ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតាម​ដាន៖ ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅតែ​ជា​ក្តី​បារម្ភ​​ក្រោម​ការ​ដឹកនាំ ​១​ឆ្នាំ​របស់​ លោក​ ហ៊ុន ម៉ាណែត


នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (AFP PHOTO / ASEAN-AUSTRALIA SPECIAL SUMMIT 2024 / PENNY STEPHENS)
នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (AFP PHOTO / ASEAN-AUSTRALIA SPECIAL SUMMIT 2024 / PENNY STEPHENS)

អ្នកតាម​ដាន​មើល​ឃើញ​ថា​ ក្នុង​រយៈ​ពេល​១​ឆ្នាំ​នៃ​ការ​ដឹកនាំ​របស់​នាយករដ្ឋ​មន្ត្រី​ថ្មី​គឺ​លោក​ ហ៊ុន ម៉ាណែត​ បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ គឺ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ ខណៈ​ការ​ចាប់​ខ្លួន​សកម្ម​ជន​សង្គម​ចេះ​តែ​បន្ត​កើត​មាន។​

លោក ​ហ៊ុន ម៉ាណែត​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​បណ្ឌិត្យ​សភា​យោធា​អាមេរិក​ West Point ​ត្រូវ​បាន​សមាជិក​សភា​ចំនួន​១២៣​រូប​ក្នុង​ចំណោម​១២៥​រូប​ ​បោះឆ្នោត​គាំទ្រ​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ហើយ​បាន​ចាប់​ផ្តើម​ការងារ​ជា​ផ្លូវ​ការ​ជា​មួយ​គណៈ​រដ្ឋមន្ត្រី​ថ្មី​របស់​លោក​នៅ​ថ្ងៃ​ទី​២៣ ​ខែ​សីហា។​
ការ​ឡើង​កាន់​អំណាច​របស់​លោក​ ​ហ៊ុន ម៉ាណែត​ បាន​បញ្ចប់​ការ​គ្រប់គ្រង​អំណាច​របស់​ឪពុក​លោក​គឺ​លោក ​ហ៊ុន សែន ​ដែល​បាន​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ចំនួន​៣៨​ឆ្នាំ។

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​លោក ​រ៉ុង ឈុន ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ ថ្លែង​ថា ​ក្នុង​រយៈ​ពេល​ជិត​១​ឆ្នាំ​នៃ​ការ​ដឹកនាំ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ នៅ​មិន​ទាន់​បាន​ផ្តល់​ដំណោះ​ស្រាយ​ពេញ​លេញ​ដល់​ប្រជា​ពលរដ្ឋ​ពាក់​ព័ន្ធ​នឹង​បញ្ហា​វិវាទ​ដីធ្លី​ បំណុល​ ទីផ្សារ​ កសិផល​ អំពើ​ពុក​រលួយ​ និង​គ្រឿង​ញៀន​ជាដើម។

លោក​បន្ថែម​ថា ​បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ក៏​មិន​ទាន់​ឃើញ​មាន​ការ​ស្តារ​ឡើង​វិញ​ដែរ​ ក្រោយ​ការ​ធ្លាក់​ចុះ​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​ ពេល​ដែល​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​បញ្ជាក់​ថា៖​«ជាពិសេស​ចុង​ក្រោយ​យើង​ឃើញ​ថា​ មិន​ទាន់​បាន​ស្តារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​នៅ​ឡើយ​ បន្ទាប់ពី​ឆ្នាំ​២០១៧​ ដែល​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ ហើយ​ចរន្ត​នៃ​ការ​ចាប់​សកម្ម​ជន​ ថ្នាក់​ដឹកនាំ​នយោបាយ​ សកម្ម​ជន​សង្គម​ក៏ដូច​ជា​សកម្ម​ជន​នយោបាយ​ មេ​សហជីព ​មេ​សមាគម​ យើង​ឃើញ​ថា​ នៅតែ​បន្ត​ការ​ចាប់​ ហើយ​មក​ដល់​ពេល​នេះ ​ប៉ុន្មាន​ថ្ងៃ​នេះ​ក៏​ឃើញ​កំណើន​នៃ​ចាប់​ក៏​កាន់តែ​ខ្ពស់»។​

បើ​តាម​លោក ​រ៉ុង ឈុន ​ ការ​ចាប់​សកម្ម​ជន​ឬ​ក៏​អ្នក​បញ្ចេញ​មតិ​មិនមែន​ជា​ដំណោះ​ស្រាយ​ល្អ​ ដែល​លោក​ថា​ នឹង​ជា​រនាំង​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។​

ចំណែក​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និង​សង្គម​ លោក​ ស៊ឹង​ សែនករុណា​ដែល​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​អូស្រ្តាលី​ ប្រាប់​វីអូអេ​ថា​ ការ​ដឹកនាំ​របស់​លោក​ ហ៊ុន​ ម៉ាណែត​ ក្នុង​រយៈ​ពេល​១​ឆ្នាំ​នេះ​គឺ​មិន​មាន​អ្វី​ល្អ​ប្រសើរ​ឡើយ ​ពាក់ព័ន្ធ​នឹង​យុត្តិ​ធម៌​សង្គម​ និង​ស្ថានភាព​សេរីភាព​របស់​ពលរដ្ឋ​និង​អ្នក​នយោបាយ។​

លោក​ថ្លែង​ថា៖​ «យើង​ឃើញ​ថា​ សេរីភាព​របស់​ប្រជា​ពលរដ្ឋ​និង​អ្នក​នយោបាយ​ឬ​ក៏​បក្ស​នយោបាយ​នៅ​តែ​អត់ទាន់​បើក​លម្ហ។​ អ៊ីចឹង​គណបក្ស​នយោបាយ​ យើង​ឃើញ​ប្រជា​ពលរដ្ឋ​នៅតែ​មាន​ការ​រឹតត្បិត​នូវ​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​ក្នុង​ការ​ចូលរួម​សកម្ម​នៅ​ក្នុង​បញ្ហា​នយោបាយ​ដដែល»។​

បើ​តាម​អ្នក​ឃ្លាំមើល​រូប​នេះ​ បញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ក៏​ដុន​ដាប​ដែរ​ ខណៈ​ប្រជា​ពលដ្ឋ​ជាប់​បំណុល​ ក្រីក្រ​ ដែល​នាំ​ឱ្យ​ពួកគេ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។​

លោក​អ៊ូ ច័ន្ទរ័ត្ន ​ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​ដឹក​នាំ​ប្រទេស​មួយ​ឆ្នាំ​កន្លង​មក​នេះ ​គឺ​មិនមាន​ភាព​ខុស​ប្លែក​អ្វី​នោះ​ទេ​ ព្រោះ​នៅ​តែមាន​រឹតត្បិត​សិទ្ធិ​មនុស្ស ការ​ចាប់​សកម្ម​ជន​ជា​បន្ត​បន្ទាប់​ និង​ការ​បង្ក្រាប​សំឡេង​ដែល​មិន​គាំទ្រ។ ​វា​ផ្ទុយ​ទៅ​នឹង​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ។​

លោក​ថ្លែង​ថា៖​ «ហើយ​អ្វី​ដែល​គេ​ទាមទារ​ធំ​បំផុត​ហ្នឹង​គឺ​ ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ហ្នឹង!​ ហើយ​បើ​យើង​មិន​ធ្វើ​ទៅ​តាម​អ្វី​ដែល​គេ​ចង់​បាន​ ឬ​ក៏​អ្វី​ដែល​យើង​បាន​ចុះ​ហត្ថលេខា​ជាមួយ​គេ​ ទាំង​អង្គការ​សហ​ប្រជាជាតិ​ទាំង​សហគមន៍​អន្តរជាតិ​ហ្នឹង!​ គេ​អាច​នឹង​មិន​មាន​ទំនុក​ចិត្ត​ដាក់​ទុន​មក​នៅ​ក្នុង​ប្រទេស​យើង​ទេ»។​

លោក​បន្ថែម​ថា ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ស្ថិរ​ភាព​នយោបាយ​ សុខ​សន្តិភាព​របស់​ប្រទេស​គឺ​ត្រូវ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាមុន​សិន​ ដោយ​នេះ​ក៏​ជា​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​ និង​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។​

យ៉ាង​ណាក៏ដោយ​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ​ប៉ែន​ បូណា ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពីថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២៤​ថា​ ក្នុង​រយៈពេល​១​ឆ្នាំ​នៃ​ការ​ដឹក​នាំ​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​ កម្ពុជា​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ជាច្រើន​ ក្នុង​នោះ​ក៏​មាន​ការ​កសាង​ព្រែក​ជីក​ហ្វូណន​តេជោ​ ដែល​ជា​គម្រោង​ប្រវត្តិ​សាស្ត្រ​ ហើយ​នឹង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ជាតិ​កាន់តែ​រីក​ចម្រើន។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​រិះគន់​ ​អ្នក​នាំពាក្យ​រូប​នេះ​ថ្លែង​ថា​ ពួកគេ​ទាំង​នោះ​មិន​បាន​សិក្សា​ ស្រាវជ្រាវ​អ្វី​ជា​ដុំ​កំភួន​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ជា​មុន​ទេ​ មុន​បើក​មាត់​រិះគន់​ ខណៈ​រដ្ឋាភិបាល​គឺ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ជួយ​ដល់​ពលរដ្ឋ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG