អ្នកតាក់តែងច្បាប់អូស្រាលីពីររូប បានប្រតិកម្មខ្លាំងៗលើរដ្ឋាភិបាលកម្ពុជា នៅពេលដែលតុលាការកម្ពុជាបានប្រកាសបញ្ជូនសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទៅជំនុំជម្រះ ក្រោយការបញ្ចប់ការស៊ើបអង្កេតដែលមានរយៈពេលជាង២ឆ្នាំ។
លោក Julian Hill តំណាងរាស្ត្រអូស្ត្រាលីប្រចាំមណ្ឌល Bruce មកពីគណបក្សពលករ បានប្រាប់កាសែត the Sydney Morning Herald កាលពីថ្ងៃពុធ ថា៖ «[កម្ពុជា] នាំមេដឹកនាំគណបក្សប្រឆាំងទៅជំនុំជម្រះក្តីពីបទក្បត់ជាតិ? ខ្ញុំថា វាមិនគួរឲ្យជឿសោះ»។
លោកក៏បានបន្ថែមទៀតថា៖ «រដ្ឋាភិបាលអូស្ត្រាលីត្រូវតែបញ្ឈប់ឥរិយាបទទន់ភ្លន់ដាក់លោក ហ៊ុន សែន ហើយពិចារណាឡើងវិញលើយុទ្ធសាស្ត្ររបស់យើង។ វាបានហួសពេលយូរទៅហើយ ដែលអូស្ត្រាលីគួរតែពិចារណាចាត់វិធានការខ្លាំងៗ ដូចជាការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់នៃរបបគាបសង្កត់នេះ»។
កាលពីថ្ងៃចន្ទកន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសថា ក្រោយពីបានស្រាវជ្រាវនិងស៊ើបអង្កេតចប់សព្វគ្រប់ «ចៅក្រមស៊ើបសួរពិនិត្យឃើញថាមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់» ដើម្បីកាត់ទោសលោកកឹម សុខា ពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»។
លោកកឹម សុខា ដែលមានវ័យ ៦៦ ឆ្នាំ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនពីលំនៅដ្ឋានទាំងយប់កាលពីដើមខែកញ្ញា ឆ្នាំ ២០១៧ ហើយបានយកទៅដាក់ឃុំឃាំងមុននឹងដោះលែងឱ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌកាលពីដើមខែវិច្ឆិកា។
លោក James Paterson ព្រឹទ្ធសភាអូស្ត្រាលីម្នាក់មកពីគណបក្ស Liberal ក៏បានប្រាប់កាសែត the Sydney Morning Herald ថា បទចោទប្រកាន់លើលោក កឹម សុខា គឺជាភស្តុតាងបន្ថែមបង្ហាញឲ្យឃើញថា កម្ពុជាបានច្រានចោលលទ្ធិប្រជាធិបតេយ្យដោយចំហ។
លោកត្រូវបានដកស្រង់ពាក្យសម្តីថា៖ «ខ្ញុំក៏មានការពួ្រយបារម្ភដូចគ្នានេះ អំពីការឃ្លាតចេញកាន់តែច្បាស់ [របស់រដ្ឋាភិបាលកម្ពុជា] ពីលទ្ធិប្រជាធិបតេយ្យ និងការគោរពសេរីភាពបុគ្គលនៅកម្ពុជា ជាពិសេសបើយើងពិនិត្យមើលចំណាត់ការលើសមាជិកបក្សប្រឆាំង និងការរឹតត្បិតសំឡេងប្រឆាំងនឹងរដ្ឋាភិបាល»។
ប្រតិកម្មរបស់អ្នកតាក់តែងច្បាប់អូស្តា្រលីទាំងពីរនាក់នេះ បានធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកដំណោះស្រាយនានា ដើម្បីឆ្លើយតបនឹងរបាយការណ៍វាយតម្លៃលើស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលត្រូវបានធ្វើឡើងដោយគណៈកម្មការសហភាពអឺរ៉ុប។
សហភាពអឺរ៉ុបកំពុងពិចារណាថាតើត្រូវព្យួរឋានៈអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ» ឬ Everything But Arms (EBA) ដែលកម្ពុជាទទួលបាន ឬក៏យ៉ាងណា ដោយសារការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះ ត្រូវបានរំពឹងថានឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ៕