បន្ទាប់ពីតុលាការនៅប្រទេសកម្ពុជា បានធ្វើការចោទប្រកាន់ដែលមានលក្ខណៈធ្ងន់ធ្ងរលើសកម្មជនសិទ្ធិដីធ្លី៣រូបនៃ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)នោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)បានចាត់ទុកថា ការចោទប្រកាន់នោះធ្វើឡើងដោយគ្មានមូលដ្ឋាន និងមានជាប់ហេតុផលនយោបាយ។
លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីលោក២នាក់ទៀតគឺលោកថាន់ ហាច និងលោកញ៉ិល ភាព ត្រូវបានសាលាដំបូងខេត្តរតនគិរីចោទប្រកាន់ពីបទ«រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលអាចជាប់ក្នុងពន្ធនាគារពី៥ដល់១០ឆ្នាំ។
នៅក្នុងសេចក្តីប្រកាសមួយដែលវីអូអេបានទទួលនៅថ្ងៃពុធនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្លែងថា តុលាការកម្ពុជាបានយកបទចោទប្រកាន់ដែលជាប់ ហេតុផលនយោបាយមកប្រឆាំងនឹងសកម្មជនសិទ្ធិដីធ្លីទាំង៣នាក់កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ អង្គការសិទ្ធិមនុស្សអន្តរជាតិ បន្ថែមថា អាជ្ញាធរគួរដោះលែងពួកគេជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Phil Robertson បានថ្លែងក្នុងសេចក្តីប្រកាសចេញផ្សាយនៅថ្ងៃទី២៤ខែឧសភាក្នុងន័យដើមថា៖ «ការប្រតិដ្ឋបទចោទកែ្លងក្លាយជំទាស់នឹងមេដឹកនាំសង្គមស៊ីវិលដែលលេចធ្លោទាំងនេះ បង្ហាញថារដ្ឋាភិបាលមានឆន្ទៈច្រើនដើម្បីបំបិទសំឡេងពួកអ្នករិះគន់នៅមុនការបោះឆ្នោតរបស់កម្ពុជានៅខែកក្កដា»។
លោកបានបន្ថែមថា៖ «វាចាំបាច់ត្រូវតែមានការថ្កោលទោសជាអន្តរជាតិរួមគ្នា ដោយសំដៅលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់ដើម្បីទាមទារឱ្យបញ្ចប់វិធីសាស្ត្រគំរាមកំហែងទាំងអស់នេះ»។
អាជ្ញាធរបានឃាត់ខ្លួនលោកថេង សាវឿន ប្រធានសមាគម លោកញ៉ិល ភាព មន្ត្រីជាន់ខ្ពស់ និងលោកថាន់ ហាច មន្ត្រីគម្រោងកាលពីថ្ងៃទី១៧ ខែឧសភានៅពេលពួកគេធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ក្រោយរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងពង្រឹងក្រុមការងារផ្ទៃក្នុងនៅខេត្តរតនគិរី។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស។
អង្គការនេះ ឱ្យដឹងទៀតថា ផ្អែកលើព័ត៌មានដែលអាជ្ញាធរនិយាយថា បានរកឃើញនៅកន្លែងធ្វើសិក្ខាសាលានោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀ សុភ័គ ចោទប្រកាន់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)ពីការចាប់ផ្តើម «បដិវត្តន៍កសិករ»។ លោកថ្លែងយ៉ាងដូច្នេះ ដោយមិនបានបង្ហាញភស្តុតាង ថាមេដឹកនាំទាំង៣របស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានជាប់ពាក់ព័ន្ធនឹងសកម្មភាពបដិវត្តន៍ ដែលស្រដៀងគ្នានឹងក្រុមដែលបង្កការស្លាប់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ក្រោមរបបខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០។
យ៉ាងណាក៏ដោយរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវ សុភ័គ ប្រាប់វីអូអេក្នុងសប្តាហ៍នេះថា វគ្គបណ្តុះបណ្តាលរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវអាជ្ញាធរមានសមត្ថិកិច្ចសង្កេតឃើញថា មានលក្ខណៈចម្លែកពីវគ្គបណ្តុះបណ្តាលផ្សេងទៀ តហើយបើផ្អែកលើឯកសារ និងម៉ាស៊ីនកំព្យូទ័រដែលអាជ្ញាធរមានសមត្ថកិច្ចរឹបអូសបាននោះ មានមេរៀនញុះញង់ឱ្យកិសករ ក្រោកឈរប្រឆាំងរដ្ឋាភិបាល ដូចដែលក្រុមខ្មែរក្រហមបានធ្វើកាលពីពេលមុនក្រោមការដឹកនាំរបស់ប៉ុល ពត។
សាលាដំបូងខេត្តរតនគិរីក៏បានចេញសេចក្តីថ្លែងការណ៍ការពារចំណាត់ការច្បាប់របស់ខ្លួនលើសកម្មជនសិទ្ធិដីធ្លីទាំង៣នាក់នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)ដោយលើកឡើងថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានធ្វើការជួបជុំដោយលួចលាក់នៅម៉ូតែលហ្គាឡាក់ស៊ី២(Galaxy II Motel) ក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ហើយមិនឱ្យអ្នកចូលរួមទាំងអស់កាន់ទូរសព្ទទេ ខណៈកាមេរ៉ាសុវត្ថិភាពត្រូវបានបង្វិលចុះក្រោម។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៣ ខែឧសភារបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានផ្តល់ការពន្យល់តាមន័យដើមថា ៖ «ឆ្លងកាត់តាមការស៊ើបអង្កេត ពិនិត្យភស្តុតាង ព្រមទាំងផ្ទៀងផ្ទាត់ចម្លើយរបស់ជនសង្ស័យរួចមក តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានរកឃើញនូវតម្រុយដែលអាចសម្មតថា ការលួចជួបជុំនេះមានខ្លឹមសារក្នុងគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឱ្យងើបបះបោរ បង្កឱ្យមានចលាចលសង្គម និងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព»។
សេចក្តីថ្លែងការណ៍ដដែលក៏បាន លើកឡើងអ្នកវិភាគឯករាជ្យមួយរូបគឺលោកចាន់ វិបុល ដែលស្ថិតក្នុងការប្រជុំរៀបចំដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)ក្នុងខេត្តរតនគិរីផងដែរ។ អ្នកវិភាគរូបនោះ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ដូចគ្នាទៅនឹងសកម្មជនសិទ្ធិដីធ្លីទាំង៣នាក់ នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី លោកកែវ ភក្តី ប្រាប់វីអូអេថា ជុំវិញការឃុំខ្លួនលោកថេង សាវឿន និងក្រុមការងាររបស់លោកចំនួនពីរនាក់ទៀតនោះគឺត្រូវបានធ្វើទៅតាមនីតិវិធីរបស់តុលាការ។ លោកបានបដិសេធផ្តល់ការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន ចាត់ទុកថាសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ជាការសន្និដ្ឋានដែលមិនបានពិនិត្យដិតដល់លើទិដ្ឋភាពនៃនីតិវិធីច្បាប់របស់ប្រទេសកម្ពុជានោះទេ និងមានទម្រង់ច្រំដែល។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖«របាយការណ៍ សេចក្តីថ្លែងការណ៍របស់គាត់ហ្នឹង គាត់មិនដែលយកភ្នែកមើលទៅលើទិដ្ឋភាពច្បាប់ នីតិវិធីច្បាប់របស់កម្ពុជាផងហ្នឹង។ សេចក្តីថ្លែងការណ៍របស់តំណាងអយ្យការ ខេត្តរតនគិរីគេបានបង្ហាញហើយមូលដ្ឋានផ្លូវច្បាប់អីខ្លះ មានធាតុផ្សំបទល្មើសអីខ្លះ ដែលឈានទៅការចោទប្រកាន់ និងការឃាត់ខ្លួន ហើយគាត់អត់មានយកភ្នែកមើលអាហ្នឹងផង គាត់ចេះតែចេញថ្លែងការណ៍តាមរបៀបចាស់របស់គាត់ដដែល។ គាត់មើលទៅលើរូបភាពច្រើនជាង ហើយគាត់អត់ពិនិត្យមើលលើផ្លូវច្បាប់ នីតិវិធីច្បាប់របស់កម្ពុជាផងហ្នឹង»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ ស្នើឱ្យអង្គការឃ្លាំមើលសិទ្ធិមនុស្ស ពិនិត្យសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តរតនគិរី និងនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជាជាមុនសិន មុនពេលធ្វើសេចក្តីថ្លែងការណ៍។
ដោយឡែកក្នុងសំណុំរឿងឃុំខ្លួនសកម្មជនសិទ្ធិដីធ្លីរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)នេះ អង្គការក្រៅរដ្ឋាភិបាល សមាគម និងសហគមន៍ដីធ្លីចំនួន៦១ បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃ ពុធនេះ សុំឱ្យដោះលែង និងទម្លាក់ចោលបទចោទលើបុគ្គលិក CCFCជាបន្ទាន់។
សេចក្តីថ្លែងការណ៍លើកឡើងថា៖ «ការចាប់ខ្លួនបុគ្គលិក៣រូបរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងការសម្រេចចោទប្រកាន់ដែលមិនសមហេតុផល ដែលបានចោទពីបទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺជាករណីមួយបន្ថែមទៀត ដែលអាជ្ញាធរកម្ពុជាបានធ្វើឡើង ដើម្បីការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សចំពោះភាពសកម្មនិយមដោយអហិង្សារបស់ពួកគេ»៕