ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​បញ្ជូន​សំណុំរឿង​លោក​កឹម សុខា ​ទៅ​ជំនុំជម្រះ


លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​នៅថ្ងៃច័ន្ទ​នេះ​ បញ្ជូន​សំណុំ​រឿង​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិទៅ​ជំនុំជម្រះ ​ក្រោយ​ពី​បាន​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​២ឆ្នាំ។​

អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ក្រោយពី​បាន​ស្រាវជ្រាវ​និង​ស៊ើប​អង្កេត​ចប់​សព្វគ្រប់​ «ចៅក្រម​ស៊ើបសួរ​ពិនិត្យ​ឃើញ​ថា​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់»​ ដើម្បី​កាត់​ទោស​លោក​កឹម សុខា​ ពី​បទ​«សន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស‍»។

លោកកឹម សុខា​ ដែល​មាន​វ័យ​៦៦ឆ្នាំ​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ពី​លំនៅដ្ឋាន​ទាំង​យប់​កាលពីដើមខែ​កញ្ញា​ឆ្នាំ​២០១៧ ហើយ​បាន​យក​ទៅ​ដាក់​ឃុំឃាំង​មុន​នឹង​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ​កាលពី​ដើម​ខែ​វិច្ឆិកា។

ការ​ចាប់​ខ្លួន​មេបក្ស​ដ៏មាន​ប្រជាប្រិយ៍ភាព​នេះ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​នាំ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ ហើយសហគមន៍​អន្តរជាតិ​ថ្កោលទោសរដ្ឋាភិបាល​កម្ពុជា​និង​ទាម​ទារ​ឱ្យ​ដោះលែង​រូប​លោក​ដោយ​គ្មាន​លក្ខខណ្ឌព្រម​ ទាំង​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ​ឡើងវិញ។

សហភាពអឺរ៉ុប​ថែមទាំង​ចាប់​ផ្តើម​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុគ្រោះពន្ធ​ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ឬ Everything But Arms (EBA) ​ដែល​កម្ពុជា​ទទួល​បាន​ បើសិន​ជា​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ មិន​ស្តារ​ស្ថានការណ៍​មក​ដូច​ដើមវិញ​ទេ។ សហភាព​អឺរ៉ុប​ទុក​ពេល​ឱ្យ​កម្ពុជា​រហូត​ដល់​ថ្ងៃទី​១២ ខែធ្នូ មុននឹង​សម្រេច​ជាចុងក្រោយ​នៅខែ​កុម្ភៈ​ ឆ្នាំ ២០២០ ថា​ត្រូវ​ព្យួរ​ឋានៈ​ EBA ឬ​យ៉ាងណា។

ក្រោយពី​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​ មាន​ឯកអគ្គរដ្ឋ​ទូត​បស្ចិម​ប្រទេសជាច្រើន​បាន​ចូល​ទៅ​ជួប​សួរសុខទុក្ខ​លោក​កឹម សុខា​ ប៉ុន្តែ​លោក​នៅតែ​មិនទាន់អាច​ធ្វើ​នយោបាយ ​ឬ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​បាន​នៅឡើយ។​

ក្រុម​មេធាវី​របស់​លោកកឹម សុខា បាន​ទាមទារ​ឱ្យ​ទម្លាក់​ការចោទប្រកាន់​ទាំងស្រុង​ដោយ​ការពារ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទ​ប្រកាន់​ទេ។ អ្វី​ដែល​លោក​បាន​ធ្វើ​ក្នុង​ពេល​កន្លង​មក​គឺ​ស្ថិតនៅ​ក្នុង​រង្វង់​ច្បាប់​ដែល​បាន​អនុញ្ញាត៕

XS
SM
MD
LG