ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មុន​កិច្ច​ប្រជុំ​ BRI​ របស់​ចិន កម្ពុជា​មើល​ឃើញ​ផល​ប្រយោជន៍​ពី​គម្រោង​ដ៏​ធំ​មួយ​នេះ


បុរសម្នាក់កំពុងដឹកអ្នកដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA Khmer)
បុរសម្នាក់កំពុងដឹកអ្នកដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA Khmer)

នៅ​ក្នុង​រយៈពេល​ ១០​ឆ្នាំ​ ចាប់​តាំង​ពី​ការ​បង្កើត​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ (Belt and Road Initiative ឬBRI)​ របស់​ចិន​មក កម្ពុជា​បាន​ទទួល​កម្ចី​ដ៏​សម្បើម​ដើម្បី​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស រួម​មាន​ស្ពាន ថ្នល់ និង​ព្រលាន​យន្ត​ហោះ​ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នា​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ចូលរួម​អបអរ​ខួប​ ១០ឆ្នាំ​ នៃ​គម្រោង​មួយ​នេះ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០២៣។ វេទិកា​នេះ​នឹង​មាន​ការ​ចូលរួម​ពី​មេដឹកនាំ ក៏​ដូច​ជា​តំណាងប្រទេស​ប្រមាណ​ ១៥០។

រដ្ឋាភិបាល​កម្ពុជា​ដែល​កាន់​តែ​ស្និទ្ធ​នឹង​ប្រទេស​ចិន​ បាន​សរសើរ​គម្រោង ​BRI​ នេះ បើ​ទោះ​មាន​ភាព​ចម្រូង​ចម្រាស​នៃ​ការ​លើក​ឡើង​ថា ​គម្រោង​មួយ​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​អន្ទាក់​បំណុល​ ហើយ​ចិន​អាច​មាន​ឥទ្ធិពល​លើ​ប្រទេស​ដែល​ខ្ចី​បំណុល​ពី​ចិន​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​មាន​ការ​លំបាក​ក្នុង​ការ​សង​ត្រឡប់​វិញ។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​កម្ពុជា លោក មាស សុភ័ណ្ឌ​ ប្រាប់​វីអូអេ​ថា​ គំនិត​ផ្ដួច​ផ្ដើម BRI «ពិត​ជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា ​ឱ្យ​មាន​ការ​រីក​ចម្រើន​លូត​លាស់​ តាមរយៈ​ការ​កសាង​នូវ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​បណ្តា​ប្រទេស​នានា​ ដែល​បាន​ចូលរួម​ក្នុង​គម្រោង​ BRI លើ​គ្រប់​វិស័យ​ដូចជា​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ទេសចរណ៍​ វប្បធម៌​ ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន​ជាដើម​ ។​ល»។

កាល​ពី​ខែ​កញ្ញា ​លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន ហើយ​លោក​បាន​អះ​អាង​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​គាំទ្រ​នយោបាយ​ចិន​តែ​មួយ ​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​របស់​ចិន​ជា​លក្ខណៈ​អន្តរជាតិ ​រួម​គ្នា​ប្រឆាំង​នឹង​ការ​ធ្វើ​នយោបាយ​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​។ ​ក្រៅពី​នេះ​ មេដឹកនាំ​កម្ពុជា​និង​ចិន​ បាន​ប្តេជ្ញា​បន្ត​ទំនាក់​ទំន​ង​មិត្តភាព​ដែក​ថែប ​ដែល​មាន​រយៈពេល​ជាង​៦០​ឆ្នាំ ​និង​បាន​ឯកភាព​បន្ស៊ី​ចូល​គ្នា​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​កម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងជំនួបមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Cambodia's Prime Minister Telegram via AP)
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងជំនួបមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Cambodia's Prime Minister Telegram via AP)

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក ​ហ៊ុន ម៉ាណែត ​និង​នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក ​លី ឈាង ​ក៏​បាន​ចុះ​ហត្ថ​លើ​ឯក​សារ​ចំនួន​ ១៥​ និង​កិច្ច​ព្រម​ព្រៀង​ឥណទាន​សម្បទាន ​សម្រាប់​គម្រោង​សាង​សង់​ស្ពាន​ទន្លេ​បាសាក់​ (ចាក់​អង្រែក្រោម-ព្រែកប្រា) ​ដែល​មាន​តម្លៃ​ប្រមាណ​ ៦០​លាន​ដុល្លារ​អាមេរិក។

កម្ពុជា​មាន​គម្រោង​ផ្សេង​ទៀត ក្រោម​កម្ចី​របស់​ចិន រួម​មាន​គម្រោង​ផ្លូវ​ល្បឿន​លឿន ស្ពាន​ឆ្លង​កាត់​ទន្លេមេគង្គ និង​គម្រោង​ផ្លូវ​ដែក​ដែល​កំពុង​សិក្សា។ ​កាល​ពី​ខែ​មិថុនា កម្ពុជា​ បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ទៀត​ពី​ភ្នំពេញ​ទៅ​ទីក្រុង​បាវិត ​ក្នុង​ខេត្ត​ស្វាយរៀង ​ជាប់​ព្រំដែន​វៀត​ណាម​ ដោយ​មាន​ការ​ចំណាយ​ប្រមាណ​១.​៦៣០លាន​ដុល្លារ​អាមេ​រិក ដែល​ត្រូវ​បាន​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ចិន។

របាយ​ការណ៍​របស់​អង្គការ​វេទិកា​អនាគត (Future Forum) ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា​ ឆ្នាំ​ ២០២២ បង្ហាញ​ថា គម្រោង​មួយ​ចំនួន​នៅ​កម្ពុជា​ដែល​ទទួល​មូលនិធិ​ពី​ប្រទេសចិន ក្រោម​គំនិត​ផ្តួច​ផ្តើម​ BRI ប្រឈម​នឹង​បញ្ហា​សំខាន់ៗ​ ដូចជា​បញ្ហា​តម្លាភាព និរន្តរភាព និង​ការ​បំពាន​ច្បាប់។ របាយ​ការណ៍​នេះ​ត្រូវ​បាន​ចង​ក្រង ដោយ​សិក្សា​គម្រោង​ចំនួន​ ៣ ​នៅ​កម្ពុជា​ រួម​មាន​ទំនប់​វារី​អគ្គិសនី​តាតៃ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ និង​ការ​សាង​សង់​ផ្លូវ​ជាតិ​លេខ​ ៦។

​បើ​តាម​វេទិកា​អនាគត ​គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​ ២០២១ ចិន​បាន​សាង​សង់​ស្ពាន​ចំនួន ៨ និង​ផ្លូវ​ប្រវែង​ប្រមាណ​ ៣២០០​គីឡូ​ម៉ែត្រ ដោយ​ប្រាក់​កម្ចី​សម្បទាន​ជាង​ ៣ពាន់​លាន​ដុល្លារ​អាមេរិក។

លោក​ ឯម ​សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ ​ប្រាប់​វីអូអេ​ថា គំនិត​ផ្តួច​ផ្តើម​ BRI​ មាន​ប្រយោជន៍​សម្រាប់​កម្ពុជា ​ប៉ុន្តែលោកថា ការ​សាង​សង់ផ្លូវ​ថ្នល់ភាគ​ច្រើន​គឺ​ក្រោម​រូប​ភាព​កម្ពុជា​ខ្ចីបុល​ពី​ចិន ​ដោយ​ត្រូវភ្ជាប់​ជាមួយ​អត្រា​ការ​ប្រាក់ ​និង​ត្រូវ​បង់​សង​ត្រឡប់​ទៅ​វិញ។ លោក​ថា ​វា​មិន​ដូចជំនួយ​របស់​ជប៉ុន​ដែល​កសាង​ផ្លូវ​ថ្នល់​ឱ្យ​កម្ពុជានោះ​ទេ។​

លោក​បន្ថែម​ថា​ ការ​កសាងផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ ​ក្រោម​រូបភាព​វិនិយោគ ​«សាង​សង់-ប្រតិ​បត្តិ​ការ-ផ្ទេរ» (BOT: Build-Operate-Transfer) ​ដោយ​ក្រុម​ហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន CRBC ក្នុងរយៈពេល​វិនិ​យោគ​ចំនួន ៥០ឆ្នាំ ​ក៏​មិន​ទាន់​ផ្តល់​អត្ថប្រយោជន៍​ពេញ​លេញ​សម្រាប់​ពលរដ្ឋ​នោះ​ដែរ ​ព្រោះ​ពលរដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ទើប​អាច​ប្រើ​ប្រាស់​បាន។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​នៅ​តែ​មើល​ឃើញ​អត្ថប្រយោ​ជន៍​ BRI មាន​កម្រិត បាន​ន័យ​ថា​វាមិន​បាន​ផ្តល់​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទាំង​ស្រុង​ពេញ​លេញ ​អត់​បង់​លុយ​ឯណា។ យើង​បង់លុយ ដូច​ជំនួយ​ផ្លូវ​ល្បឿន​លឿន​ Highwayកំពង់​សោម-ភ្នំពេញ​អ៊ីចឹង។ ​វាត្រូវ​ការ​បង់​លុយ មិន​មែន​ Free វា​មិន​មែន​សេវា​ឥត​គិត​ថ្លៃឯណា។ យើងគិត​មើល អានេះ​ជា​បញ្ហា​មួយ​ដែល​ចោទ​[ជា]​ឧប​សគ្គ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែរ»។

បន្ថែម​ពី​នេះ លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា ​អ្នក​នយោបាយ​កម្ពុជា​ គួរ​តែ​ថ្លឹង​ថ្លែង​យ៉ាង​ណារក្សា​ឱ្យ​បាន​នូវ​នយោបាយ​ការ​បរ​ទេស​ជាមួយ​ប្រទេស​ផ្សេង​ ខណៈ​ទទួល​បាន​កម្ចី​ច្រើន​ពី​ចិន ​ដោយសារ​ទំនាក់​ទំនង​ស្អិត​រមួត។

លោកថ្លែង​ថា៖ «BRI គំ​និត​ផ្តួច​ផ្តើម​ផ្លូវ​និង​ខ្សែ​នេះ​ វាផ្តល់​ផល​ប្រយោជន៍​ហើយ​[សម្រាប់]​កម្ពុជា។ ក៏​ប៉ុន្តែ​បើ​សិន​ជា​យើង​មិន​អាច​រក្សា​បាន​នូវ​តុល្យភាពនៃ​ទំនាក់​ទំនង​ជាមួយ​លោក​ខាង​លិច​ទេ ឬ​យើង​ខ្លួន​ឯង ​ប្រាស​ចាក​នឹង​ខ្លឹមសារ​ច្បាប់​ ​ដែល​យើង​បាន​ចុះ​ហត្ថលេខា​ ដែល​យើង​បាន​អនុវត្ត​ហ្នឹង​គឺ​បាន​ន័យ​ថា យើង​នឹង​បាត់​បង់​អត្ថប្រយោជន៍​ជាមួយ​លោក​ខាង​លិច​ហើយ។ លោក​ខាង​លិច​ទាម​ទារ​ឱ្យ​យើង​ឈរ​ជំហរ​អព្យាក្រឹត ​ជាពិសេសទៅ​លើ​ទីតាំង​ភូមិសាស្រ្ត»។

អ្នក​ស្រាវជ្រាវ​ឈ្មោះ​ Jing Jing Luo ​និង​លោក ឃាង អ៊ុន (Kheang Un) ​បាន​សរសេរ​កាល​ពី​ឆ្នាំ​ ២០២១ ​នៅ​ក្នុង​ឯកសារ​សិក្សា​មួយ​ឈ្មោះ​ Contemporary Southeast Asia​ ថា ការ​វិនិយោគ​និង​ជំនួយ​របស់​ចិន​ គឺ​ជា​កាំបិត​មុខ​ពីរ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកស្រាវជ្រាវ​ទាំងពីរ​រូប​បាន​សរសេរ​ថា៖ «ការ​ភ្ជាប់​ទំនាក់​ទំនង​របស់​ចិន​អាច​ពង្រឹង ​និង​ធ្វើ​ឱ្យ​មាន​ភាព​កម្សោយនៃ​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ថា​ វា​អាច​ជួយ​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ តែ​ការ​វិនិយោគ​របស់​ចិន​ខ្លះ ​មាន​ឥទ្ធិពល​អវិជ្ជមាន​ផ្នែក​សេដ្ឋកិច្ច​សង្គម​លើ​សាធារណជន​កម្ពុជា​ ដូច្នេះ​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា»។​

រដ្ឋា​ភិ​បាល​សហរដ្ឋ​អាមេរិក​ដែល​កំពុង​មាន​ភាព​តានតឹង​ជា​សាកល​ជាមួយ​ប្រទេស​ចិន​ បាន​ព្រមាន​ប្រទេស​នានា​ប្រឆាំង​នឹង​ការ​ខ្ចី​បំណុល​យ៉ាង​ច្រើន​សម្បើម ​ក្រោម​យុទ្ធសាស្ត្រ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​គម្រោង​ BRI​ របស់​ប្រទេស​ចិន។ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកនិយាយ​ថា​ គំនិត​ផ្តួច​ផ្តើម ​BRI ​គឺ​ជា​អន្ទាក់​បំណុល ​និង​អាច​នាំ​ឱ្យ​ប្រទេស​ទាំង​នោះ​បាត់​បង់​ការ​គ្រប់គ្រង​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ដែល​ដាក់​ជា​ទ្រព្យ​បញ្ចាំ​ ដោយ​លើក​ឡើង​ករណី​នៅ​ប្រទេស​ស្រីលង្កា ​ដែល​ធ្លាក់​ក្នុង​អន្ទាក់​ នៅ​ពេល​រដ្ឋា​ភិបាល​ទីក្រុង​ប៉េកាំង​គ្រប់​គ្រង​កំពង់ផែ​សំខាន់ ​ក្រោយ​មិន​អាច​បង់​សង​ត្រឡប់​មកវិញ។

ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាលកម្ពុជា ​បាន​ការពារ​ថា​ ការ​ខ្ចី​អាច​គ្រប់គ្រង​បាន។​ ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​ផ្លូវ​ការ​របស់​ខ្លួន​ថា​បំណុល​បរទេស​បច្ចុប្បន្ន​ មានប្រមាណ​ ១០​ពាន់លាន​ដុល្លារ ​ប្រមាណ​ ៣៥%នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប ​(GDP)។ ​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន ​ស្មើ​ជាង​ ៤០%​នៃ​បំណុល​សរុប ​ដែល​ជា​បំណុល​ច្រើន​ជាង​គេ​បំផុត។ ​នេះ​បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញវត្ថុ ​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២២។

​កាល​ពី​ឆ្នាំ​២០១៩ ​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក ​ហ៊ុន សែន​ ​បាន​ថ្លែង​ថា កម្ពុជា​មិន​ទាន់​ឈាន​ដល់​កម្រិត​ដែល​ត្រូវ​ព្រួយ​បារម្ភ​នោះ​ទេ​ចំពោះ​បំណុល​ពី​ចិន ​តាម​រយៈ​គម្រោង​ខ្សែ​ក្រវាត់​ពាណិជ្ជ​កម្ម​ចិន​ BRI។

​លោក ហ៊ុន សែន ​បាន​ថ្លែង​កាល​នោះ​ថា៖​ «​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា ​មិន​ដល់​កម្រិត​នោះ​ទេ។ ប៉ុន្តែ​រឿង​ប្រទេស​ដទៃ​ ​មិន​មែន​គ្រាន់​តែ​ប្រទេស​ខ្លះ​ជំពាក់​បំណុល​គេ​រហូត​ទៅ​ដល់​ ២០០​ ភាគរយ​ ​៣០០ ​ភាគរយ​ ​ឬ​ ៥០០ ​ភាគរយ​នៃផលិត​ផល​សរុប​ក្នុងស្រុក​ ​GDP​ ​ប៉ុន្តែ​មិន​មែន​បាន​ជំពាក់​ចិន​ឯ​ណា។​ ​វា​មិន​មែន​ជា​អន្ទាក់​របស់​ចិន​ទេ។​ ​ប្រទេស​ខ្លះ​អត់​ទាំង​ជំពាក់​ចិន​ផង​ ​ប៉ុន្តែ​ជំពាក់​តាំងពី​មុន​ពេល​ដែល​ចិន​មាន​នយោបាយ​ផ្លូវ​និង​ខ្សែ​ក្រវាត់​ឯណោះ»។

លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​អំពី​លទ្ធ​ភាព​ក្នុង​ការ​រក្សា​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ ក្នុង​ការ​ខ្ចី​បំណុល​ឥណទាន​ពី​ប្រទេស​ដទៃ​ និង​ការ​គោរព​របស់​ប្រទេស​ចិន​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​ទាំង​នោះ។

ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​វីអូអេ​ បានសួរ​តាម​សារ​អ៊ីមែល​នោះ​ទេ។

គួរ​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​សរសើរ​ជំនួយ​របស់​ចិន​ថា ​មិន​មានភ្ជាប់​លក្ខខណ្ឌ​អ្វី​ឡើយ ខណៈ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​លោក​ខាង​លិច​បាន​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង ​ក្រោយ​មាន​ការ​បង្ក្រាប​នយោ​បាយ​លើ​ក្រុម​ប្រឆាំង​ និង​ការ​ប្រើ​ប្រាស់​វិធានការ​ផ្លូវ​ច្បាប់​លើ​គណបក្ស​ប្រឆាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG