ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អៀរឡង់ ន័រវែស និងអេស្ប៉ាញ​នឹង​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន


នាយករដ្ឋមន្ត្រី​ប្រទេស​ន័រវែស​លោក Jonas Gahr Store ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានមួយ នៅទីក្រុង Oslo ប្រទេស​ន័រវែស​ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី​ប្រទេស​ន័រវែស​លោក Jonas Gahr Store ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានមួយ នៅទីក្រុង Oslo ប្រទេស​ន័រវែស​ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

ប្រទេស​អៀរឡង់ ន័រវែស និង​អេស្ប៉ាញ​បាន​ប្រកាស​រៀងៗ​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​ការ​ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន ដោយ​យោង​លើ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) នៅក្នុង​តំបន់​ហ្កាហ្សា (Gaza) និង​តម្រូវការ​នៅក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ដំណោះស្រាយ​រដ្ឋ​ពីរ​សម្រាប់​សន្តិភាព​ដ៏​យូរ​អង្វែង​នៅក្នុង​តំបន់។

ប្រទេស​ន័រវែស​បាន​បញ្ជាក់​ថា មាន​ការ​ឯកភាព​គ្នា​ជា​អន្តរជាតិ​ដ៏​ទូលំទូលាយ​អំពី​តម្រូវការ​ឱ្យ​មាន​ដំណោះស្រាយ​រដ្ឋ​ពីរ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការបោះឆ្នោត​គាំទ្រ​ដ៏​លើសលប់​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ខែ​នេះ​ក្នុងការ​ទទួលស្គាល់​ប៉ាឡេស្ទីន​ថា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ផងដែរ។

នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​លោក Pedro Sanchez បាន​និយាយ​ថា ការ​សម្រេច​នេះ​គឺ​ផ្អែកលើ «សន្តិភាព យុត្តិធម៌ និង​ភាព​ចុះសម្រុង​គ្នា»។

ប្រទេស​ទាំង ៣ បាន​បញ្ជាក់​ថា ការ​ទទួលស្គាល់​របស់​ពួកគេ​នូវ​រដ្ឋ​ប៉ាឡេស្ទីន​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ២៨ ខែ​ឧសភា​ខាងមុខ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក Israel Katz បាន​ប្រកាស​ភ្លាមៗ​អំពី​ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​អៀរឡង់​និង​ឯកអគ្គរដ្ឋទូត​ន័រវែស​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​អំពី​ការ​ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​នេះ។

លោក Katz បាន​និយាយ​ថា ការ​ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​គឺ​ជា​រង្វាន់​សម្រាប់​ក្រុម​ហាម៉ាស់​និង​ប្រទេស​អ៊ីរ៉ង់ និង​ជា «អំពើ​អយុត្តិធម៌​ចំពោះ​ការ​រំឭក» ដល់​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន។

នាយករដ្ឋមន្ត្រី​អៀរឡង់​លោក Simon Harris បាន​និយាយ​ថា អៀរឡង់​ទទួលស្គាល់​យ៉ាង​ពិត​ប្រាកដ​នូវ​ប្រទេស​អ៊ីស្រាអែល​និង​សិទ្ធិ​របស់​អ៊ីស្រាអែល​ក្នុង​ការ​រស់រាន​មាន​ជីវិត​ «ដោយ​សុវត្ថិភាព​និង​មាន​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង​ខ្លួន»។ លោក Harris បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​ដែល​ក្រុម​ហាម៉ាស់​កំពុង​ដាក់​ឃុំ​នៅក្នុង​តំបន់​ហ្កាហ្សា។

លោក Harris បាន​ចង្អុល​ទៅ​លើ​ប្រវត្តិសាស្ត្រ​ផ្ទាល់ខ្លួន​របស់​អៀរឡង់​និង​សារៈសំខាន់​នៃ​ការ​ទទួល​បាន​ការ​ទទួលស្គាល់​ពី​ប្រទេស​ដទៃ៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG