អង្គការសិទ្ធិមនុស្សអ.ស.ប.ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ។ ប្រតិកម្មរបស់អ.ស.ប.នេះកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលមន្ត្រី និងសកម្មជនគណបក្សជំទាស់ប្រឈមនឹងបរិយាកាសដ៏អាក្រក់ផ្ទួនៗគ្នា។
ក្រោយពេលដែលក្រុមមន្ត្រីគណបក្សជំទាស់ និងក្រុមសកម្មជននានាបានរង«បរិយាកាសដ៏អាក្រក់» ដូចជាការចាប់ដាក់គុក ដកហូតតំណែង និងការវាយប្រហារតំណាងរាស្ត្រជាដើមនោះ ឧត្តមស្នងការអ.ស.ប.ទទួលផ្នែកសិទ្ធិមនុស្សបានទទូចថារដ្ឋាភិបាលកម្ពុជាត្រូវទទូលខុសត្រូវចំពោះការធានាសិទ្ធិប្រមូលផ្តុំគ្នា និងការបញ្ចេញមតិជូនដល់គ្រប់ភាគីទាំងអស់។
សេចក្តីប្រកាសព័ត៌មានរបស់ឧត្តមស្នងការអ.ស.ប.ទទួលផ្នែកសិទ្ធិមនុស្សចេញនៅថ្ងៃសៅរ៍នេះ បានអះអាងថា មានសកម្មជនគណបក្សជំទាស់១១រូបត្រូវតុលាការសម្រេចឃុំឃាំងចាប់ពី៧ឆ្នាំដល់២០ឆ្នាំ ដោយសារតែការចូលរួម ឬដឹកនាំកុប្បកម្ម ហើយសមាជិកព្រឹទ្ធសភាម្នាក់កំពុងរង់ចាំការកាត់ទោសពីបទចោទថា បានក្លែងបន្លំឯកសារជាសាធារណៈ។ ជាងនេះទៀត ការវាយប្រហារកាលពីថ្ងៃច័ន្ទកន្លងទៅ ដែលទំនងជាត្រូវបានរៀបចំដោយក្រុមបាតុករគាំទ្ររដ្ឋាភិបាលក្នុងទីក្រុងភ្នំពេញនោះ បានវាយប្រហារជាពាក្យសម្តី និងវាយដំរាងកាយលើសមាជិកសភាគណបក្សជំទាស់ចំនួនពីររូប គឺលោក ញ៉យ ចំរើន និងលោកគង់ សភា រួមនិងការគំរាមសុវត្ថិភាពរបស់លោកកឹម សុខា អនុប្រធានទី១ រដ្ឋសភា នៅគេហដ្ឋានរបស់លោកផ្ទាល់ផង។ លោកកឹម សុខា ក្រោយមកត្រូវរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ពីតំណែងអនុប្រធានសភាកាលពីថ្ងៃសុក្រ ដោយសារការបញ្ចេញមតិនិងសារនយោបាយរបស់លោកដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់គណបក្សកាន់អំណាចនេះ។
លោកស្រី រ៉ាវីណា ស្សាំសាដានី (Ravina Shamsadani) អ្នកនាំពាក្យរបស់ ឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវមកថា៖
«វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការធានាថា បុគ្គលគ្រប់រូប មិនត្រូវក្លាយជាគោលដៅវាយប្រហារដោយសារការចូលរួមពាក់ព័ន្ធនឹងនយោបាយ ឬការបញ្ចេញទស្សនៈផ្ទុយគ្នានោះទេ»។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ដោយដកស្រង់របាយការណ៍នានាដែលលើកឡើងថា ប៉ូលិសនិងអាជ្ញាធរសន្តិសុខគ្រាន់តែមើល ខណៈពេលដែលមានការវាយប្រហារកើតឡើង ដែលផ្ទុយទាំងស្រុងទៅនឹងវិធានការតបតចំពោះបាតុកម្មនានាដែលបានរៀបចំដោយក្រុមអ្នករិះគន់រដ្ឋាភិបាលពេលកន្លងមកនោះ។
«យើងសូមបញ្ជាក់ថា សិទ្ធិចូលរួមធ្វើការប្រមូលផ្តុំនិងចូលរួមសម្តែងមតិត្រូវផ្តល់ជូនដល់បុគ្គលគ្រប់រូប មិនថា ពួកគេមកពីគណបក្សណា និងមានយោបល់យ៉ាងណានោះទេ»។
លោកស្រីបានទទូចឲ្យអាជ្ញាធរធ្វើការស្រាវជ្រាវចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ហើយធានាសុវត្ថិភាពជូនដល់អ្នកតំណាងរាស្ត្រ ដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ ហើយមិនត្រូវគិតពីនិន្នាការនយោបាយរបស់ពួកគេនោះទេ។
ទោះជាយ៉ាងណាក្តី នៅសប្តាហ៍នេះ រដ្ឋាភិបាលបានបង្កើតគណៈកម្មការស៊ើបអង្កេតមួយដើម្បីតាម ចាប់ខ្លួនជនសង្ស័យដែលបានប្រព្រឹត្តការវាយប្រហារអ្នកតំណាងរាស្ត្រ ទាំងពីរដែលរងរបួសធ្ងន់។ តំណាងរាស្ត្រទាំងពីររូបពេលនេះកំពុងសម្រាកព្យាបាលរបួសនៅឯក្រុងបាងកក ប្រទេសថៃ។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីមន្ត្រីរដ្ឋាភិបាល និងមន្ត្រីប៉ូលិសដែលទទួលបន្ទុកផ្នែកស៊ើបអង្កេតករណីនេះ តែមិនអាចទាក់ទងបានទេ នៅថ្ងៃនេះ។ តែមានព័ត៌មានថា អាជ្ញាធរអះអាងថា បានរកឃើញសញ្ញាណខ្លះៗហើយ។
លោកអំ សំអាត ប្រធានក្រុមបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា លោកបានឮថា មានការស៊ើបអង្កេតមែន តែគេមិនទាន់ឃើញបង្ហាញលទ្ធផលជាក់លាក់ទាក់ទងនឹងការវាយអ្នកតំណាងរាស្ត្រនោះទេ។
«ចំពោះករណីនេះ យើងគិតមកដល់ពេលនេះជិតមួយសប្តាហ៍ហើយ មិនទាន់ឃើញ សញ្ញាណាមួយក្នុងការចាប់ក្រុម ឬក៏អ្នកដែលប្រព្រឹត្តបទល្មើសនោះទេបាទ។ នេះហើយដែលយើងឃើញថា អង្គការសិទ្ធិមនុស្សអ.ស.ប.ក៏ដូចជាអង្គការអន្តជាតិនិងអង្គការជាតិ ដែលយើងអំពាវនាវសុំឲ្យមានការស៊ើបអង្កេតដោយតម្លាភាព ឯករាជ្យ និងមានឆន្ទៈពិតប្រាកដ ដើម្បីស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់»។
លោកអំ សំអាតបានអះអាងថា ការស៊ើបអង្កេតរឿងនេះវាខុសពីលើកមុន ដែលជនសង្ស័យគ្រាន់តែធ្វើការគំរាម និងធ្វើបាតុកម្ម ក៏ត្រូវចាប់ខ្លួនបានក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ឬភ្លាមៗក៏មាន ជាពិសេសបាតុករគាំទ្រគណបក្សសង្គ្រោះជាតិ ឬក៏ក្រុម ដែលរិះគន់រដ្ឋាភិបាលក្រោយការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិគឺជាគូប្រជែងនយោបាយដ៏សំខាន់សម្រាប់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ ជាពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្គាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨៕