ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សហភាព​អាហ្វ្រិក​​បង្កើត​តុលាការ​កូនកាត់​សម្រាប់​ស៊ូដង់​ខាង​ត្បូង


រូបភាព​ឯកសារ៖ ទាហាន​រដ្ឋាភិបាល​ម្នាក់​កំពុង​បញ្ជា​កាំភ្លើង​នៅ​ក្នុង​ទីក្រុង​សម្បូរ​ប្រេង​ Malakal ស៊ូដង់ខាងត្បូង។​
រូបភាព​ឯកសារ៖ ទាហាន​រដ្ឋាភិបាល​ម្នាក់​កំពុង​បញ្ជា​កាំភ្លើង​នៅ​ក្នុង​ទីក្រុង​សម្បូរ​ប្រេង​ Malakal ស៊ូដង់ខាងត្បូង។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ដែល​មាន​មូល​ដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​ កំពុង​អំពាវនាវ​ឲ្យ​សហភាព​អាហ្វ្រិក​ចាប់​ផ្តើម​បង្កើត​តុលាការ​កូន​កាត់​ ដែល​ជា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ការ​បង្កើត​តុលាការ​នេះ​ គឺ​ជា​ផ្នែក​មួយ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៃ​ប្រទេស​ស៊ូ​ដង់​ខាង​ត្បូង​ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៥​ ដើម្បី​កាត់​ទោស​ជន​សង្ស័យ​ឧ​ក្រិដ្ឋកម្ម​សង្គ្រាម។​

អ្នក​ស្រី​ Elise Keppler នាយក​រង​ផ្នែក​កម្មវិធី​យុត្តិធម៌​អន្តរជាតិ​នៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និយាយ​ថា​ ការ​បង្កើត​តុលាការ​នេះ​ នឹង​បញ្ជាក់​ថា​សហភាព​អាហ្រ្វិក​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បដិសេធ​និទណ្ឌភាព​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ និង​ចង់​យក​ឧក្រិដ្ឋជន​សង្រ្គាម​អំឡុង​សង្រ្គាម​ស៊ីវិល​មក​កាត់​ទោស។​

ការ​កោះហៅ​ឲ្យ​មាន​ការ​បង្កើត​តុលាការនេះ​ កើត​ឡើង​ស្រប​ពេល​ដែល​ប្រធានាធិបតី​ស៊ូ​ដង់​ខាង​ត្បូង​លោក​ Salve Kiir​ និង​អនុប្រធានាធិបតី​លោក Riek Machar បាន​សរសេរ​អត្ថបទ​បញ្ចេញ​មតិ​រួម​គ្នា​ក្នុង​កាសែត​ New York Times​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ។ អត្ថបទ​នោះ​បាន​អំពាវ​នាវ​ឲ្យ​ពិភព​លោក​គាំទ្រ​គណៈកម្មការ​ដើម្បី​ការ​ពិត​ និង​ការផ្សះផ្សា​ ដូច​នឹង​អាហ្រ្វិក​ខាង​ត្បូង​ និង​ប្រទេស​អៀរ​ឡង់​ខាង​ជើង​ ជា​ជាង​ការ​បង្កើត​តុលាការព្រហ្មទណ្ឌ។​ ពួក​គេ​បាន​សង្កត់​ថា​ការ​ដាក់​ទោស​ទណ្ឌកម្ម ដូច​ជា​ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​ នឹង​ធ្វើ​ឲ្យ​ប្រទេស​ស៊ូដង់​ខាង​ត្យូង​មិន​មាន​ស្ថេរភាព។

អ្នក​ស្រី​ Keppler និយាយ​ថា​ អត្ថបទ​នៅ​ក្នុង​កាសែត​ New York Times គឺ​ជា​បំណង​របស់​លោក​ប្រធានាធីបតី​ Salve Kiirនិង​លោក ​ Machar ក្នុង​ការកម្រិត​ភាព​ឈោង​នៃ​ច្បាប់។

«អត្ថបទ​ដែល​បាន​សរសេរ​ដោយ​លោក​ Riek Machar និង​លោក​ Salve Kiir ពិត​ជា​បង្ហាញ​អំពី​ការ​បម្រើ​សេចក្តី​ត្រូវ​ការ​ខ្លួន​ឯង​ដើម្បី​គេច​ពី​ការ​ទទួលខុស​ត្រូវ។​ មេដឹក​នាំ​ទាំង​នេះ​បាន​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​។ ពួកគេ​ផ្ទាល់​ក៏​បាន​យល់​ព្រម​ដូច​ដែល​បាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ឆ្នាំ​២០១៥​ ក្នុង​ការ​ឲ្យ​យុត្តិធម៌​បោះ​ជំហាន​ទៅ​មុខ​ ហើយ​ពួក​គេ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​កាសែត​ New York Times ក្នុង​ការ​ព្យាយាម​គេច​ពី​បញ្ហា​តុលាការ​ ដោយ​ជំរុញ​សំណើ​ស្វែង​រក​ការ​ពិត​និង​ការ​ផ្សះផ្សាជំនួស​វិញ»។​

​ ក្នុង​អត្ថបទ​របស់​ពួក​គេ​ លោក​ប្រធានាធិបតី​ Kiir និង​លោក​អនុ​ប្រធានាធិបតី​ទីមួយ​លោក​ Machar និយាយ​ថា ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ត្រូវ​ការ​ការ​ពិត​ មិន​មែន​ការ​កាត់​ក្តី​តុលាការ​នោះ​ទេ។​

ពួក​លោក​និយាយ​ថា​ «យុត្តិធម៌​តាម​រយៈ​ការ​ដាក់​ពិន័យ​ ទោះ​បីជា​ដំណើរ​ការ​ក្រោម​ច្បាប់​អន្តរជាតិ​ក៏​ដោយ ក៏​នឹង​ធ្វើ​ឲ្យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បង្រួប​បង្រួម​ជាតិ​របស់​យើង​បាត់​បង់​ស្ថិរភាព​ តាមរយៈ​ការ​រក្សា​នូវកំហឹង​ និង​ភាព​ស្អប់​ខ្ពើម​នៅ​ក្នុង​ចំណោម​ប្រជាជន​ស៊ូដង់​ខាង​ត្បូង»។

ប៉ុន្តែ​ អ្នក​ស្រី​ Keppler និយាយ​ថា ​អង្គការ​របស់​អ្នក​ស្រី​បាន​រក​ឃើញ​ថា​កាល​ពី​ឆ្នាំ​មុន​ៗ​ និទណ្ឌភាព​ និង​កង្វះខាត​យុត្តិធម៌​ តែង​តែ​ជំរុញ​ឲ្យ​មាន​ការ​រំលោភ​បំពាន​កាន់​តែ​ច្រើន។

អ្នកស្រី​បន្ត​ថា​បច្ចុប្បន្ន​នេះ​គឺ​ខុស​ពី​ពេល​ដែល​គណៈកម្មការ​ស្វែង​រក​ការ​ពិត​ និង​ការ​ផ្សះផ្សា​របស់អាហ្វ្រិក​ខាង​ត្បូង​ ដែល​ត្រូវ​បាន​បង្កើត​ក្នុង​ទសវត្សរ៍​១៩៩០។

«សាលាក្តី​នៅ​ប្រទេស​យូហ្គោស្លាវី និង​ប្រទេស​រវ៉ាន់ដា​ មិន​បាន​ដំណើរ​ការ​ពេញ​លេញ​នោះ​ទេ។​ អ្នក​មិន​មាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ អ្វី​ដែល​បាន​កើត​ឡើង​នោះ​គឺ​ យុត្តិធម៌​ឥឡូវ​នេះ​អាច​មាន​ ហើយ​វា​ត្រូវ​បាន​ធានា​បាន​ទាំងក្រោម​ច្បាប់​អន្តរជាតិ និង​គោល​សីលធម៌​សម្រាប់​ជនរង​គ្រោះ​ផងដែរ»។

អ្នកស្រី​និយាយ​ថា​ សហភាព​អាហ្រ្វិក ​ដែល​បាន​ប្តេជ្ញា​ចិត្តច្រាន​ចោល​និទណ្ឌភាព​ មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​សង្រ្គាម​កូន​កាត់​មួយ​ សម្រាប់​ប្រទេស​ស៊ូដង់​ខាង​ត្បូង៕

ប្រែសម្រួលដោយ​ ទុំ​ ម្លិះ

XS
SM
MD
LG