ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​អាមេរិក​ថា វិធានការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩ អាច​បង្ក​ហានិភ័យ​ដល់​សិទ្ធិ​ពលរដ្ឋ


រូបឯកសារ៖ ប្រជាជន ​នាំ​គ្នា​ឈរ​តម្រង់​ជួរ​រង់​ចាំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ប្រជាជន ​នាំ​គ្នា​ឈរ​តម្រង់​ជួរ​រង់​ចាំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ប្រចំា​តំបន់​អាស៊ី​ បាន​លើកឡើង​ថា ​វិធានការ​សុខា​ភិបាល​របស់​អាជ្ញាធរ​កម្ពុជា​ ​តម្រូវ​ឲ្យ​មាន​ការ​បញ្ជាក់ភស្តុតាង​ពី​ការ​ចាក់​វ៉ាក់​សាំង​បង្ការជំងឺ​កូវីដ​១៩ នៅ​តាម​គ្រឹះស្ថាន​សាធារណៈ​ និង​ឯកជន អាច​បង្ក​ឲ្យ​មាន​ទម្រង់​នៃការ​រំលោភ​បំពាន​សិទ្ធិសេរីភាព​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​សេវា​សុខាភិបាល​ អប់រំ​ របប​សន្តិសុខ​សង្គម​ និង​ការ​គោរព​សិទ្ធិ​មូលដ្ឋាន​ដទៃ​ទៀត។

កាល​ពីខែ​តុលា ឆ្នាំ​២០២១​នេះ អភិបាល​ក្រុង​ភ្នំពេញ​ បាន​ចេញ​បញ្ជា​ឲ្យ​មានការបង្ហាញ​ភស្តុតាង​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ នៅ​តាម​ទីតាំង​សាធារណៈ ​និង​ឯកជន​មួយ​ចំនួន ដោយ​មិនមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​ទូលំទូលាយ​ ឬ​ផ្តល់ការ​អប់រំ​បង្រៀន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ចំណាត់​ការ​ថ្មី​នេះទេ។ ​ការណ៍​នេះ​ ជំរុញ​ឲ្យ​មាន​នូវ​លទ្ធភាព​ដែល​អាចនាំឲ្យពលរដ្ឋប្រឈម​នឹង​ការ​បដិសេធ​ចំពោះការ​ផ្តល់ស្បៀងអាហារ​ សេវា​ថែទាំ​សុខភាព ឬ​ការ​អប់រំ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ចេញ​ផ្សាយ​ជា​សាធារណៈ​ កាលពី​ថ្ងៃ​ទី​២៦ ​ខែ​តុលា ឆ្នាំ២០២១។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខាង​លើ នាយករង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​លោក Phil Robertson បាន​ថ្លែង​ក្នុង​សម្តី​ដើម និង​ត្រូវ​បាន​ប្រែសម្រួលជា​ខេមរ​ភាសាថា​៖ «បទ​បញ្ជា​ពីសំណាក់រដ្ឋាភិបាល​កម្ពុជា ​ដោយ​តម្រូវ​ឲ្យ​មាន​ការ​បង្ហាញ​ភស្តុតាង​ពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​ទូលំទូលាយ​ជា​សាធារណៈ​ ឬ​ការ​អប់រំ​បង្រៀន​ណា​មួយ​ គឺ​ជា​កត្តា​ជំរុញ​ឆ្ពោះ​ទៅ​រក​គ្រោះ​មហន្តរាយ»។

លោក​បាន​បន្ត​ថា៖ «រដ្ឋាភិបាល​[កម្ពុជា] ត្រូវ​ធានា​ថា វ៉ាក់សាំង​កូវីដ១៩ គឺ​មាន​សម្រាប់​មនុស្ស​គ្រប់គ្នា និងថា ​វិធាន​ការ​រឹតត្បិតផ្សេងៗ​ នឹង​មិន​រារាំង​ពលរដ្ឋ​ពី​ការ​បំពេញ​តម្រូវការ​មូលដ្ឋាន និង​ការ​ទទួល​បានសេវាកម្ម​សំខាន់ៗ​»។

យោង​តាម​សេចក្តី​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​៥ ខែ​តុលា​ កន្លង​ទៅនេះ​ ពលរដ្ឋ​ដែល​មាន​អាយុពី ​១៨​ឆ្នាំ​ឡើង​ទៅ​ នឹង​ត្រូវតម្រូវ​ឲ្យបង្ហាញ​បណ្ណ​ចាក់វ៉ាក់សាំង​កូវីដ១៩ ឬ​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​ ចេញ​ដោយ​ក្រសួង​សុខាភិបាល ​ឬ​ក្រសួង​ការពារ​ជាតិ ​រាល់​ពេល​ចេញ-ចូល​ទីតាំង​ផ្សេងៗ​ ដូចជា ​គ្រឹះស្ថានសិក្សា​ ផ្សារ​រដ្ឋ​ ផ្សារ​ឯកជន​ ផ្សារ​ម៉ាត ​ភោជនីយដ្ឋាន​ អាហារ​ដ្ឋាន​ ហាង​កាហ្វេ​ និង​ទីតាំង​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ។

មាតា​បិតា​ ឬ​អាណា​ព្យាបាល​របស់​កុមារ​-យុវវ័យ​ អាយុ​ចន្លោះ​ ៦ ទៅ ១៨​ឆ្នាំ​ ក៏​នឹង​ត្រូវ​ស្នើ​ឲ្យ​បង្ហាញ​បណ្ណ ឬ​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំងរាល់​ពេល​នាំ​កូន​ចេញ-ចូល​ទីតាំង​ដែល​បាន​ចែង​ខាង​លើផង​ដែរ​។

ឆើ្លយ​តប​ទៅនឹង​ការ​រិះគន់​របស់​អង្គការ​ឃ្លំាមើល​សិទ្ធិមនុស្ស​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន បាន​ស្នើ​ឲ្យអង្គការ​សិទ្ធិមនុស្ស​មួយនេះ​ យក​ករណី​ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ឯកសារ​ផ្សេង​ៗបញ្ជាក់​ពី​ការ​ចាក់​វ៉ាក់​សាំង​កូវីដ១៩ នៅ​បណ្តា​ប្រទេស​បស្ចិម​លោក​មក​និយាយថ្លឹង​ថ្លែង​ក្នុង​ការ​អត្ថាធិប្បាយរបស់​ខ្លួន​ផង​ដែរ។

​លោក​ប្រាប់​វីអូអេថា៖ «ឲ្យ​គាត់​ប្រតិកម្ម​ជាមួយ​ប្រទេស​មហា​អំណាច​ទៅ បិតា​ប្រជាធិបតេយ្យ​អាមេរិក​ បារាំង និង​នៅ​អឺរ៉ុប​មួយ​ចំនួន ដែល​តម្រូវ​ឲ្យ​ចូល​ទី​កន្លែង​សាធារណៈ​មួយ​ចំនួន​ត្រូវ​បង្ហាញ [កាត​] វ៉ាក់សាំង ​ហើយ​មាន​ការ​បណ្តេញ​មន្រ្តី​សុខាភិបាល មន្រ្តី​រាជការ​មួយ​ចំនួន​ ដែល​អត់​មាន​កាត​វ៉ាក់សាំង អត់​ចាក់​វ៉ាក់សាំង​ហ្នឹង​ចេញ។ អាហ្នឹង​ក្នុង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ឲ្យ​គាត់​ទៅ​រិះគន់​ហ្នឹង​ផង​ទៅ»។ ​

ចំណែកអភិបាល​រង​រាជធានី​ភ្នំពេញ​ លោក​ កើត ឆែ បានអំពាវនាវ​ឲ្យ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដែល​មាន​ទីស្នាក់​ការ​កណ្តាល​នៅសហរដ្ឋអាមេរិក​ មក​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មុន​ពេល​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​បង្អាប់វិធាន​ការរដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​មាន​គោល​ដៅ​ការពារ​សុវត្ថិភាព​សុខភាព​សាធារណៈ​របស់​ពលរដ្ឋ​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «អ៊ីចឹង​កាលណា​គាត់​និយាយ​នៅ​ខាង​ក្រៅ ហើយ​អត់​បាន​ឃើញ​ជាក់ស្តែង។ វាមាន​ការ​ខុស​គ្នា​ឆ្ងាយ​ណាស់។ អ៊ីចឹង​យើង​នឹង​ស្វាគមន៍​ចំពោះ​អង្គការ Human Rights Watch បើ​សិន​ជា​គាត់​មក​រាជធានី​ភ្នំពេញ យើង​នឹង​សហការ​និង​បង្ហាញ​អំពី​ការ​ធ្វើ​ និង​ការ​អនុវត្ត​ដ៏​ត្រឹមត្រូវ​ស្រប​តាម​ស្តង់ដារ​មួយ​ដែល​គេ​ទទួល​ស្គាល់​ជា​ទូទៅ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ប៉ែក​អឺរ៉ុបផង​ និង​នៅ​ប្រទេស​មួយ​ចំនួន​ទៀត»។

បើតាម​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​តុលា​ដដែល​នោះ​ ​គណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​អប់រំ​ត្រូវបាន​ស្នើសុំ​ឲ្យ​ត្រួត​ពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង​របស់​សាស្រ្តាចារ្យ ​គ្រូបង្រៀន ​បុគ្គលិក​អប់រំ និង​សិស្ស-និស្សិត​ឲ្យ​បាន​ត្រឹមត្រូវ​ សម្រាប់​តែ​មួយ​លើក​គត់​ មុន​ពេល​អនុញ្ញាត​ឲ្យ​ចូល​សិក្សា​ក្នុង​គ្រឹះស្ថាន​សិក្សា។ ​

ចំពោះ​បុគ្គល​ដែល​បដិសេធ​មិន​បង្ហាញ​បណ្ណ ឬ​លិខិត​ចាក់​វ៉ាក់សាំង «​គណៈកម្មការ​គ្រប់គ្រង​គ្រឹះស្ថាន ឬ​ម្ចាស់​ទីតាំង មិន​ត្រូវ​ផ្តល់​ការអនុញ្ញាត​ឲ្យ​បុគ្គល​នោះ​ ​ចូល​ក្នុង​ទីតាំង ​ឬ​ទីកន្លែង​របស់​ខ្លួន​ជា​ដាច់​ខាត និង​ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់»​។ ហើយ​គ្រឹះស្ថាន ឬ​អាជីវកម្ម​ដែល​មិន​គោរព​តាម​គោលការណ៍​ណែនាំ​នេះ​ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដកហូត​អាជ្ញាបណ្ណ​ ឬ​លិខិត​អនុញ្ញាត និង​អាច​ឈាន​ទៅ​បិទ​ទីតាំង​ និង​ចំណាត់ការ​ផ្លូវ​ច្បាប់​ផង​ដែរ។ នេះ​បើ​យោងទៅ​តាម​សេចក្តី​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ។

យ៉ាង​ណា​ក្តី សេចក្តី​ណែនាំ​ខាង​លើ​របស់រដ្ឋបាល​រាជធានី​ភ្នំពេញ​ មិន​បាន​លើកឡើង​ពី​លក្ខខណ្ឌ​លើកលែង​នានា​ចំពោះ​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ ដោយសារ​បញ្ហា​សុខភាព ឬ​ករណី​ផ្សេងៗ​នោះ​ទេ៕

XS
SM
MD
LG