ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត នឹង​ឆ្លើយតប​យ៉ាងម៉ឺងម៉ាត់ ប្រសិនបើ​រុស្ស៊ី​បន្ត​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន


នៅក្នុង​រូបភាព​ដែល​ផ្តល់​ឲ្យ​ដោយ​សេតវិមាន បង្ហាញ​ពី​លោក​ប្រធានាធិបតី Joe Biden និយាយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin តាម​ទូរស័ព្ទ​ពី​គេហដ្ឋាន​ឯកជន​របស់​លោក​នៅ​ទីក្រុង Wilmington រដ្ឋDelaware កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ (AP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រាប់​ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន​លោក Volodymyr Zelenskiy កាលពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន នឹង«ឆ្លើយតប​យ៉ាង​ម៉ឺង​ម៉ាត់» ប្រសិនបើ​រុស្ស៊ី​ បន្ត​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​នោះ។

នៅ​ក្នុង​ការនិយាយ​គ្នា​តាម​ទូរស័ព្ទ សេតវិមានបាន​បញ្ជាក់​ថា មេដឹកនាំ​ទាំង២ ក៏​បាន​ពិភាក្សា​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ខាង​ការទូត​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​អំពី​ការដាក់​ពង្រាយ​កងទ័ព​រុស្ស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

លោក​ស្រី Jen Psaki អ្នក​នាំពាក្យ​សេតវិមាន​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ដែល​បាន​ចេញផ្សាយ បន្ទាប់ពី​ការសន្ទនា​តាម​ទូរស័ព្ទរបស់​មេដឹកនាំ​ទាំង​ពីរ​ថា លោក Biden និង​លោក Zelenskiy បាន​ពិភាក្សា​ពី​វិធានការ​នានា​ដើម្បី«បន្ធូរបន្ថយ​ការតានតឹង​នៅ​ក្នុង​តំបន់ Donbas និង​បង្កើន​សកម្ម​ភាពវិស័យ​ការទូត​ដើម្បី​ធ្វើឲ្យ​ជឿនលឿន​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្រុង Minsk។

លោក Zelenskiy បាន​ផ្ញើរ​សារ​តាមបណ្តាញសង្គម Twitter ថា មេដឹកនាំ​ទាំង២ បាន​ពិភាក្សា​គ្នា​ពី«ចំណាត់ការ​រួម​របស់​អ៊ុយក្រែន សហរដ្ឋ​អាមេរិក​ និង​ដៃគូ​នានា​នៅ​ក្នុង​ការថែរក្សា​សន្តិភាព​នៅ​តំបន់​អឺរ៉ុប ការពារ​មិន​ឲ្យ​ជម្លោះ​រីក​កាន់តែ​ធំ​ឡើង​ ការធ្វើ​កំណែទម្រង់​ និងដំណើរការ​ប្រជាធិបតេយ្យ»។

លោក Zelenskiy បាន​និយាយ​បន្ត​ទៀត​ថា «យើងសូម​ថ្លែង​អំណរគុណ​ចំពោះ​ការគាំទ្រ​គ្មាន​ងាករេ​ដល់​ប្រទេស​អ៊ុយក្រែន»។

លោក​ប្រធានាធិបតី Biden បាន​ធ្វើ​ឲ្យ​មាន​ការជឿនលឿន​តិចតួច​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​ការធ្វើ​ឲ្យ​លោក Putin ដក​កងទ័ព​ប្រហែល​ ១ សែន​នាក់​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​រុស្ស៊ី​ជាមួយ​រដ្ឋ​របស់​អតីត​សហភាព​សូវៀត​មួយ​នេះ​ ថ្វីបើ​ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ពួក​គេ​មិន​ជឿ​ថា លោក Putin សម្រេច​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ក៏ដោយ។

មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី បាន​ធ្វើ​ការពិភាក្សា​តាម​ទូរស័ព្ទ​ចំនួន ៥០ នាទី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដោយ​លោក​ប្រធានាធិបតី Biden បាន​ព្រមាន​លោក Putin ម្តង​ទៀត​ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​របស់​ខ្លួន នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​មូស្គូ ប្រសិនបើ លោក Putin ធ្វើ​ការឈ្លានពាន​អ៊ុយក្រែន​នោះ។ លោក Biden បាន​និយាយ​កាលពី​ខែ​មុន​ថា លោក​មិន​បាន​ពិចារណា​ពី​ការឆ្លើយតប​ខាង​យោធាទេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់​ងារ​ព័ត៌មាន Associated Press និង Reuters។

ពាក្យក្នុងសារព័ត៌មាន៖ outrage
សូម​រង់ចាំ

No media source currently available

0:00 0:01:30 0:00
XS
SM
MD
LG