ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​មិន​ទាន់​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សួរ​សុខទុក្ខ​លោក ថេង សាវឿន និង​សហការី


អ្នកស្រី ញូង សុខហៀង ភរិយា​របស់​លោក ថេង សាវឿន ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រី ញូង សុខហៀង ភរិយា​របស់​លោក ថេង សាវឿន ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

ក្រុម​គ្រួសារ​របស់​ថេង សាវឿន និង​សហការី​របស់​លោក​២នាក់​ បាន​អះអាង​ថា​អាជ្ញាធ​រពន្ធនាគារ​ខេត្ត​រតនគិរី​ មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលសួរ​សុខទុក្ខ​ឡើយ​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ក្រោម​ហេតុ​ផល​ថា​ខ្លាច​ឆ្លង​ជំងឺ​កូវីដ។

ភរិយា​របស់​លោក ថេង សាវឿន អ្នកស្រី ​ញូង សុខហៀង ​បង្ហាញ​ការ​ខកចិត្ត និង​លើក​ជា​ចម្ងល់អំពីការ​កំណត់​រយៈពេល​២សប្តាហ៍ ទើប​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​ចូលសួរ​សុខទុក្ខ។

អ្នកស្រី​ថ្លែង​ថា៖ «យើង​រំពឹង​ថា​នឹង​បានជួប​គ្រួសារ​យើង ព្រោះ​អី​តាំងពី​នីតិវិធី​តុលាការ​មក យើង​អត់បាន​និយាយ​គ្នា​បាន​ច្រើន យល់​អំពី​បញ្ហា​ហ្នឹង​វា​បាន​ដើរ​ដល់ណា ហើយ​ណាមួយ​ទៀត ខ្ញុំ​មិន​ដឹង​ថា​វា​ជា​គោល​ការណ៍​រួម​របស់​ខាង​ពន្ធនាគារ​ទូទៅ​ ឬ​ក៏​ចេតនា​របស់​គេ​ អត់​ទាន់​ឲ្យ​យើង​បាន​ជួបគ្រួសារ»។

លោក ស៊ឹង សែន​ករុណា អ្នក​នាំពាក្យ​របស់សមាគម​អាដហុក​ ប្រាប់​វីអូអេ​ថា​ការ​ប្រើប្រាស់​ហេតុ​ផល​កូវីដ១៩ ជា​រឿង​ចម្លែក​មួយ និង​ប៉ះពាល់​សិទ្ធិ​របស់ក្រុមគ្រួសារ ខណៈ​ជំងឺ​កូវីដ​លែង​ជា​បញ្ហាព្រួយ​បារម្ភតទៅ​ទៀត​ហើយ។

លោក​ថ្លែង​ថា៖ «ពួកគាត់​តាំង​ពី​ចូល​ធ្វើ​ការ​ជាមួយ​ប៉ូលិស​ ហាក់​ដូច​ជា​អត់​មាន​និយា​យ​អំពី​រឿង​កូវីដ​ផង​ ប៉ុន្តែ​ចម្លែក​នៅ​ពេល​ទៅ​ដល់​ពន្ធនាគារ​ យើង​ហេតុ​ផល​កូវីដ អត់​ឲ្យ​គាត់​បាន​ជួប​ជុំ​គ្រួសារ»។

លោក នុត សវនា អ្នកនាំពាក្យ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ថ្លែង​ថាការឆ្លងជំងឺ​កូវីដក្នុង​សហគមន៍​ងើប​ឡើង​វិញ ហើយ​ពន្ធនាគារ​ត្រូវ​មាន​ប្រុង​ប្រយ័ត្ន។
​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ចន្ទ បាន​សម្រេច​ឃុំ​ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក​២នាក់ គឺ​លោក ថាន់ ហាច មន្ត្រី​សម្រប​សម្រួល​សហគមន៍​ និង​លោក ញ៉ិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម ក្រោម​បទ​ចោទ​ប្រកាន់​«រួម​គំនិត​ក្បត់»​និង«ញុះញង់​បង្ក​អន្តិ​សុខ​សង្គម»។

ក្រុមគ្រួសារ​របស់​លោក ថេង សាវឿន និង​សហការី មក​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ ប៉ុន្តែ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ឡើយ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
ក្រុមគ្រួសារ​របស់​លោក ថេង សាវឿន និង​សហការី មក​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ ប៉ុន្តែ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ឡើយ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)


ពួកគេ​ទាំង​៣នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ក្រោម​ការ​បញ្ជា​របស់​ស្នង​ការ​នគរបាល​ខេត្ត​រតនគិរី ក្រោយ​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​នៅ​ទីនោះ។ វគ្គបណ្តុះបណ្តាល​នោះ​ត្រូវ​បានសមត្ថកិច្ច​អះអាង​ថា​បង្កប់​អត្ថន័យ​ញុះ​ញង់​ឲ្យ​មាន​បដិវត្តន៍​កសិករ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក អ៊ុង សុភាព ស្នងការ​នគរបាល​ខេត្ត​រតនគិរី​បាន​នៅ​ឡើយ។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​ខេត្ត​រតនគិរី​បាន​ដំណឹង​អំពី​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​របស់​សមាគមរបស់លោក ថេង សាវឿន រហូត​ដល់​ចុះ​ទៅ​ស៊ើបអង្កេត​ពិនិត្យ​មើលបន្ទប់​ ឯកសារ និង​កាមេរ៉ា​សុវត្ថិ​ភាព​នៅ​សណ្ឋាគារ​ឈ្មោះGalaxy II Motel ដែល​ជា​កន្លែង​លោក ថេង សាវឿន រៀបចំ​កិច្ច​ប្រជុំរយៈ​ពេល​២​ថ្ងៃ។

ម្ចាស់​សណ្ឋាគារ Galaxy II Motel ប្រាប់​វីអូអេ​ដោយ​មិន​ចង់​បង្ហាញ​ឈ្មោះ​ថា​នៅ​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ប្រជុំ សមត្ថកិច្ច​ចុះ​មក​សួរ​នាំ ប្រមូល​ឯកសារ និង​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​ទីនោះ។

ម្ចាស់​សណ្ឋាគារ​បញ្ជាក់​ថា​ក្រុម​ខាង​អ្នកស្រី​មិន​បាន​ជូន​ដំណឹង​ទៅ​សមត្ថកិច្ច​ឡើយ​អំពី​កិច្ច​ប្រជុំ​របស់​លោក ថេង សាវឿន។

ក្រុមគ្រួសារ​អះអាង​ថា​ការ​ចោទ​ប្រកាន់បទ«​រួមគំនិត​ក្បត់» ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១០ឆ្នាំ ធ្ងន់ធ្ងរ និង​អយុត្តិធម៌ ដោយ​ការពារ​ថា​សកម្មភាព​របស់លោក ថេង សាវឿន និង​ក្រុម​គ្រួសារ គឺ​ដើម្បី​ការពារ​ប្រយោជន៍​របស់​កសិករ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG