ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន​ថា ទាហាន​អ៊ីស្រាអែល​សម្លាប់​មនុស្ស​៧នាក់​នៅក្នុង​ការ​វាយ​ឆ្មក់​នៅ​តំបន់ West Bank


ទាហាន​អ៊ីស្រាអែល​ធ្វើ​ប្រតិបត្តិការ​លើ​ជំរំ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​នៅក្រុង Jenin នៃតំបន់ West Bank នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
ទាហាន​អ៊ីស្រាអែល​ធ្វើ​ប្រតិបត្តិការ​លើ​ជំរំ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​នៅក្រុង Jenin នៃតំបន់ West Bank នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

កង​កម្លាំង​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ឆ្មក់​ដ៏​ប្រល័យ​មួយនៅ​ថ្ងៃ​អង្គារ​នេះ ទៅ​លើ​តំបន់​ត្រួតត្រា​ West Bank និង​បានប្រយុទ្ធ​ជាមួយ​ក្រុម​យុទ្ធជន​ហាម៉ាស់​នៅ​ក្នុង​តំបន់ហ្កាហ្សា​ភាគ​ខាង​ត្បូង​ ខណៈដែល​រដ្ឋមន្ត្រី​ការពារជាតិ​ ​អ៊ីស្រាអែល​លោក​ Yoav Gallant បាន​ទាត់ចោល​នូវ​វិធានការមួយ​របស់រដ្ឋអាជ្ញា​កំពូល​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ដែលមាន​បំណងចេញ​ដីការ​ចាប់ខ្លួន​រូប​លោក​និង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ Benjamin Netanyahu។

ក្រុម​មន្ត្រីសុខាភិបាល​ប៉ាឡេស្ទីននិយាយ​ថា​ ​ទាហាន​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​ ៧ ​នាក់​ ក្នុង​អំឡុង​ពេលវាយឆ្មក់​ចូល​ទៅ​ក្នុង​ទីក្រុង Jenin ​ក្នុង​តំបន់​ West Bank ដោយ​ប្រធានមន្ទីរពេទ្យ​រដ្ឋាភិបាល​ក្រុង​ Jenin និយាយ​ថា​ ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ មាន​ម្នាក់​ជា​វេជ្ជបណ្ឌិត​វះកាត់​ផង​ដែរ។

កង​យោធា​អ៊ីស្រាអែលបាន​រាយការណ៍ពី​ប្រតិបត្តិការ តាម​ប្រមាញ់​មួយ​ទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ និងថា​ កម្លាំង​របស់​ខ្លួន​បាន​បាញ់​ទៅ​លើ​ក្រុម​យុទ្ធជន​មួយ​ចំនួន។ ​

ទាហាន​ថ្មើរជើង​អ៊ីស្រាអែល​និង​យន្តហោះ​បាន​ចូលរួម​ក្នុង​ការប្រយុទ្ធ​ក្នុងទីក្រុង ​Rafah ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ត្បូង​ ខណៈ​ទាហាន​អ៊ីស្រាអែល​មួយ​ចំនួន​ទៀត​ បាន​ប្រយុទ្ធ​ជា​មួយ​ក្រុម​ហាម៉ាស់នៅ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង​និងកណ្តាល​។ នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់​ក្រុមយោធា​អ៊ីស្រាអែល។

លោក ​Gallant បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ហៅ​ការសុំឱ្យ​ចេញដីកា​ចាប់ខ្លួនពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ សម្រាប់រូប​លោក​និង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​Netanyahu​ ថា​ជា​រឿង​គួ​ឱ្យ​ «ខ្មាសអៀន»។

រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ លោក​ Karim Khan បាន​ប្រកាសកាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​លោក​កំពុង​ស្វះស្វែង​ដើម្បី​ចេញ​ដីកា​ចាប់ខ្លួន​ សម្រាប់​លោក​ Netanyahu និង​លោក Gallant ក៏​ដូច​ជា​មេដឹកនាំ​ក្រុមហាម៉ាស់ ​៣ នាក់​ ក្នុង​តំបន់​ហ្កាហ្សា​ផង​ដែរ​ ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​និងឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​ដែលពាក់ព័ន្ធនឹង​សង្គ្រាម​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់។

លោក​ Netanyahu បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ទង្វើរបស់​រដ្ឋអាជ្ញា​រូបនេះ​ ជា​ទង្វើ​«ខ្វះសីលធម៌ដ៏​ធំ​មួយ»។ ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Joe Biden​បា ន​រិះគន់លើ​អ្វី​ដែល​លោក​ហៅ​ថា​ ជា​ការ​សម្រេចរបស់​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ដែល​ចាត់ទុកពី​ភាព​ស្មើគ្នា​រវាង​ការ​វាយប្រហារនិង​ការ​ចាប់ចំណាប់​ខ្មាំង​របស់របស់​ក្រុមភេរវករ​ហាម៉ាស់​នៅ​ក្នុង​តំបន់​ភាគខាង​ត្បូង​អ៊ីស្រាអែល​ និងប្រតិបត្តិការ​យោធារបស់​អ៊ីស្រាអែលក្នុង​តំបន់​ហ្កាហ្សា៕​ ​

ព័ត៌មាន​ខ្លះ​ក្នុង​អត្ថបទ​នេះ​ត្រូវបាន​ស្រង់ចេញ​ពីទី​ភ្នាក់ងារសារព័ត៌មាន The Associated Press Agence France-Presse និង​ទីភ្នាក់ងារសារព័ត៌មាន​ Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG