ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមគ្រួសារ​ការពារ​ភាពស្អាតស្អំ​របស់​លោក ថេង សាវឿន និង​សហការី ដោយ​អំពាវនាវ​ឱ្យ​ដោះលែង​ពួកគេ


អ្នកភូមិ​កាន់បដា​នៅ​ក្បែរ​របង​ក្រសួង​មហាផ្ទៃ​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែ​ឧសភា​ ឆ្នាំ​២០២៣ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) និង​សហការី​របស់​លោក​២​នាក់ទៀត។ (ហ៊ុល រស្មី/វីអូអេ)
អ្នកភូមិ​កាន់បដា​នៅ​ក្បែរ​របង​ក្រសួង​មហាផ្ទៃ​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែ​ឧសភា​ ឆ្នាំ​២០២៣ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) និង​សហការី​របស់​លោក​២​នាក់ទៀត។ (ហ៊ុល រស្មី/វីអូអេ)

ក្រុម​គ្រួសារ​របស់​លោក ​ថេង សាវឿន និង​សហការី​របស់​លោក​២​នាក់​ផ្សេង​ទៀត​ដែល​កំពុងជាប់​ឃុំឃាំងបាន​អះអាង​ថា​ ការ​ចោទ​ប្រកាន់​របស់​តុលាការ​ធ្ងន់ធ្ងរ និង​អយុត្តិធម៌ ដោយ​ការពារ​សកម្មភាព​របស់​ក្រុម​គ្រួសារថា​ គឺធ្វើ​ដើម្បី​ការពារ​ប្រយោ​ជន៍​របស់​កសិករ​តែ​ប៉ុណ្ណោះ។

ពួកគេ​លើក​ឡើង​បែប​នេះ ក្រោយ​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ចន្ទ បាន​សម្រេច​ឃុំ​ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក​២នាក់ ក្រោម​បទ​ចោទ​ប្រកាន់​«រួម​គំនិត​ក្បត់»​និង​«ញុះញង់​បង្ក​អសន្តិ​សុខ​សង្គម»។

អ្នកស្រី ញូង សុខហៀង ភរិយា​របស់​លោក ថេង សាវឿន ប្រាប់​វីអូអេ​ថា ​ការចោទ​ប្រកាន់​នេះ«ធ្ងន់​ធ្ងរ​ណាស់»សម្រាប់​ស្វាមី​របស់​អ្នកស្រី​ដែល​ជា​អ្នក​ការពារ​ប្រយោជន៍​របស់​កសិករ។ អ្នកស្រី​បន្ថែម​ថា​ អ្វី​ដែល​លោក ថេង សាវឿន​ ធ្វើ​កន្លងមក​ គឺ​ដើម្បី​ជួយ​សង្គម មិន​មែន​ពាក់ព័ន្ធ​នឹង​ការញុះញង់​ ក៏ដូចជា​រួមគំនិត​ក្បត់​ឡើយ។

អ្នកស្រី ញូង សុខហៀង ភរិយា​របស់​លោក ថេង សាវឿន ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រី ញូង សុខហៀង ភរិយា​របស់​លោក ថេង សាវឿន ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី​បញ្ជាក់​ថា៖ «ចំពោះ​ខ្ញុំ​ គឺ​មាន​ការ​អំពាវនាវ​ចំពោះ​អាជ្ញាធរ​ឲ្យ​ទម្លាក់​បទ​ចោទ​ទាំង​អស់ ដោយសារ​តែ​អ្វី​ដែល​គាត់​ចោទ​មក គឺ​មិន​មែន​ជា​សកម្ម​ភាព​របស់​គ្រួសារខ្ញុំ និង​សហការី​ទាំង​ពីរ​រូបជាដាច់​ខាត»។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC) និង​សហការី​របស់​លោក​២​នាក់ គឺ​លោក ថាន់ ហាច មន្ត្រី​សម្រប​សម្រួល​សហគមន៍​ និង​លោក ញិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ក្រោម​ការ​បញ្ជា​របស់​ស្នង​ការ​នគរបាល​ខេត្ត​រតនគិរី ក្រោយ​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​នៅ​ទីនោះ។

អ្នកស្រី ម៉ែន រ៉ន អាយុ​៤៨​ឆ្នាំ ភរិយា​របស់​លោក ញិល ភាព ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រី ម៉ែន រ៉ន អាយុ​៤៨​ឆ្នាំ ភរិយា​របស់​លោក ញិល ភាព ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី ម៉ែន រ៉ន អាយុ​៤៨ឆ្នាំ ភរិយា​របស់​លោក ញិល ភាព ថ្លែង​ថា ​អ្នកស្រី​ចាត់​ទុកការ​ចោទ​ប្រកាន់​មក​លើ​ស្វាមី​ធ្ងន់ធ្ងរ ជា​រឿង​អយុត្តិ​ធម៌ និងមិន​សមហេតុផល ដោយ​អះអាងថា ​លោក ញិល ភាព មិន​ធ្វើ​អ្វី​ខុសច្បាប់​ឡើយ ហើយ​លោក​ធ្វើ​តែ​អ្វី​ដែល​ជួយ​កសិករ​តែ​ប៉ុណ្ណោះ។

អ្នកស្រីថ្លែងថា៖ «ចង់​ឲ្យ​រដ្ឋាភិបាល​គាត់​ជួយដោះស្រាយ​សំណុំ​រឿង​ហ្នឹង។ ឲ្យ​គាត់​ជួយ​ដោះលែង​ពួក​គាត់​ទាំ​ង៣នាក់​ហ្នឹង​ទៅ​ កុំ​ឲ្យ​ជាប់​នៅកន្លែង​ហ្នឹង​ទៀត។ សុំ​ឲ្យ​គាត់​ជួយ​សម្តេចឲ្យគាត់​ជួយ​អ្នក​ទាំង​៣​នាក់​ហ្នឹងរួចពី​កន្លែង​ហ្នឹង»។

ចំណែក​អ្នកស្រី មី លុន អាយុ​៥២ឆ្នាំ ម្តាយ​របស់​លោក ថាន់ ហាច ថ្លែង​ថា​ អ្នក​ស្រី​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ និង​តុលាការ​មក​លើ​កូន​ប្រុស​របស់​អ្នកស្រី។

អ្នកស្រី មី លុន អាយុ​៥២​ឆ្នាំ ម្តាយ​របស់​លោក ថាន់ ហាច ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រី មី លុន អាយុ​៥២​ឆ្នាំ ម្តាយ​របស់​លោក ថាន់ ហាច ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «អត់​សម​ហេតុ​សម​ផល​ទេ អយុត្តិធម៌​ណាស់។ ការ​ចោទ​ប្រកាន់​មក​លើ​កូន​ខ្ញុំនេះ ធ្ងន់ណាស់។ អត់​មាន​ពាក្យអី​ដល់​ថ្នាក់​ហ្នឹង​ទេ។ កូន​ខ្ញុំ អត់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ទេ។សូម​អស់​លោក​នៅ​ខាង​លើ​ទាំអស់​ សូម​ជួយ​ដោះស្រាយ​ឲ្យ​កូន​ខ្ញុំ​ផង»។

លោក កែវ ភក្តី អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​រតនគិរី ថ្លែង​ថា​លោក​មិន​មាន​អ្វីត្រូវ​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ ដោយសារតែ​រឿងក្តីក្តាំ​នេះ​នៅមិន​ទាន់​មាន​ការ​សម្រេច​ចុង​ក្រោយ​ឡើយ។ វីអូអេមិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក អ៊ុង សុភាព ស្នងការ​នគរបាល​ខេត្ត​រតនគិរី​បាន​នៅ​ឡើយ។

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ សមត្ថកិច្ច​រក​ឃើញ​ថា ​វគ្គ​បណ្តុះ​បណ្តាល​របស់​លោក ថេង សាវឿន បង្កប់​អត្ថន័យ​ញុះ​ញង់​ឲ្យ​មាន​បដិវត្តន៍​កសិករ។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​ហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​ខេត្ត​រតនគិរី​បាន​ដំណឹង​អំពី​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​របស់​សមាគម​លោក ថេង សាវឿន រហូត​ដល់​ចុះ​ទៅ​ស៊ើបអង្កេត​ពិនិត្យ​មើលបន្ទប់ ឯកសារ និង​កាមេរ៉ា​សុវត្ថិ​ភាព​នៅ​សណ្ឋាគារ​ឈ្មោះ Galaxy II Motel ដែល​ជា​កន្លែង​លោក ថេង សាវឿន រៀបចំ​កិច្ច​ប្រជុំរយៈ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៣ និង​ទី១៤ ខែ​ឧសភា។

បន្ទប់​ដែល​លោក ថេង សាវឿន រៀបចំ​វគ្គ​បណ្តុះបណ្តាល កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្តរតនគិរី។ (ស៊ុន ណារិន/វីអូអេ)
បន្ទប់​ដែល​លោក ថេង សាវឿន រៀបចំ​វគ្គ​បណ្តុះបណ្តាល កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្តរតនគិរី។ (ស៊ុន ណារិន/វីអូអេ)

ម្ចាស់​សណ្ឋាគារ Galaxy II Motel ប្រាប់​វីអូអេ​ដោយ​មិន​ចង់​បង្ហាញ​ឈ្មោះ​ថា​ ក្រុម​ការងារ​របស់​លោក ថេង សាវឿន បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ចំនួន​១៤​បន្ទប់ រយៈ​ពេល​២​យប់ ព្រម​ទាំង​ជួល​បន្ទប់​ប្រជុំ និង​ម្ហូប​អាហារ​ផង​ដែរ ដោយ​ចំណាយ​ប្រាក់​ប្រមាណ​១.០០០​ ដុល្លារ​អាមេរិក។ ម្ចាស់​សណ្ឋាគារ​ដែល​ជាស្រ្តីឲ្យ​ដឹង​ទៀត​ថា ​នៅ​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ប្រជុំ សមត្ថកិច្ច​ចុះ​មក​សួរ​នាំ ប្រមូល​ឯកសារ និង​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​ទីនោះ។

ម្ចាស់​សណ្ឋាគារ​បញ្ជាក់​ថា​ ក្រុម​ខាង​អ្នកស្រី​មិន​បាន​ជូន​ដំណឹង​ទៅ​សមត្ថកិច្ច​ឡើយ​អំពី​កិច្ច​ប្រជុំ​របស់​លោក ថេង សាវឿន។ អ្នកស្រី​មិន​ចង់​ឲ្យ​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​ឈ្មោះ​សណ្ឋាគារ​របស់​អ្នកស្រី ដោយ​បារម្ភ​ខ្លាច​ប៉ះពាល់​ការ​រកស៊ី៕

XS
SM
MD
LG