ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ​Human Rights Watch​ ថា ​អាជ្ញាធរ​កម្ពុជា​បង្កើន​ការ​គាប​សង្កត់​សមាជិក​គណបក្ស​ភ្លើងទៀន​កាន់​តែ​ខ្លាំង នៅ​មុន​ការ​បោះ​ឆ្នោត


រូប​ឯកសារ៖ សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)
រូប​ឯកសារ៖ សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)

អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Human Rights Watch អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​យាយី​ និង​ចាប់​ខ្លួន​សកម្មជន​ ក៏​ដូច​ជា​សមាជិក​របស់គណបក្ស​ភ្លើង​ទៀន នៅមុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​នេះ ចុះថ្ងៃទី​១៩ ខែ​កក្កដា​ ឆ្នាំ​២០២៣។

​បើ​តាម​សេចក្តី​ថ្លែង​ការណ៍ រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ការ​ដាក់​គោល​ដៅ​ទៅ​លើ​ក្រុម​ជំទាស់​ ហើយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ និង​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​គ្មាន​កំហុស​ទាំង​នោះ។

ការ​ចេញ​សេចក្តី​ថ្លែង​របស់​អង្គការ​មួយ​នេះ​ធ្វើឡើង​ក្រោយ​មន្ត្រី​គណ​បក្ស​ភ្លើង​ទៀន​យ៉ាង​តិច ​៤​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ក្នុង​ចន្លោះ​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា ពាក់​ព័ន្ធនឹង​បទ​ញុះ​ញង់​បង្ក​ចលា​ចល​ដល់​ការ​បោះ​ឆ្នោត។

មន្ត្រី​គណ​បក្ស​ភ្លើង​ទៀនចំនួន ​៤​នាក់​នោះ រួមមាន លោក អេង ស្រូយ សមា​ជិក​គណៈ​កម្មាធិការ​នាយក ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រតិ​បត្តិ​គណបក្ស​នៅខេត្ត​ត្បូងឃ្មុំ អ្នកស្រី ​វង ​រុន្នី ​សមា​ជិក​គណៈ​កម្មា​ធិការ​នាយក និងជា​ប្រធាន​ចលនា​ស្រ្តី​គណបក្ស​ភ្លើង​ទៀន​ថ្នាក់​ជាតិ ​លោក លី រី សមា​ជិក​គណៈ​កម្មា​ធិការ​នាយក និង​ជា​សមាជិក​ក្រុម​ការងារ​គណ​បក្សភ្លើងទៀន​រាជ​ធានី​ភ្នំពេញ ​និង​លោក ប៊ុន ខេត ប្រធាន​ស្ដីទី​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណ​បក្សភ្លើង​ទៀន​រាជ​ធានី​ភ្នំពេញ។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​នោះ លោក Phil Robertson នាយក​រង​ទទួល​បន្ទុក​នៅ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ Human Rights Watch លើក​ឡើង​ថា៖ «រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសបើក​រដូវ​កាល​ដាក់​គោលដៅ​ទៅ​លើ​មេដឹកនាំ​បក្ស​ជំ​ទាស់ និង​សមាជិក ដោយ​ការ​ប្រើ​ប្រាស់​ល្បិច​កល​ និង​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ។ ទោះ​បី​ជា​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ រដ្ឋាភិបាល​នៅ​តែ​មើល​ឃើញ​ពួក​គេ​ថា ​ជា​ការ​គំរាម​កំហែង ហើយ​គាប​សង្កត់​ពួក​គេ»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន ប្រាប់​វីអូអេ​ថា ​អង្គការ​មួយ​នេះ​មិន​ដែល​ក្រឡេក​មើល​ពី​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​ឡើយ ខណៈ​ថា ​បុគ្គល​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់។
លោក​ថ្លែង​ថា៖ «គាត់​ចេះ​តែ​ចោទ​អ៊ីចឹង។ អាហ្នឹង​ជា​ទម្លាប់​របស់​គាត់​ទៅ​ហើយ​ ហើយ​ដូច​ជា​មិន​មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទេ។ វិធាន​ការ​ច្បាប់​គឺ​ត្រូវតែ​ម៉ឺង​ម៉ាត់​ច្បាស់លាស់​ តែ​បំពាន​ច្បាប់ នរណា​ក៏​ដោយ​ត្រូវ​តែ​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់​ដូច​គ្នា»។

​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ​ ច្រានចោល​ការ​លើក​ឡើង​របស់​អង្គការHuman Rights Watch​ និង​ថា វាជា​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​កម្ពុជា។

លោក​ថ្លែ​ងថា៖ «បដិសេធ​ចំពោះ​ការ​លើក​ឡើង​ បដិសេធ​ចំពោះ​ការចោទ​ប្រកាន់​ ហើយ​ជា​ការពិត​ណាស់​អង្គការ Human Right Watch គួរ​តែ​មាន​ភ្នែក​មាន​ប្រស្រី​ផង​ កុំ​ធ្វើ​ជា​ខ្វាក់​ជា​គ​ជា​ថ្លង់​មក​លើ​សភាព​ការ​ណ៍​នៅ​កម្ពុជា។ អង្គការ​ Human Rights Watch គឺ​ជា​អង្គការ​មួយ​ដែល​មាន​ការ​គុំគួន​ជា​បុគ្គល​ចំពោះ​កម្ពុជា ជា​ពិសេស​គឺ​រដ្ឋាភិបាល​ហ្នឹង​ឯង»។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក រ៉ុង ឈុន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​មក​ទល់​ពេល​នេះ ​សកម្មជន​ចំនួន​៤នាក់​ហើយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​ចំនួន​ជាក់​លាក់​នៃ​អ្នក​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ។

លោកចាត់ទុ​ក​ការ​ចាប់​ខ្លួន​សកម្ម​ជន​ថា​ជា​រឿង​នយោបាយ​ មិន​មែន​ជាការ​អនុវត្ត​ច្បាប់​ឡើយ។
លោក​បញ្ជក់​ថា​៖«ហើយ​យើង​មិន​បាន​ឃើញ​សង្គម​ណា​អស្ថិរភាព​ឬមួយ​ចលាចល​ផង​ ហើយ​ចោទ​ឱ្យ​ញុះញង់ វា​មិន​ឆ្លើយតប​ទៅ​នឹង​ទិដ្ឋភាព​ជាក់​ស្តែង​នៅ​ក្នុង​សង្គម​ ហើយ​យើង​មើល​ឃើញ​ថា​វា​មិន​មែន​ជា​រឿង​ការ​អនុវត្ត​ច្បាប់ វា​ជា​រឿង​នយោបាយ»។

គួរ​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ជំទាស់ ធ្វើ​ឡើង​តាម​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​នឹង​ការ​អំពាវ​នាវ​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល ហើយ​ច្បាប់​នេះ​ចូល​ជា​ធរមាន កាល​ពី​ដើមខែ​កក្កដា ​ឆ្នាំ​២០២៣៕

XS
SM
MD
LG