ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ច​តាម​ចាប់​អ្នក​យក​គ្រឿង​ញៀន​ជាង​១តោន​មក​ផ្លុង​ចោល​​ក្នុង​ខេត្ត​ព្រះវិហារ


រូបឯកសារ៖ ​គំនរគ្រឿងញៀន​ដែលត្រូវបានរឹបអូសបាន​ត្រៀម​ដុត​បំផ្លាញ​ចោល​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២។
រូបឯកសារ៖ ​គំនរគ្រឿងញៀន​ដែលត្រូវបានរឹបអូសបាន​ត្រៀម​ដុត​បំផ្លាញ​ចោល​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២។

កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត​ព្រះ​វិហារ​បាន​រក​ឃើញ​គ្រឿង​ញៀន​ជាង​មួយ​តោន ​ដែល​សមត្ថ​កិច្ច​អះអា​ង​ថា ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​យក​មក​ផ្លុង​ចោល​នៅ​ទីតាំង​មួយ​ក្នុង​ខេត្ត​នេះ។​ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​គ្រឿង​ញៀន។​

​អ្នកនាំ​ពាក្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​លោក ​មាស វីរិទ្ធ ​ថ្លែង​ប្រាប់​វីអូអេ​ថា ​គ្រឿង​ញៀន​ដែល​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​សៅរ៍ ​ត្រូវ​បាន​នាំ​ចូល​មក​ពី​តំបន់​ត្រី​កោណ​មាស ​និង​ថា​ មក​ទល់​ពេល​នេះ​ ​សមត្ថ​កិច្ច​មិន​ទាន់​រក​ឃើញ​ម្ចាស់​គ្រឿង​ញៀន​នេះ​នៅ​ឡើយ​ទេ។ ​

លោក​ថ្លែង​ថា៖ ​«បើ​និយា​យ​រឿង​រក​ល្មើស​ជន កំពុង​រក​ល្មើស​ជន។​ ឥឡូវ​ស្ថិត​នៅ​លើ​ការ​ស៊ើប​អង្កេត​ថា នរណា​ជា​ម្ចាស់»។​

លោក ​អេង ហ៊ី ​អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​ទូទាំង​ប្រទេស ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​ ដោយ​ស្នើ​ឱ្យទាក់​ទង​ទៅ​ខាង​តុលាការ​ខេត្ត​ព្រះ​វិហារ​វិញ។​ ប៉ុន្តែ​បើតាម​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ ថ្នាំ​ញៀន​នេះ​គឺ​ជា​ម៉ាទឹកកក។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សួស សុខដារ៉ា ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​វិហារ​បាន​នៅ​ឡើយ​ទេ។​

បើ​តាម​សារព័ត៌មាន ​Freshnews ​ដែល​ដក​ស្រង់​សម្តីអាជ្ញាធរ​ពាក់ព័ន្ធ​ គ្រឿង​ញៀន​ទាំង​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿង ​ដែល​ផ្ទុក​គ្រឿង​ញៀន​ ៣៣​ការ៉ុង ​ស្មើ​នឹង​១.០២០​កញ្ចប់ ដែល​មាន​ទម្ងន់​សរុប ​១.០២០​គីឡូ​ក្រាម។ ​បើ​តាម​សារ​ព័ត៌មាន​ដដែល​ ក្រុម​ឧក្រិដ្ឋ​ជន​បាន​យក​គ្រឿង​ញៀន​ទាំង​នោះ​ទៅ​ផ្លុង​ចោលនៅ​ខាង​មុខ​វិទ្យាល័យ​ជ័យ​សែន ​ក្នុង​ស្រុក​ជ័យ​សែន ​ខេត្ត​ព្រះ​វិហារ។​

នាយក​ទទួល​បន្ទុក​កិច្ច​ការទូទៅនៃអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា​ បញ្ហា​ការ​រីក​រាល​ដាល​គ្រឿង​ញៀន​គឺ​ជាក្តី​កង្វល់​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ ​និង​ថា ​គ្រឿង​ញៀន​នេះ​បាន​សាយ​ភាយ​ទៅ​តាម​មូលដ្ឋាន។​ លោក​បន្ថែម​ថា ​គ្រឿង​ញៀន​បាន​បំផ្លាញ​ធនធាន​មនុស្ស ​ព្រម​ទាំង​សង្គម​ជាតិ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖ ​«បញ្ហា​គ្រឿង​ញៀន​ កាល​ណា​តែ​កើត​ច្រើន​ នាំ​ឲ្យប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ ​ទី​១​ កម្ពុជា​យើង​អាច​ជាប់​ចំណាត់​ថ្នាក់​មិន​ល្អ​នៅលើ​ពិភព​លោក ​បើ​សិន​ជា​គ្រឿង​ញៀន​ហ្នឹង​វា​រីក​រាលដាល​ខ្លាំង។ ​អ៊ីចឹង​វា​ប៉ះពាល់​ទៅ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ វិនិយោគ​ទុន​ បញ្ហា​សន្តិសុខ​ សណ្តាប់​ធ្នាប់​នៅ​ក្នុង​សង្គម​ និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​កើត​ឡើង»។​

បើ​តាម​លោក​ អំ សំអាត​ កំណើន​គ្រឿង​ញៀន​ក្នុង​សហគមន៍​មូលដ្ឋាន ​គឺ​ជា​ក្តី​កង្វល់​និង​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​ដែល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ​សន្តិ​សុខ​ និង​សុវត្ថិ​ភាព​សហ​គមន៍ ​ព្រម​ទាំង​ធ្វើ​ឱ្យ​យុវជន​មួយ​ចំនួន​បោះ​បង់​ការ​សិក្សា ​និង​ឈាន​ទៅ​ប្រឡូក​ក្នុង​ក្រុម​បង​តូច ​បងធំ​ជា​ដើម។​

គួរ​បញ្ជាក់​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​ធ្លាប់​ថ្លែង​ថា​ រដ្ឋា​ភិបាល​នឹង​ខិត​ខំ​លុប​បំបាត់​ការ​ជួញ​ដូរ ​និង​ការប្រើ​ប្រាស់​គ្រឿង​ញៀន​ឱ្យ​អស់​ពី​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​ដោយ​មន្រ្តី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​ពាក់​ព័ន្ធ​ រួម​មាន​ក្រសួង​មហា​ផ្ទៃ ​និង​យុត្តិ​ធម៌​ផង​ដែរ។​ រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​ ៧ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​បង្ក្រាប​គ្រឿង​ញៀន ​ខណៈ​គ្រោង​ចំណាយ​ថវិកា​ជាង ​១១​លាន​ដុល្លារ​អាមេ​រិក​ ក្នុង​ឆ្នាំ​ ២០២៤ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​គ្រឿង​ញៀន​ ​តាម​រយៈ​គោល​នយោបាយ​ «ភូមិ​ ឃុំ​ សង្កាត់ ​មាន​សុវត្ថិ​ភាព»​ និង​ការ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG