អ្នកជំនាញរបស់អង្គការសហប្រជាជាតិ(អ.ស.ប) ដែលឃ្លាំមើលស្ថានភាពនានានៅកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភអំពីការកំណត់ឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយថាវាជាការបំពានសិទ្ធិសុខភាព ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
អ្នកជំនាញទាំងនោះ រួមមានអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលកាលនោះជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងអ្នកស្រី ត្លាលេង ម៉ូហ្វូកេង (Tlaleng Mofokeng) អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនគ្រប់រូបក្នុងការទទួលបានកម្រិតជីវភាពរស់នៅខ្ពស់បំផុតផ្នែកសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។អ្នកជំនាញទាំងពីរនាក់បានដាក់លិខិតមួយច្បាប់ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ទៅរដ្ឋាភិបាលកម្ពុជា ដោយរិះគន់អនុក្រឹត្យស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុម័តកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (OHCHR) ក្រុមអ្នកជំនាញបានសម្តែងកង្វល់ចំពោះមាត្រា៣នៃអនុក្រឹត្យនេះ ដែលចែងអំពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពលរដ្ឋទទួលអាណត្តិសាធារណៈតាមរយៈការបោះឆ្នោត ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីដទៃទៀតនៅក្នុងស្ថាប័នតុលាការ។
ពួកគេបានរិះគន់ការកំណត់នៅក្នុងមាត្រា៥នៃអនុក្រឹត្យនេះ ដែលចែងថាអ្នកដែលគេចវេះពីការចាក់វ៉ាក់សាំង នឹងទទួលការព្រមាន និងការស្តីបន្ទោសពីស្ថាប័នសាមីរបស់ខ្លួន។ ហើយក្នុងករណីមានការខកខានម្តងហើយម្តងទៀត ស្ថាប័នពាក់ព័ន្ធអាចដាក់វិន័យផ្សេងទៀត ដោយយោងតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថាអនុក្រឹត្យស្ដីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង «អាចមានលក្ខណៈផ្ទុយនឹងបទបញ្ញត្តិនៃលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលហៅកាត់ថា(ICESCR)» ដែលកម្ពុជាជារដ្ឋភាគី ហើយជាពិសេសសិទ្ធិសុខភាព ត្រង់មាត្រា១២នៃកតិកាសញ្ញានេះ។
ក្រុមអ្នកជំនាញអ.ស.ប ស្នើយ៉ាងទទូចដល់រដ្ឋាភិបាលឲ្យពិចារណាលុបចោលអនុក្រឹត្យនេះ ឬចាត់វិធានការផ្សេងៗ ដើម្បីធានាភាពស្របគ្នាជាមួយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
ការដាក់ចេញអនុក្រឹត្យដែលរងការរិះគន់ពីអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ បន្ទាប់ពីមានការព្រមានពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងសារជាសាធារណៈមួយ ក្រោយកម្ពុជាទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ ដែលជាជំនួយរបស់ចិន។
កាលពីដើមខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ជា«កេរមរតក»នយោបាយរបស់លោក ហើយរដ្ឋាភិបាលបានប្រើប្រាស់យុទ្ធសាស្រ្តពឹងផ្នែកលើវ៉ាក់សាំងរបស់ចិន ដោយមិនរង់ចាំវ៉ាក់សាំងពីប្រទេសណានោះទេ។
លោកបន្ថែមថាអ្នកដែលមិនចាក់វ៉ាក់សាំង ដែលលោកថាជឿតាមការញុះញង់របស់អ្នកផ្សេង នឹងក្លាយជា«មនុស្សឯកា»នៅពេលប្រជាពលរដ្ឋភាគច្រើនចាក់វ៉ាក់សាំង។
លោកបន្ថែមថា៖ «អញ្ចឹងបានមានបងប្អូនខ្លះទៅចាក់វ៉ាក់សាំង ថាចលនាឲ្យមកចាក់វ៉ាក់សាំង។ ខ្ញុំថាមិនបាច់ចលនាទេ។ អាអ្នកដែលមិនមកចាក់ ឲ្យវាមិនមកចាក់ហីទៅ។ កុំឲ្យគេថាយើងទៅរំលោភគេ។ ប៉ុន្តែលទ្ធផលចុងក្រោយ អ្នកឯងនឹងបានឃើញនៅត្រង់ថានៅក្នុងបន្ទប់១០នាក់ ៩នាក់គេចាក់ អ្នកឯងអត់ម្នាក់ចាក់ គឺទើសទាល់គេ គេអត់នៅជាមួយ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលក្នុងការកំណត់កាតព្វកិច្ចនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកប្រាប់ VOA ថាការចាក់វ៉ាក់សាំងនេះ នៅតែជា«ការស្ម័គ្រចិត្ត» លើកលែងតែមន្រ្តីរាជការដែលតម្រូវឲ្យចាក់វ៉ាក់សាំង ទើបអាចឲ្យចូលបម្រើការងាររបស់ខ្លួនវិញបានជាធម្មតា។
លោកថ្លែងថា៖ «ភាគច្រើន យើងមិនអាចជួបជុំគ្នាបំពេញ[ការងារ]ទេ ក្រៅតែពីធ្វើការអនឡាញ[តាមផ្ទះ]។ ដូច្នេះយុទ្ធសាស្រ្តនៃការចាក់ថ្នាំហ្នឹង បើចាក់គ្រប់គ្រាន់អស់ហើយ ស្ថាប័នរដ្ឋាភិបាលនឹងបើកឲ្យធ្វើការជាប្រក្រតីភាពឡើងវិញ [ហើយ]ចំពោះជនដែលគាត់អត់ស្ម័គ្រចិត្តចូលរួម អាហ្នឹង បានគេឲ្យគាត់នៅក្រៅសិន ទម្រាំស្ថានភាពកូវីដបានវិវឌ្ឍទៅល្អ»។
លោកបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះ ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល «ដើម្បីថែរក្សាសិទ្ធិរស់រានមានជីវិត»របស់ប្រជាពលរដ្ឋ។
បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃអង្គារនេះ អាជ្ញាធរកម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋប្រមាណ៥លាននាក់ គឺស្មើនឹង៥០%នៃចំនួនប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់។ រដ្ឋាភិបាលកម្ពុជាបានពឹងផ្អែកលើវ៉ាក់សាំងដែលទិញ និងជំនួយឥតសំណងពីចិន គឺវ៉ាក់សាំងស៊ីណូហ្វាម(Sinopharm) និងស៊ីណូវ៉ាក់ (Sinovac)។
ចាប់តាំងពីផ្ទុះឆ្លងព្រឹត្តិការណ៍២០កុម្ភៈ ប្រជាជនហាក់សម្រុកទៅចាក់វ៉ាក់សាំង ដែលពីមុនមក ពួកគេមានភាពស្ទាក់ស្ទើរ ដោយសារវ៉ាក់សាំងរបស់ចិន មិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ អំឡុងពេលកម្ពុជាសម្រុកចាក់វ៉ាក់សាំងនេះ អង្គការសុខភាពពិភពលោកក៏បានទទួលស្គាល់វ៉ាក់សាំងរបស់ចិន សម្រាប់ការប្រើប្រាស់ជាបន្ទាន់ផងដែរ។
លោក ឯម សុវណ្ណារ៉ា អ្នកតាមដាននយោបាយកម្ពុជា ថ្លែងប្រាប់ VOA ថាប្រជាពលរដ្ឋមិនមានជម្រើសនោះទេសម្រាប់ការចាក់វ៉ាក់សាំង ខណៈអ្នកខ្លះទៅចាក់ ដើម្បីបានបណ្ណចាក់វ៉ាក់សាំង ទើបអាជ្ញាធរអាចឲ្យបើករកស៊ីធម្មតា ឬក៏អាចឲ្យធ្វើដំណើរទៅតាមបណ្តាខេត្តនានា។
លោកនិយាយថា៖ «និយាយទៅការស្ម័គ្រចិត្ត វាអត់ស្ម័គ្រចិត្តពេញលេញទាំងស្រុងទេ ដោយសារតែគាត់អត់ជម្រើសគាត់ត្រូវតែចាក់ហើយ ដោយសារតែស្ថានភាពជំងឺរីកសាយភាយខ្លាំង។ អញ្ចឹងមធ្យោបាយ សមត្ថកិច្ចតឹងតែង អញ្ចឹងតម្រូវឲ្យមានការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ គាត់ក៏ចង់បានដែរ គេហៅថាសេរីភាពក្នុងការប្រកបអាជីវកម្មរបស់គាត់ គាត់ត្រូវតែចាក់វ៉ាក់សាំងអញ្ចឹង»។
គួរបញ្ជាក់ថាអាជ្ញាធរសុខាភិបាលបានបញ្ចប់ការចាក់វ៉ាក់សាំងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញកាលពីសប្តាហ៍មុន ដែលមានប្រមាណ២លាននាក់ និងបន្តសម្រុកចាក់នៅតាមបណ្តាខេត្តឲ្យបានអស់នៅត្រឹមខែតុលាខាងមុខ ខណៈការឆ្លងនៅទូទាំងប្រទេសមិនទាន់ថមថយនៅឡើយ។
នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីចំនួន៨៣០នាក់ និងករណីស្លាប់២៨នាក់ ដែលនាំឲ្យករណីស្លាប់សរុបនៅទូទាំងប្រទេសមានចំនួន៩៥៣នាក់៕