អ្នកជំនាញសុខភាពសាធារណៈ និងអ្នកឃ្លាំមើលសង្គម ស្នើឲ្យអាជ្ញាធរមូលដ្ឋានពង្រឹងចំណាត់ការបង្ការការឆ្លងជំងឺកូវីដ ១៩ និងរក្សាការតាមដានមុតមាំបន្ថែមលើសកម្មភាពសង្គម និងធុរកិច្ច ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យប្រជាពលរដ្ឋត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសាធារណៈ និងឯកជន ក៏ដូចជាទីផ្សារនានាក្នុងទីក្រុងភ្នំពេញ។
យោងតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី០៥ ខែតុលានេះ ពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅ នឹងត្រូវតម្រូវឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង ចេញដោយក្រសួងសុខាភិបាល ឬក្រសួងការពារជាតិ រាល់ពេលចេញ-ចូលទីតាំងផ្សេងៗ ដូចជា គ្រឹះស្ថានសិក្សា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ។
មាតាបិតា ឬអាណាព្យាបាលរបស់កុមារ-យុវវ័យអាយុចន្លោះ ៦ ទៅ ១៨ឆ្នាំ ក៏នឹងត្រូវស្នើឲ្យបង្ហាញបណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងរាល់ពេលនាំកូនចេញ-ចូលទីតាំងដែលបានចែងខាងលើផងដែរ។
ចំពោះបុគ្គលដែលបដិសេធមិនបង្ហាញបណ្ណ ឬលិខិតចាក់វ៉ាក់សាំងគណៈកម្មការគ្រប់គ្រងគ្រឹះស្ថាន ឬម្ចាស់ទីតាំង មិនត្រូវផ្តល់ការអនុញ្ញាតឲ្យបុគ្គលនោះ ចូលក្នុងទីតាំងឬទីកន្លែងរបស់ខ្លួនជាដាច់ខាត និងត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ហើយគ្រឹះស្ថាន ឬអាជីវកម្មដែលមិនគោរពតាមគោលការណ៍ណែនាំនេះ ត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំង និងចំណាត់ការផ្លូវច្បាប់ផងដែរ។ នេះបើយោងទៅតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុឌ្ឍី បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនការតាមដានឲ្យបានខ្ជាប់ខ្ជួន លើដំណើរការអនុវត្តវិធានការគាំពារសុវត្ថិភាពសុខភាពសាធារណៈនេះ បើទោះជាមានការតម្រូវឲ្យបង្ហាញបណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងក៏ដោយ។
លោកបានប្រាប់វីអូអេថា៖ «បើសិនជាបើកផ្សារ បើកសាលារៀន បើកកន្លែងធ្វើការ ទូលំទូលាយឡើងវិញ អ្នកដែលមានកាត គេគិតថា អ្នកអស់ហ្នឹងអត់ឆ្លង អាហ្នឹងជារឿងមួយយើងគួរតែពិនិត្យដែរ ព្រោះអ្នកខ្លះចាក់ពីរដូសហើយ នៅតែឆ្លង»។
ស្របពេលជាមួយគ្នានេះដែរ លោកបានស្នើឲ្យមន្ត្រីសុខាភិបាលពិនិត្យមើលលទ្ធភាពនៃការចេញលិខិតបញ្ជាក់បន្ថែមចំពោះអ្នកធ្លាប់កើតជំងឺកូវីដ១៩ ប៉ុន្តែបានជាសះស្បើយ និងមិនតម្រូវឲ្យចាក់វ៉ាក់សាំងបន្ថែមទៀត ដោយសារមានអង់ទីករការពារខ្លួនគ្រប់គ្រាន់ និងអ្នកដែលមានជំងឺប្រចាំកាយមិនអាចចាក់វ៉ាក់សាំងបាន ដើម្បីអាចឲ្យពួកគេមានលទ្ធភាពចូលទីតាំងផ្សេងៗ ដែលតម្រូវឲ្យបង្ហាញបណ្ណ ឬលិខិតចាក់វ៉ាក់សាំងកូវីដ១៩ ក៏ដូចជា បញ្ចៀសការអើសរើងផងដែរ។
សេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ចំណាត់ការដែលដាក់ចេញចុងក្រោយថ្មីនេះ ជាផ្នែកមួយនៅក្នុងដំណើរការឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យក្នុងពេលឆាប់ៗខាងមុខនេះ ខណៈរាជធានីភ្នំពេញជាទីក្រុងដែលមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋអាយុ ១៨ឆ្នាំឡើងទៅ និងកុមារ-យុវជនដែលមានអាយុចន្លោះ ៦ ទៅ ១៨ ឆ្នាំ បានសឹងតែ ១០០ភាគរយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង បានប្រាប់វីអូអេនៅថ្ងៃនេះថា ការពង្រឹងវិធានការសុខាភិបាលនិងការការពារជាទូទៅបន្ថែមលើចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ជារឿងប្រសើរមួយ ដើម្បីធានាថា ការឆ្លងជំងឺកូវីដ១៩នឹងមិនមានសន្ទុះខ្លាំង នៅពេលមានការបើកដំណើរការសេដ្ឋកិច្ចទាំងស្រុងឡើងវិញ។
លោកបានថ្លែងថា «ចំណាត់ការហ្នឹង វាជាចំណាត់ការមួយផ្នែក ប៉ុន្តែខ្ញុំមិនឯកភាពតាមហ្នឹងទាំងស្រុងនោះទេ។ ខ្ញុំថា វាគួរតែមានការគួបផ្សំវិធានការផ្សេងៗទៀត ព្រោះថា ការចាក់វ៉ាក់សាំងតែមួយមុខ ហើយបើសិនជាមានការភ្លេចវិធានការរបស់ក្រសួងសុខាភិបាលនៅក្នុងការបង្ការការចម្លងជំងឺកូវីដ១៩ ហ្នឹង ខ្ញុំថា ក៏វាមិនអាចទៅរួចផងដែរ»។
លោក យង់ គិមអេង ក៏បានជំរុញឲ្យគណៈគ្រប់គ្រងគ្រឹះស្ថានរដ្ឋ និងឯកជន និងម្ចាស់ទីតាំងអាជីវកម្ម គោរពនិងអនុវត្តតាមវិធានការសុខាភិបាល រួមមាន ការវាស់កម្តៅឲ្យបានត្រឹមត្រូវ ការរក្សាអនាម័យខ្ពស់ជាដើម ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ មកលើបុគ្គលដែលបានចេញ-ចូលទីតាំងរបស់ខ្លួន។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានទេនៅថ្ងៃពុធនេះ។
នៅក្នុងសារសំឡេងដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដើម្បីការការពារការផ្ទុះការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ។ លោកបន្ថែមថា ការរក្សាកម្រិតឆ្លងជំងឺកូវីដ១៩ឲ្យនៅទាប អាចឲ្យប្រទេសបើកសេដ្ឋកិច្ចទាំងមូលឡើងវិញ។
«ខ្ញុំព្រះករុណាសង្ឃឹមថា សុវត្ថិភាពវានឹងអាចកើតមានបាន អាស្រ័យលើមនុស្សម្នាក់ៗ និងក្រុមគ្រួសារនីមួយៗ ក្នុងពេលដើរកម្សាន្តនេះ។ ហើយសុវត្ថិភាពក្រោយពេលភ្ជុំបិណ្ឌនេះ វានឹងនាំឲ្យយើងបើកប្រទេសឡើងវិញលើគ្រប់វិស័យ»។
មកទល់ពេលនេះ គ្រឹះស្ថាន និងទីតាំងអាជីវកម្មមួយចំនួន ដូចជារោងភាពយន្ត កន្លែងហាត់ប្រាណ ឬរង្គសាលជាដើម ដែលត្រូវបានចាត់ទុកថា មានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ខ្ពស់ មិនទាន់ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការនៅឡើយនោះទេ។
រាជធានីភ្នំពេញ និងក្រុងតាខ្មៅរបស់ខេត្តកណ្តាល ធ្លាប់ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ទាំងស្រុងរយៈពេល ១៤ ថ្ងៃ កាលពីខែមេសា ក្រោយពីមានការផ្ទុះឆ្លងក្នុងសហគមន៍ ក្នុង «ព្រឹត្តិការណ៍ ២០កុម្ភៈ» មក៕