ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Human Rights Watch អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ការចោទ​ប្រកាន់​លោក កឹម សុខា


រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ថត​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ថត​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​Human​ ​Rights​ ​watch​ នៅ​ថ្ងៃ​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ​បានទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក ​កឹម​ សុខា ជា​បន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​អង្គការ​ Human​ ​Rights​ ​watch ​នៅ​ថ្ងៃ​អង្គារ​នេះ។

ការ​ទាមទារ​របស់​អង្គការ​នេះ កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក ​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍សម្រេច​ច្រាន​ចោល​ពាក្យបណ្តឹង​របស់​ក្រុម​មេធាវីការ​ពារក្តី​លោក ​កឹម សុខា​ ដែល​ប្តឹង​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បានសម្រេច​នាំ​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧​ យក​មក​កាត់​ទោស។

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​យក​ថ្ងៃ​១៥ ​ខែ​មករា ​ឆ្នាំ​២០២០ ​ដើម្បី​កាត់​ក្តី​ លោក​ កឹម​ សុខា ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ។

ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​កឹម​ សុខា ​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​និងអន្តរជាតិ និង​សហគមន៍​អន្តរជាតិ​ហៅ​ថា​ជា​ការ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ។

​លោក​ Phil​ Robertson​ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​Human​ ​Rights​ ​watch​ ​ត្រូវ​បាន​ស្រង់​សម្តី​ដើមនៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា៖ «ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ​កឹម​ សុខា ​គឺ​ជាលេស​ដែល​គួរ​ឲ្យ​សង្ស័យ​មួយ​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ត្រូវ​តែ​បង្ហាញ​សហគមន៍​អឺរ៉ុប​ថា​ លោក​ពិត​ជា​ត្រៀម​ខ្លួន​ដើម្បី​បញ្ចប់​យុទ្ធនាការ​នៃ​ការ​បង្ក្រាបនយោបាយ​ទៅ​លើ​ក្រុម​ប្រឆាំង»។

លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​តុលាការ​បាន​ចោទ​ប្រកាន់​ថា​ លោក​បាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។

នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៨ ​លោក ​កឹម ​សុខា ​ត្រូវ​បាន​អាជ្ញាធរ​ផ្ទេរ​ពីពន្ធនាគារ​មក​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ជំនួស​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​គាំទ្រ​ ឬ​ចូល​រួម​សកម្មភាព​នយោបាយ​អ្វី​នោះ​ទេ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩​ លោក​ កឹម ​សុខា ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រួចផុត​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ក្រោម​លក្ខខណ្ឌ​ថា​ លោក​មិន​អាច​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ មិន​អាច​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ​និង​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​របស់​សមត្ថកិច្ច។

ការ​សម្រេច​របស់​តុលាការ​កម្ពុជា​ដែល​បាន​អនុញ្ញាត​ឲ្យ​លោក ​កឹម សុខា​ អាច​ដើរ​ចេញ​ពី​ផ្ទះ​បាន​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​ត្រៀម​ចេញ​សេចក្តីរាយការណ៍​លើក​ទី​ពីរ​អំពី​ការ​វាយ​តម្លៃ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក្រោម​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ​» ឬ ហៅថា​ EBA។

​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ មាន​ពេល​បី​ខែ​ បន្ទាប់​ពី​ទទួល​បាន​របាយការណ៍នោះ​ ដើម្បី​ឆ្លើយ​តប​នឹង​សហគមន៍​អឺរ៉ុប​ក្រោម​ក្រប​ខណ្ឌ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBAនេះ​ រហូត​ដល់​សហគមន៍​អឺរ៉ុប​ចេញ​សេចក្តី​សម្រេច​ចុង​ក្រោយ​ថាតើត្រូវ​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​ឬយ៉ាងណានៅ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG