ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​លោក​អ៊ុំ សំអាន​ភា្លមៗ​ក្រោយ​វិល​ចូល​ស្រុក​វិញ


រូបឯកសារ៖ លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)
រូបឯកសារ៖ លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)

គណបក្ស​​សង្គ្រោះ​ជាតិ​​​បាន​ចោទ​ថា ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ក្នុង​អភ័យឯកសិទ្ធិ ​គឺ​វា​ខុស​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន ​«ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ»​ ចំពោះ​ការ​ចាប់​តំណាងរាស្ត្រ​របស់​ខ្លួន​គឺលោក​ អ៊ុំ សំអាន​ ដោយ​អាជ្ញាធរ​នឹង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ភ្លាមៗ​ក្រោយ​ពេល​មក​ដល់​ប្រទេស​កម្ពុជា​មិន​ដល់​២៤​ម៉ោង​ផង​នោះ។ គណបក្ស​នេះ​បាន​ចោទ​ថា ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ក្នុង​អភ័យឯកសិទ្ធិ ​គឺ​វា​ខុស​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា។​ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​អះអាង​ថា​ ការ​ចាប់​ខ្លួន​នេះ​ ​គឺ​ដោយ​បទ​ល្មើស​ជាក់​ស្តែង​និង​មាន​ចេតនា​«ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម» និង«ការ​រើសអើង​ជាតិ​សាសន៍»។​

លោក​ អ៊ុំ សំអាន​ តំណាងរាស្ត្រ​គណបក្ស​ជំទាស់​មណ្ឌល​សៀមរាប​ ​ដែល​ធ្លាប់​តស៊ូ​មតិ​រឿង​ផែនទី​នឹង​ព្រំដែន​កម្ពុជា​វៀតណាម​ត្រូវ​បាន​ចាប់ខ្លួន​នា​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​អាទិត្យ​ ក្នុង​ខេត្ត​សៀមរាប​ ​គឺ​មិនបាន​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​ដែល​លោក​វិល​ចូល​កម្ពុជា​វិញ។ ​តំណាងរាស្ត្រ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​នាយកដ្ឋាន​ប្រឆំាង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ មុន​ពេល​បញ្ជូន​បន្ត​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ ភ្លាមៗ​នា​ថ្ងៃ​ដដែល​នោះ​ ដើម្បី​ធ្វើ​ការ​សាក​សួរបន្ត​ទៀត។​

​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ហៅ​ការ​ចាប់​ខ្លួន​លោក​ ​អ៊ុំ សំអាន​ ​ថាជា​ ​«ទង្វើ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ​ ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​និង​រដ្ឋធម្មនុញ្ញ»​ ​កម្ពុជា​ មាត្រា​៨០។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដែល​ VOA ​បាន​ទទួល​នា​ថ្ងៃ​ច័ន្ទ។​ ​លិខិត​ដដែល​ក៏​បាន​សុំ​ឲ្យ​អាជ្ញាធរ​និង​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​តំណាងរាស្ត្រ​ ​អ៊ុំ សំអាន​ ជា​បន្ទាន់​ ហើយ​លោក​មិន​គួរ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ឃុំ​ដោយ​លោក​គ្រាន់​តែ ​«សម្តែង​យោបល់​ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន»​ ​នោះ​ទេ។​

​លោក​ យឹម សុវណ្ណ​ តំណាងរាស្ត្រ​និងជា​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រាប់​ VOA ​ថា៖​

«មាន​តែ​ការ​តស៊ូ​តាម​ផ្លូវ​ច្បាប់​ទេ​ ​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​រដ្ឋាភិបាល​ដោះលែង​គាត់​ ព្រោះ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ​ចាប់​ខ្លួន​គាត់ហ្នឹង​គឺ​ចាប់​ដោយ​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ​ ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ​ ពីព្រោះ​គាត់​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប​ ​មាន​អភ័យ​ឯកសិទ្ធិ។​ ហើយ​ចាប់​យ៉ាង​ដូច្នោះ​គឺ​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ ដែល​គណបក្សកាន់​អំណាច​ហ្នឹង​ត្រូវ​តែ​ដោះ​លែង​គាត់​ ​ត្រូវ​តែ​ដោះ​ស្រាយ​រឿង​បញ្ហា​ហ្នឹង​បាទ!»។​

​លោក​បន្ត​ថា​ គណបក្ស​កាន់​អំណាច​មិន​គួរ​ចាប់​ខ្លួន​តំណាងរាស្ត្រ​ អ៊ុំ សំអាន ​នោះ​ទេ​ ​ដោយ​លោក​គ្រាន់​តែ​រិះគន់​រឿង​ព្រំដែន​នឹង​ការ​ប្រើប្រាស់​ផែន​ទីនោះ។​

យ៉ាង​ណា​ក៏​ដោយ​ លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ទាត់​ចោល​ការ​លើក​ឡើង​របស់គណបក្ស​សង្គ្រោះជាតិ​ ​ដោយ​ថ្លែង​ថា​ លោក ​អ៊ុំ សំអាន​ ប្រើ​ពាក្យ​ញុះញង់​ដែល​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​និង​អាច​ឈាន​ដល់​សង្គ្រាម​ស៊ីវិលដូច​កាល​ឆ្នាំ​ ១៩៧០។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ប្រាប់​ VOA ថា៖

«បាទ! ដូច​នែ​បង​ប្អូន​អ្នក​ស្តាប់​វិទ្យុ ​VOA​ បាន​ឮ​ពាក្យ​ពេចន៍​របស់​គាត់​មុន​ពេល​ចាប់​ខ្លួន​ តាំង​ពី​គាត់​នៅ​ក្នុង​ប្រទេស​ ​ហើយ​និង​ទៅ​សហរដ្ឋ​អាមេរិក។ ពាក្យ​ពេចន៍​ទាំង​អស់​ហ្នឹង​គឺ​គ្មាន​អី​ទេ​ បើ​យើង​សរុប​មក​គឺ​ជា​ពាក្យ​ញុះញង់ ​ដើម្បី​បង្ក​ឲ្យ​មាន​អសន្តិសុខ​នៅ​ក្នុង​សង្គម​របស់​យើង​ណឹង។​ ទី១​ ​គឺ​ថា​និយាយ​យ៉ាង​ម៉េច​គឺឲ្យ​ប្រជាពល​រដ្ឋ​ហ្នឹង​ ផ្តោត​ទៅ​លើ​អ្វីដែល​គាត់​ចង់​បាន​គឺថា​ ខឹងសម្បារ ទៅ​លើ​ការ​បាត់ទឹក​ បាត់ដី ផែនទី​ក្លែងក្លាយ​ដែល​រដ្ឋាភិបាល​បាន​ប្រើ​អ៊ីចឹង​ ​គាត់​ចង់​បាន​អញ្ចឹង។​ ដូច្នោះ​យើង​យល់ថា​នេះ​គឺ​ជា​ពាក្យ​ញុះញង់​ ដើម្បី​ធ្វើ​ឲ្យ​ចលាចល​ក្នុង​សង្គម​ជាតិ​ទាំង​មូល ​ហើយ​បង្ក​ឲ្យ​ទៅ​មាន​អសន្តិសុខ​ជាតិ»។​

នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ បន្ត​ថា៖

«ទី​២​គឺ​ដូច​យើង​ដឹង​ទាំង​អស់​គ្នា គាត់​បាន​ប្រើ​ពាក្យ​ប្រកាន់​ពូជ​សាសន៍​ ​ដែល​ពាក្យ​នេះ​យើង​ធ្លាប់​បាន​រងគ្រោះ​តាំង​ពី​ឆ្នាំ​១៩៧០ ​មក​ម្ល៉េះ​ ដែល​ធ្វើ​ឲ្យ​យើង​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម។ បាទ! អញ្ចឹង​បាន​យើង​បាន​ធ្វើ​ការ​ចាប់​ខ្លួន​គាត់។​ ​សរុប​មក​គឺ​អ្វី​ដែល​គាត់​បាន​ធ្វើ​ហ្នឹង​គឺ​មិន​ខុស​ពី​ពិរុទ្ធជន​ ដែល​យើង​ធ្វើ​ហ្នឹង​ជា​មួយ​លោក​ ហុង សុខហួរ​ នោះ​ទេ។​ ហើយ​យើង​នឹង​បញ្ជូន​គាត់​ទៅ​កាន់​តុលាការ​ដើម្បីវិនិច្ឆ័យ​តាម​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត»។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា លោកមើល​មិន​ឃើញ​ពីលើ​បទ​ល្មើស​ជាក់​ស្តែង​ដូច​អ្វី​ដែល​អាជ្ញាធរ​បាន​លើក​ឡើង​នោះ​ទេ​ ដោយ​លោក ​អ៊ុំ សំអាន គ្រាន់​តែ​ធ្វើ​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ទាក់ទិន​និង​រឿង​ផែនទី​នឹង​ព្រំដែន​កម្ពុជា​នោះ។

«បាទ!​ អត់​មាន​អី​ជាក់ស្តែង។ មាន​បទ​ល្មើស​អី។ បើ​គាត់​ថា៖​ ទេ! ឥឡូវ​គាត់​ថា​ផែនទី​ហ្នឹង​ត្រឹមត្រូវ​ ហើយ​គណបក្ស​កាន់​អំណាចរដ្ឋាភិបាលថា ផែនទី​ហ្នឹងមិន​ត្រឹម​ត្រូវ។​ អ៊ីចឹង​យើង​ជជែក​គ្នា​ទៅ យើង​បក​ស្រាយ​បំភ្លឺ​រៀងៗ​ខ្លួន​ទៅ​ ពីព្រោះ​វាពាក់​ព័ន្ធ​នឹង​រឿង​ជាតិ​ទេ​តើ​ ​វា​មិន​ទាក់​ទង​ទៅ​ហ្នឹង​ផល​ប្រជយោជន៍​ផ្ទាល់ខ្លួន​របស់​អ្នកណា។​ ម៉េច​ក៏​យើង​ចាំបាច់​ប្រើ​ប្រាស់ដល់​ទៅ​មធ្យោបាយ​បែប​ហ្នឹង។ ​ហ្អាហ្នឹង​វា​មិន​ល្អ​ទាល់​តែ​សោះ​ចំពោះ​វប្បធម៌​របស់​យើង»។​

លោក ​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹង​ថា ​មក​ដល់​ពេល​នេះ​មាន​សកម្មជន​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់​១៦​នាក់​ហើយ​ដែល​ត្រូវ​បាន​ឃុំឃាំង​ទាក់​ទិន​នឹង​បាតុកម្ម​និង​ព្រំដែន​កម្ពុជា​វៀត​ណាម​ រួមទាំង​លោក​ ហុង សុខហួរ។ ​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ជំទាស់​លោក​ ហុង សុខហួរ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ក្នុង​ខែ​សីហា​ ​កន្លង​ទៅ​ ទាក់ទិន​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​រឿង​ផែនទី។​ ក្នុង​ពេល​នោះ​ដែរ ​លោក​ អ៊ុំ សំអាន ​ដែល​សកម្ម​ក្នុង​ការ​តស៊ូ​មតិ​រឿង​ផែនទី​និង​ព្រំដែន​ ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ស្វែង​រក​ការណ៍​ពិត​រឿង​ផែនទី​កម្ពុជា​នោះ។​

​នា​ថ្ងៃ​ច័ន្ទ​នេះ​ នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​អាជ្ញាធរ​កម្ពុជា​នឹង​ធ្វើ​របាយការណ៍​ស្តី​ពី​បទ​ល្មើស​និង​ការ​ចាប់​ខ្លួន​ ​លោក​ អ៊ុំ សំអាន​ ​ទៅ​កាន់​រដ្ឋសភាជាតិ​ដើម្បី​សុំ​ការ​អនុញ្ញាតិ​បន្ត​នីតិវិធី​ច្បាប់​បន្ថែម។​

​អ្នក​នាំ​ពាក្យ​រដ្ឋសភាជាតិ​ ​លោក ​ឡេង​ ប៉េងឡុង​ ​បាន​ប្រាប់​ VOA​ នារ​សៀល​ថ្ងៃ​ច័ន្ទ​ថា ​សភាជាតិនឹង​បើក​អង្គ​ប្រជុំ​របស់​ខ្លួន​នា​ថ្ងៃ​អង្គារ​ខាង​មុខ​ដើម្បី​បោះឆ្នោត​សម្រេច​ ថា​តើ​គួរ​ឲ្យ​ផ្អាក​រឿង​ក្តី​របស់​លោក​ អ៊ុំ សំអាន​ ឬ​យ៉ាងណា​៕

XS
SM
MD
LG