លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃអង្គារ បានប្រាប់ប្រជាជនខ្មែរកុំឱ្យព្រួយបារម្ភរឿងបាត់បង់ទឹកដីទៅប្រទេសជិតខាង។ លោកថា រដ្ឋាភិបាលរបស់លោកបានខិតខំការពារ និងមានយន្តការក្នុងការការពារ។
ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ស្របពេលដែលពលរដ្ឋមួយចំនួនបានបង្ហាញក្តីបារម្ភអំពីការបាត់បង់ទឹកដីខ្មែរទៅប្រទេសវៀតណាម នៅក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណជាមួយប្រទេសវៀតណាម និងឡាវ។ កម្ពុជាមានខេត្តចំនួនបួនគឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែលត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ រដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ខ្ញុំឃើញបងប្អូនព្រួយបារម្ភ។ ថ្ងៃមុនខ្ញុំថា បើព្រួយបារម្ភនាំគ្នាទៅលេង បងប្អូនថា អត់លុយទៅលេង។ បើពីណាមានលទ្ធភាពទៅលេងសិនទៅ ប៉ុន្ដែអ្វីដែលខ្ញុំ ចំណុចដែលខ្ញុំចង់បាន ចង់បញ្ជាក់ថា រាជរដ្ឋាភិបាលគ្មានអីលាក់លៀមទេ បងប្អូនបារម្ភ តែពេលខ្លះបងប្អូនបារម្ភដោយសារបងប្អូនឮតគ្នា»។
លោក ហ៊ុន ម៉ាណែត ដែលកាន់តំណែងនាយករដ្ឋមន្រ្តីបន្ទាប់ពីឪពុករបស់លោកជិតបាន១ឆ្នាំ បានបញ្ជាក់បន្ថែមថា៖ «រាជរដ្ឋាភិបាលច្បាស់ ខ្ញុំហ៊ាននិយាយ។ ខ្ញុំហ៊ានធានា ព្រោះខ្ញុំមិនមានគោលការណ៍ស្ពាយប្រពន្ធកូនខ្ញុំទៅណាទេ»។
បើតាមលោក ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋរស់នៅតាមព្រំដែនបានការពារទឹកដី ហើយមានបង្គោលព្រំដែនកំណត់។ ដូច្នេះលោកថា មិនបាច់ធ្វើរបងក៏បាន។ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវថា ប្រជាពលរដ្ឋដែលមានការព្រួយបារម្ភអំពីការបាត់បង់ទឹកដី សុំឱ្យសួរប្រជាពលរដ្ឋជាក់ស្តែង និងកងទ័ពដែលឈរជើង ហើយមិនគួរចេះតែជឿតាមគេនិយាយឡើយ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «យើងជាអ្នកសិក្សាត្រូវយកព័ត៌មាន យកទិន្នន័យពិតប្រាកដ កុំស្តាប់តាមគេ។ អ្នកសិក្សានិស្សិតបញ្ញវន្ត យើងទៅសិក្សា ទៅជួបប្រជាពលរដ្ឋ កុំឱ្យថា រាជរដ្ឋាភិបាលចេះតែធ្វើ»។
បើតាមលោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលរបស់លោកកំពុងដាក់ទិសដៅធ្វើផ្លូវរហូតដល់តំបន់កន្ទុយនាគនៅតាមព្រំដែន។
លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ប្រជាពលរដ្ឋមួយចំនួនបង្ហាញការព្រួយបារម្ភ និងមិនទុកចិត្តលើរដ្ឋាភិបាលថ្មី ព្រោះប្រជាពលរដ្ឋបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្របាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមទៅប្រទេសវៀតណាម និងមើលឃើញថា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន «នៅជំពាក់គុណ»ប្រទេសវៀតណាម។
លោកថ្លែងថា៖ «ពីរយ៉ាងហ្នឹង ទីមួយគឺប្រវត្តិសាស្ត្របានបញ្ជាក់ច្បាស់ពីការបាត់បង់ទឹកដីកម្ពុជាក្រោម។ ទីពីរគេអត់ទុកចិត្តត្រកូលហ៊ុនដែលហ៊ុន សែនជំពាក់គុណយួន»។
លោក អ៊ុំ សំអាន បារម្ភថា លំហូរជនជាតិវៀតណាមចូលប្រទេសកម្ពុជាច្រើននឹងអាចបណ្តាលឱ្យតំបន់ព្រំដែនទាំងនោះក្លាយជាកម្ពុជាក្រោមទី២ និងអាចប៉ះពាល់ដល់ការកំណត់បង្គោលព្រំដែននៅថ្ងៃអនាគតផងដែរ។
លោកបន្ថែមថា៖ «វាអាចបាត់បង់ទឹកដីរបស់កម្ពុជាយើងដូចបាត់បង់ប្រទេសចំប៉ាផងដែរបាទ។ ហ្នឹងជាគ្រោះថ្នាក់មួយសម្រាប់បូរណភាពទឹកដីរបស់យើងនៅពេលអនាគត ហើយក៏វាអាចប៉ះពាល់ទៅដល់ការកំណត់ព្រំដែននៅពេលអនាគតផងដែរ»។
ចំណែកកញ្ញា លីម គីមស័រ អាយុ៣៦ឆ្នាំ ជាសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានម្នាក់ដែលតែងចុះទៅធ្វើការងារតាមតំបន់ក្បែរព្រំដែន មើលឃើញថា ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនតែងជួបការលំបាក ដោយសារតែកង្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា។ កញ្ញាបន្ថែមថា ពលរដ្ឋបានបាត់បង់ជំនឿទៅលើរដ្ឋាភិបាលក្នុងការធានាការពារព្រំដែន។
កញ្ញាថ្លែងថា៖ «ដូច្នេះប្រសិនបើលោក ហ៊ុន ម៉ាណែត ពិតជាចង់ឱ្យប្រជាពលរដ្ឋជឿទុកចិត្តមែន លោកគួរតែដោះស្រាយបញ្ហាដីធ្លីដែលនៅតាមតំបន់ព្រំដែនឱ្យបាន ផ្ដល់ដីស្រែចម្ការដែលលោកធ្វើការវិនិយោគឱ្យក្រុមហ៊ុនជូនទៅប្រជាពលរដ្ឋវិញទៅ ហើយឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ហ្នឹង ការពារតំបន់ហ្នឹង។ ដូចអ្វីដែលលោក ពូ កែម ឡី លើកឡើង គឺមានតែប្រជាពលរដ្ឋទេដែលជារបង និងរនាំងឃាំងការពារតំបន់ព្រំដែនបាន»។
គួរបញ្ជាក់ថា កម្ពុជា-វៀតណាមបានសម្រេចបោះបង្គោលព្រំដែនបានប្រមាណ៨៤%នៃព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ១.២៧០គីឡូម៉ែត្រ។ ចំណែកកម្ពុជា និងឡាវបានសម្រេចបោះបង្គោលព្រំដែនជាមួយគ្នាប្រមាណ៨៦%នៃព្រំដែនគោកប្រវែងប្រមាណ៥៤០គីឡូម៉ែត្រ៕
វេទិកាបញ្ចេញមតិ