ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិកាំង​ព្រមាន​លោក ហ៊ុន សែន ពេល​តុលាការ​គ្រោង​កាត់ទោស​លោក កឹម សុខា


រូបឯកសារ៖ លោក​ Steve Chabot (ស្តាំ)​ សហ​ប្រធាន​នៃ​ក្រុម​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា ​​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ ​និងលោក​​ Alan Lowenthal ​សហ​ប្រធាន​នៃ​ក្រុម​អ្នកតំណាងរាស្ត្រ​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។
រូបឯកសារ៖ លោក​ Steve Chabot (ស្តាំ)​ សហ​ប្រធាន​នៃ​ក្រុម​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា ​​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ ​និងលោក​​ Alan Lowenthal ​សហ​ប្រធាន​នៃ​ក្រុម​អ្នកតំណាងរាស្ត្រ​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

អ្នកតំណាងរាស្រ្ត​សហរដ្ឋ​អាមេរិកបាន​ព្រមាន​ខ្លាំងៗ​ជាថ្មីឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​នយោបាយ​នៅ​ពេល​ដែល​សំណុំរឿង​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចៅក្រមបញ្ជូន​ទៅ​ជំនុំ​ជម្រះ។

លោក អាឡាំង ឡូវឹនសល សហ​ប្រធាន​នៃ​ក្រុម​អ្នកតំណាងរាស្ត្រ​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​បានរិះគន់ចំណាត់ការ​របស់​តុលាការ​រាជធានី​ភ្នំពេញ ដែល​មិន​ព្រម​ទម្លាក់​ការចោទ​ប្រកាន់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិពី​បទ​ក្បត់ជាតិ​ដោយ​ឃុបឃិត​គ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

លោក អាឡាំង ឡូវឹនសល បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មក VOA ខេមរ​ភាសា​ថា៖

«លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បន្ត​ជំរុញ​ទៅ​មុខ​នូវ​បទចោទប្រកាន់​ដែល​បាន​ប្រឌិត​ឡើង​ប្រឆាំង​នឹង​លោក កឹម សុខា ដែល​ធ្វើ​ឱ្យ​មាន​ការរិះគន់​វាយប្រហារ​បន្ថែម​ទៀត​លើ​ភាព​លំអៀង​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​និង​បង្ហាញ​ជា​ថ្មី​ម្តង​ទៀត​ពី​ការគ្រប់គ្រង​ទាំងស្រុង​ដោយផ្តាច់ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនលើ​គ្រប់​ស្ថាប័ន​ជាតិ‍»។

តុលាការ​រាជធានី​ភ្នំពេញបាន​សម្រេចកាលពី​ថ្ងៃច័ន្ទ​នេះបញ្ជូន​សំណុំរឿងលោកកឹម សុខាទៅ​ជំនុំ​ជម្រះ​ក្រោយពី​បាន​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​២ឆ្នាំ​ប៉ុន្តែ​នៅ​មិនទាន់​កំណត់​ថ្ងៃកាត់ក្តី​នៅឡើយ។​ តុលាការ​បាន​បញ្ជាក់​ថាក្រោយពី​បាន​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ចប់​សព្វគ្រប់​ «ចៅក្រម​ស៊ើបសួរ​ពិនិត្យ​ឃើញ​ថា​មានភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់​‍»​ដើម្បី​កាត់​ទោស​លោក​កឹម សុខាពីបទ​«សន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស‍‍‍»។

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​បាន​អំពាវនាវ​ជាបន្តបន្ទាប់​ឱ្យ​ដោះលែង​លោកកឹម សុខា​ជាបន្ទាន់​និង​ដោយគ្មាន​លក្ខខណ្ឌ។

លោក អាឡាំង ឡូវឹនសល ​បន្ត​រិះគន់​ ​អាជ្ញាធរ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ចោទ​លោក កឹម សុខា ថា​គឺ​ដោយសារ​ខ្លាច​ប្រជាប្រិយ៍ភាព​របស់​បក្ស​ប្រឆាំង៖

​«លោក កឹម សុខា ​បាន​រង​ការចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ​ដោយ​លោក​មិន​បាន​ធ្វើ​អ្វី​ទាំងអស់​ក្រៅពី​ដឹកនាំ​គណបក្ស​របស់​លោក​ប្រឆាំង​នឹង​លោក​នាយករដ្ឋ​មន្ត្រី។ គណបក្ស​ប្រឆាំងនោះ​ទទួលបាន​ការគាំទ្រ​យ៉ាងឆាប់រហ័ស​ពីពលរដ្ឋ​កម្ពុជា​ភាគច្រើន​ហើយ​បាន​គំរាម​កំហែងបញ្ចប់​ការដឹកនាំ​បី​ទសវត្សរ៍​របស់​របប​លោក ហ៊ុន សែន។ របប​លោក ហ៊ុន សែន នឹង​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​សហគមន៍អន្តរជាតិ​ ប្រសិនបើ​នៅ​បន្ត​សកម្មភាព​គាបសង្កត់​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ប្រឆាំង​នឹង​ឆន្ទៈពលរដ្ឋ​កម្ពុជា‍»។​

លោក ស្ទីវ ឆាបុត្រ ​សហ​ប្រធាន​នៃ​ក្រុម​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កម្ពុជាដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​បញ្ជាក់​ប្រាប់​ VOA ខេមរភាសាដែរ​ថា៖

«មិនមាន​ភស្តុតាង​ឯណា​ថា​លោក កឹម សុខា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ដោយ​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ទេ។ នេះ​គឺគ្រាន់តែជា​ឧទាហរណ៍​ថ្មី​ទៀត​ដែល​លោក​ហ៊ុនសែន​ស្លៀកពាក់​សម្លៀក​បំពាក់​ជាជន​ផ្តាច់ការ​ហើយ​យក​ស្បៃ​ប្រជាធិបតេយ្យ​មក​គ្រប​ពី​លើ‍។ ខ្ញុំ​នឹង​បន្តធ្វើការ​ជាមួយ​សហការី​របស់​ខ្ញុំ​នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ធានាថា​លោកកឹមសុខា និង​អ្នកដទៃ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​មាន​សេរីភាព​អនុវត្ត​សិទ្ធិ​នយោបាយ​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា»។

រូបឯកសារ៖ លោក ថេត យូហូ អនុប្រធាន​អនុគណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​គណៈកម្មការ​កិច្ចការ​បរទេស​របស់​សភាតំណាងរាស្ត្រ។
រូបឯកសារ៖ លោក ថេត យូហូ អនុប្រធាន​អនុគណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​គណៈកម្មការ​កិច្ចការ​បរទេស​របស់​សភាតំណាងរាស្ត្រ។

លោក ថេត យូហូ អនុប្រធាន​អនុគណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​គណៈកម្មការ​កិច្ចការ​បរទេស​របស់​សភាតំណាងរាស្ត្រ​បាន​ហៅ​ចំណាត់ការ​តុលាការ​លើ​លោក កឹម សុខា​ថា គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​របស់​លោក ហ៊ុន សែន ក្នុងការ​គាបសង្កត់​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា។

លោក ថេត យូហូ ​ដែល​ជា​អ្នកតំណាងរាស្ត្រ​ប្រចាំ​រដ្ឋផ្លរីដា​នៃ​គណបក្ស​សាធារណរដ្ឋ​និង​បាន​សើ្ន​សេចក្តី​ព្រាងច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​បញ្ជាក់​ថា លោកកឹមសុខា គ្រាន់តែធ្វើ​ការតាម​គោលការណ៍​ដែល​បាន​កំណត់​ក្នុងរដ្ឋ​ធម្មនុញ្ញ​កម្ពុជា​និង​ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ឆ្នាំ​១៩៩១​ដែល​បាន​ចែងយ៉ាង​ច្បាស់​ថា​ប្រទេស​កម្ពុជា​ត្រូវ​មាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​តំណាង​ឱ្យ​ពលរដ្ឋ។

លោក ថេត យូហូ បាន​បន្ថែម​ថា៖

«សកម្មភាព​របស់លោក ហ៊ុន សែន ដែល​កាត់ទោស​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​គឺ​ជា​សញ្ញា​មួយ​ទៀត​ថា​គាត់​ដឹង​ថា​គាត់​និង​កូនរបស់​គាត់​ដែល​ត្រូវ​បន្ត​តំណែង​មិន​អាច​បន្ត​អំពើ​ផ្តាច់ការ​នៅ​ក្នុង​សង្គម​សេរី​និង​បើក​ចំហរទេ។ ខ្ញុំ​ឈរ​ជាមួយ​នឹង​ពលរដ្ឋ​អាមេរិកាំងនិង​ឈរ​ជាមួយ​លោក កឹម សុខា‍»។

រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

លោក កឹម សុខា​ ដែល​មាន​វ័យ​៦៦ឆ្នាំ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ពីលំនៅដ្ឋាន​ទាំងយប់​កាលពី​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៧ ហើយ​បាន​យក​ទៅដាក់​ឃុំឃាំង​មុន​នឹង​ដោះលែង​ឱ្យ​នៅ​ក្រៅ ឃុំ​ដោយ​មាន​លក្ខខណ្ឌ​កាលពី​ដើម​ខែ​វិច្ឆិកា។

ការចាប់​ខ្លួន​មេបក្ស​ដ៏មាន​ប្រជាប្រិយ៍ភាព​នេះនិង​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​នាំ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ​ហើយ​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​មានភាពរកាំរកូស។ ប៉ុន្តែ​ចាប់​ពី​ចុងខែ​វិច្ឆិកា​មក​ស្ថានភាព​អាប់អួរនេះហាក់​បាន​ធូរស្រាល​ឡើងវិញ​បន្តិច​នៅពេល​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ត្រាំ​និង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុនសែន​បាន​ផ្លាស់ប្តូរលិខិត​គ្នា​ដោយ​ឈរ​លើ​ទស្សនៈ​ស្វែងរកវិធីកែលម្អ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ។

លោក ស្ទីវ ឆាបុត្រ​ក៏​បាន​បញ្ជាក់​បន្ថែម​ប្រាប់ VOAដែរ​ថា៖

«ប្រសិន​បើ​លោក​ហ៊ុនសែន​ចង់​បាន​ទំនាក់ទំនង​ល្អប្រសើរ​ជាង​នេះ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ គាត់​ត្រូវ​ឆ្លាតវៃ​ដោយ​ត្រូវ​គោរព​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​គាត់​និង​ទម្លាក់​ចោល​ការបង្កាច់​បង្ខូច​គួរឱ្យ​អស់​សំណើច​នេះ​ប្រឆាំង​នឹង​យើង‍»។

សភា​តំណាងរាស្រ្ត​របស់​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពាក់កណ្តាល​ខែកក្កដាប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​នោះ​នៅ​ជាប់​នៅ​ព្រឹទ្ធសភា​នៅឡើយ។ ក្រៅពីនោះ​សភាតំណាងរាស្ត្រ​និង​ព្រឹទ្ធសភា​ក៏បាន​ស្នើ​ច្បាប់​សើរើឋានៈអនុគ្រោះពន្ធ​ពាណិជ្ជកម្ម ​(GSP) ​ដែល​កម្ពុជា​ទទួលបាន​ពីសហរដ្ឋ​អាមេរិក​ផងដែរ។ ​ប៉ុន្តែ​អ្នកតាក់តែងច្បាប់​សហរដ្ឋ​អាមេរិក​នៅ​ចង់​ឱ្យ​កម្ពុជា​កែប្រែស្ថានការណ៍​ជាជាង​ដាក់ទណ្ឌកម្ម។

​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​ កំពុង​ស្វះស្វែង​រៀបចំឱ្យ​មាន​កិច្ច​ប្រជុំជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​ នៃ​រដ្ឋាភិបាល ​រដ្ឋសភា ​និង​ព្រឹទ្ធសភា ​របស់​សហរដ្ឋ​អាមេរិក​ ព្រម​ទាំងដៃ​គូ​អន្តរជាតិ​មួយ​ចំនួន​ទៀត​ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ស្វែង​រកការគាំទ្រ​បន្ថែម​ទៀត​ពី​សហរដ្ឋ​អាមេរិក​និង​ដៃគូ​អន្តរជាតិ​សម្រាប់​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ប៉ុន សៅរី​អគ្គលេខាធិការ គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​ (CNRP-O) ​ដែល​បាន​បង្ហោះសារ​តាម​ទំព័រហ្វេសប៊ុក។​

ក្នុងពេល​ជាមួយ​គ្នា​នេះដែរ​ក្រុមអង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ-អាមេរិកាំង​ដែលមានមូលដ្ឋាន​នៅ​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ឱ្យលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ឱ្យ​គោរព​តាម​ការស្នើសុំ​របស់​សហភាព​អឺរ៉ុប​ដែល​ទាមទារ​ឱ្យ​កម្ពុជា​ស្តារ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។​

នៅក្នុង​លិខិត​ចំហ​មួយ​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ អង្គការ​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​បាន​លើក​ឡើ​ងថា៖

«ការទទួល​យក​សំណើ​របស់​សហគមន៍​អឺរ៉ុប​ គឺ​វានាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ជាថ្មី​ឡើងវិញ និង​ធ្វើ​ឱ្យ​អន្តរជាតិ​និង​សហគមន៍អាស៊ាន​មាន​ការរាប់​អាន​ទំនាក់​ទំនង​ឱ្យ​តម្លៃ​ដល់​ប្រទេស​កម្ពុជា​ជាពិសេស​ដូចជា​ប្រទេស​នានា​ក្នុង​តំបន់‍»៕

XS
SM
MD
LG