន​ចំនួន​ជាង​៧​លាន​៧​សែន ​និង​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ប្រមាណ​៧​លាន​បណ្ណ។​

លោក​ថ្លែង​ថា៖ ​«ដោយ​ឡែក​ក្នុង​រយៈ​ពេល​១២​ខែ​នេះ ​រាជ​រដ្ឋាភិបាល​បាន​វាស់វែង​ និង​ចុះ​បញ្ជី​ដី​បន្ថែម​បាន​ជាង​ចំនួន​២​លាន​ក្បាល​ដី ​និង​ចេញ​បណ្ណ​ចំនួន​ជិត​៥៩​ម៉ឺន​បណ្ណ​ ហើយ​រំពឹង​ថា ​នឹង​បញ្ចប់​ការ​វាស់វែង​ប្រមាណ​២​លាន​៥​សែន​ក្បាលដី ​ដែល​នៅ​សេស​សល់​នៅត្រឹម​ដំណាច់​ឆ្នាំ​២០២៥ ​ដែល​ជា​ការ​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​វាស់វែង​ក្បាល​ដី​នៅ​ទូទាំង​ប្រទេស ​ដែល​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​ជាង​៥​ពាន់​នាក់​ និង​គ្រោង​ចំណាយ​ថវិកា​ចំនួន​១០០​លាន​ដុល្លារ។ ​ក្រោយ​ពី​ការ​ចុះ​បញ្ជី​ដីធ្លី​ និង​ការ​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ រាជ​រដ្ឋាភិបាល​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ទំនាស់​ដីធ្លី​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ និង​ឈាន​ទៅ​ការ​លុប​បំបាត់​នា​ពេល​ខាងមុខ»។​

ដំណាល​គ្នា​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ឱ្យ​ដឹង​ទៀត​ថា ​រដ្ឋាភិបាល​នឹង​ដាក់​ចេញ​កម្ម​វិធី​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ថ្មី​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ខ្វះ​ដី​ពិត​ប្រាកដ​ នោះ​គឺ​កម្មវិធី​«ផ្តល់​ដី​ការ​ពារ​ព្រៃ​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព»​ដើម្បី​ទប់​ស្កាត់​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ទន្ទ្រាន​ដី​រដ្ឋ​ ក៏ដូច​ជា​ការ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ។​

លោក​ថ្លែង​ថា៖«ថ្ងៃ​នេះ ​ក្នុង​គោល​ដៅ​បន្ត​ដោះ​ស្រាយ​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ ដែល​ខ្វះ​ខាត​ដី​ពិត​ប្រាកដ​ ក៏​ដូចជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​សកម្ម​ភាព​ទន្ទ្រាន​ដី​រដ្ឋ​ នៅ​ក្នុង​នាម​រាជ​រដ្ឋា​ភិបាល ខ្ញុំ​សូម​ជម្រាប​ជនរួម​ជាតិ​នូវ​កម្មវិធី​ផ្តល់ដី​សម្បទាន​សង្គម​កិច្ច​ថ្មី​មួយ​ទៀត​ ដែល​ឱ្យ​ឈ្មោះ​ថា កម្ម​វិធី​ផ្តល់​ដី​ការពារ​ព្រៃ​ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ​សំដៅ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ខ្វះដី​ពិត​ប្រាកដ ​និង​ផ្តល់​ឱកាស​ជូន​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ បាន​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ការពារ​ដី​រដ្ឋ​ និង​ព្រៃឈើ»។​

បើ​តាម​លោក ​ហ៊ុន ម៉ាណែត ​ការ​ដៅ​ចំណុច​នៃ​ការ​រៀបចំ​នូវ​កម្មវិធី​ផ្តល់ដី​សម្បទាន​សង្គម​កិច្ច​ថ្មី​នេះ​ រដ្ឋាភិបាល​គិត​គូរ​ទៅ​ដល់​តំបន់​ឦសាន​ និង​តំបន់​មួយ​ចំនួន​ទៀត​ ដែល​មាន​ការ​ចាំបាច់​នៅ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ ក៏​ដូច​ជា​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ខណៈ​លោក​សង្ឃឹម​ថា ​កម្ម​វិធី​នេះ​នឹង​អាច​អនុវត្ត​បាន​នៅ​ក្នុង​ដំណាច់​ឆ្នាំ​២០២៤​នេះ។​

ប្រជាពលរដ្ឋរស់នៅទំនប់៩៤ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកំពុងលើកបដាសុំកិច្ចអន្តរាគមន៍ជម្លោះដីធ្លី នៅមុខក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (ជា ម៉ារ៉ា/វីអូអេ)
ប្រជាពលរដ្ឋរស់នៅទំនប់៩៤ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកំពុងលើកបដាសុំកិច្ចអន្តរាគមន៍ជម្លោះដីធ្លី នៅមុខក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (ជា ម៉ារ៉ា/វីអូអេ)

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត ​ប្រាប់​វីអូអេ​ថា ​ការ​បង្កើត​កម្មវិធី​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ គឺ​ជា​យន្ត​ការ​ល្អ​ ​ព្រោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ នឹង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ដីធ្លី​សម្រាប់​បង្ក​បង្កើន​ផល​សមរម្យ​ គឺ​ជា​រឿង​សំខាន់។​

ប៉ុន្តែ​លោក​យល់​ថា ​រដ្ឋ​ក៏​ត្រូវ​ត្រួត​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ជនជាតិ​ដើម​ភាគ​តិច ​ដែល​រស់​នៅ​តំបន់​ភូមិភាគ​ឦសាន​របស់​កម្ពុជា ​ហើយ​រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ដែល​នៅ​សេស​សល់​ឱ្យ​បាន​ចប់ ​ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់​ដី​ទាំង​នោះ​បង្ក​បង្កើន​ផល ​និង​រស់​នៅ​ដោយ​មាន​ជីវភាព​សមរម្យ។​

លោក​ថ្លែង​ថា៖ ​«បញ្ហា​ដីធ្លី​ដែល​នៅ​សេស​សល់​ដែល​នៅ​បន្ត​កើត​ឡើង​ហ្នឹង​គឺ​រាជ​រដ្ឋាភិបាល​គួរតែ​បន្ត​ការ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​ដើម្បី​កុំ​ឱ្យ​បញ្ហា​ហ្នឹង​អូសបន្លា ​ហើយ​ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ​ត​ទៅ​ទៀត»។​

ស្ថាបនិក​ និង​ជា​អនុ​ប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា​លោក ​អ៊ូ ច័ន្ទរ័ត្ន​លើក​ឡើង​ថា ​រដ្ឋាភិបាល​គួរ​ដាក់​ចេញ​កម្ម​វិធី​នយោបាយ ​និង​គោល​នយោបាយ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពលរដ្ឋ​ ដែល​ខ្វះ​ដី​បង្ក​បង្កើន​ផល​ ឱ្យ​ទៅ​រស់​នៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម ​CLV -DTA​ ដើម្បី​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ និង​ការ​រួម​គ្នា​អភិវឌ្ឍន៍​តំបន់​នោះ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ឃើញ​ថា​ បើ​សិន​ជា​យើង​ចង់​ធ្វើ​ឱ្យ​ជាក់​លាក់​មែន​ទែន ​គួរ​តែ​មាន​កម្ម​វិធី​នយោបាយ ​គោល​នយោបាយ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពលរដ្ឋ ​ដែល​ខ្វះ​ដី​បង្ក​បង្កើន​ផល​ហ្នឹង​ទៅ​នៅ​តាម​ព្រំដែន ​ក្នុង​តំបន់​ ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម ​CLV -DTA ​នោះ ​ដែល​យើង​កំពុង​តែ​មាន​ភាព​ចម្រូង​ចម្រាស។ ​ ធ្វើដី​សម្បទាន​សង្គម​កិច្ច​ជូន​ទៅ​អ្នក​ក្រីក្រ ​ទៅ​អ្នក​អត់​លំនៅ​ឋាន អ្នក​ដែល​មិន​មាន​ដី​ដើម្បី​បង្ក​បង្កើន​ផល​ហ្នឹង​ ឱ្យ​ទៅ​នៅ​តាម​ហ្នឹង​វិញ​ទៅ​ ហើយ​មាន​កញ្ចប់​ថវិកា​ដើម្បី​ទ្រទ្រង់​ ក្នុង​ការ​តាំង​ទីលំនៅ​ថ្មី​តាម​តំបន់​ព្រំដែន​ ឬ​ខេត្ត​តាម​ព្រំដែន​ហ្នឹង។ ​ ​ខ្ញុំ​ជឿ​ថា​ ប្រហែល​ជា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ទៅ​ពេល​អនាគត»។​

ប៉ុន្តែ​អតីត​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​រូប​នេះ​មិន​ទាន់​មាន​ទំនុក​ចិត្ត​ខ្ពស់​នៅ​ឡើយ​ទេ​ទាក់ទង​កម្ម​វិធី​ថ្មី​នេះ ​ដោយ​សារ​កន្លង​មក​រដ្ឋាភិបាល​ក៏​តែងតែ​ដាក់​ចេញ​យន្តការ​ជា​ច្រើន​សម្រាប់​ការពារ​ព្រៃឈើ​ ការពារ​ដី​ព្រៃ ​និង​ព្រៃលិច​ទឹក​ជា​ដើម​ ប៉ុន្តែ​យន្តការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព ​ដោយ​សារ​នៅ​តែ​មាន​អ្នក​ទៅ​រំលោភ​បំពាន​កាប់​ព្រៃ​ឈើ​ និង​បំពាន​តំបន់​អភិរក្ស​ព្រៃឈើ​ និង​ដែន​ឧទ្យាន​ជាតិ​ ក៏​ដូចជា​ដី​ជុំវិញ​បឹង​ទន្លេសាប​ជាដើម។​

បើ​តាម​លោក​ អ៊ូ ច័ន្ទរ័ត្ន ​រដ្ឋាភិបាល​ត្រូវតែ​មាន​យន្តការ​មួយ​ប្រកប​ដោយ​តម្លាភាព​ និង​គណ​នេយ្យ​ភាព​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ទាំង​នោះ​ និង​បញ្ចៀស​កុំ​ឱ្យ​ការ​ដាក់​ចេញ​កម្មវិធី​ត្រូវ​បាន​បុគ្គលិក​ ឬ​មន្ត្រី​ខិលខូច​មួយ​ចំនួន​កិប​កេង​ ដោយសារ​ជា​ទូទៅ ​យន្តការ​កន្លង​មក​ តែង​តែ​រងការ​ចោទ​ប្រកាន់​នូវ​អំពើ​ពុក​រលួយ​តាម​មូលដ្ឋាន​ និង​តាម​រយៈ​មន្រ្តី​ថ្នាក់​ក្រោម​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​មិន​បាន​ទទួល​ផល​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG