ជំនួយមនុស្សធម៌កំពុងចាប់ផ្តើមចូលទៅដល់តំបន់ហ្កាហ្សា តាមរយៈកំពង់ផែបណ្តោះអាសន្នដែលត្រូវបានសាងសង់ឡើងដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិក។
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បាននិយាយកាលពីថ្ងៃពុធនៅឯសេតវិមានថា៖ «ជំនួយកំពុងទៅដល់។ វាមិនទៅដល់ក្នុងអត្រាដែលពួកយើងនឹងពេញចិត្តនោះទេ ព្រោះយើងតែងតែចង់បានការបញ្ជូនជំនួយលឿនជាងនេះ»។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ជំនួយជាង ៨០០ តោន អាចនឹងទៅដល់តំបន់ហ្កាហ្សា នៅយប់ថ្ងៃពុធ។
អនុឧត្តមនាវីឯកលោក Brad Cooper នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងបញ្ជូនជំនួយប្រហែល ៥០០ តោន ជារៀងរាល់ថ្ងៃតាមកំពង់ផែនេះ ឬប្រហែល ៩០ រថយន្ត ក្នុងមួយថ្ងៃ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN ។
ជំនួយនេះបានទៅដល់ ចំពេលដែលតំបន់ហ្កាហ្សាត្រូវបានគេរាយការណ៍ថាកំពុងជិតធ្លាក់ក្នុងគ្រោះទុរ្ភិក្ស។ មន្ត្រីជំនួយមនុស្សធម៌មួយចំនួននិយាយថា គ្រោះទុរ្ភិក្សបានកើតឡើងនៅកន្លែងខ្លះរួចទៅហើយ។
ទន្ទឹមគ្នានោះដែរ រថក្រោះរបស់យោធាអ៊ីស្រាអែលបានឈានទៅមុខចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីយប់ថ្ងៃពុធ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
អ៊ីស្រាអែលនិយាយថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីវាយប្រហារទីតាំងនេះនៅតំបន់ហ្កាហ្សា ដែលខ្លួនជឿថាសមាជិកក្រុមហាម៉ាស់កំពុងលាក់ខ្លួន បើទោះបីជាមានជនជាតិប៉ាឡេស្ទីនជាច្រើនកំពុងជ្រកកោននៅទីនោះក៏ដោយ។
ស្ទើរតែពាក់កណ្តាលនៃប្រជាជនប៉ាឡេស្ទីនជាង ២លាន ៣សែននាក់នៅតំបន់ហ្កាហ្សា បានស្វែងរកការជ្រកកោននៅទីក្រុង Rafah រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនលើទីក្រុង Rafah មកមនុស្សប្រហែល ៨សែននាក់ បានភៀសខ្លួនម្តងទៀត។
សង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រមាណ ១.២០០នាក់ ហើយមនុស្សប្រមាណ ២៥០ នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារនោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ៣៥.០០០នាក់ នេះបើយោងតាមក្រសួងសុខាភិបាលតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់៕
វេទិកាបញ្ចេញមតិ