លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជាទៅចូលរួម«វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៣។
វេទិកានេះជាខួប១០ឆ្នាំ ក្រោយការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវពាណិជ្ជកម្ម(Belt and Road Initiative ឬBRI)ដែលបង្កើតឡើងដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) កាលពីឆ្នាំ២០១៣។
បើតាមក្រសួងការបរទេសកម្ពុជា មូលបទនៃកិច្ចប្រជុំនេះ គឺ«កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។ ក្រសួងការបរទេសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃសៅរ៍ថា៖ «ការអញ្ជើញចូលរួមរបស់នាយករដ្ឋមន្រ្តីកម្ពុជា«នឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ»។
វេទិកានេះនឹងមានការចូលរួមពីមេដឹកនាំ ក៏ដូចជាតំណាងប្រទេសប្រមាណ១៥០។
លោក ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថាផងដែរស្តីពីសេដ្ឋកិច្ចឌីជីថលជាប្រភពនៃកំណើនថ្មី»។ លោក ហ៊ុន ម៉ាណែត ក៏នឹងជួបជាមួយប្រធានាធិបតីចិននិងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនបទេសដទៃទៀត។
នៅក្នុងរយៈពេល១០ឆ្នាំ ចាប់តាំងពីការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវពាណិជ្ជកម្មBRIរបស់ចិនមក កម្ពុជាបានទទួលកម្ចីដ៏សម្បើមដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស រួមមានស្ពាន ថ្នល់ និងព្រលានយន្តហោះជាដើម។
រដ្ឋាភិបាលកម្ពុជាដែលកាន់តែស្និទ្ធនឹងប្រទេសចិន បានសរសើរគម្រោង BRIនេះ បើទោះមានភាពចម្រូងចម្រាសដែលលើកឡើងថា គម្រោងមួយនេះអាចត្រូវបានប្រើប្រាស់ជាអន្ទាក់បំណុល ហើយចិនអាចមានឥទ្ធិពលលើប្រទេសដែលខ្ចីបំណុលពីចិនច្រើនសន្ធឹកសន្ធាប់ ហើយមានការលំបាកក្នុងការសងត្រឡប់វិញ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលកំពុងមានភាពតានតឹងជាសាកលជាមួយប្រទេសចិន បានព្រមានប្រទេសនានាប្រឆាំងនឹងការខ្ចីបំណុលយ៉ាងច្រើនសម្បើម ក្រោមយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធនៃគម្រោង BRI របស់ប្រទេសចិន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា គំនិតផ្តួចផ្តើម BRI គឺជាអន្ទាក់បំណុល និងអាចនាំឱ្យប្រទេសទាំងនោះបាត់បង់ការគ្រប់គ្រងទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលដាក់ជាទ្រព្យបញ្ចាំ ដោយលើកឡើងករណីនៅប្រទេសស្រីលង្កា ដែលធ្លាក់ក្នុងអន្ទាក់ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំងគ្រប់គ្រងកំពង់ផែសំខាន់ ក្រោយ ប្រទេសស្រីលង្កាមិនអាចបង់សងត្រឡប់មកវិញ៕