ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន ម៉ាណែត​ ជួប​ប្រធានាធិបតី​ចិន​ជា​លើក​ទី២ ​ប្តេជ្ញា​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កាន់​តែ​ស្អិត​ល្មួត


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងជំនួបមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Cambodia's Prime Minister Telegram via AP)
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងជំនួបមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Cambodia's Prime Minister Telegram via AP)

ក្នុង​ជំនួប​ជា​លើកទី​២​រវាងនាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ​ជាមួយ​ប្រធានាធិប​តី​ចិន​ លោក ហ៊ុន​ ម៉ាណែត​ និង​លោក ស៊ីជិន​ពីង ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស្អិត​ល្មួត​។​នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការបរទេស​កម្ពុជា​។

ជំនួប​របស់​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពី​រនេះ​កើត​ឡើង​ ក្នុង​អំឡុង​ពេល​ដែល​លោក​ ហ៊ុន ម៉ាណែត​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសចិន​ដើម្បី​ចូលរួម «វេទិកា​ខ្សែក្រវា​ត់​ និង​ផ្លូវ​លើក​ទី​៣​ សម្រាប់​កិច្ច​សហប្រតិ​បត្តិ​ការ​អន្តរជាតិ​» ចាប់​ពី​ថ្ងៃទី​១៦ដល់​ទី​១៩ ខែ​តុលា​ ឆ្នាំ​២០២៣​ នៅ​រដ្ឋធានី​ប៉េកាំង​។

ត្រឹម​រយៈ​ពេល​ជិត​ពីរខែ​បន្ទាប់​ពី​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​កម្ពុជា​ លោក​ ហ៊ុន​ ម៉ាណែត​ បាន​ធ្វើដំណើរទៅ​ប្រទេស​ចិន​ចំនួន​២លើក​ ខណៈ​ចិន​គឺជា​ប្រទេស​ទី​១ ដែល​លោក​បាន​ទៅបំពេញ​ទស្សនកិច្ច​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​ថ្មីរបស់​កម្ពុជា​។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួង​ការបរទេស​កម្ពុជា ​ចុះ​ថ្ងៃ​ទី១៩ ខែតុលា​ ឆ្នាំ២០២៣ បញ្ជាក់​ថា ជំនួប​នេះធ្វើ​ឡើងគឺដើម្បី​ធ្វើ​ឱ្យកិច្ច​សហ​ប្រតិ​បត្តិ​ការ​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា​-ចិនកាន់​តែ​ស៊ី​ជម្រៅ​។

សេច​ក្តី​ប្រកា​សព័ត៌​មាន​ដដែលបញ្ជា​ក់​ក្នុង​ន័យ​ដើម​ថា​៖ «​ភាគី​ទាំង​ពី​របាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​នៃ​ទំនាក់​ទំនង​កម្ពុជា​-ចិន​ និង​បាន​បញ្ជា​ក់​សារ​ជា​ថ្មី​នូវ​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ត្បូង​ពេជ្រ​ ដែល​ផ្តោ​ត​លើ​វិស័យ​អាទិ​ភាព​ចំនួន​០៦​ និង​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-ចិន​»។

ក្រៅពី​នេះ​ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​សារជាថ្មី​អំពី​ការសហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ និង​ការគាំទ្រ​ឥត​ងាក​រេ​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​វេទិកា​តំបន់​ និង​ពហុភាគី​។ បន្ថែម​ពី​នេះ​ កម្ពុជា​ និង​ចិន​ ក៏​បាន​ឯកភាព​គ្នា​បង្កើន​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុងការ​អនុវត្ត​ច្បាប់​ ជាពិសេស​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ល្បែង​ភ្នាល់​ឆ្លងដែន​ ការ​ជួញ​ដូរ​មនុស្ស​ និង​គ្រឿង​ញៀន​ ឧក្រិដ្ឋ​កម្ម​តាម​អ៊ីន​ធឺ​ណេត និង​ព័ត៌​មាន​ក្លែង​ក្លាយ​។

គំនិត​ផ្តួច​ផ្តើម​គម្រោងខ្សែក្រវា​ត់​ និង​ផ្លូវ (BRI) នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រទេសកំពុង​អភិវឌ្ឍ​ រួម​ទាំង​កម្ពុជា​ ក្នុង​នោះមាន​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ កំណើន​សេដ្ឋកិច្ច​ ការធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​ និង​សកល​លោក និង​ការផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន​។ នេះ​បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា​។

​រដ្ឋាភិបាល​កម្ពុជា​ដែល​កាន់​តែ​ស្និទ្ធ​នឹង​ប្រទេស​ចិន​ បាន​សរសើរ​គម្រោង ​BRI​ បើ​ទោះ​ជា​មាន​ភាព​ចម្រូង​ចម្រាស​នៃ​ការ​លើក​ឡើង​ថា ​គម្រោង​មួយ​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​អន្ទាក់​បំណុល​ ហើយ​ចិន​អាច​មាន​ឥទ្ធិពល​លើ​ប្រទេស​ដែល​ខ្ចី​បំណុល​ពី​ចិន​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​មាន​ការ​លំបាក​ក្នុង​ការ​សង​ត្រឡប់​វិញ​យ៉ាងណាក្តី។

អ្នកវិភាគ​នយោបាយ​អន្តរជាតិ​ធ្លាប់ព្រមាន​ពី​ភាព​ស្អិត​ល្មួតក្នុង​ទំនាក់​ទំនង​កម្ពុជា ​និង​ចិន​ ដោយសារ​តែ​ទំនាក់​ទំន​ង​មួយ​នេះ​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​រកាំរកូស​ជា​មួយ​ប្រទេស​លោក​ខាងលិច​ ជាពិសេស​សហរដ្ឋ​អាមេរិក​ ដែល​ជា​គូប្រកួត​ប្រជែង​របស់​ចិន​។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​ថា អ្នក​នយោបាយ​កម្ពុជា​ គួរ​តែ​ថ្លឹង​ថ្លែង​រក្សា​ឱ្យ​បាន​នូវ​នយោបាយ​ការ​បរ​ទេស​ជាមួយ​ប្រទេស​ដទៃ​ទៀតដើម្បី​ធានា​ពី​អព្យាក្រឹត​ភាព​របស់​ខ្លួន​។

លោកថ្លែង​ថា៖ «BRI គំ​និត​ផ្តួច​ផ្តើម​ផ្លូវ ​និង​ខ្សែ [ក្រវាត់] ​នេះ​ វាផ្តល់​ផល​ប្រយោជន៍​ហើយ​[សម្រាប់]​កម្ពុជា។ ក៏​ប៉ុន្តែ​បើ​សិន​ជា​យើង​មិន​អាច​រក្សា​បាន​នូវ​តុល្យភាពនៃ​ទំនាក់​ទំនង​ជាមួយ​លោក​ខាង​លិច​ទេ ឬ​យើង​ខ្លួន​ឯង​ប្រាស​ចាក​នឹង​ខ្លឹមសារ​ច្បាប់​ ​ដែល​យើង​បាន​ចុះ​ហត្ថលេខា​ ដែល​យើង​បាន​អនុវត្ត​ហ្នឹង​គឺ​បាន​ន័យ​ថា យើង​នឹង​បាត់​បង់​អត្ថប្រយោជន៍​ជាមួយ​លោក​ខាង​លិច​ហើយ។ លោក​ខាង​លិច​ទាម​ទារ​ឱ្យ​យើង​ឈរ​ជំហរ​អព្យាក្រឹត ​ជាពិសេសទៅ​លើ​ទីតាំង​ភូមិសាស្រ្ត»។

យោង​តាម​ព្រឹត្តិបត្រ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពីខែមិថុនា ឆ្នាំ២០២២ ទំហំ​បំណុល​សាធារណៈ​ដែល​កម្ពុជា​កំពុង​ជំពាក់​បរទេស​បាន​កើន​ឡើង​ដល់​៩,៨ពាន់​លាន​ដុល្លារ ឬ​ស្មើ​ប្រមាណ​ជា​ជាង​២៣%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា។ ក្នុង​នោះ​បំណុល​ជាង​៤០% កម្ពុជា​ជំពាក់​ប្រទេស​ចិន ហើយ​បំណុល​ជាង​៣០%​ផ្សេង​ទៀត កម្ពុជា​ជំពាក់​ដៃគូ​អភិវឌ្ឍន៍​នានា។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ប៉ែន បូណា​ ប្រាប់វីអូអេ​ថា ​កម្ពុជា​ធ្វើ​ទំនាក់​ទំ​នង​ជា​មួយ​បណ្តា​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក​ គឺ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ ខណៈ​ដែលទំនាក់​ទំនង​កម្ពុជា​-ចិន​ នឹង​បន្ត​ពង្រឹង​បន្ថែម​ទៀត។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​ខ្ញុំ​សរុប​មក​វិញ​គឺ​ទំនាក់​ទំនង​កម្ពុជា​-ចិន​គឺ​ត្រូវ​បន្ត​លើ​គោល​ការណ៍​ដែល​បាន​សាង​រួច​ហើយ​ ដោយ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ ហើយ​នឹង​បន្ត​ពង្រឹង​បន្ថែម​ទៀត ដោយ​រាជ​រដ្ឋា​ភិបាល​ដឹក​នាំ​ដោយ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត​ ហើយ​គោល​នយោបាយ​នេះ​អនុវត្ត​គ្រប់​បណ្តា​មិត្ត​ទាំង​អស់​ដោយ​មិន​ប្រកាន់ ​មិន​ថា​ប្រទេស​ណា​ជា​ប្រទេស​ណា​ទេ​»។

គួរបញ្ជាក់​ថា ​នៅ​ក្នុង​ដំណើរ​ទៅ​ចិន​ជា​លើក​ទី​២​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​ កម្ពុជា​និង​ចិន​ បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិ​បត្តិ​ការ​ទ្វេភាគី​ចំនួន​១០ ក្នុង​វិស័យ​នានា ​រួមមានការវិនិយោគ​ សមត្ថភាព​ផលិត​ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីន​ធឺណេត​ បរិវត្តកម្ម​ឌីជីថល​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ថាមពល​ និង​ការអភិវឌ្ឍ​បៃតង​៕

XS
SM
MD
LG