ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីរី​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ប្រើ​មីន​កប់ក្នុង​ដី​នៅ​ឆ្នាំ​២០១២


រដ្ឋាភិបាល​ស៊ីរី ​​ប្រហែល​ជា​ប្រើមីន​ក្នុង​ឃ្លាំង ​សល់​ពី ​សហភាព​សូវៀត ​កាល​ពី​ទសវត្សរ៍​១៩៨០។
រដ្ឋាភិបាល​ស៊ីរី ​​ប្រហែល​ជា​ប្រើមីន​ក្នុង​ឃ្លាំង ​សល់​ពី ​សហភាព​សូវៀត ​កាល​ពី​ទសវត្សរ៍​១៩៨០។
សរសេរ​សម្រួល​ដោយ​ អ៊ូ ធក់
សេចក្ដី​រាយការណ៍​ថ្មី​មូយ​ បាន​រក​ឃើញ​ថា មាន​តែ​រដ្ឋាភិបាល​ស៊ីរី​តែ​មួយ​គត់​ក្នុង​ពិភពលោក​ដែល​បាន​ប្រើ​មីន​ប្រឆាំង​មនុស្ស​នៅ​ឆ្នាំ​២០១២។ យោង​តាម​អង្គការ​ឃ្លាំ​មើល​មីន (Mine Monitor)នេះ ប្រទេស​ស៊ីរី​ជាប់លេខ​ទាប​បំផុត​ នៃ​ប្រទេស​ ដែល​ប្រើប្រាស់​អាវុធ​ប្រល័យ​ជីវិត​នេះ ចាប់​តាំង​ពី​មាន​សិទ្ធិសញ្ញា​ទីក្រុង​អូតាវ៉ា​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៩៩៧។
របាយការណ៍​ឆ្នាំ​២០១២ ហៅ​ការ​ប្រើប្រាស់មីន​ដោយ​រដ្ឋាភិបាល​តែមួយ​គត់​ ថាជា​អ្វី​ដែល​គួរឲ្យ​កត់​សម្គាល់​ក្នុង​ប្រវត្ដិសាស្រ្ដ និងជា​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​ដែល​កាល​ពីឆ្នាំ​មុន ​មាន​រដ្ឋាភិបាល​ដល់​ទៅ​បួន​រួម​មាន​ អ៊ីស្រាអែល​ លីប៊ី​ ភូមា​ និង​ ស៊ីរិ​ ដែល​បាន​ប្រើ​មីន​ប្រឆាំង​មនុស្ស។
អង្គការ​ឃ្លាំ​មើល​មីន បាន​កត់​ត្រា​ទុកជា​ឯកសារ​នូវ​ការ​ប្រើ​មីន​ដោយ​រដ្ឋាភិបាល​ ស៊ីរី​នៅ​តាម​ព្រុំដែន​ជា​មួយ​ប្រទេសតួកគី និង​លីបង់ ​កាល​ពីខែ​ មិនា ​ហើយ​បើ​យោង​ទៅ​តាម​ព័ត៌មាន​ដែល​គេ​ទទួល​បាន​ចុង​ក្រោយ​បំផុត​នោះ ​ការ​ប្រើ​មីន​នៅ​តែ​មាន​បន្ដ​ រហូត​ដល់​ខែ​តុលា។ អ្នក​កែ​សម្រួល​របាយការណ៍​នោះ​ លោក ម៉ាក ហ៊ីហ្សណាយ (Mark Hiznay) ថ្លែង​ថា​ តួលេខ​គ្រោះ​មហន្តរាយ​មិន​ទាន់​ទទួល​បាន​សព្វ​គ្រប់​នៅ​ឡើយ តែ​មាន​មនុស្ស​យ៉ាង​តិច​១៩​នាក់​ បាន​ស្លាប់​ដោយសារ​គ្រឿង​ផ្ទុះ​ នៅ​តាមព្រំដែន​ក្នុង​រយៈ​ពេល​ប្រាំ​ខែ​ដំបូង​ក្នុង​ឆ្នាំនេះ ហើយ​មាន​មនុស្ស​បី​បួន​នាក់​ទៀត​ រងគ្រោះ​នៅ​ខែ​តុលា។​
អ្នក​កែសម្រួល​រូប​នោះ​និយាយ​ថា ​ក្រុម​លោក​គ្មាន​ភស្តុតាង​អំពី​កង​កម្លាំង​ប្រឆាំង​ស៊ីរី ​ដែល​បាន​ប្រើ​គឿង​ផ្ទុះ​ដែល​រឹបអូស​យក​បាន​ប្រឆាំង​នឹង​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរីទេ។ តែ​លោក​និយាយ​ថា អង្គការ​ឃ្លាំ​មើល​មីន​ធ្លាប់​ឃើញ​ក្រុមបះបោរ​ប្រើ​គ្រាប់​បែក​ច្នៃ​ដោយ​ខ្លួនឯង ។
លោក ហ៊ីហ្សណាយ និយាយ​ថា​ រដ្ឋាភិបាល​ស៊ីរី ប្រហែល​ជា​ប្រើមីន​ក្នុង​ឃ្លាំង ​សល់​ពី ​សហភាព​សូវៀត ​កាល​ពី​ទសវត្សរ៍​១៩៨០។ ​លោក​និយាយ​ថា ​មិន​ឃើញ​មាន​សញ្ញា​ផ្គត់​ផ្គង់​មីន​ថ្មី​យក​ទៅ​ប្រើ​ប្រាស់​ទេ។​
នៅ​ជុំវិញ​ពិភពលោក ​មាន​ប្រទេស​១៦០​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ហាម​ប្រាម​ការ​ប្រើ​មីន ដែល​ចំនួន​នេះ​សើ្មនឹង​៨០​ភាគរយ ​នៃ​ប្រទេស​ទាំង​អស់។ ប្រទេស​ដែល​មិនព្រម​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា រូម​មាន​សហរដ្ឋ​អាមេរិក រុស្ស៊ី ​និង​ ចិន។​
កាល​ពីឆ្នាំ​កន្លង​ទៅ​ប្រទេស​ហ្វំាងឡង់ ​និង​ស៊ូដង់ខាងត្បូង​ និង​សុម៉ាលី​ បាន​ចូល​រួម​អនុសញ្ញា។ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​អាហ្វ្រ៊ិក​ពីរនេះ ប្រទេស​ទាំងឡាយ​ពីអនុ​តំបន់​សហារ៉ា​ពេលនេះ​ក៏​បាន​ចូល​រួម​ដែរ។​
លោក ហ៊ិហ្សណាយ និយាយ​ថា ចំនួន​ជន​រងគ្រោះ​ដោយសារ​មីន​បាន​ចុះ​ថយ​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​តាំង​ពី​សន្ធិសញ្ញា​ហាម​ប្រាម​ចូល​ជា​ធរមាន។ លោក​ថ្លែង​ថា​ មាន​ជន​រង​គ្រោះ​ថ្មី​ដោយសារ​គ្រាប់មីន និង​គ្រឿង​ផ្ទុះ​សល់​ពីសង្រ្គាម​សរុប​៤.២៨៦​នាក់​ដែល​តួលេខ​នេះបាន​ត្រូវ​កត់​ទុក​នៅឆ្នាំ​២០១១។​ នេះ​ជា​ចំនួន​អ្នក​រងគ្រោះ​១២​នាក់​ក្នុង​មូយ​ថ្ងៃ បើ​ប្រៀប​ធៀប​នឹង​៣២នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ ​២០០១។​
«នៅ​ក្នុង​ប្រទេស​ដែល​ប្រើ​មីន​ច្រើន​សន្ធឹក​ដូចជា អាហ្វហ្គានីស្ថាន​ និង​កម្ពុជា​ អាត្រា​នេះ​បាន​ចុះ​ទាប​គួរឲ្យ​កត់សម្គាល់។ តែ​ដោយ​មាន​ជម្លោះ​ថ្មី​កើត​ឡើង ​ហើយ​ជម្លោះ​ដែល​មាន​ស្រាប់​រឹត​តែ​មាន​សភាព​តឹង​តែង ចំនួន​ជន​រងគ្រោះ​កាន់តែ​ច្រើន​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​ស៊ូដង់ លីប៊ី ​ស៊ូដង់ខាង​ត្បូង​ និងស៊ីរី»។​
ខណៈ​ដែល​ចំនួន​ជន​រងគ្រោះ​ដោយសារ​មីន​បាន​ចុះថយ ​លោក​ហ៊ីហ្សណាយ​កត់​សម្គាល់​ថា​ អកុសល ថវិកា​ជំនួយ​អន្ដរជាតិ​ដល់​ជន​សល់​ពី​ស្លាប់​ដែល​ត្រូវការ​ជំនួយ​ក៏​ថយ​ចុះ​ដែរ។
អង្គការ​ ឃ្លាំមើល​មីន បញ្ជាក់​ថា​ រដ្ឋ​ចំនួន​៥៩​ និង​តំបន់​ចំនួន​ប្រាំមួយ​បាន​ត្រូវ​ប៉ះ​ពាល់​ដោយសារ​មីន​កប់​ក្នុង​ដី​នៅ​ឆ្នាំ​នេះ។ អង្គការ​នោះ​ឲ្យ​ដឹង​ថា ក្រុម​ប្រដាប់​អាវុធ​គ្មាន​រដ្ឋ​ នៅ​អាហ្វហ្គានីស្ថាន កូលូមប៊ី ​ភូមា​ ប៉ាគីស្ថាន ថៃ​ និង​យេមែន ​នៅ​តែប្រើ​មីន​កប់​ក្នុង​ដី។ អង្គការ​នោះ​ឲ្យ​ដឹង​ទៀត​ថា​ មាន​តែ​ឥណ្ឌា ​ភូមា​ បាគីស្ថាន​ និង​កូរ៉េ​ខាង​ត្បូង​ប៉ុណ្ណោះ​ដែល​នៅ​តែ​ផលិត​មីន​ប្រឆាំង​មនុស្ស៕
XS
SM
MD
LG