ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនស្រីលោកកឹម សុខាថា ការបញ្ជូនសំណុំរឿងឪពុកនាងទៅកាត់ទោសបង្ហាញចេតនាអាក្រក់


កូនស្រីច្បង​របស់​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​បញ្ជូន​សំណុំ​រឿង​លោក​ទៅ​កាត់​ទោស​ពីបទ​សន្និដ្ឋិភាព​គឺបង្ហាញ​ពី​ចេតនា​អាក្រក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច ​ព្រោះ​ដីកា​បញ្ជូន​ចុះ​ថ្ងៃ​ទី២​ខែ​ធ្នូឆ្នាំ​២០១៩នេះ​ធ្វើ​ឡើង​ចំពេល​ការ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​លើមុខ​ទំនិញ​អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ​Everything But Arms ​កំពុង​ប្រឈម​នឹង​ការ​ដកចេញ​ហើយ​សភា​អាមេរិក​ក៏កំពុង​ជំរុញ​ឲ្យ​ស.រ.អា.​ចាត់​វិធានការ​មួយ​ចំនួន​ផង​ដែរ។​

នាង​កឹម មនោវិទ្យា​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​ថា ឥរិយាបទ​របស់​របប​នេះ​មិន​អាច​ជួយ​ដល់​ស្ថាន​ការណ៍​បាន​ទេ។​

លោកកឹម សុខាធ្លាប់បាននិយាយថា ការចោទប្រកាន់លោកគ្មានន័យទេ។​

សហភាពអឺរ៉ុបនិងតំណាងរាស្ត្រស.រ.អា.បានទាមទារឲ្យដោះលែងលោកកឹម សុខានិងរិះគន់ការបង្ក្រាបលើគណបក្សប្រឆាំង សង្គមស៊ីវិល បណ្តាញព័ត៌មានឯករាជ្យជាដើម។

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញចេញថ្ងៃ២ខែធ្នូសរសេរថា«ចៅក្រមស៊ើបសួរពិនិត្យឃើញថាមានភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុកជនត្រូវចោទឈ្មោះកឹម សុខាពីបទសន្និដ្ឋិភាពជាមួយបរទេស»។

តុលាការមិនទាន់កំណត់ថ្ងៃបើកសវនាការនៅឡើយ។មេធាវីរបស់លោកកឹម សុខាបានប្រាប់វីអូអេថា លោកសម្រេចប្តឹងឧទ្ធណ៍ឲ្យតុលាការទម្លាក់ការចោទប្រកាន់។

លោកកឹម សុខាត្រូវបានដោះលែងពីការឃុំឃាំងក្នុងផ្ទះកាលពីពីរសប្តាហ៍មុន តែគ្មានសិទ្ធិធ្វើនយោបាយទេ។

ភ័ស្តុតាងតែមួយគត់ចោទប្រកាន់លោកកឹម សុខាគឺការអត្ថាធិប្បាយរបស់លោកនៅជំនួបសាធារណៈដែលលោកបាននិយាយថា លោកទទួលបានដំបូន្មានពីពលរដ្ឋអាមេរិកាំងអំពីយុទ្ធសាស្ត្រការបោះឆ្នោតនៅមុន​ការបោះឆ្នោតឆ្នាំ២០១៣មកម៉្លេះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG