រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តសៀមរាប នាថ្ងៃចន្ទនេះ ដែលមានតម្លៃជាង១ពាន់លានដុល្លារ ហើយវាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវពាណិជ្ជកម្ម (Belt and Road Initiative ឬBRI)របស់ប្រទេសចិន។
ក្នុងពិធីបើកដំណើរការទទួលជើងយន្តហោះលើកដំបូងក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាតំណាងនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត លើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះជាសមទ្ធិផលប្រវត្តិសាស្ត្រមួយក្នុងទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជាចិន ហើយលោកថា ការណ៍នេះនឹងអាចពង្រឹងវិស័យសេដ្ឋកិច្ច និងទេសចរណ៍នៅកម្ពុជាផងដែរ។ លោកបន្ថែមថា ការស្ថាបនាព្រលានយន្តហោះនេះគឺ ដោយសារទំនាក់ទំនងល្អនៃប្រទេសកម្ពុជា និងចិនក្រោមគម្រោងBRI។
លោកថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសអ្នកវិនិយោគគិនដែលបានវិនិយោគនៅអាកាសយានដ្ឋានថ្មីនេះ ដែលជាមរតក ជាសមិទ្ធផលដ៏អាស្ចារ្យមួយដូចដែលខ្ញុំនិយាយអម្បាញ់មិញអ៊ីចឹង ហើយក៏មរតកដ៏សំខាន់នៃសម្តេចតេជោហ៊ុន សែន និងឯកឧត្តមប្រធាធិបតី Xi Jinping ដែលបានឯកភាពគំាទ្រ និងអនុវត្តនូវគម្រោងនេះឱ្យចេញជាផ្លែផ្លា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌សម្រាប់ប្រជាជនកម្ពុជា និងជាសមិទ្ធផលប្រវត្តិសាស្រ្តដែលបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការដែកថែបរវាងប្រទេសចិន និងកម្ពុជា»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT(Build Operate and Transfer) មានន័យថា សាងសង់ ដំណើរការរកផលចំណេញ រួចហើយនឹងផ្ទេរមកកម្ពុជាគ្រប់គ្រងវិញ ក្នុងរយៈពេល៥៥ឆ្នាំ។ ព្រលានយន្តហោះថ្មីនេះត្រូវបានកសាងឱ្យទៅជាលំដាប់ថ្នាក់4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។ នេះបើតាមមន្រ្តីរដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ(AIAI) មានភាគហ៊ុនក្រុមហ៊ុនវិនិយោគយូណាន(Yunnan Investment Group) ចំនួន៧៦,៦% ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) ចំនួន២០% និងក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានចំនួន៣,៤%។
ការដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាបនេះ ធ្វើឡើងនៅគ្រាដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាថ្ងៃចន្ទនេះ បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជាទៅចូលរួម«វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងដំណើរទៅចូលរួមនេះ នាយករដ្ឋមន្រ្តីកម្ពុជា«នឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
នៅក្នុងរយៈពេល១០ឆ្នាំ ចាប់តាំងពីការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវពាណិជ្ជកម្មBRIរបស់ចិនមក កម្ពុជាបានទទួលកម្ចីដ៏សម្បើមដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស រួមមានស្ពាន ថ្នល់ និងព្រលានយន្តហោះជាដើម។ រដ្ឋាភិបាលកម្ពុជាដែលកាន់តែស្និទ្ធនឹងប្រទេសចិនបានសរសើរគម្រោង BRI នេះ បើទោះមានភាពចម្រូងចម្រាសដែលលើកឡើងថា គម្រោងមួយនេះអាចត្រូវបានប្រើប្រាស់ជាអន្ទាក់បំណុល ហើយចិនអាចមានឥទ្ធិពលលើប្រទេសដែលខ្ចីបំណុលពីចិនច្រើនសន្ធឹកសន្ធាប់ ហើយមានការលំបាកក្នុងការសងត្រឡប់វិញ។
ទោះជាយ៉ាងណា ការមានព្រលានយន្តហោះថ្មីនេះត្រូវបានមន្រ្តីកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនមកខេត្តសៀមរាប។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក៏បានថ្លែងនៅក្នុងពិធីបើកទទួលជើងហោះហើរដំបូងក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថា មុនមានវិបត្តិជំងឺកូវីដ១៩ មុនសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មុនមានការដណ្តើមភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក និងមុនវិបតិ្តសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០១៩ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសប្រមាណ៣,៩លាននាក់ និងជើងហោះហើរប្រមាណ៤ម៉ឺនជើង និង១០០ជើងហោះហើរប្រចាំថ្ងៃក្នុងអាកាសយានដ្ឋានខេត្តសៀមរាប។ លោកបន្តថា កម្ពុជារំពឹងថា នឹងមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមជាពិសេសភ្ញៀវទេសចរចិននឹងមកចុះចតនៅក្នុងអាកាសយានដ្ឋានថ្មីមួយនេះ។
លោកថ្លែងថា៖ «ទោះបីជានាពេលបច្ចុប្បន្ននេះចលនាជើងហោះហើរប្រចាំថ្ងៃត្រឹមតែ៣៤គ្រឿង ឬស្មើនឹង៣២%នៃឆ្នាំ២០១៩ ក៏យើងនៅមានក្តីសង្ឈឹមថា ហេដ្ឋារចនាសម្ព័ន្ធថ្មីស្រឡាងនៃអាកាសយានដ្ឋានអន្តរជាតិអង្គរខេត្តសៀមរាបអង្គរនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាក់ទាញជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសជាពិសេសជើងហោះហើរពីប្រទេសចិន។
អ្នកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ប្រាប់វីអូអេថា វាជារឿងដ៏គួរឱ្យត្រេកអរមួយសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ដែលមានអាកាសយានដ្ឋានអាចទទួលយន្តហោះបានទូលំទូលាយ។ អ្នកស្រីបន្តថា រដ្ឋាភិបាលអាណត្តិថ្មីនិងភាគីពាក់ព័ន្ធបានពិភាក្សា ដើម្បីពង្រឹង និងពង្រីកទេសចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
អ្នកស្រីថ្លែងថា៖ «កាលណាមានជើងហោះហើរច្រើនចូលមកគឺជាជម្រើសដល់ភ្ញៀវទេសចរច្រើនផងដែរ អ៊ីចឹងវាមានការរំពឹងថា ភ្ញៀវទេសចរដែលកំពុងតែសម្លឹងរកគោលដៅសម្រាប់ដំណើរទេសចរណ៍នឹងមានការចាប់អារម្មណ៍មកលើខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូលផងដែរ»។
ចាប់តាំងពីវិបត្តិជំងឺកូវីដ១៩ ខេត្តសៀមរាបដែលមានតំបន់ទេសចរណ៍ប្រាង្គប្រាសាទបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតមួយនេះ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា ភ្ញៀវទេសចរ ជាពិសេសមកពីប្រទេសចិន នឹងចាប់ផ្តើមចូលមកលេងខេត្តសៀមរាបយ៉ាងច្រើនដូចកាលពីមុនជំងឺកូវីដ១៩ នាពេលណានោះទេ៕