ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា


រូបឯកសារ៖ លោក ឆាំង យុ នាយកវិទ្យាស្ថាន​ស្លឹករឹត ដែល​ត្រូវបាន​ស្គាល់​ថា​ជា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ផ្តល់បទសម្ភាសន៍​ឱ្យ​វីអូអេ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ លោក ឆាំង យុ នាយកវិទ្យាស្ថាន​ស្លឹករឹត ដែល​ត្រូវបាន​ស្គាល់​ថា​ជា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ផ្តល់បទសម្ភាសន៍​ឱ្យ​វីអូអេ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជាបាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ រដ្ឋា​ភិបាល​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​នឹង​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​កម្ពុជា ​ហើយ​ជួយ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស។​

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ​ទី​ ៥​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤ ​ខាង​មុខ​ ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី​ទី​ ៤៧​ របស់​សហរដ្ឋ​អាមេរិក។​

លោក​ ឆាំង យុ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ហៅ​កាត់​ថា​ DC-Cam​ ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ជាង​ ៣០ ​ឆ្នាំ​មក​ហើយ​ ប្រាប់​វីអូអេ​ថា ​ការ​បោះ​ឆ្នោត​អាមេរិក​នេះ​មាន ​«ភាព​ស្មុគ​ស្មាញ​ជាង​គេ​បង្អស់»​ នៅ​ក្នុង​ពិភព​លោក។​ លោក​បន្ថែម​ថា​ ពលរដ្ឋ​អាមេរិកាំង​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ចុះ​ឈ្មោះ​តាម​អនឡាញ ​និង​តាម​ស្ថានទូត​ ដើម្បី​អាច​បោះ​ឆ្នោត​បាន។​ លោក​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​តាម​អនឡាញ​បាន​បង្ក​ភាព​ងាយ​ស្រួល ភាព​រហ័ស ​និង​អាច​សន្សំ​ពេល​វេលា​បាន​ច្រើន។​

លោក​ ឆាំង យុ​ បន្ថែម​ថា​ ការ​ចូលរួម​បោះ​ឆ្នោត​ជា​កាតព្វ​កិច្ច​មួយ​របស់​លោក​ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិក​ដែល​បាន​បង់​ពន្ធ​ ហើយ​លោក​ចង់​ចូលរួម​ក្នុង​ការ​បង្ហាញ​អំពី​ការ​ចង់​បាន​របស់​លោក។​

ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ លោក​ ឆាំង យុ​ ថ្លែង​ថា ​លោក​ចង់​ឃើញ​កម្ពុជា​និង​អាមេរិក​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា។​

លោក​ប្រាប់​វីអូអេ​ថា៖​ «អ្វី​ដែល​ខ្ញុំ​ចង់​បាន​ចំពោះ​រដ្ឋាភិបាល​ថ្មី ​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ ​មក​ដល់​ប្រទេស​កំណើត​របស់​ខ្ញុំ​ ប្រទេស​កម្ពុជា​របស់​យើង​ ឱ្យ​បាន​ប្រសើរ​ជាង​មុន​ ឱ្យ​មាន​ការ​បើក​ទូលាយ​ជាង​មុន ​ឱ្យ​មាន​ការ​យោគ​យល់​គ្នា ​ឱ្យ​មាន​ការ​មើល​ឃើញ​ពី​ភាព​វិជ្ជមាន ​ជា​ជាង​ចង្អុល​ពី​ភាព​អវិជ្ជមាន​ដែល​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ។ ​ហើយ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឱ្យ​សហ​រដ្ឋ​អាមេរិក​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​ល្អ​ជាង​មុន»។​

រូបឯកសារ៖ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្បែរអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)
រូបឯកសារ៖ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្បែរអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)

លោក​ អ៊ូ​ ច័ន្ទរ័ត្ន ​អនុ​ប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា ​និង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែរ​ ថ្លែង​ថា​ លោក​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​បន្ត​ការ​គាំទ្រ​អភិវឌ្ឍ​កម្ពុជា ​ជួយ​ជំរុញ​ផ្នែក​ប្រជា​ធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ប្រសើរ​ និង​សហ​រដ្ឋ​អាមេរិក​ជួយ​កម្ពុជា​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​កម្ពុជា​មាន​អព្យាក្រឹត្យ​ភាព។​

ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក​មាន​ភាព​រកាំ​រកូស​ជា​បន្ត​បន្ទាប់​ ហើយ​ចុង​ក្រោយ​នេះ​ សហ​រដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក ​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់​និង​ការ​បោក​ប្រាស់​តាម​អនឡាញ។ ​ក្រសួង​ការ​បរទេស​កម្ពុជា​ចាត់​ទុក​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក​ លី យ៉ុងផាត់ ​ដែល​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​«មាន​ចេតនា​នយោបាយ ​និង​ផ្ទុយ​ទាំង​ស្រុង​ពី​ស្មារតី​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី ​និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»​រវាង​ប្រទេស​ទាំង​ពីរ។​

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​លោក ​Wesley Holzer ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​ ពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ផ្ញើ​សន្លឹក​ឆ្នោត​របស់​ពួកគេ​តាម​របៀប​ផ្សេងៗ​ រួម​មាន​ការ​បោះ​ឆ្នោត​តាម​អ៊ីម៉ែល​ផង​ដែរ។ ​លោក​បញ្ជាក់​ថា​ ពលរដ្ឋ​ជា​ច្រើន​បាន​បញ្ជូន​សន្លឹក​ឆ្នោត​របស់​ពួក​គេ​រួច​ហើយ។​

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នោះ ​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ផ្តល់​សេវា ​ដើម្បី​អាច​ផ្ញើ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​អាមេរិកាំង​ទៅ​កាន់​មន្រ្តី​នៅ​ក្នុង​រដ្ឋ​ដែល​ពួក​គេ​បោះ​ឆ្នោត។​ លោក​បញ្ជាក់​ថា​ ពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេស​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ ដើម្បី​ចូលរួម​ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ ​តាម​រយៈ​ការ​បោះ​ឆ្នោត៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG