ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​យល់​ព្រម​ឲ្យ​តុលាការ​កាត់​ទោស​លោក​ អ៊ុំ សំអាន​ទោះ​បី​មាន​ការ​ប្រឆាំង​រឿង​អភ័យឯកសិទ្ធិ


​​នៅ​ថ្ងៃ​អង្គារទី១២ ខែមេសា​នេះផងដែរ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក៏​បាន​ប្រកាស​ចាប់​ខ្លួន​ជន​ណា​ដែល​​ ​បន្ត​ធ្វើ​ការ​រិះគន់​ការ​ប្រើ​ប្រាស់​ផែនទី​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋា​ភិបាល​លោក។​​​​​

ទោះ​ជា​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​មិន​ចូល​រួម​អង្គ​ប្រជុំ​ពិសេស​របស់​រដ្ឋសភា​ក៏​ដោយ​ រដ្ឋសភា​ជាតិ​ដែល​មាន​តែ​គណបក្ស​កាន់​អំណាច​បាន​ធ្វើ​ការអនុម័ត​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​បន្ត​នីតិវិធី​របស់​ខ្លួន​ក្នុង​រឿង​ក្តី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ អ៊ុំ សំអាន​ ​ដែល​មាន​អភ័យឯកសិទ្ធិ​សភា​នោះ។ នៅ​ថ្ងៃ​ដដែល​នេះ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក៏​បាន​ប្រកាស​ចាប់​ខ្លួន​ជន​ណា​ដែល ​បន្ត​ធ្វើ​ការ​រិះគន់​ការ​ប្រើ​ប្រាស់​ផែនទី​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋា​ភិបាល​លោក។​

នា​សៀល​ថ្ងៃ​អង្គារ​នេះ​ រដ្ឋ​សភា​កម្ពុជា​ដែល​មាន​តែ​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​ ​បាន​លើក​ដៃ​អនុម័ត​ ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន​លើ​ករណី​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ អ៊ុំ សំអាន​ ​ដែល​ធ្វើ​ការ​រិះគន់​ ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​រឿង​ការ​ប្រើ​ប្រាស់​ផែទី​និង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​

ក្នុង​អង្គ​ប្រជុំ​ពិសេស​របស់​រដ្ឋសភា​ ដែល​មិន​ដល់​ ​១០​នាទី​នៅ​ពេល​រសៀល​ផង​នោះ​ ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច​ចំនួន​ ​៦៣​រូប​ រួមទាំង​លោក​ ហ៊ុន សែន ​ផង​ ​ដែល​មាន​វត្តមាន​ក្នុង​អង្គ​ប្រជុំ​ពិសេស​របស់​សភា​ ​បាន​លើក​ដៃ​គាំទ្រ​ឲ្យ​អាជ្ញាធរ​និង​តុលាការ​ ​បន្ត​កាងារ​របស់​ខ្លួន​លើ​ករណី​សមាជិក​សភា​មក​ពី​គណបក្ស​ជំទាស់​ ដោយ​មិន​និយាយ​ពី​អភ័យឯកសិទ្ធិ​អ្វី​នោះ​ទេ។

ក្រោយ​ពី​ការ​លើក​ដៃ​យល់​ព្រម​ ​ដោយ​ពុំ​មាន​វត្តមាន​ពី​សមាជិក​រដ្ឋសភា​របស់​គណបក្ស​ជំទាស់​សង្គ្រោះ​ជាតិ ​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​និង​ជា​ប្រធាន​កិត្តិយស​របស់​គណបក្ស​កាន់​អំណាច​បាន​ប្រកាស​ថា៖​

«អង្គ​សភា​បាន​អនុម័ត​ យល់​ព្រម​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​បន្ត​នីតិវិធី​ចោទ​ប្រកាន់​ ​ចាប់​ខ្លួន​ ឃាត់ខ្លួន​ ឃុំខ្លួន ឯកឧត្តម​ អ៊ុំ សំអាន​ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប​ ទទួល​បាន​ចំនួន​បាន​ ៦៣​សំឡេង​នៃ​សមាជិក​នៃ​រដ្ឋសភា​ទាំង​មូល»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

​ការ​សម្រេច​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ និង​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អភ័យឯកសិទ្ធិ​រូប​នេះ​ ​ពី​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ ​ឧក្រិដ្ឋ​ជា​អាទិ៍» ​និង​ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង»។​ យោង​តាម​ដីកា​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​លោក​ អ៊ុំ សំអាន ​ដែល​ចេញ​ដោយ​ចៅក្រម​ តុប ឈុនហេង​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​ឲ្យ​ដឹង​ថា លោក ​អ៊ុំ សំអាន ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែងនេះក្នុង​អំឡុង​ឆ្នំា​២០១៥​ដល់​ថ្ងៃ​ទី​១០​ខែ​មេសា​ឆ្នាំ​២០១៦។​

នៅ​ថ្ងៃ​ដដែល​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​ពហិការ​ មិន​ចូល​រួម​ការ​បោះឆ្នោត​ ​លើ​ករណី​នេះ​ ​ដោយ​សារ​តែ​រដ្ឋសភា​កំពុង​ធ្វើ​ការ​ខុស​ពី​គោលការណ៍​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ក្នុង​អភ័យ​ឯកសិទ្ធិ។​ ​ប្រធាន​អភិបាល​នៃ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុន ឆ័យ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ នា​ព្រឹក​ថ្ងៃ​អង្គារ​នា​ទី​ស្តីការ​គណបក្ស​ជំទាស់​ថា ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​មិន​អាច​ចូល​រួម​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ធ្វើ​ខុស​នឹង​ច្បាប់​នឹង​អាប់អោន​កិតិ្តយស​សភា​កម្ពុជា។

លោក សុន ឆ័យ ថ្លែង​ថា៖

«យើង​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​ស្ថាប័ន​ជាតិ​ស្ថាប័ន​រដ្ឋសភា​នេះ​ ​ដែល​ចែង​ច្បាស់លាស់​ថា​ ជា​ស្ថាប័ន​ឯករាជ្យ​ ជា​ស្ថាប័ន​ដែល​តំណាង​ឲ្យ​ប្រជាជាតិ​ទាំង​មូល​ ​ប្រជាជាតិ​ខ្មែរ​ទំាង​មូល​នេះ​ ​ទៅ​ធ្វើ​ការងារ​មួយ​ដែល​មិន​ច្បាស់លាស់​តាម​គោលការណ៍​រដ្ឋធម្មនុញ្ញ។ គឺ​យើង​មិន​ចូល​រួម​ធ្វើ​ខុស​ គឺ​ចង់​ជំរុញ​ឲ្យ​មាន​ការ​ធានា​ពី​ឯករាជ្យភាព​នៃ​ស្ថាប័ន​រដ្ឋសភា​នេះ»។ ​

​យ៉ាង​ណា​ក៏​ដោយ​លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​វិប្បធម៌​សន្ទនា​រវាង​គណបក្ស​កាន់​អំណាច​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​តានតឹង​នេះ។​ លោក​ សុន ឆ័យ​ ថា​គណបក្ស​របស់​លោក​ក៏​នឹង​រិះរក​គ្រប់​នីតិវិធី​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​លោក ​អ៊ុំ សំអាន​ និង​សមាជិក​១៥​នាក់​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំឃាំង។​

​«ដូច្នេះ​ ​យើង​នឹង​ធ្វើ​ការងារ​ហ្នឹង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មិន​ចូល​រួម​ការ​ប្រជុំ​អចិន្ត្រៃយ៍​ ហើយ​ក៏​នឹង​មិន​ចូល​រួម​ក្នុង​រសៀល​នេះ​ក្នុង​ម៉ោង​បួន​ល្ងាច​នេះ​ នៅ​ក្នុង​ការ​សម្រេច​យ៉ាង​ណា​ ដែល​យើង​យល់​ថា ​ជា​ករណី​ប្រព្រឹត្ត​ខុស​ដោយអាជ្ញាធរ​ ពាក់ព័ន្ធ​នឹង​ឯកឧត្តម ​អ៊ុំ សំអាន ​នេះ។​ នៅ​ក្នុង​ជំហរ​នេះ​ដែរ​ យើង​ក៏​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ឯកឧត្តម ​អ៊ុំ សំអាន»។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​សៀមរាប​ លោក ​អ៊ុំ សំអាន ​ដែល​មាន​សញ្ជាតិ​អាមេរិក​ ​ត្រូវ​បាន​អាជ្ញាធរការ​ចាប់​ខ្លួន​នា​រាត្រី​ថ្ងៃ​អាទិត្យ​ ​តាម​អ្វី​ដែល​អាជ្ញាធរ​អះអាង​ថា ​ជា​បទ​ល្មើស​ជាក់​ស្តែង​ ក្នុង​ការ​រិះគន់​ការ​ប្រើ​ប្រាស់​ផែនទី​និង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។ ​លោក ​អ៊ុំ សំអាន​ ​ត្រូវ​បាន​បញ្ចូន​ខ្លួន​ទៅ​កាន់​តុលាការ​ភ្លាមៗ​នា​ថ្ងៃ​ច័ន្ទ។​ ការ​ចាប់​និង​បញ្ចូល​ខ្លួន​របស់​តំណាង​រាស្ត្រ​ក្នុង​អភ័យ​ឯក​សិទ្ធិ​ត្រូវ​រង​ការ​រិះ​គន់​ពី​អង្គ​ការ​សង្គម​ស៊ីវិល​និង​គណបក្ស​ជំទាស់​យ៉ាង​ខ្លាំង។

​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះ​គន់​ ​លោក ​ហ៊ុន សែន ​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ពី​ខេត្ត​សៀមរាប​ថា ​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​គឺ​ធ្វើ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ ហើយលោក​ អ៊ុំ សំអាន ​បាន​ធ្វើ​បទ​ល្មើស​ជាក់​ស្តែង​ដោយ​សំអាង​លើ​ភស្តុតាង​ក្នុង​ទំព័រ​ហេ្វសប៊ុក​របស់​លោក​ អ៊ុំ សំអាន។​

មិន​ប៉ុន្មាន​ម៉ោង​ ​មុន​ពេល​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ ​ពិសេស​មក​ក្រុង​ភ្នំពេញ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ក្នុង​សភា​ លោក​ ហ៊ុន សែន​ ដ៏​មាន​ឥទ្ធិពល​ថ្លែង​ថា៖

«អ្នក​ឯង​និយាយ​ពី​ផែនទី​ក្លែង​ក្លាយ​ ខ្ញុំ​ចាប់​អ្នក​ឯង​ភ្លាម​ មិន​ថា​អ្នកឯង​ជា​សមាជិក​សភា​ ឬ​សមាជិក​ព្រឹទ្ធសភា​នោះ​ទេ។ អាហ្នឹង​គឺ​ជា​បទ​ល្មើស​ជាក់​ស្តែង​ ​ព្រោះ​នេះ​ជា​ការ​ញុះញង់​ធំ​ណាស់​ ដែល​បង្ក​មហន្តរាយដល់​ប្រទេស​ជាតិ។ អ៊ី​ចឹង​បើ​អ្នកច្បាប់​ទាំងឡាយ​និយាយ​ពី​ច្បាប់​ ​អ្នក​ឯង​និយាយ​ពី​ច្បាប់​ខ្ញុំ​និយាយ​ពី​ច្បាប់។​ អ្នក​ឯង​កុំ​អាង​មាន​អភ័យ​ឯកសិទ្ធិ​ ហើយ​មក​ធ្វើ​បទល្មើស​ជាក់​ស្តែង។​ នេះ​ជា​បទ​ល្មើស​ជាក់​ស្តែង​ បើ​សិន​ជា​និយាយ​ទៅ​ បើ​អ្នក​ឯក​ដក​ចេញ​ពី Page ​ហ្នឹង​ ​កន្លះ​ឆ្នាំ​ឬ​ក៏​បី​ខែ​រួច​ហើយ​ ខ្ញុំ​ក៏​មិន​អាច​ចាប់​អ្នក​ឯង​បាន​នោះ​ទេ»។​

លោក​ ​ហ៊ុន សែន​ ក៏​ប្រកាស​ចាប់​ខ្លួន​ជន​ណា​ដែល​ហ៊ាន​ធ្វើ​ការ​រិះ​គន់​ការ​ប្រើប្រាស់​ផែន​ទី​បោះ​បង្គោល​ព្រំដែន​ ​ដែល​លោក​អះអាងថា ​បាន​អនុឡោម​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។​

«ហើយ​ក៏​សុំផ្តាំ​ត្រង់ៗ​ថា​ ​អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ហ៊ាន​និយាយ​ថា​ រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែង​ក្លាយ​ត្រូវ​ជាប់​ខ្នោះ​ទាំង​អស់!»​

​ការ​ចាប់​ឃុំ​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក អ៊ុំ សំអាន ​ដែល​បាន​ធ្វើ​ការ​បញ្ចេញ​មតិលើ​ការ​ប្រើប្រាស់​ផែនទី​បោះ​បង្គោ​ព្រំដែន​ជាមួយ​វៀតណាម​ បាន​ធ្វើ​ឲ្យ​ចំនួន​សមាជិក​និង​សកម្មជន​គណបក្ស​ជំ​គណបក្ស​ដែល​ជាប់​ឃុំឃាំង​កើន​ឡើង​ដល់​១៦​រូប។​ ក្នុង​នោះ​ក៏​មាន​លោក​ ហុង សុខហួរ​ សមា​ជិក​ព្រឹទ្ធសភា​ ដែល​ជាប់​ចោទ​ក្នុងរឿង​ព្រំដែន​ដូច​គ្នា​នោះ។​ ​

គេ​ស្គាល់​ថា លោក​ អ៊ុំ សំអាន ​ជា​អតីតប្រធាន​ចលនា​និសិ្សត​ប្រជាធិបតេយ្យ​ ក្នុង​អំឡុង​ ​ទសវត្ស​៩០។ លោក​បាន​ទៅ​សិក្សា​អនុបណ្ឌិត​នៅសាកលវិទ្យាល័យ Cambridge College ​រដ្ឋ ​Massachusetts សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០០៣។​ ក្រោយ​ពេល​ទទួល​បាន​សញ្ជាតិ​អាមេរិកកាំង​ ​លោក​ អ៊ុំ សំអាន​ បានពេល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​នា​ឆ្នាំ​២០១៣ នឹង​ធ្វើ​ជា​តំណាងរាស្ត្រ​គណបក្ស​ជំទាស់។​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​លោក​ អ៊ំ សំអាន​ ​តំណាងរាស្ត្រ​ខេត្ត​សៀមរាម​ ​បាន​ធ្វើ​ការ​រិះគន់​និង​ការ​តស៊ូ​មតិ​ដោយ​ស្នើ​ឲ្យ​មាន​ការ​បក​ស្រាយ​ពី​រដ្ឋាភិបាល​កម្ពុជាលើ​ការ​ប្រើ​ប្រាស់​ផែនទី​និង​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា​វៀតណាម។​ ​បើ​ទោះជា​លោក​មាន​អភ័យឯកសិទ្ធិសភា​ក៏​ដោយ​ ​ក៏​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​លោក​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​អង្គារ​នេះ ​មុន​ពេល​តុលាការ​សម្រេច​កាន់​ទោស​លោក​នោះ៕

XS
SM
MD
LG