ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​និយាយ​ថា អ៊ីស្រាអែល​តាំងចិត្ត​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​វាយ​ប្រហារ​ថ្មើរ​ជើង​ក្នុង​ទីក្រុង Rafah


រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក ​Yoav Gallant ពិភាក្សាជាមួយ​ទាហាន​អ៊ីស្រាអែល​ នៅ​ព្រំដែន​អ៊ីស្រាអេល​ក្បែរ​ទីក្រុង Rafah នៃ​​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤។ (Israeli Army / AFP)
រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក ​Yoav Gallant ពិភាក្សាជាមួយ​ទាហាន​អ៊ីស្រាអែល​ នៅ​ព្រំដែន​អ៊ីស្រាអេល​ក្បែរ​ទីក្រុង Rafah នៃ​​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤។ (Israeli Army / AFP)

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក ​Yoav Gallant បាន​និយាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ អ៊ីស្រាអែល​បាន​តាំង​ចិត្ត​ពង្រីក​ប្រតិបត្តិការ​វាយប្រហារថ្មើរ​ជើង​របស់​ខ្លួន​លើ​ទីក្រុង ​Rafah ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា​ ខណៈ​លោក​បាន​ជួប​ជាមួយទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិកលោក​ Jake Sullivan។

លោក ​Gallant បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​ លោកបាន​ប្រាប់​ដល់​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​អាមេរិក​រូប​នេះថា​ កិច្ចប្រឹងប្រែងក្នុង​ទីក្រុង​ Rafah គឺ​ដើម្បីតាមកម្ទេច​ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស់​ និង​ដើម្បី​ធ្វើ​ឱ្យ​មាន​ការដោះលែង​ក្រុម​ជន​ចំណាប់ខ្មាំង​ ដែល​កំពុងត្រូវ​បាន​ឃុំឃាំង​ក្នុង​តំបន់​ហ្កាហ្សា​នៅ​ឡើយ។

លោក​ Gallant​ ក៏​បាន​និយាយ​ផង​ដែរ​ថា​ លោក​និងលោក Sullivan បាន​ពិភាក្សា​ទៅ​លើវិធី​ជា​ច្រើន​ ដើម្បី​ពង្រឹងគោលជំហរ​របស់​អ៊ីស្រាអែល​ក្នុងតំបន់​មជ្ឈិម​បូព៌ា។

លោក Sullivan ​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដើម្បី​ពិភាក្សា​លើគោលដៅ​ប្រតិបត្តិការ​វាយប្រហាររបស់​យោធា​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា​ ដែល​អាចធ្វើ​ឱ្យ​មាន​ហានិភ័យតិចតួច​លើជនស៊ីវិល។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​រូប​នេះ​ក៏​បានបញ្ជាក់​ឡើង​វិញ​ពី ​គោលជំហរក្នុង​ពេលកន្លង​ទៅ​របស់​លោក​ប្រធានាធិតបី​អាមេរិក Joe Biden លើ​ទីក្រុង ​Rafah​ ផង​ដែរ។ នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់សេតវិមាន​ ដោយ​ចង់​សំដៅ​ទៅ​លើការអំពាវនាវ​របស់​លោក​ Biden ​ដើម្បី​បញ្ជៀស​ការវាយ​ប្រហារ​ទ្រង់ទ្រាយ​ធំមួយទៅ​លើក្រុង ​Rafah ដោយ​សារ​តែ​ការភ័យខ្លាច​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​មហន្តរាយមនុស្សធម៌​។ ​

លោក Sullivan ក៏​បាន​ជម្រាប​ដល់​លោក​ Netanyahu ពី​ការពិភាក្សារបស់​លោក​ជា​មួយរជ្ជទាយាទ​ ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ព្រះអង្គម្ចាស់ Mohammed bin Salman នៅ​ក្នុង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​ផង​ដែរ។​ នេះ​បើតាមការ​ឱ្យ​ដឹង​របស់​សេតវិមាន​ដដែល។ ផែនការ​របស់​អាមេរិក​គឺ​ថា ចង់​ឱ្យ​អារ៉ាប៊ីសាអូឌីត​ទទួលស្គាល់ប្រទេស​អ៊ីស្រាអែល និង​ជួយ​ដល់​អាជ្ញាធរប៉ាឡេស្ទីន​គ្រប់គ្រង​តំបន់​ហ្កាហ្សា​ ​ដែល​ជា​ថ្នូរ​មួយ​ឆ្ពោះទៅ​រក​ការបើកផ្លូវ​ជា​សន្សឹមៗទៅ​រក​ការ​មាន​រដ្ឋ​ប៉ាឡេស្ទីនមួយ​នៅ​ក្នុងជ្រោយ​ឧបទ្វីប​មួយ​នេះ។ ​

​សេចក្តី​ថ្លែងការណ៍​ពី​ខុទ្ធកាល័យ​នាយក​រដ្ឋមន្ត្រី ​Netanyahu ​ជុំវិញកិច្ចប្រជុំ​កាលពី​ថ្ងៃ​អាទិត្យ​ ផ្តោតលើ​ប្រតិបត្តិការ​យោធាអ៊ីស្រាអែល​ក្នុង​ទីក្រុង Rafah ​ជំនួយ​មនុស្សធម៌​និងចំណាប់​ខ្មាំង​ ដែល​កំពុងត្រូវ​បាន​ឃុំឃាំង​ក្នុង​តំបន់​ហ្កាហ្សា៕​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters, The Associated Press និង ​Agence France-Presse។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG