ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា ​ប្តឹង​ទាស់​នីតិវិធី​បញ្ជូន​​ទៅ​ជំនុំ​​ជម្រះ


រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ ឈរ​នៅ​ខាងមុខ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ ឈរ​នៅ​ខាងមុខ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

បន្ទាប់ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​ទៅ​ជំនុំ​ជម្រះ កាលពី​​ថ្ងៃ​ទី​៣ ខែធ្នូ​នេះ ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ចំនួន​បួន​នាក់ បាន​ប្តឹ​ងទៅ​សាលា​ឧទ្ធរណ៍ ដោយ​ថា ការសម្រេច​នេះ អយុត្តិធម៌​យ៉ាងខ្លាំង​សម្រាប់​កូនក្តី​របស់​ពួកគេ។

ក្រុម​មេធាវី​ការពារ​ក្តីលោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ ​បានប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ ប្រឆាំង​ការសម្រេចរបស់សាលា​ដំបូង​រាជធានីភ្នំពេញ​ ​ដែលបញ្ជូនសំណុំរឿងកូន​ក្តីរបស់ពួកគេ​ទៅ​ជំនុំ​ជម្រះ ​ដោយមិន​មានការ​សាកសួរអ្នក​ពាក់ព័ន្ធ។​

បណ្តឹង​ឧទ្ធរណ៍​របស់​ក្រុម​មេធាវី​បួន​រូប​ដែល​ការពារក្តី​លោក កឹម សុខា​ បាន​បញ្ជាក់​ឲ្យ​ដឹងថា ​មេធាវីសម្រេច​ប្តឹង​ឧទ្ធរណ៍​ដោយ​សារ​តែ ​«ចៅ​ក្រម​ស៊ើប​សួរ​បាន​រក្សា​ទុក​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ដដែល»​ និង ​«មិន​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​ពេល​លេញ​ចំពោះ​ភាគី​ពាក់​ព័ន្ធ»​ ដើម្បី​ឆ្លើយ​តបទៅ​នឹង​នីតិវិធីដែល​ថា​ ចៅក្រម​ស៊ើប​សួរ​មាន​កាតព្វ​កិច្ច​ស៊ើប​ទាំង​ដោះ​បន្ទុក ​និង​ដាក់​បន្ទុក ​មុន​នឹង​ចេញដីកា​បញ្ជូន​ទៅ​ជំនុំ​ជម្រះ។​

លោក ​ចាន់ ចេន ​មេធាវី​មួយ​រូប​ក្នុង​ចំណោមមេធាវី​បួន​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា ​ប្រាប់ ​VOA ​នៅថ្ងៃ​ពុធ​នេះ​ថា​ ​ការ​សម្រេច​បញ្ជូន​សំណុំ​រឿង​របស់​លោក​កឹម សុខា​ទៅ​ជំនុំ​ជម្រះ​នេះ ​មាន​ភាព​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ​លើ​កូន​ក្តី​របស់​លោក។

«កន្លង​មក​ខាង​សមត្ថ​កិច្ចបាន​ចោទ​ប្រកាន់​កូន​ក្តី​ខ្ញុំ​ថា​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដោយឃុប​ឃិត​គ្នា​ជាមួយ​បរទេស​ ​ហើយ​រហូត​ដល់​ពេល​នេះ​ ​យើង​អត់​ទាន់​ឃើញ​ជន​បរទេស​ណា​មួយដែល​ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហៅ​មក​ធ្វើ​ការ​ស៊ើប​សួរ​នៅ​ឡើយ​ទេ។​ ហើយ​មួយ​ទៀត​ ​តាម​នីតិវិធី​ ​ ចៅ​ក្រម​គាត់​ស៊ើប​ទាំង​ធ្វើ​ការ​ដាក់​បន្ទុក ​និង​ធ្វើ​ការ​ដោះ​បន្ទុក​នៅ​ក្នុង​រឿង​ក្តី។​ ប៉ុន្តែ​ក្នុង​រឿង​ក្តី​នេះ​ ​ចៅក្រម​គាត់​បាន​ស៊ើប​តែ​រឿង​ដាក់​បន្ទុក​លើ​កូនក្តី​របស់​ខ្ញុំ​បាទ​ទេ​ ចំណែក​ការ​ស៊ើប​អង្កេត​ដោះ​បន្ទុក​លើ​កូន​ក្តី​ខ្ញុំ​បាទ​ គឺ​អត់​ទាន់​មាន​ទេ»។​

កាលពី​ថ្ងៃទី​២​ ខែ​ធ្នូ ​ឆ្នាំ​២០១៩​នេះ​ ​តុលាការ​ក្រុងភ្នំពេញ​បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​លោក​កឹម សុខាទៅ​ជំនុំ​ជម្រះ​ដោយ​បញ្ជាក់​ថា​ ​ចៅ​ក្រម​ស៊ើប​សួរ​ពិនិត្យ​ឃើញ​ថា​«មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់»​ដើម្បី​កាត់​ទោស​លោក​កឹម សុខាពី​បទ​«សន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស‍»តែ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ។​

នៅ​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ពោល​គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​សម្រេច​របស់​សាលា​ដំបូង​នោះ​ ​ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោកកឹម សុខាបាន​សម្រេច​ប្តឹង​ឧទ្ធរណ៍ ​ក្រោម​ហេតុ​ផល​ថា ​លោក​កឹម សុខា​មិន​សុខ​ចិត្តនឹង​ការ​សម្រេចនេះ។​

រហូត​មក​ដល់​ពេល​នេះ​ សំណុំ​រឿង​របស់​លោក​កឹម សុខា​ត្រូវ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ ​ដោយ​តុលាការ​មិន​ទាន់​កំណត់​ពី​កាល​បរិច្ឆេទ​ជាក់​លាក់​ណា​មួយ ​ដើម្បី​កាត់​ទោស​នៅ​ឡើយ។​

លោក ​ចាន់ ចេន​ បន្ថែម​ថា​ ​ក្រុម​មេធាវី​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក​កឹម សុខា​ទាំង​ស្រុង។​

កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា ​កឹម មនោវិទ្យា និយាយថា​ ​ការ​សម្រេចបញ្ជូន​សំណុំ​រឿង​ឪពុក​របស់កញ្ញា​ទៅ​កាត់​ទោស​នោះ​គឺ​បង្ហាញ​ពី​ចេតនា​អាក្រក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។​

អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះអះអាង​ថា​ ​ដីកា​បញ្ជូន​ទៅ​ជម្រះ​ ​ចុះ​ថ្ងៃ​ទី២ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ​ ធ្វើ​ឡើង​ចំ​ពេល​ដែលការ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​លើមុខ​ទំនិញ​អ្វីៗ​ទាំងអស់​លើក​លែង​តែ​អាវុធ​ (EBA)​ កំពុង​ប្រឈម​នឹង​ការ​ដក​ចេញ ​ហើយ​សភា​អាមេរិក​ក៏​កំពុង​ជំរុញ​ឲ្យសហរដ្ឋ​អាមេរិក​ចាត់​វិធាន​ការ​ជាក់​លាក់​មួយចំនួន​លើរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។​

VOA​ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​អ៊ី រិន្ទ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

លោក ​ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លើក​ឡើង​ថា​ ​ជាទូទៅ មេធាវី​តែង​ប្រកាស​មិន​សុខ​ចិត្ត​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ដែល​មាន​ផល​មិនល្អ​ដល់​កូនក្តី​របស់​ពួកគេ។​ លោក​បន្ត​ថា​ មេធាវី​របស់​ភាគី​មួយៗ​អាច​ប្តឹង​ទៅ​តុលាការ​ ប្រសិន​បើ​ពួកគេ​មិន​សុខ​ចិត្ត​ទៅ​នឹង​ការ​សម្រេច​ណា​មួយ​ ហើយ​រង់ចាំ​ការ​កាត់​ក្តី​របស់​តុលាការ​បន្ទាប់។​

លោក​ កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ពី​ផ្ទះទាំង​កណ្តាល​យប់កាល​ពី​ដើម​ខែ​កញ្ញាឆ្នាំ​ ២០១៧​ ​ហើយ​បាន​យក​ទៅ​ដាក់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ មុន​នឹង​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ ​កាលពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ។​

លោក​ កឹម សុខា ​អតីត​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ជាតិ​ រង​ការ​ចោទ​ប្រកាន់​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ដោយ​ការ​រួម​គំនិត​ជាមួយ​សហ​រដ្ឋ​អាមេរិក​ ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាលលោក​ហ៊ុន សែន។ ​ទាំង​លោក​កឹម សុខា​និង​សហ​រដ្ឋ​អាមេរិកបាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

លោក អំ សំអាត​ ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) ​លើក​ឡើង​ថា​ ​សំណុំ​រឿង​របស់​លោក​ កឹម សុខា​ ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​ ចោទ​ប្រកាន់ ​និង​ដោះ​លែង​ពី​ការ​ជាប់​ឃុំ​ក្នុង​ផ្ទះ​នោះគឺ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ​ ជាជាង​ការ​អនុវត្ត​ច្បាប់។​

«ករណី​ឯកឧត្តម​កឹម សុខា​ ឬ​ក៏​ករណី​អ្នក​នយោបាយ​ផ្សេង​ទៀត​ហ្នឹង ​វា​មាន​ជម្រើស​ក្នុង​ការ​ដោះ​ស្រាយ​ ​បើសិនជាអ្នក​នយោបាយ​ទាំង​អស់​ហ្នឹង​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​វិបត្តិនយោ​បាយដោយ​សន្តិវិធី​ ដោយ​ឈរ​លើ​ការ​ចរចា​គ្នា»។​

ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ធ្វើ​ឡើង​មុន​បន្តិច​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​អ្នក​គាំទ្រជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​ កាលពី​ការ​បោះឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧។

ការ​ចាប់​ខ្លួន​មេ​បក្ស និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​បាន​នាំ​ឲ្យស្ថាន​ភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​សហគមន៍​អន្តរជាតិ​ ដែល​មាន​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ជាដើម ​បាន​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ និង​បាន​ទាម​ទារ​ឲ្យដោះលែងលោក​កឹម សុខា​ ដោយ​គ្មាន​លក្ខខណ្ឌ ​ព្រម​ទាំង​អនុញ្ញាត​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ។​

សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​តែសព្វា​វុធ‍» ​ឬ ​Everything But Arms ​(EBA)​ ពី​កម្ពុជា​ ប្រសិន​បើរដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មិន​ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ​មក​ដូច​ដើមវិញ​ទេ​នោះ។ ​សហភាព​អឺរ៉ុប​បានទុក​ពេល​ឲ្យ​កម្ពុជា​រហូត​ដល់​ថ្ងៃទី​១២​ ខែ​ធ្នូ​ ​មុន​នឹង​សម្រេច​ជា​ចុង​ក្រោយ​នៅ​ខែ​កុម្ភៈឆ្នាំ​២០២០​ថា​ ​ត្រូវ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ​ឬ​យ៉ាង​ណា​នោះ។ ​ការ​អនុគ្រោះពន្ធ​ EBA ​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​ចំណេញ​ប្រាក់ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ពីការ​នាំទំនិញ​ចូលទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​មិន​ចាំបាច់​បង់​ពន្ធ៕

XS
SM
MD
LG